Join with Health.com.kh on Telegram

ជំងឺ​ឬ​ស​ដូង​បាត​មានន័យថា​ជា​ការរីក​ប៉ោង​នៃ​សរសៃឈាម​វ៉ែន​នៅ​ផ្នែក​ខាងក្រោម​នៃ​រុន្ធ​គូថ ហើយ​ការរីក​ប៉ោង​នេះ​កើតឡើង​ដោយសារតែ​មាន​សម្ពាធ​ក្នុង​សរសៃឈាម​នោះ​កើនឡើង ដែល​ភាគច្រើន​បណ្តាល​មកពី​ការ​ប្រឹង​បន្ទោ​បង់ និង​អំឡុងពេល​មាន​ផ្ទៃពោះ ព្រោះ​មាន​ការ​សង្កត់​ពី​ស្បូន​។

ជំងឺ​ត្រូវ​បាន​បែងចែក​ជា​ពីរ​ប្រភេទ នោះ​គឺ ឬ​ស​ដូង​បាត​ខាងក្នុង និង​ឬ​ស​ដូង​បាត​ខាងក្រៅ​។​

​ជំងឺ​ឬ​ស​ដូង​បាត​ខាងក្នុង​មាន​ទីតាំង​នៅក្នុង​រុន្ធ​គូថ​តែម្តង ដែល​យើង​មិន​អាច​មើលឃើញ​ទេ ព្រមទាំង​មិន​មាន​ការឈឺ និង​បង្ក​ជាការ​ហូរឈាម​ក្នុងពេល​បត់ជើងធំ​ឡើយ​។ អាការៈ​ជំងឺ​ប្រភេទ​នេះ​អាចលាន ឬ​ព្រលាត់​ចេញទៅក្រៅ​រុន្ធ​គូ​ថ​បាន​។

​ជំងឺ​ឬ​ស​ដូង​បាត​ខាងក្រៅ​មាន​ទីតាំង​នៅ​ខាងក្រោម​ស្បែក​ជុំវិញ​រុន្ធ​គូថ ដែល​យើង​អាច​ប៉ះ​ដឹង​នៅ​ពេល​វា​រីក​ធំ ព្រមទាំង​អាច​បណ្តាល​អោយ​រមាស់ ឈឺ​នៅពេល​បត់ជើង ព្រមទាំង​ហូរឈាម​ទៀតផង​។ ជំងឺ​ឬ​ស​ដូង​បាត​ខាងក្រៅ​ប្រភេទ Thrombosed កើតឡើង​បាន​នៅពេល​ដែល​កំនក​ឈាម​ក្នុង​សរសៃឈាម​វ៉ែន​នោះ​ទៅ​ជា​កក និង​បណ្តាលអោយ​ឈឺចាប់​ខ្លាំង​។

​មូលហេតុ​
​ជំងឺ​ឬ​ស​ដូង​បាត​មាន​ជាប់ទាក់ទង​យ៉ាង​ខ្លាំង​នឹង​អាការៈ​ទល់លាមក និង​ការ​ប្រឹង​បន្ទោបង់​។ អ្នក​មាន​ផ្ទៃពោះ​ក៏​អាច​មាន​ជំងឺ​ឬ​ស​ដូង​បាត​បានដែរ​។ ការ​ដែល​ប្រឹង​បត់ជើង និង​ការ​មាន​ផ្ទៃពោះ​វា​នឹង​ធ្វើអោយ​សម្ពាធ​នៅក្នុង​សរសៃឈាម​វ៉ែន Hemorroid កើនឡើង និង​បង្ក​ជា​ជំងឺ​ឬ​ស​ដូង​បាត​តែម្តង​។ លើសពីនេះទៅទៀត ជំងឺថ្លើម​រ៉ាំរ៉ៃ ក៏​ប្រហែលជា​ធ្វើអោយ​សម្ពាធ​ក្នុង​សរសៃឈាម​វ៉ែន​ឡើង​ខ្ពស់ និង​អាច​អោយ​មាន​ជំងឺ​ឬ​ស​ដូង​បាត​កើតមាន​ដែរ​។ ជំងឺ​ឬ​ស​ដូង​បាត​ច្រើនតែ​ឃើញ​មាន​នៅ​លើ​មនុស្ស​វ័យ ៥០​ឆ្នាំ​។