បញ្ហា ក្លិនខ្លួន ឬ ក្លិនមាត់ជាបញ្ហាមួយដែលសុភាពបុរស សុភាពនារីត្រូវយកចិត្តទុកដាក់និងចេះការពារឱ្យបានត្រឹមត្រូវ ព្រោះវាអាចប៉ះពាល់ដល់អារម្មណ៍របស់អ្នកដទៃ និងអារម្មណ៍របស់យើងខ្លួនឯងផ្ទាល់ផងដែរ។

អនាម័យរាងកាយ ជាផ្នែកមួយដ៏សំខាន់ដែលអ្នកមិនគួរមើលរំលង។ ទន្ទឹមនឹងនេះ អ្នកក៏គួរតែចៀសវាងនូវអាហារ ទាំង៤ប្រភេទខាងក្រោមនេះដែរ ប្រសិនបើអ្នកត្រូវមានភារកិច្ចសំខាន់ ចេញទៅខាងក្រៅ ឬ ជួបនឹងនរណាម្នាក់ ព្រោះវាអាចនឹងរំខានដល់ទំនាក់ទំនងរវាងអ្នក និង ដៃគូសន្ទនាបាន៖
១- ខ្ទឹមបារាំងខ្ទឹមបារាំងជាប់ចំណាត់ថ្នាក់លេខពីរនៅក្នុងបញ្ជីអាហារ ដែលមាន ក្លិនមិនល្អ។ វាមានផ្ទុកទៅដោយសារធាតុហ្វៃប៊ើយ៉ាងច្រើន ហើយក៏មានអាចជួយបញ្ចុះសម្ពាធឈាមដែលឡើងខ្ពស់បានទៀតផង ប៉ុន្ដែអ្វីដែលជាបញ្ហានោះ គឺក្លិនរបស់វាតែម្ដង។ ខ្ទឹមបារាំង អាចធ្វើឲ្យអ្នកមានក្លិនមាត់មិនល្អ និងមានក្លិនខ្លួនមិនល្អរាប់ម៉ោងទៀតផង។ ប្រសិនចង់កាត់បន្ថយក្លិន គឺមិនត្រឹមញ៉ាំខ្ទឹមបារាំងទាំងឆៅនោះទេ ពោលគឺញ៉ាំឆ្អិនល្អជាង។
២- ផ្លែទូរ៉េនទូរ៉េន ជាផ្លែឈើមួយប្រភេទដែលមានឱជារសឆ្ងាញ់ពិសារ ប៉ុន្ដែទាស់តែម្យ៉ាងគឺក្លិនមិនល្អរបស់វា។ ក្លិនរបស់ទូរ៉េន គឺមិនត្រឹមតែប៉ះពាល់ដល់ក្លិននៃខ្យល់ដកដង្ហើមប៉ុណ្ណោះទេ តែក៏ធ្វើឲ្យអ្នកមានក្លិនខ្លួនមិនល្អផងដែរ។ សូមបញ្ជាក់ផងដែរថា ដោយសារក្លិនរបស់ទូរ៉េនបែបនេះហើយ បានជាធ្វើឲ្យវាត្រូវបានគេហាមឃាត់មិនឲ្យលក់នៅក្នុងតំបន់ខ្លះ ក្នុងពិភពលោក៕
៣- ខ្ទឹមសក្លិនដ៏ខ្លាំងរបស់ខ្ទឹមស អាចធ្វើឲ្យអ្នកមានក្លិនមាត់មិនល្អ ហើយក៏ថែមទាំងធ្វើឲ្យប៉ះពាល់ដល់ក្លិនខ្លួនរបស់អ្នកទាំងមូល តែម្ដង។ ក្លិនរបស់វា នឹងនៅជាប់នឹងខ្លួនយើងដល់ទៅ ៧២ម៉ោងឯណោះ ប្រសិនបើយើងមិនលាងសម្អាតខ្លួនទេនោះ។ ទោះបីជាយ៉ាងណាក្ដី ខ្ទឹមស ក៏ជាគ្រឿងផ្សំនៃមុខម្ហូបដ៏សំខាន់ផងដែរ ហើយវាថែមទាំងជាឱសថដ៏ល្អទៀតផង។ អ្នកអាចជៀសវាងញ៉ាំខ្ទឹមស នៅមុនពេលចេញទៅជួបអ្នកណាម្នាក់ ឬក៏ចូលរួមកម្មវិធីអ្វីមួយ។
៤- ភេសជ្ជៈមានជាតិអាល់កុលប្រិយមិត្តប្រហែលជាដឹងហើយថា គ្រឿងស្រវឹង ដែលមានដូចជា ស្រា ស្រាបៀរ ឬសូម្បីតែទឹកត្នោតជូរក៏អាចបន្សល់ឲ្យអ្នកនូវក្លិនមិនល្អជាប់ ខ្លួន និងមាត់ផងដែរ។ ក្លិនរបស់វាក៏អាក្រក់ដូចក្លិន ខ្ទឹមស និងខ្ទឹមបារាំងដែរ។ ទោះបីជាអ្នកប្រឹងទំពារស្ករកៅស៊ូ ឬលុបលាងមាត់យ៉ាងណាក៏មិនអាចបំបាត់ក្លិនដើមរបស់គ្រឿងស្រវឹង បានភ្លាមៗនោះដែរ។ មានតែពេលវេលាមួយគត់ ដែលអាចបំបាត់ក្លិនខ្លួនរបស់អ្នកក្រោយពីផឹកគ្រឿងស្រវឹងជោគជាំ (ភ្លាមៗមិនអាចបំបាត់បានទេ)៕