ម្តាយ ឬឪពុកគ្រប់រូប គ្រាន់តែដឹងថា ប្រពន្ធខ្លួនមានផ្ទៃពោះ គឺគាត់ថ្នមណាស់ទាំងការដើរ ដេក ឈរ អង្គុយ ជាពិសេសនោះការហូបអាហារដែលផ្តល់ប្រយោជន៍ដល់ម្តាយ និងកូនក្នុងផ្ទៃ ។ ព្រោះអាហារខ្លះអាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃបាន ដូច្នេះហើយគាត់ត្រូវឲ្យម្តាយញាំអាហារណាដែលមានតុល្យភាព និងជីវជាតិគ្រប់គ្រាន់ ជាមួយនឹងបន្លែ និងផ្លែឈើ គឺមានសារសំខាន់ណាស់សម្រាប់ម៉ាក់ៗដែលកំពុងតែពពោះ ។

អ្នកម្តាយគ្រប់រូប គប្បីជៀសវាងអាហារមួយចំនួនដែលអាចបណ្ដាលឲ្យរលូតកូនបាន ជាពិសេសនៅអំឡុងត្រីមាសទី១ ។ ព្រោះអាហារដែលអាចបណ្ដាលឲ្យរលូតកូន នៅអំឡុងពេលពពោះថ្មីថ្មោងតែងតែធ្វើឲ្យម៉ាក់ៗមានអាការៈក្អួតចង្អោរ វិលមុខ និងឃ្លានអាហារខុសប្រក្រតី ។
អ្នកម្តាយ ឬឪពុកគ្រប់រូបមកដឹងទាំងអស់គ្នាថា អាហារដែលអាចនាំឲ្យមានការរលូតកូនដែលអ្នកគួរជៀសវាងមានដូចខាងក្រោម ៖
១. គ្រាប់ល្ង
ម៉ាក់ៗដែលកំពុងតែពពោះ គួរ ញាំគ្រាប់ល្ងនៅក្នុងបរិមាណតិចតួចប៉ុណ្ណោះ មិនថាល្ងស ឬល្ងខ្មៅនោះទេ ។ ប្រសិនបើយើងញ៉ាំគ្រាប់ល្ងជាមួយនឹងទឹកឃ្មុំ វាអាចកើតមានបញ្ហាជាច្រើន នៅអំឡុងពេលមានផ្ទៃពោះថ្មីថ្មោង ។

២. ថ្លើមសត្វ
ថ្លើមសត្វ សម្បូរទៅដោយវីតាមីនA ដូចនេះ ប្រសិនបើយើងញ៉ាំវាត្រឹមតែ២ដងក្នុងមួយខែ វាមិនបង្កជាគ្រោះថ្នាក់ ក៏ដូចជារលូតកូនឡើយ។ ប៉ុន្តែ នៅពេលដែលយើងញ៉ាំវាក្នុងបរិមាណច្រើន វាអាចជំរុញការប្រមូលផ្ដុំ Retinol បន្តិចៗ ដែលអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពរបស់ទារក។
៣. ក្ដាម
ទោះបីជាក្ដាមសម្បូរទៅដោយជាតិកាល់ស្យូមក៏ពិតមែន ប៉ុន្តែវាក៏មានផ្ទុកកម្រិតកូឡេស្តេរ៉ូលខ្ពស់ផងដែរ ។ កត្តានេះ អាចបណ្ដាលឲ្យរួញស្បូន និងនាំឲ្យហូរឈាមខាងក្នុង ក៏ដូចជារលូតកូន។ ដូច្នេះហើយ ម៉ាក់ៗមិនគួរញ៉ាំវា នៅអំឡុងពេលមានផ្ទៃពោះឡើយ។
៤. ប្រទាលកន្ទុយក្រពើ
ថ្វីត្បិតតែប្រទាលកន្ទុយក្រពើមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពក៏ពិតមែន ប៉ុន្តែស្ត្រីមានផ្ទៃពោះមិនគួរញ៉ាំវាឡើយ ពីព្រោះប្រទាលកន្ទុយក្រពើមានផ្ទុកសមាសធាតុAnthraquinones ជាប្រភេទ ថ្នាំបញ្ចុះលាមក ដែលបង្កឲ្យមានការកន្ត្រាក់ស្បូន និងការហូរឈាមនៅក្នុងអាងត្រគាក ព្រមទាំងនាំឲ្យមានការរលូតកូនថែមទៀតផង។
៥. ល្ហុង
ផ្លែល្ហុងខ្ចីមានសមាសធាតុផ្សំ ដែលមានតួនាទីជាថ្នាំបញ្ចុះ និងអាចនាំឲ្យកូនកើតមិនគ្រប់ខែ។ រីឯគ្រាប់ល្ហុង ក៏សម្បូរទៅដោយអង់ស៊ីម ដែលបណ្ដាលឲ្យមានការកន្ត្រាក់ស្បូន ក៏ដូចជាធ្វើឲ្យយើងរលូតកូនថែមទៀតផង។

៦. កាហ្វេអ៊ីន
យោងតាមការស្រាវជ្រាវមួយបានបង្ហាញថា នៅពេលដែលម៉ាក់ៗញ៉ាំជាតិកាហ្វេអ៊ីននៅក្នុងកម្រិតមួយសមល្មម គឺវាមិនបង្កជាគ្រោះថ្នាក់នៅអំឡុងពេលពពោះឡើយ។ ប៉ុន្តែ ស្រីៗមានផ្ទៃពោះ គួរមានការប្រុងប្រយ័ត្នក្នុងការញ៉ាំជាតិកាហ្វេអ៊ីននេះ ពីព្រោះការកើនឡើងនៃជាតិកាហ្វេអ៊ីន អំឡុងពេលពពោះ អាចបណ្ដាលឲ្យមានការរលូតកូន ឬកូនមិនគ្រប់គីឡូ។

៧. គ្រឿងសមុទ្រ
គ្រឿងសមុទ្រភាគច្រើនដូចជាគ្រុំ អ័យស្ទ័រ និងបង្គា អាចមានជាតិពុលដោយសារពពួកបាក់តេរី (Listeria) ដែលអាចនាំមកនូវបញ្ហាជាច្រើន អំឡុងពេលពពោះ ដូចជាកូនកើតមិនគ្រប់ខែ ឬរលូតកូនជាដើម។ ដូច្នេះហើយ ប្រសិនបើម៉ាក់ៗញ៉ាំ គប្បីចម្អិនគ្រឿងសមុទ្រឲ្យឆ្អិនល្អមុនពេលញ៉ាំ ដើម្បីសុវត្ថិភាពរបស់កូនក្នុងផ្ទៃបាន ៕