វាជារឿងគួរឲ្យខ្មាស់ ប្រសិនបើអ្នកមានក្លិនខ្យល់ដង្ហើមមិនល្អ។ មានវិធីសាស្ត្រ ក៏ដូចជាមធ្យោបាយច្រើនណាស់ដើម្បីព្យាបាល ឬដោះស្រាយបញ្ហានេះ ប៉ុន្តែមុនពេលអ្នកចាប់ផ្ដើមជ្រើសរើសយកដំណោះស្រាយណាមួយនោះ អ្នកគួរដឹងពីមួលហេតុដែលបណ្ដាលឲ្យអ្នកមានក្លិនមាត់មិនល្អជាមុនសិនទើបប្រសើរ។ (អាន ៖ ដេកមិនលក់នាំអោយឈឺច្រើន!នេះជាដំណោះស្រាយ) អាហារមួយចំនួនអាចបង្កឲ្យមានក្លិនមាត់មិនល្អ ប៉ុន្តែវាក៏អាចជារោគសញ្ញាមួយដែលបង្ហាញឲ្យដឹងថា អ្នកកំពុងកើតមានជំងឺធ្ងន់ធ្ងរផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីហេតុបង្កចំនួន ១០ នៃបញ្ហាក្លិនមាត់មិនល្អ ហើយអ្នកចាំបាច់គួរដឹងពីវា៖
១. កង្វះអនាម័យសុខភាពមាត់ធ្មេញ
បាក់តេរីអាចកើតមានឡើងនៅចន្លោះធ្មេញ ក៏ដូចជានៅតាមអញ្ចាញធ្មេញ និងអណ្ដាតដែលបណ្ដាលឲ្យមាត់មានក្លិនមិនល្អ។ បាក់តេរីទាំងនេះមិនត្រឹមតែធ្វើឲ្យមានក្លិនមាត់មិនល្អប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបង្កឲ្យធ្មេញពុក និងជំងឺអញ្ចាញធ្មេញផងដែរ។ ការប្រើប្រាស់ខ្សែរ៉ូតសម្អាតធ្មេញ និងការដុសធ្មេញ អាចជួយកាត់បន្ថយបាក់តេរី ហើយថែមទាំងព្យាបាលបញ្ហាក្លិនមាត់មិនល្អទៀតផង។
២. កង្វះជាតិទឹកក្នុងរាងកាយ
បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ គឺមូលហេតុចម្បងនៃក្លិនមាត់មិនល្អ។ ចូរទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ដូច្នេះទើបកំទេចកំទីអាហារមិនជាប់ក្នុងមាត់។
៣. ហានិភ័យនៃជំងឺបេះដូង
ភាគច្រើននៃពួកយើងមិនដឹងទេថា ជំងឺអញ្ចាញធ្មេញ និងជំងឺបេះដូង មានទំនាក់ទំនងគ្នាយ៉ាងខ្លាំងក្លា។ ការពិតទៅ ជំងឺរលាកអញ្ចាញធ្មេញ គឺជារោគសញ្ញាដំបូងមួយនៃជំងឺសសៃឈាមបេះដូង។ ការព្យាបាលក្លិនមាត់មិនល្អ និងបញ្ហាមាត់ផ្សេងៗអាចជួយបង្កើនសុខភាពបេះដូង។
៤. ជំងឺរលាកបំពង់ក
ក្លិនមាត់មិនល្អជាប់រហូត គឺអាចមានន័យថា អ្នកកំពុងកើតមានបញ្ហាទាក់ទងនឹងជំងឺរលាកបំពង់ក។ បាក់តេរីដែលបណ្ដាលឲ្យមានក្លិនមាត់មិនល្អ ក៏អាចប៉ះពាល់ទៅលើសាច់បំពង់កផងដែរ។
៥. ហានិភ័យខ្ពស់នៃការសម្រាលកូនមិនគ្រប់ខែ
ចំពោះស្ត្រីមានផ្ទៃពោះដែលមានបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អ និងជំងឺអញ្ចាញធ្មេញ គឺអាចជួបប្រទះនូវហានិភ័យខ្ពស់នៃបញ្ហាសម្រាលកូនមិនគ្រប់ខែ ឬទារកកើតមកមិនគ្រប់ទម្ងន់។
៦. ដំបៅក្រពះ
រោគសញ្ញាទូទៅបំផុតនៃដំបៅក្រពះ គឺការឈឺក្រពះខ្លាំង, ក្រហាយទ្រូង និងពិបាកក្នុងការទទួលទានអាហារ។ ប៉ុន្តែនៅមានរោគសញ្ញាចម្បងមួយទៀតនោះ គឺក្លិនមាត់មិនល្អ ដែលបណ្ដាលមកពី Helicobacter pylori បាក់តេរីតែមួយដែលបង្កឲ្យដំបៅក្រពះ។
៧. ប្រើប្រាស់ទឹកខ្ពុរមាត់ច្រើនពេក
ទោះបីជាទឹកខ្ពុរមាត់អាចជួយកាត់បន្ថយក្លិនមាត់មិនល្អបានក៏ពិតមែន ប៉ុន្តែការប្រើច្រើនជ្រុលពេកវាអាចកម្ចាត់សូម្បីតែបាក់តេរីល្អៗដែលមាននៅក្នុងមាត់។
៨. ជំងឺទឹកនោមផ្អែម
បញ្ហាសុខភាពមួយទៀតដែលបង្កឲ្យមានក្លិនខ្យល់ដង្ហើមមិនល្អនោះ គឺជំងឺទឹកនោមផ្អែម ដែលបណ្ដាលមកពីការផលិតអាំងស៊ុយលីនមិនគ្រប់គ្រាន់។ ក្លិនដូចផ្លែឈើ ឬក្លិនដូចអាសេតូន គឺច្រើនជារោគសញ្ញាមួយនៃជំងឺទឹកនោមផ្អែម។ ទោះជាយ៉ាងណា កុំប្រញាប់ភ័យព្រួយ ហើយគិតថាខ្លូនឯងមានជំងឺទឹកនោមផ្អែម ឬជំងឺផ្សេងទៀតពេក ប្រសិនបើអ្នកគ្រាន់តែមានក្លិនមាត់មិនល្អ។ មូលហេតុមួយចំនួនដូចដែលបានរៀបរាប់ខាងលើអាចជាហេតុផលនៃបញ្ហាក្លិនមាត់របស់អ្នក ដូច្នេះចូរចាប់ផ្ដើមជាមួយនឹងការអនុវត្តន៍នូវទម្លាប់អនាម័យមាត់ធ្មេញឲ្យបានល្អសិន ហើយប្រសិនបើបញ្ហានៅតែមិនបាត់ទៅណានោះ និងថែមទាំងអមមកជាមួយនូវរោគសញ្ញាផ្សេងៗទៀត អ្នកគួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ឬទៅពិនិត្យសុខភាពភ្លាម។