ការ​ចាស់​ទៅតាម​អាយុ និង​ការ​រាំង​រដូវ អាច​ធ្វើអោយ​ចំណង់​ផ្លូវភេទ​របស់​ស្ត្រី​ផ្លាស់ប្តូរ​បាន​គ្រប់ពេលវេលា​ទាំងអស់​។ ការផ្លាស់ប្តូរ​នេះ​មិនមែន​ដោយសារ​តែ​ជំងឺ​លើ​រាងកាយ​ទេ ប៉ុន្តែ​មាន​កត្តា​ជាច្រើន​ផ្សេងៗ​ទៀត​ផង​ដែរ​ដូចជា ការ​មាន​ផ្ទៃពោះ​, ការ​បំបៅ​ដោះកូន​, ការ​រាំងរដូវ​, ស្ត្រេ​ស​, បាក់​ទឹកចិត្ត និង​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​។​

​ការ​រាំងរដូវ​
​ក្នុងពេល​ដែល​មាន​ការ​ផ្លាស់ប្តូរ​បណ្តោះអាសន្ន​មួយ​ទៅ​កាន់​ដំណាក់កាល​រាំងរដូវ​ហើយ កម្រិត​អ័រម៉ូន​ភេទ​របស់​មនុស្ស​ស្រី (Estrogen) ត្រូវ​បាន​ថយចុះ​។ ការថយចុះ​បែបនេះ​ច្រើន​តែ​បណ្តាលអោយមាន​បញ្ហា​ស្ងួត​ទ្វារមាស​ដែល​នឹង​ទៅ​ជា​គ្មាន​ផា​សុខភាព​ក្នុងពេល​រួមភេទ ឬ​ឈឺ​ក្នុង​ទ្វារមាស​។ កត្តា​ទាំង​នេះ​នឹង​កាត់បន្ថយ​ការចង់​រួមភេទ​របស់​ស្ត្រី​តែ​ម្តង​។ ខណៈពេល​ដែល​ស្ត្រី​ជាច្រើន​បន្ត​ទទួល​បាន​ជីវិត​ផ្លូវភេទ​ដ៏​សប្បាយ​រីករាយ​របស់​គេ​ទៀត​ក្នុងពេល និង​ក្រោយពេល​រាំងរដូវ​ហើយ​នោះ ក៏​មាន​អ្នកខ្លះ​ទៀត​បែរ​ជា​បាត់បង់​ចំណង់​ផ្លូវភេទ​ទៅវិញ​ដោយសារ​តែ​ការផ្លាស់ប្តូរ​អ័រម៉ូន​ដ៏​សំខាន់​។​
 
​ការ​មាន​ផ្ទៃពោះ និង​បំបៅ​ដោះកូន​
​រាងកាយ​របស់​មនុស្ស​ស្រី​ម្នាក់​នឹង​ត្រូវ​ឆ្លងកាត់​ការផ្លាស់ប្តូរ​អ័រម៉ូន​ជាច្រើន​ក្នុងពេល​មាន​ផ្ទៃពោះ​ដែល​វា​ជា​ហេតុផល​មួយ​បង្ក​អោយទៅ​ជា​កង្វះ​ចំណង់​ផ្លូវភេទ​បាន​។ ការ​បំបៅ​ដោះកូន​គឺជា​បញ្ហា​មួយ​ផ្សេង​ទៀត​ដែល​ចំណង់​ផ្លូវភេទ​ត្រូវ​ផ្លាស់ប្តូរ​ដែរ​។ ការ​មាន​ផ្ទៃពោះ និង​បំបៅ​ដោះកូន ក៏​មាន​ឥទ្ធិពល​ទៅ​លើ​ទស្សនៈ​របស់​ស្ត្រី​ចំពោះ​រាងកាយ​នាង​ដែរ​។ ក្រៅពីនេះ ការបន្ថែម​នូវ​ការទទួលខុសត្រូវ​ចំពោះ​រឿង​រាវ​ក្រោយ​ពេល​សម្រាលកូន​រួច​ក៏​ប្រហែល​ជា​ដាក់​សម្ពាធ​ដល់​នាង​មិន​មាន​ចំណង់​ផ្លូវភេទ​គ្រប់គ្រាន់​ផងដែរ​។​
 
​បញ្ហា​ផ្លូវកាយ​
​ជំងឺ​, ការផ្លាស់ប្តូរ​រាងកាយ និង​ការប្រើប្រាស់​ថ្នាំ​ច្រើនតែ​បណ្តាល​អោយ​ចំណង់​ផ្លូវភេទ​របស់​ស្ត្រី​ថយចុះ​។ កត្តា​មួយចំនួន​ដូចជា​៖
– បញ្ហា​ផ្លូវភេទ​៖ ការឈឺ​ទ្វារមាស​, ការ​ស្ងួត​ទ្វារមាស ឬ​មិន​អាច​ទទួលបាន​ចំនុចកំពូល​ក្នុងពេល​រួម​ភេទ​បាន​ប្រហែលជា​រំខាន​ដល់​ចំណង់​ផ្លូវភេទ​របស់​គេ​ហើយ​។​
– បញ្ហា​សុខភាព​៖ មាន​ជំងឺ​ជាច្រើន​ដូចជា ជំងឺ​រលាក​សន្លាក់​, មហារីក​, ទឹកនោម​ផ្អែម​, សម្ពាធ​ឈាម​ឡើង​ខ្ពស់​, ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺសរសៃប្រសាទ​ប្រហែល​ជា​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​របស់​ស្ត្រី​។​
– ការប្រើ​ថ្នាំ​៖ ថ្នាំ​ដែល​មាន​វេជ្ជបញ្ជា​សម្រាប់​ព្យាបាល​បញ្ហា​ផ្លូវភេទ ឬ​បញ្ហា​សុខ​ភាព​ផ្សេងៗ​អាច​ទៅ​បំផ្លាញ​ចំណង់​ផ្លូវភេទ​របស់​ស្ត្រី​ក្នុង​រឿង​រួម​ភេទ​បាន​។ ថ្នាំ​ប្រឆាំងនឹង​ការបាក់​ទឹកចិត្ត និង​ថ្នាំ​បំបាត់​ការ​ប្រកាច់​ក៏​ជាដើម​ហេតុ​ដ៏​អាក្រក់​របស់​ចំណង់​ផ្លូវភេទ​ថយ​ចុះ​ដែរ​។​
– ការវះកាត់​នៅ​ប្រដាប់ភេទ​៖ ការវះកាត់​ក្នុង​តំបន់​ប្រដាប់ភេទ និង​សុដន​នឹង​អាច​អោយ​អ្នកជំងឺ​មិន​ចង់​រួមភេទ​តែ​ម្តង​ក្រោយពី​វះកាត់​រួច​ដោយសារតែ​ការឈឺចាប់​។​
– អស់កម្លាំង​៖ ការ​ហត់នឿយ​គឺជា​បញ្ហា​របស់​រឿង​គ្រប់យ៉ាង​។ ដល់ពេល​ដែល​ស្ត្រី​មក​ដល់​លើ​គ្រែ​ហើយ បូករួម​នឹង​ការ​អស់កម្លាំង​ទៀត ពេលនោះ​អាច​ជា​ការថយចុះ​នៃ​ចំណង់​ផ្លូវភេទ​ហើយ​។​
 
​បញ្ហា​ទំនាក់ទំនង​
​ភាពស្និទ្ធស្នាល​ដោយ​ប្រើ​អារម្មណ៍​គឺជា​រឿង​មួយ​សំខាន់​សម្រាប់​ស្ត្រី​ជា​ច្រើន​ដើម្បី​ឈាន​ចូល​ទៅក្នុង​រឿង​រួមភេទ​។ ការ​ដែល​មាន​បញ្ហា​លើ​ទំនាក់ទំនង​របស់​ពួកគេ​ដូចជា ការ​មិន​ព្រមព្រៀងគ្នា​ជាមួយ​ដៃគូ​, កង្វះ​ការធ្វើ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​ដៃគូ​, ការយល់ច្រឡំ​, មិន​ដោះស្រាយ​បញ្ហា​, ការ​ភិត​ក្បត់​, ការសង្ស័យ​គ្នា​, ការឈ្លោះគ្នា និង​ពុំ​សូវ​មាន​ជំនាញ​ខាង​ផ្លូវភេទ​សុទ្ធតែ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការកាត់បន្ថយ​ចំណង់​ផ្លូវភេទ​របស់​មនុស្ស​ស្រី​។​
 
​បញ្ហា​ចិត្តសាស្ត្រ​
​មូលហេតុ​ផ្លូវចិត្ត​មិនមែន​គ្រាន់តែ​ប៉ះពាល់​ទៅដល់​អារម្មណ៍​សប្បាយរីករាយ​របស់​មនុស្ស​មួយ​មុខ​នោះ​ទេ តែ​វា​ក៏​មាន​ឥទ្ធិពល​ទៅលើ​ការសប្បាយ​រីករាយ​ខាង​រាងកាយ​ផងដែរ ហើយ​អាច​បណ្តាល​អោយ​ចំណង់​ផ្លូវភេទ​ថយ​ចុះ​ទៀតផង​។ បញ្ហា​ចិត្តសាស្ត្រ​មួយចំនួន​ដែល​មាន​ឥទ្ធពិ​ល​ទៅលើ​ចំណង់​ផ្លូវភេទ​មនុស្ស​ស្រី​មាន​ដូចជា​៖
– បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ដូច​ជា ថប់​អារម្មណ៍ ឬ​បាក់​ទឹកចិត្ត​
– ស្ត្រេ​ស​ដូច​ជា តានតឹង​ក្នុង​អារម្មណ៍​នៅ​កន្លែងធ្វើការ ឬ​រឿង​លុយកាក​
– រូបសម្បត្តិ​មិនសូវ​បាន​
– ខ្វះ​កាត់​ទុកចិត្ត​លើ​ខ្លួនឯង​
– ធ្លាប់មាន​ប្រវត្តិ​គេ​ចាប់​បង្ខំ​ខាង​ផ្លូវភេទ ឬ​រាងកាយ​អ្វីមួយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង