កូន​ក្មេង​ទើបនឹង​កើត ស្បែក​ក៏​នៅ​ខ្ចី​ស្តើង ឆ្អឹង​ក៏​ខ្ចី ឯ​ប្រព័ន្ធ​ភាពស៊ាំ​ក៏​ខ្សោយ តម្រូវ​ឲ្យ​ម៉ាក់​ប៉ា យកចិត្តទុកដាក់​ថែទាំ​ឲ្យ​បាន​ដិត​ដល់​បំផុត នោះ​ទើប​លូតលាស់​បាន​ល្អ មិនសូវ​មាន​បញ្ហា​សុខភាព ។
ជាក់ស្តែង​ទាំង​ជា​រឿង​មួយ​ចំនួន ដែល​ម៉ាក់​ប៉ា​មិន​ត្រូវធ្វើ​ដាក់​កូន​តូច​នោះ​ទេ ព្រោះ​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព និង​រាង​កាយ​កូន​តូច​ៗ​របស់​អ្នក​បាន ៖

១. ហាម​ឲ្យ​កូន​គេង​ផ្ងារ
បន្ទាប់​ពី​កើត​ភ្លាម គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ដាក់​កូន​គេង​ផ្អៀង​ទៅ​ឆ្វេង ឬ​ខាងស្តាំ មិន​ឲ្យ​អូន​តូច​គេង​ផ្ងារ​នោះ​ទេ​។ ការ​ឲ្យ​កូន​គេង​ផ្អៀង ដើម្បី​ទម្លាក់​ទឹកព្រៃ​ដែល​នៅ​សេសសល់​តាម​ច្រមុះ ឬ​មាត់​ឲ្យ​អស់ មិន​ឲ្យ​ឈ្លក់ និង​ចូល សួត​។

២. ហាម​ឲ្យ​កូន​ញ៉ាំ​ទឹក
កូន​កើតមក​ភ្លាម រហូត​ដល់​អាយុ ៦​ខែ យើង​មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​នោះ​ទេ​។ ម៉ាក់​ៗ​ត្រូវ​ឲ្យ​កូន​ម៉ឹម​តែ ទឹកដោះ​មួយ​មុខ​គត់ គ្រប់គ្រាន់​ហើយ ព្រោះ​ទឹកដោះ​ម៉ាក់​ៗ​សម្បូរ​ជាតិ​ទឹក​។

៣. ហាម​បន្តក់​ទឹកដោះ​លើ​ភ្នែក​កូន
ម៉ាក់​ៗ​ដែល​កើតកូន​តាម​ធម្មជាតិ អា​អូន​មាន​បញ្ហា​ភ្នែក​ច្រើន​ជាង​សម្រាល​ដោយ​វះកាត់ តែ​ទោះ​យ៉ាងណា យើង​មិន​ត្រូវ​បន្តក់​ទឹកដោះ​លើ​ភ្នែក​កូន​នោះ​ទេ ព្រោះ​រឹតតែ​ធ្វើ​ឲ្យ​ភ្នែក​ស្អិត ហើម និង​រលាក​ភ្នែក​។ ភ្នែក​កូន​តូច​ឈឺ គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​បន្តក់​សេរ៉ូម​ប្រៃ​។

៤. ហាម​រោយ​ម្សៅ​លើ​ផ្ចិត​កូន
ក្រោយ​ចេញពី​ពេទ្យ ម៉ាក់​ប៉ា​ត្រូវ​ថែទាំ​ផ្ចិត​កូន​ឲ្យ​បាន​ល្អ ដើម្បី​បង្ការ​ការ​ឆ្លង​រោគ ដោយ​ធ្វើ​អនាម័យ និង​លាង​សម្អាត​ផ្ចិត​កូន​ជាមួយ​អាល់កុល និង​ថ្នាំ​មេតា​ឌី​ន មិន​ត្រូវ​យក​ដីដំបូក សំបុក​ពី​ពាង​-​ឆ្កែ​ញ៉ាំង ផេះ ម្សៅ​ហុយ​មក​បិទ ឬ​រោយ​ពីលើ​ផ្ចិត​នោះ​ទេ ។ ផ្ចិត​កូន​ក្មេង​នឹង​ក្រៀម​ជ្រុះ​ដោយ​ឯកឯង​ក្នុង​អំឡុង ៥-១៥ ថ្ងៃក្រោយ​សម្រាល​។

៥. ហាម​លាប​ប្រេងកូឡា​លើ​បង្ហើយ​កូន
ចាស់​ៗ​តែង​លាប​ប្រេងកូឡា​នៅ​បង្ហើយ​កូនង៉ែត ដើម្បី​ឲ្យ​បង្ហើយ​ឆាប់​រឹង មិន​ផើត​ផត​។ ជំនឿ​បែប​នេះ​មិន​ត្រឹមត្រូវ​ឡើយ ហើយ​ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ដល់​ខួរក្បាល​កូន និង​មាន​អាចម៍ក្របី​លើ​ក្បាល​។

៦. ហាម​ឲ្យ​កូន​គេង​តែ​មួយ​ទម្រង់
កូន​ទើបនឹង​កើត​ឆ្អឹងលលាដ៍ក្បាល​នៅ​ខ្ចី​ខ្លាំង​ណាស់ ដូច្នេះ​យើង​មិន​ត្រូវ​ឲ្យ​កូន​គេង​ផ្អៀង ឬ​ផ្ងារ រហូត​ទេ ត្រូវ​ផ្លាស់​ប្តូរ​ទម្រង់​នៃ​ការ​គេង ម្តង​ឲ្យ​កូន​គេង​ផ្អៀង​ទៅ​ស្តាំ ម្តង​គេង​ទៅ​ស្តាំ ឬ​ផ្ងារ​។ ធ្វើ​បែប​ទើប​ទម្រង់​ក្បាល​កូន​ល្អ មិន​សំប៉ែត ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង