ការរលាកខ្នែងពោះវៀន គឺជាមូលហេតុមួយដែលបណ្តាលអោយមាន ការឈឺចាប់នៅក្នុងពោះយ៉ាងធ្ងន់ធ្ងរ ។ វាកើតមាន នៅពេលដែលខ្នែងពោះវៀន ដែលវាជាផ្នែកមួយនៃពោះវៀនធំ ក្លាយទៅជារលាក និង មានការចំលងរោគ ។
ជំងឺរលាកខ្នែងពោះវៀន គឺតែងតែកើតមានចំពោះមនុស្សដែលមានអាយុចន្លោះពី ១០ ទៅ ៣០ ឆ្នាំ ទោះបីជាវាអាចកើតមានចំពោះមនុស្សគ្រប់វ័យក៏ដោយ។ រោគសញ្ញាទូទៅរបស់ជំងឺរលាកខ្នែងពោះវៀនរួមមានដូចជា ៖
– ឈឺចាប់នៅត្រង់ពោះ។ ការឈឺចាប់នេះ អាចចាប់កើតមាននៅជុំវិញផ្ចិត ។
– ការឈឺចាប់នៅត្រង់ពោះ ដែលចាប់ឈឺខ្លាំងឡើង និង រាលដល់ផ្នែកខាងក្រោមផ្ចិត ទៅកាន់ផ្នែកខាង
ក្រោមស្តាំនៃពោះ ។
– មានការឈឺចាប់មិនព្រមបាត់ និង កាន់តែមានសភាពអាក្រក់ឡើងៗ នៅពេលដែលអ្នកធ្វើចលនា, ដើរឬ ក្អក ។
– ឈឺចាប់នៅផ្នែកណាមួយនៃពោះ ឬ នៅចំហៀងពោះ។
– ចង្អោរ, ក្អួត និង មានអារម្មណ៍ថាមិនចង់បរិភោគអ្វីទាល់តែសោះ ។
– មានការទល់លាមក, ឈឺចង្កេះ និង មានគ្រុនក្តៅបន្តិចបន្តួច ។
– មានអារម្មណ៍ជាទូទៅថាខ្លួនមានជំងឺ និង មានការឈឺចាប់ដែលពិបាកនឹងបរិយាយ។
ប្រសិនបើខ្នែងពោះវៀនដែលមានការរលាក មិនត្រូវបានវះកាត់យកចេញនោះទេ និង ការចំលងរោគមានសភាពកាន់តែអាក្រក់ ជញ្ជាំងរបស់ខ្នែងពោះវៀនអាចនឹងធ្លាយរហែក។ នៅពេលនោះវា អាចធ្វើអោយការចំលងរោគរាលដាលទៅកាន់ តំបន់ក្នុងពោះ ដែលវានឹងបណ្តាលអោយមានការរលាកស្រោមពោះ ។ ការរលាកស្រោមពោះគឺជាស្ថានភាពដ៏ធ្ងន់ធ្ងរ ដែលជាកម្រ វាអាចនាំអោយមានសេចក្តីស្លាប់ ។
រោគសញ្ញា
រោគសញ្ញាសំខាន់របស់ជំងឺរលាកខ្នែងពោះវៀន គឺការឈឺចាប់នៅត្រង់ពោះ ។ ការឈឺចាប់នេះអាចអោយអ្នកមានអារម្មណ៍ដូចជា មិនមានការរលាយអាហារ ឬ ក៏ហាក់ដូចជា អ្នកត្រូវការធ្វើចលនាពោះវៀន ឬ បញ្ចេញខ្យល់។ មានអ្នកជំងឺភាគច្រើន មានអារម្មណ៍ឈឺចាប់ដំបូង នៅជិតផ្ចិត។បន្ទាប់មកទៀតវាធ្វើដំណើរទៅកាន់ផ្នែកខាងក្រោមស្តាំនៃពោះ។ ប៉ុន្តែការឈឺចាប់នេះ អាចស្ថិតនៅផ្នែកផ្សេងទៀតនៃពោះ ឬ ស្ថិតនៅផ្នែកចំហៀងនៃពោះរបស់អ្នក។ ការឈឺចាប់នេះ នឹងមានសភាពកាន់តែអាក្រក់ ប្រសិនបើអ្នកធ្វើចលនា ,ដើរ ឬ ក្អក។ អ្នកក៏អាចមាន គ្រុនក្តៅ ឬមានអារម្មណ៍ថា ឈឺក្រពះផងដែរ ។
មនុស្សជាច្រើនដែលមានជំងឺរលាកខ្នែងពោះវៀននេះ និយាយថា ការឈឺចាប់នេះគឺពិបាកនឹងបរិយាយណាស់។ វា អាចមិនមានអារម្មណ៍ថាឈឺចាប់ដូចអ្វី ដែលអ្នកធ្លាប់ឈឺពីមុនមកនោះទេ។ វាក៏អាចថែមទាំង មិនមានការឈឺចាប់ខ្លាំងនោះទេ ប៉ុន្តែអ្នកប្រហែលជាអាចមានអារម្មណ៍ថាមានអ្វីខុសប្រក្រតីកើតឡើងចំពោះអ្នក ។ ប្រសិនបើអ្នកមានការឈឺចាប់នៅក្នុងពោះក្នុងកំរិតមធ្យម ហើយវាមិនបានថមថយទាល់តែសោះ បន្ទាប់ពីរយៈពេល ៤ម៉ោងសូមហៅទូរស័ព្ទទៅកាន់គ្រូពេទ្យរបស់អ្នក។ ហើយប្រសិនបើអ្នក មានការឈឺចាប់នៅក្នុងពោះធ្ងន់ធ្ងរ អ្នកត្រូវប្រញាប់ទាក់ទងទៅកាន់គ្រូពេទ្យអោយបានឆាប់រហ័ស ។
អ្នកប្រហែលជាអាចមានជំងឺរលាកខ្នែងពោះវៀន ប្រសិនបើ៖
– អ្នកមានការឈឺចាប់នៅក្នុងពោះរបស់អ្នក។ ការឈឺចាប់នេះ អាចចាប់ផ្តើមនៅជុំវិញផ្ចិត។
– ការឈឺចាប់នៅក្នុងពោះអាចខ្លាំងជាងមុន និង ធ្វើដំណើរទៅកាន់ផ្នែកខាងក្រោមនៃផ្ចិតរបស់អ្នកចំហៀងខាងស្តាំ (នៅមួយភាគបួននៃពោះផ្នែកខាងក្រោមស្តាំ )។ នេះគឺជាកន្លែងដែលតែងតែកើតមាន នូវអារម្មណ៍ ឈឺចាប់នៅពេលដែលអ្នកមានជំងឺរលាកខ្នែងពោះវៀន។
– ការឈឺចាប់នេះ គឺមិនបាត់ទៅណានោះទេ ហើយវានឹងមានសភាពកាន់តែអាក្រក់នៅពេលដែលអ្នក ធ្វើចលនា, ដើរ ឬក្អក។
– អ្នកមានការឈឺចាប់នៅផ្នែកណាមួយនៃពោះ ឬ នៅចំហៀងពោះរបស់អ្នក។
– អ្នកមានអារម្មណ៍ចង្អោរ ឬ ក្អួតមកពីរបីដង ។ អ្នកក៏អាចមានអារម្មណ៍ថា មិនចង់បរិភោគអ្វីទាល់តែសោះ។
– អ្នកមានការទល់លាមក, ឈឺចង្កេះ, គ្រុនក្តៅបន្តិចបន្តួច ឬ ហើមពោះ។
មានអ្នកជំងឺខ្លះ មិនមានរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើនេះទេ។ មនុស្សវ័យចាស់, កុមារដែលមាន អាយុតិចជាងពីរឆ្នាំ និង ស្ត្រីមានផ្ទៃពោះអាចនឹងមិនមានការឈឺចាប់ នៅត្រង់ចំនុចផ្នែកខាងក្រោមស្តាំនៃពោះរបស់ពួកគេទេ។ មានអ្នកជំងឺផ្សេងទៀត មានអារម្មណ៍ថាឈឺចាប់ នៅចំហៀងនៃពោះ ដោយសារតែខ្នែងពោះវៀនរបស់ពួកគេ ស្ថិតនៅក្នុងស្ថានភាពផ្សេងគ្នាខុសពីសភាពប្រក្រតី ។
ការឈឺចាប់នៅក្នុងពោះ គឺជារឿងមួយដែលតែងតែកើតមាន។ វាក៏មានរោគសញ្ញាផ្សេងជាច្រើនទៀតដែលមានលក្ខណៈស្រដៀងគ្នា ទៅនឹងជំងឺរលាកខ្នែងពោះវៀននេះផងដែរ ។ ប៉ុន្តែដោយសារតែជំងឺនេះ អាចក្លាយទៅជាមានសភាពធ្ងន់ធ្ងរក្នុងរយៈពេលដ៏ខ្លី សូមទូរស័ព្ទទៅកាន់គ្រូពេទ្យជាបន្ទាន់ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយដូចដែលបានរៀបរាប់ខាងលើ។ ការព្យាបាលនឹងមាន ភាពងាយស្រួលជាង ប្រសិនបើវាពុំមានការធ្លាយរហែក ។
ចំពោះមនុស្សភាគច្រើន ជំងឺរលាកខ្នែងពោះវៀននេះ គឺមិនមានការធ្លាយរហែកនោះទេ រហូតដល់ពួកគេមានអារម្មណ៍ថាឈឺចាប់ខ្លាំង ក្នុងរយៈពេលយ៉ាងហោចណាស់ ២៤ម៉ោង៕