​បច្ចុប្បន្ន​មាន​មនុស្ស​ជាច្រើន​ដែល​ប្រឈមមុខ​នឹង​បញ្ហា​ភាព​តានតឹង​ឬ​ស្ត្រេ​ស​ដែល​បង្ករ​មក​ពី​មូលហេតុ​ផ្សេងៗ​គ្នា​។ តើ​អ្នក​គួរ​ធ្វើ​យ៉ាងណា​ប្រសិនបើ​អ្នក​ប្រឈមមុខ​នឹង​បញ្ហា​នេះ​ដែរ​?​

ខាងក្រោម​នេះ​គឺជា​ការ​ណែនាំ​ដើម្បី​ជួយ​កាត់បន្ថយ​ភាព​ស្ត្រេ​ស​របស់​អ្នក​។​

១. ឆ្លៀត​ពេល​ទៅ​បន្ទប់ទឹក​
​បន្ទប់ទឹក​ក្នុង​ភាសា​អង់គ្លេស​ហៅថា​restroom​ដែល​មាន​មូលហេតុ​មួយ​ដែល​គេ​ហៅ​វា​បែបនេះ​៖ គឺ​មិន​ថា​នៅ​ផ្ទះ​ឬ​នៅ​កន្លែង​ធ្វើការ​នោះ​ទេ​វា​គឺជា​កន្លែង​មួយ​ដែល​មិន​មាន​នរណា​ម្នាក់​ទៅ​រំខាន​អ្នក​។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​ការងារ​របស់​អ្នក​ច្រើន​ខ្លាំង​ជ្រុល​ពេក​អ្នក​អាច​ឆ្លៀត​ម៉ោង​កំពុង​ធ្វើការ ៥​នាទី ដើម្បី​ទៅ​សមាធិ​ក្នុង​បន្ទប់ទឹក​។ ចូរ​ដកដង្ហើម​ចូលទៅ​ក្នុង​ពោះ​របស់​អ្នក​ហើយ​ផ្តោតអារម្មណ៍​ទៅលើ​ការដកដង្ហើម​របស់​អ្នក​។ ការស្រាវជ្រាវ​បង្ហាញថា​ការ​សមាធិ​របស់​អ្នក​អាច​បង្កើន​សមត្ថភាព​ប្រមូលផ្តុំ​អារម្មណ៍​បាន​។​

២. ៥​នាទី មុន​ពេល​កំណត់​
​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ដឹង​ពី​អារម្មណ៍​នៅពេល​ដែល​អ្នក​កំពុងតែ​យឺត​ម៉ោង​ហើយ​ត្រូវ​ជាប់​ក្នុងការ​ស្ទះចរាចរណ៍ ខ្ញុំ​ជឿថា​អ្នក​រាល់គ្នា​ប្រាកដជា​ក្រលេក​មើល​នាឡិកា​រៀងរាល់ ៣០​វិនាទី ដោយ​អារម្មណ៍​អន្ទះអន្ទែង​។ ដូច្នេះ​ចូរ​ផ្តល់​ពេលវេលា​បន្ថែម​ដល់​ខ្លួន​អ្នក​មិន​ថា​ទៅ​កន្លែង​ណា​ក៏​ដោយ​។ ការ​ទៅ​ដល់​កន្លែង​មុន​ម៉ោង​កំណត់​នឹង​ជួយ​បំបាត់​ភាព​ស្ត្រេ​ស​របស់​អ្នក​ដោយ​ការផ្តល់​ឲ្យ​អ្នក​នូវ​ពេលវេលា​បន្ថែម​សម្រាប់​គ្រប់គ្រង​ពេលវេលា​និង​ការប្តេជ្ញាចិត្ត​របស់​អ្នក​។​

៣. បញ្ឈប់​ការ​ពិសារ​ទឹក​ដែល​បង្កើន​ភាព​ស្ត្រេ​ស​
​ជា​ការពិត​ណាស់​ថា​ការ​ពិសារ​ស្រា​ក្រឡុក​បន្តិចបន្តួច​អាចធ្វើឲ្យ​អារម្មណ៍​ធូរស្បើយ ប៉ុន្តែ​ជាតិ​អាល់កុល​ក៏បាន​រារាំង​ខួរក្បាល​របស់​អ្នក​ពី​ការចូល​ទៅ​ក្នុង​ដំណាក់កាល​នៃ​ការ​គេង​ដ៏​លង់លក់​បំផុត​។ ការ​គេង​និង​ភា​ពស្ត្រេ​សមាន​ទំនាក់ទំនង​គ្នា​យ៉ាងរ​មួ​ត​៖ ជំងឺស្ត្រេស​រ៉ាំរ៉ៃ​អាច​ធ្វើ​ឲ្យ​អ្នកគេង​មិន​លក់​នៅ​ពេលយប់ ហើយ​ការ​គេង​មិន​បាន​គ្រប់គ្រាន់​ក៏​អាច​បង្ករ​ឲ្យ​ជំងឺស្ត្រេស​របស់​អ្នក​កាន់តែ​វិវត្តន៍​។ ចូរ​ដាក់​កំហិត​ខ្លួន​អ្នក​មិនឲ្យ​ទទួលទាន​ជាតិ​សុរា​ច្រើន​ជាង​មួយ​កែវ​នោះ​ទេ​ក្នុង​យប់​។​

៤. ការ​ហាត់ប្រាណ​
​ស្ត្រេ​ស​ធ្វើឲ្យ​រាង្គ​កាយ​របស់អ្នក​បញ្ចេញ​នូវ​អរម៉ូន​ពីរ​ប្រភេទ​គឺ​អរ​ម៉ូ​ន​cortisol និង​អរ​ម៉ូ​ន​អាដ្រេ​លីន​។ អរ​ម៉ូ​ន​ទាំងពីរ​នេះ​ធ្វើឲ្យ​រាង្គ​កាយ​របស់អ្នក​ស្ថិតក្នុង​ស្ថានភាព​មួយ​ដែល​បង្កើន​កម្រិត​ថាមពល​និង​បង្ករ​ឲ្យ​បេះដូង​របស់​អ្នក​លោត​ញាប់​ហើយ​សាច់ដុំ​ឡើង​រឹង​។ ការ​ហាត់ប្រាណ​អាច​ជួយ​ឲ្យ​អ្នក​កាត់បន្ថយ​អាការៈ​ទាំងនោះ​។ ការ​ហាត់ប្រាណ​បានល្អ​ក៏​ជួយ​បង្កើន​នូវ​កម្រិត​នៃ​អរ​ម៉ូ​ន​អង់​ដូ​ហ្វីន​ដែល​ជា​អរម៉ូន​ធ្វើឲ្យ​អារម្មណ៍ល្អ​បាន​ផង​ដែរ​។​

៥. សើច​ឲ្យបាន​ច្រើន​
​ក្រុម​អ្នកស្រាវជ្រាវ​និយាយថា គ្រាន់តែ​ការ​សើច​ក៏​អាចជួយ​ធ្វើការ​ផ្លាស់ប្តូរ​វិជ្ជមាន​ដល់​សុខភាព​របស់​អ្នក​បាន​ដែរ​។ ការ​សើច​ជួយ​កាត់បន្ថយ​កម្រិត​អរ​ម៉ូ​ន​ស្ត្រេ​ស​ដែល​ត្រូវ​បាន​ភ្ជាប់​ទៅនឹង​បញ្ហា​ដូចជា​ភាពធាត់​ជ្រុល​ជំងឺ​បេះដូង ។​ល​។​

៦. រីករាយ​ជាមួយនឹង​មិត្តភក្តិ​
​ការចូលរួម​ភាព​រីករាយ​ជា​មួយ​មិត្តភក្តិ​ជួយ​បញ្ចេញ​អរ​ម៉ូ​ន​oxytocin ដែល​ជា​អរ​ម៉ូ​ន​អាច​ជួយ​ទប់ស្កាត់​អរ​ម៉ូ​ន​ស្ត្រេ​ស​និង​បន្ទាប​សម្ពាធ​ឈាម​។ មិន​ថា​អ្នក​ចំណាយពេល​ជាមួយ​នរណា​នោះទេ គ្រាន់តែ​ដឹងថា​អ្នក​មិន​នៅ​ម្នាក់ឯង​ក៏​អាច​ជួយ​អ្នក​ក្នុង​ការទប់ស្កាត់​ស្ត្រេសបាន​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង