ការដុះត្រចៀកក្រាញ់នៅក្រចកជើង មានការឈឺចាប់ខ្លាំងបំផុត ហើយវាច្រើនតែកើតឡើងនៅក្រចកមេជើងតែម្តង។ បើសិនជាមិនមានការព្យាបាលទេ វាអាចធ្វើឲ្យមានការបង្ករោគ ដែលរាលដាលទៅរចនាសម្ព័ន្ធឆ្អឹងនៅប្រអប់ជើងបាន។ រាល់ជំងឺទាំងឡាយណាដែលមានការថយចុះលំហូរឈាមនៅប្រអប់ជើងដូចជា ជំងឺទឹកនោមផ្អែម ឬជំងឺចុងដៃចុងជើង ប្រហែលជាធ្វើឲ្យងាយនឹងកើតត្រចៀកក្រាញ់នៅក្រចកជើងណាស់។ យ៉ាងណាមិញ អាការៈដែលបញ្ជាក់ថា ជាការបង្ករោគនៅលើក្រចកដែលដុះត្រចៀកក្រាញ់នោះមានដូចជា៖

  • ស្បែកឡើងក្រហម ឬរឹងនៅជុំវិញក្រចក
  • ហើម
  • ឈឺចាប់ពេលប៉ះពាល់
  • មានសម្ពាធនៅក្រោមក្រចក
  • ឈឺខ្ទកៗ
  • ហូរឈាម
  • មានការករទឹកក្នុងក្រចក
  • ក្លិនស្អុយ
  • ឡើងកម្តៅឧណ្ហៗនៅជុំវិញក្រចក
  • មានខ្ទុះនៅស្បែកដែលក្រចកចាក់
  • ដុះក្រចកថ្មីខ្លាំង រហូតដល់រលាកគែមៗនៃក្រចកទៀត
  • ក្រចកទៅជាឡើងក្រាស ប្រេះ លឿង ជាពិសេសក្នុងករណីបង្ករោគដោយមេរោគផ្សិត។

ការបង្ករោគនៅក្រចកជើងដែលកើតត្រចៀកក្រាញ់ ច្រើនតែអាចព្យាបាលដោយខ្លួនឯងនៅផ្ទះបានបើសិនជាអ្នកអាចលូកកាត់ក្រចកដែលចាក់ស្បែកនោះចេញបាន។ យ៉ាងណាមិញបើសិនជាអ្នកចង់សម្អាត ឬកាត់ក្រចកនោះចេញដោយខ្លួនឯង ចូរប្រាកដថា អ្នកលាងសម្អាតដៃបានស្អាតល្អហើយនៅពេលព្យាយាមកាត់។

  1. ចូរជ្រលួកប្រអប់ជើងនៅក្នុងទឹកក្តៅឧណ្ហៗដើម្បីឲ្យក្រចកទន់សិន។ រឿងនេះនឹងជួយទាញខ្ទុះចេញមកខាងក្រៅ និងបន្ថយការឈឺចាប់ផង
  2. ចូរលាបថ្នាំផ្សះ ឬឡូសិនសម្លាប់មេរោគផ្សិតនៅលើក្រចកដោយផ្ទាល់ និងស្បែកនៅខាងក្រោម និងជុំវិញក្រចក
  3. ចូរប្រើថ្នាំបំបាត់ការឈឺចាប់ដែលមិនបាច់មានវេជ្ជបញ្ជា ដើម្បីជួយបន្ថយរោគសញ្ញាដូចជា ការមិនមានផាសុកភាព និងហើម។

បើសិនជាការបង្ករោគមិនបាត់ទៅវិញក្នុងរយៈពេលពីរបីថ្ងៃក្រោយទេ ចូរទៅជួបគ្រូពេទ្យ។ 

ការព្យាបាលដែលគ្រូពេទ្យអាចផ្តល់ឲ្យមានដូចជា៖

  • យកថ្នាំផ្សះលាបនៅក្រោមក្រចកហើយរុំ ដើម្បីសម្លាប់ការបង្ករោគ និងជួយឲ្យក្រចកដុះធម្មតាវិញ
  • កាត់ក្រចកកន្លែងដែលដុះវែងខុសធម្មតា
  • ការវះកាត់អាចធ្វើលើករណីដែលធ្ងន់ធ្ងរ ឬកើតឡើងម្តងហើយម្តងទៀត៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង