ក្នុងពេលមករដូវ វាគឺជារឿងធម្មតាទេក្នុងការឡើងទម្ងន់កន្លះទៅមួយគីឡូក្រាម តែវានឹងបាត់ទៅវិញក្រោយពីធ្លាក់ឈាមរដូវបានពីរបីថ្ងៃ។ យ៉ាងណាមិញ ចង្កោមរោគសញ្ញាមុនពេលមករដូវ អាចមានការប្រែប្រួលរាងកាយ ផ្លូវចិត្ត និងអាកប្បកិរិយាច្រើន ក្នុងរយៈពេលពីរសប្តាហ៍មុនពេលមករដូវ។ 

ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលធ្វើឲ្យស្រ្តីឡើងទម្ងន់ក្នុងពេលមករដូវ៖

បម្រែបម្រួលអ័រម៉ូន

ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនពេលមករដូវ អ័រម៉ូនអេស្រ្តូជែន និងប្រូជេស្តេរ៉ូនមានការថយចុះយ៉ាងខ្លាំង។ អ័រម៉ូនទាំងពីរនេះមាននាទីគ្រប់គ្រងដល់ជាតិទឹកក្នុងរាងកាយ។ នៅពេលដែលវាមានការឡើងចុះ ជាលិការជាច្រើនក្នុងខ្លួននឹងកើនឡើងជាតិទឹកក្នុងខ្លួន។ ដូច្នេះស្រ្តីនឹងឡើងទម្ងន់បានរាងកាយក្នុងពេលមករដូវ។ 

ហើមពោះ

ការហើមពោះក្នុងពេលមករដូវ ឬឈឺពោះពេលមករដូវអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា សម្លៀកបំពាក់ដែលធ្លាប់តែស្លៀកទៅជាតឹងជាមុន និងមិនមានផាសុកភាព។ នេះមិនមែនជាការឡើងទម្ងន់ពិតទេ តែជាអារម្មណ៍ថាខ្លួនឡើងទម្ងន់ប៉ុណ្ណោះ។ 

ឃ្លានអាហារ ឬញ៉ាំអាហារច្រើនជ្រុល

បម្រែបម្រួលអ័រម៉ូនក្នុងពេលមករដូវក៏ធ្វើឲ្យស្រ្តីងាយនឹងញ៉ាំអាហារច្រើនៗដែរ។ ក្នុងរយៈពេលមួយសប្តាហ៍មុនពេលមករដូវ អ័រម៉ូនប្រូជេស្តេរ៉ូនមានការកើនឡើង ហើយក៏ជាអ្នកធ្វើឲ្យឃ្លានអាហារដែរ។ ដូច្នេះបើសិនជាវាកើនឡើងខ្លាំង ការឃ្លានអាហារដើម្បីញ៉ាំច្រើនៗក៏បានដែរ។ អ័រម៉ូនអេស្ត្រូជែនក៏ជាអ្នកសម្របសម្រួលដល់អ័រម៉ូន Serotonin ដែលជាសារធាតុបញ្ជូនសរសៃប្រសាទ មាននាទីគ្រប់គ្រងអារម្មណ៍ និងបន្ថយការឃ្លានអាហារ។ នៅពេលអ័រម៉ូនអេស្រ្តូជែនចុះទាបមុនពេលមករដូវ ដូច្នេះ Serotonin ក៏ថយចុះដែរ ប៉ុន្តែឃ្លានអាហារខ្លាំងវិញ។ 

បញ្ហាក្រពះពោះវៀន

ក្នុងពេលវដ្តរដូវ ការឡើងចុះៗរបស់អ័រម៉ូនក៏អាចនាំឲ្យមានបញ្ហាក្រពះពោះវៀនដែរ ដូចជា ទល់លាមក រាករូស និងឈឺពោះដែរ។ ការមិនស្រួលក្នុងពោះ និងហើមពោះនេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា ខ្លួនឯងឡើងទម្ងន់ដែរ ប៉ុន្តែវាមិនមែនជារឿងត្រឹមត្រូវទេ។ 

ថយចុះជាតិម៉ាញ៉េស្យូម

នៅពេលចាប់ផ្តើមមករដូវ ចំនួនជាតិម៉ាញ៉េស្យូមនឹងថយចុះបន្តិចម្តងៗ។ ការថយចុះនេះអាចជម្រុញដល់មានការឃ្លានរបស់ផ្អែមៗច្រើន ហើយក៏ឡើងទម្ងន់ដោយសារតែការញ៉ាំផ្អែមដែរ។ ម៉ាញ៉េស្យូមគឺជាជាតិរ៉ែមួយប្រភេទដែលជួយសម្រួលដល់កម្រិតជាតិទឹកក្នុងខ្លួន។ ការដែលម៉ាញ៉េស្យូមក្នុងខ្លួនចុះទាប រាងកាយនឹងខ្សោះជាតិទឹក។ ការខ្សោះជាតិទឹកក៏ធ្វើឲ្យឃ្លានញ៉ាំអាហារផ្អែមៗដែរក្រៅពីស្រេកទឹក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង