នរណា​ៗ​ក៏​ចង់បាន​សម្រស់​ស្អាត មាន​សុខភាព​ល្អ និង​ក្មេង​ជាង​វ័យ​ដែរ តែ​សំខាន់​តើ​យើង​ចង់​ថែរក្សា ឬ​ក៏​អនុវត្ត​ឲ្យ​វា​ល្អ​ប្រសើរ​ប្រចាំ​ថ្ងៃ​ដែរ​ទេ ។

ប្រសិនបើ​យើង​មិន​ចង់​ឲ្យ​មុខ​របស់​យើង​ចាស់​ជាង​វ័យ​ទេ​នោះ ចូរ​ចាប់ផ្ដើម​កែប្រែ​ទម្លាប់​អាក្រក់​ខាងក្រោម​នេះ​ចេញ ៖

១. គេង​មិន​គ្រប់គ្រាន់
ប្រសិនបើ​យើង​គេង​មិន​បាន​គ្រប់គ្រាន់​ទេ​នោះ ស្បែក​របស់​យើង​នឹង​ចាប់ផ្ដើម​លេចឡើង​នូវ​ស្នាម​ជ្រីវជ្រួញ និង​យារ​ធ្លាក់​មុន​វ័យ​ជាក់​ជា​មិន​ខាន ពីព្រោះ​រាង​កាយ​បញ្ចេញ​អ័រម៉ូន​Cortisol ដែល​ជា​អ័រម៉ូន​ស្ត្រេ​ស​ច្រើន ហើយ​វា​បាន​ចូល​ទៅ​បំផ្លាញ​ជាតិ​កូ​ឡា​ជែ​ន​ដែល​ជា​ភ្នាក់ងារ​ជួយ​ធ្វើ​ឲ្យ​ស្បែក​ទន់ល្មើយ និង​យឺត​ល្អ​។ ចូរ​ចាប់ផ្ដើម​ទម្លាប់​គេង​ឲ្យ​បាន​ទៀងទាត់​ម៉ោង​ពេល ក៏​ដូច​ជា​ជៀសវាង​ញ៉ាំ​គ្រឿង​ស្រវឹង​លើស​កំណត់ ឬ​កាហ្វេ​អ៊ី​ន និង​លេង​គ្រឿង​អេ​ឡិច​ត្រូ​និក​ផ្សេង​ៗ​មុន​ពេល​គេង​។

២. ជក់បារី
ការ​ជក់បារី​មិន​ត្រឹមតែ​បង្កើន​ឱកាស​កើត​ជំងឺមហារីក​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​កើត​មាន​ស្នាម​ជ្រីវជ្រួញ និង​យារ​ធ្លាក់​នៅ​វ័យក្មេង​ផង​ដែរ​។ ជាក់ស្ដែង ការ​ជក់បារី​ធ្វើ​ឲ្យ​លំហូរ​ឈាម​ដែល​ផ្ទុក​សារធាតុចិញ្ចឹម​សំខាន់​ៗ​ដូច​ជា​អុក​ស៊ី​សែន នៅ​លើ​ស្បែក​របស់​យើង​ថយ​ចុះ ។ កត្តា​នេះ​អាច​ធ្វើ​ឲ្យ​រាង​កាយ​ផលិត​កូ​ឡា​ជែ​ន​យឺតយ៉ាវ​។

៣. នៅ​ក្រោម​កម្ដៅថ្ងៃ​ច្រើន​ពេក
ថ្វី​ត្បិត​តែ​ពន្លឺព្រះអាទិត្យ​អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់​យើង​ក៏​ពិតមែន ប៉ុន្តែ​ប្រសិនបើ​យើង​ប៉ះពាល់​ផ្ទាល់​ទៅ​នឹង​ពន្លឺព្រះអាទិត្យ​ខ្លាំង​ពេក វា​ក៏​អាច​បំផ្លាញ​កូ​ឡា​ជែ​ន​នៃ​ស្បែក​របស់​យើង ព្រមទាំង​ធ្វើ​ឲ្យ​រាង​កាយ​ផលិត​ជាតិ​ប្រូតេអ៊ីន ដែល​ហៅ​ថា អេ​ឡា​ទី​ន (Elastin) ច្រើន​ជ្រុល​ថែម​ទៀត​ផង​។ យើង​អាច​សម្គាល់​ឃើញ​ថា​ស្បែក​នឹង​ចាប់ផ្ដើម​ក្រាស់ និង​មាន​អារម្មណ៍​ឡើង​គ្រើម ព្រមទាំង​លេចឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​ផង​ដែរ​។ នៅ​ក្នុង​ករណី​ដែល​យើង​ចាំបាច់​ត្រូវ​ប៉ះពាល់​ផ្ទាល់​ទៅ​នឹង​កម្ដៅថ្ងៃ ចូរ​ពាក់មួក ខោ​អាវដៃវែង និង​វ៉ែនតា​ការពារ​ពន្លឺ​ថ្ងៃ ព្រមទាំង​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​ដែល​មាន SPF៣០ ឬ​ខ្ពស់​ជាង​នេះ​។

៤. ញ៉ាំ​អាហារ​មិន​ត្រឹមត្រូវ
ការ​ញ៉ាំ​អាហារ​ត្រឹម​មិន​ត្រូវ អាច​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ដទៃ​ទៀត ដែល​ជា​កត្តា​ជំរុញ​ឲ្យ​ថាមពល​នៃ​យុវវ័យ​របស់​យើង​បាត់បង់​។ ចូរ​ញ៉ាំ​របប​អាហារ​ដែល​ជំនួយ​ដល់​បេះដូង ដែល​មាន​ដូច​ជា​បន្លែ ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ សណ្ដែក ស៊ុត និង​សាច់​ត្រី​។​ល​។ ហើយ​អាហារ​ប្រភេទ​នេះ ក៏​អាច​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ខួរក្បាល​របស់​យើង​ផង​ដែរ​។

៥. មិន​ធ្វើ​លំ​ហាត់ប្រាណ​គ្រប់គ្រាន់
ការ​បញ្ចេញ​សកម្មភាព​រាង​កាយ​ជា​ទៀងទាត់ គឺជា​អាថ៌​កំបាំង​ដែល​ធ្វើ​ឲ្យ​យើង​នៅ​ក្មេង​ជាង​វ័យ​។ ពិត​ណាស់ ការ​ហាត់ប្រាណ​អាច​ជួយ​ពង្រឹង​សាច់ដុំ បង្កើន​ថាមពល​រាង​កាយ និង​ធ្វើ​ឲ្យ​អារម្មណ៍​របស់​យើង​កាន់តែ​ប្រសើរ​ឡើង​។ បន្ថែម​ពី​នេះ ការ​ធ្វើ​ចលនា​ចុះឡើង​នេះ ពិតជា​អាច​ជួយ​ឲ្យ​ខួរក្បាល​របស់​យើង​មាន​ភាព​ឆ្លាត​វៃ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មនុស្ស​ចាស់ ដូច​ជា​ជំងឺ​បេះដូង​ជាដើម​។

ជាង​នេះ​ទៀត ចូរ​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ប្រហែល​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ដើម្បី​ទទួល​បាន​នូវ​សុខភាព​ល្អ និង​ថាមពល​ក្លៀវក្លា ហើយ​ថែម​ទៀត​អារម្មណ៍​ស្រស់ស្រាយ​ទៀត ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង