ស្ត្រី​ៗ​គ្នា​យើង អ្នកខ្លះ​ចេះ​តែ​ឆ្ងល់​ថា ម៉េច​បាន​គេ​អាយុ​ច្រើន​ហើយ​តែ​ស្បែក​មុខ​នៅ​តែ​ក្មេង​ស្រស់​ស្អាត​អ៊ីចឹង ។ តើ​គេ​មាន​វិធី​ថែរក្សា​សម្រស់​យ៉ាងដូច​ម៉េច​ខ្លះទៅ ?

ពិត​ណាស់ ស្បែក​មុខ​យើង​នឹង​លេចឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់តែ​ច្រើន ។ នេះ​ដោយសារ​ការ​ផលិត​ជាតិ​ខូ​ឡា​ជែ​ន មានការ​ធ្លាក់​ចុះ​ទៅ​តាម​ពេលវេលា ហើយ​វា​បណ្ដាល​ឲ្យ​ស្បែក​បាត់បង់​នូវ​ភាពយឺត ។ ប៉ុន្តែ​យើង​ប្រហែលជា​មិន​ចាប់អារម្មណ៍​ទេ​ថា កត្តាបរិស្ថាន និង​របៀបរបប​រស់នៅ គឺជា​ឫសគល់​ចម្បង ដែល​ធ្វើ​ឲ្យ​ស្នាម​ជ្រីវជ្រួញ​ឆាប់​លេចឡើង​នៅ​លើ​ផ្ទៃមុខ​របស់​យើង​លឿន​ជា​ការ​រំពឹង​ទុក ។ បើ​មិន​ចង់​ភ្ញាក់​ពី​គេង​មក​ឃើញ​ផ្ទៃមុខ​កាន់តែ​ដុនដាប​ទេ​នោះ គ្នា​យើង​គួរតែ​ចាប់ផ្ដើម​ប្ដូរ​ទម្លាប់​ទាំងនេះ​ចេញ​ភ្លាម​ទៅ​។

១. ញ៉ាំ​ផ្អែម​ច្រើន​ពេក
ការ​ញ៉ាំ​ផ្អែម​ច្រើន គឺ​មិនល្អ​ចំពោះ​សុខភាព​ឡើយ​វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ធ្វើ​ឲ្យ​យើង​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​ជា​ច្រើន​ផង​ដែរ ដូច​ជា ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម ឬ​ជំងឺមហារីក​ជាដើម ។ លើស​ពី​នេះ​វា​ក៏​បង្ក​ឲ្យ​មានការ​កើត​មុន ព្រមទាំង​ព​ន្លឿ​ន​នូវ​ភាព​ចាស់​ថែម​ទៀត​ផង ។

ជាក់ស្ដែង ជាតិ​ខូ​ឡូ​ជែ​ន និង​ភាពយឺត​នៃ​ស្បែក​នឹង​កាន់តែ​ចុះ​ខ្សោយ នៅ​ពេល​ដែល​យើង​ញ៉ាំ​ផ្អែម​ខ្លាំង ហើយ​ក៏​បណ្ដាល​ឲ្យ​លេចឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក​តែ​ម្តង​។

២. ភ្លេច​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ
កាំរស្មី​UV​ចេញពី​ពន្លឺព្រះអាទិត្យ គឺជា​អាវុធ​ដ៏​កាច​សាហាវ ដែល​ចូល​ទៅ​បំផ្លាញ​ស្បែក​របស់​យើង​នៅ​ពេល​ដែល​យើង​មិន​បាន​ប្រុង​ប្រយ័ត្ន​។ វា​នឹង​ធ្វើ​ឲ្យ​ខូ​ឡា​ជែ​ន​នៃ​ស្បែក​បាត់បង់ ហើយ​បង្ក​ទៅ​ជា​ស្នាម​ជ្រីវជ្រួញ​នៅ​ក្នុង​មួយ​រំពេច​។ ដូចនេះ ចូរ​កុំ​ភ្លេច​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​ជាប់​ជា​ប្រចាំ មិន​ថា​យើង​ត្រូវ​ចេញ​ទៅ​ក្រៅ ឬ​សំងំ​នៅ​តែ​ក្នុងផ្ទះ​នោះ​ទេ​។

៣. មិន​ផ្ដល់​សំណើម​ដល់​ស្បែក
នៅ​ពេល​ដែល​ស្បែក​ខ្វះ​សំណើម វា​នឹង​ក្លាយទៅជា​ស្ងួត​គ្រើម ប្រៀប​ដូច​ជាដើម​ឈើ​ខ្វះ​ជាតិ​ទឹក​ដូច្នោះ​ដែរ​។ ហេតុនេះ​ហើយ ទើប​ការ​ផ្ដល់​សំណើម​ដល់​ស្បែក គឺជា​អ្វី​ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ​។ ជា​ពិសេស គឺ​ស្បែក​ខាងក្រោម​ភ្នែក​ដែល​មាន​សភាព​ស្ដើង​ជាងគេ​បង្អស់ ដោយ​លាប​គ្រី​ម​ការពារ​ក្រោម​ភ្នែក​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​។

៤. ឥរិយាបថ​ពេល​គេង
ឥរិយាបថ​ពេល​គេង​ក៏​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ផ្ទៃមុខ​ផង​ដែរ​។ ប្រសិនបើ យើង​គេង​ផ្កាប់មុខ ឬ​គេង​ចំហៀង ដោយ​សង្កត់​ផ្ទៃមុខ​ទៅ​នឹង​ខ្នើយ​ក្នុង​រយៈពេល​យូរ នោះ​ស្នាម​ជ្រីវជ្រួញ​នឹង​លេចឡើង​បន្តិច​ម្ដង​ៗ​។ ដើម្បី​ចៀសវាង​នឹង​បញ្ហា​នេះ ចូរ​ព្យាបាល​គេង​ផ្ងារ ឬ​ប្រើ​ខ្នើយ​ដែល​ធ្វើ​ពី​សូត្រ​ជំនួស​វិញ ដើម្បី​កាត់​បន្ថយ​ការ​កកិត​លើ​ស្បែក​។

៥. គេង​មិន​គ្រប់គ្រាន់
នៅ​ពេល​ដែល​យើង​គេង​លក់ កម្រិត​អ័រម៉ូន​ស្ត្រេ​ស នឹង​ត្រូវ​ថយ​ចុះ ហើយ​ស្បែក​របស់​យើង​ក៏​ត្រូវ​បាន​ជួសជុល​តាម​បែប​ធម្មជាតិ​ផង​ដែរ​។ ផ្ទុយ​ទៅ​វិញ បើ​យើង​គេង​មិន​គ្រប់គ្រាន់​ទេ​នោះ កម្រិត​អ័រម៉ូន​ស្ត្រេ​សនឹង​ឡើង​ខ្ពស់ ដែល​អាច​ចូល​ទៅ​បំផ្លាញ​ជាតិ​ខូ​ឡា​ជែ​ន និង​ធ្វើ​ភាពយឺត​នៃ​ស្បែក​ចុះ​ថយ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​លេចឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​។
៦. ត្រដុស ឬ​ទាញ​ខ្លាំង​ៗ
ជាមួយ​គ្នា​នេះ​ដែរ ការ​ត្រដុស​ខ្លាំង​ៗ​នៅ​លើ​ផ្ទៃមុខ ដោយ​ប្រើ​ក្រដាស​សើម​ជូត​Makeup ឬ​កូនកន្សែង និង​ការ​ទាញ​ស្បែក​បរិវេណ​ក្រោម​ភ្នែក ដើម្បី​គូស​ត្រេ​ភ្នែក ក៏​ដូច​ជា​ការ​លើក​ចិញ្ចើម​ឡើង​ខ្ពស់ ដើម្បី​លាប​ម៉ា​ស្កា​រ៉ា គឺ​សុទ្ធតែ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​កើត​មាន​ស្នាម​ជ្រីវជ្រួញ​។ ទម្លាប់​តូចតាច​ទាំងនេះ នឹង​ចូល​ទៅ​បំផ្លាញ​ស្បែក​របស់​យើង​ដោយ​មិនដឹង​ខ្លួន​។ ដូចនេះ នៅ​ពេល​ដែល​យើង​ត្រូវ​ប៉ះពាល់​ស្បែក​មុខ ចូរ​ប្រើ​ដៃ​ថ្នម​ៗ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​។

៧. ការ​បំពុលបរិយាកាស
ការ​កើនឡើង​នៃ​កម្រិត​ជាតិពុល​នៅ​ក្នុង​បរិយាកាស បាន​បំផ្លាញ​សុខភាព​របស់​យើង​យ៉ាងធ្ងន់ធ្ងរ​។ ម្យ៉ាងវិញទៀត ផ្សែង​អ័ព្ទ និង​កម្ទេចធូលី​ផ្សេង​ៗ​បាន​ចូល​ទៅ​បំផ្លាញ​ជាតិ​ខូ​ឡា​ជែ​ន ដែល​នាំ​ឲ្យ​យើង​ឆាប់​ចាស់​ជាង​វ័យ និង​មាន​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក​។ ហេតុនេះ​ហើយ ចូរ​ធ្វើការ​លាង​សម្អាត​ផ្ទៃមុខ​ឲ្យ​បាន​ស្អាត​ល្អ ដើម្បី​បន្ថយ​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង