មិន​ថា បុរស ឬ​ស្ត្រី​ឡើយ​តែងតែ​ចង់បាន​ស្បែក​ស្អាត​រលោង​ជា​ពិសេស​នោះ​គឺ​ផ្ទៃ​មុខតែ​ម្តង ត្បិត​តែ​រូបរាង​ខាងក្រៅ​មិន​អាច​យកឈ្នះ​សម្រស់​ពី​ខាងក្នុង​របស់​យើង​បាន តែ​វា​ក៏​សំខាន់​ដែរ បើ​យើង​មាន​ភាព​ជឿជាក់​លើ​សម្រស់​ខាងក្រៅ ។

ជាក់ស្តែង​មនុស្ស​មួយ​ចំនួន បាន​ប្រើ​ប្រាប់​ផលិត​ផង​ជា​ច្រើន​មុខ តែ​មាន​តិច​ណាស់​ដែល​ប្រើ​ត្រូវ ដោយ​អ្នកខ្លះ​ទៀត​មុខ​ឡើង​មុន​ខ្លាំង ប្រើ​ផលិតផល​ណា​ក៏​មិន​បាត់​ទៀត ។
មក​ដឹង​ទាំងអស់​គ្នា​ថា ទម្លាប់​អាក្រក់​តូចតាច​ដែល​យើង​ធ្វើ​រាល់ថ្ងៃ ក៏​អាច​ឲ្យ​មុន​កើត​ម្ដង​បន្តិច​ៗ​លើ​មុខ​ដែរ​៖

១.​ស្ត្រេ​ស
កាលណា​យើង​ស្ត្រេ​ស រាង​កាយ​របស់​យើង​នឹង​បញ្ចេញ​អ័រម៉ូន​ធ្វើ​ឲ្យ​មានការ​ផលិត​ប្រេង​ច្រើន​លើ​ស្បែក ដែល​ជា​កត្តា​បណ្ដាល​ឲ្យ​កើត​មុន​។

២.​គេង​ទាំង​មិន​លុបមុខ
បើ​យើង​មិន​លុបមុខ ហើយ​ចូល​គេង​ទាំង​មុខ​សុទ្ធតែ​ដី ឬ make up ធូលី ឬ​គ្រឿងសម្អាង​ដែល​នៅ​ជាប់​មុខ​យើង​មួយ​ថ្ងៃ​ហើយ​នោះ នឹង​កក​ក្នុង​រន្ធ​ញើស ហើយក​កើតជា​បាក់តេរី បណ្ដាល​ឲ្យ​មុខ​ឡើង​មុន​។

៣.​ជក់បារី
ការ​ជក់បារី​ប៉ះពាល់​ទៅ​ដល់ Collagen និង Elastin ជា​ហេតុ​ធ្វើ​ឲ្យ​ស្បែក​ងាយ​កើត​មុន ឬ​ពិបាក​បំបាត់​ស្នាម​មុន​ជាដើម​។ មួយវិញទៀត ការ​ជក់បារី​ក៏​ឆាប់​ឲ្យ​យើង​មាន​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក បណ្ដាល​ឲ្យ​មើលទៅ​ចាស់​ជាង​អាយុ​មិន​ខាន​។

៤.​លាងមុខ​ញឹកញាប់​ពេក
មួយ​ថ្ងៃ​ៗ​លាងមុខ ៣-៤​ដង ក៏​មិនល្អ​ដល់​ស្បែក​មុខ​ដែរ​។ ការ​លាងមុខ​ច្រើន​ដង​ពេក​កម្ចាត់​ប្រេង​ល្អ​ៗ​លើ​មុខ​យើង ធ្វើ​ឲ្យ​ស្បែក​ស្ងួត ហើយ​មុខ​កាន់តែ​ផលិត​ប្រេង​ច្រើន​លើស​ដើម មក​បំពេញ​ប្រេង​ដែល​បាត់បង់​ទៅ​។ ការ​ដែល​យើង​ដុស​មុខ​ខ្លាំង​ៗ ក៏​បង្ក​ជា​ផល​រំខាន​ដល់​ស្បែក​មុខ​ដែរ​។

៥.​អត់​បោក​ស្រោមខ្នើយ
យើង​មិនសូវ​ចាប់អារម្មណ៍​ទេ អា​រឿង​ស្រោមខ្នើយ​នេះ តែ​ស្រោមខ្នើយ​នឹង​អាច​ផ្ទុក​បាក់តេរី​កខ្វក់ ហើយ​ពេល​យើង​គេង​លើ បាក់តេរី​ទាំងនោះ អាច​តោង​ជាប់​នឹង​ស្បែក​មុខ​យើង​បង្ក​ជា​មុន​បាន​។ ស្រោមខ្នើយ​មិន​គួរ​ប្រើ​ទាល់តែ​រាប់​ខែ​បាន​ប្ដូរ​ទេ គួរ​ប្ដូរ​២​ដង​/​ស​ប្ដា​ហ៍​។

៦.​គេង​មិន​គ្រប់គ្រាន់
ការ​គេង​មិន​គ្រប់គ្រាន់ បង្កើន​កម្រិត​ស្ត្រេ​ស​ដែល​ធ្វើ​ឲ្យ​យើង​ងាយ​នឹង​កើត​មុន​លើ​មុខ ។ មិនតែប៉ុណ្ណោះ បើ​យើង​គេង​មិន ៧-៨​ម៉ោង​/​យប់​ទេ ភ្នែក​នឹង​ឡើង​ដក់ ឬ​អាច​ឡើង​ខ្មៅ​ក្រោម​ភ្នែក ធ្វើ​ឲ្យ​បាក់​សម្រស់​មួយ​កម្រិត​ថែម​ទៀត​។

៧.​របប​អាហារ​ប្រចាំ​ថ្ងៃ
ចំពោះ​ចំណីអាហារ​ដែល​យើង​ញ៉ាំ​រាល់ថ្ងៃ ក៏​មាន​ចំណែក​ក្នុង​ការ​បង្ក​ឲ្យ​កើត​មុន​បាន​ដែរ ជា​ពិសេស​អាហារ​ដែល​ធ្វើ​ឲ្យ​ក្ដៅ​ក្នុង​ខ្លួន​។ យក​ល្អ ក្នុង​មួយ​ថ្ងៃ​ៗ យើង​ត្រូវ​ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​ល្អ​ៗ​ស្មើគ្នា ហើយ​ញ៉ាំ​បន្លែ​បៃតង​ឲ្យ​បាន​ច្រើន ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង