សម្រាប់​ស្ត្រី​ភាគច្រើន ការ​មក​រដូវ​មិន​ទៀងទាត់​ចំនួន​ពីរដង ឬ​កើត​ជម្ងឺផ្សិត​ម្តងម្កាល​គឺ​វា​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប៉ុណ្ណោះ​។

​ប៉ុន្តែ​រោគសញ្ញា​ជំងឺ​រោគ​ស្ត្រី​មួយ​ចំនួន​គឺ​កំពុងតែ​ស្ថិត​ក្នុង​ការ​ងឿ​យ​ឆ្ងល់​ដូចជា ការ​ហូរ​ឈាម​តាម​ទ្វារមាស​ដែល​វា​ច្រើន​តែ​កើត​ឡើង​ក្រោយ​ពី​រួមភេទ​ហើយ ឬ​ដុំ​អ្វីមួយ​ដុះ​មិន​ធម្មតា ហើយ​ឈឺ​។

​តើ​ពេល​ណា​ដែល​អ្នក​គួរតែ​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​?

​បើ​យោង​ទៅលើ វេជ្ជបណ្ឌិត ហូ​លី​ពូ​រីគ (Holly Puritz) ឯកទេស​ខាង​ជម្ងឺ​រោគ​ស្ត្រី​នៅ​ឯ The Group for Women ក្នុង​ទីក្រុង​ណ​រហ្វក (Norfolk), Va បានអោយដឹងថា គ្រប់​ពេល​នៃ​ការឈឺ​ក្នុង​អាង​ត្រគាក ស្នាម​អុចៗ រមាស និង​រោគ​ផ្សេងៗ​ទៀត​មិន​អាច​ទៅ​ជា​ភាព​ធ្ងន់ធ្ងរ​បានទេ​។

​ទោះបីជា​ដំណើរការ​ធម្មតា​មួយ​ដូច​ជា​ការ​ផ្ទុះ​បែក​អូវុល (Ovulation) ក៏​អាច​ធ្វើអោយ​មាន​ការឈឺចាប់​បានដែរ​។ លោក ពូ​រីគ និយាយថា “​មាន​បញ្ហា​ខ្លះ​ដែល​អ្នក​អាច​កើតមាន​ក្នុងពេល​ពាក់កណ្តាល​នៃ​វដ្ត​រដូវ នោះ​គឺ Mittelschmerz​។ វា​គឺជា​ភាសា​អាឡឺម៉ង​មានន័យ​ថា​ការឈឺចាប់​ក្នុងពេល​ពាក់កណ្តាល​នៃ​វដ្ត​រដូវ​”​។ នៅពេល​ការ​ផ្ទះ​បែក​នៃ​អូវុល​កើតមានឡើង ស្ត្រី​មួយ​ចំនួន​មាន​អារម្មណ៍​ដូចជា​ឈឺ​មុតៗ ឬ​ឈឺ​បែបរ​មួល​ទៅលើ​មួយ​ចំហៀង​នៃ​ពោះ​ផ្នែក​ខាងក្រោម ។ ការឈឺចាប់​ប្រហែលជា​មាន​ការផ្លាស់ប្តូរ​ពី​មួយ​ខែ ទៅ​មួយ​ខែ​។​

​អ្នកស្រី​ពូ​រីគ​និយាយថា “​ចំពោះ​ការឈឺ​ក្នុង​អាង​ត្រគៀក ប្រសិនបើ​អ្នក​អាច​ពន្យល់​អោយ​ច្បាស់លាស់​នៃ​ពេលវេលា​ក្នុង​ឈឺ​ចាប់បាន នោះ​វា​ពិតជា​អាច​ធានា​អោយ​អ្នក​បាន​ដែរ​។ ប្រសិនបើ​វា​តែងតែ​កើតមាន​ក្នុងពេល​ពាក់កណ្តាល​នៃ​វដ្ត​រដូវ យ៉ាងហោចណាស់ ២ ទៅ​៣​ថ្ងៃ ហើយ​វា​បាត់​ទៅ​វិញ ជា​ទូទៅ​វា​មិនអាច​ជា​ភាពមិនធម្មតា​បាន​នោះ​ទេ​”​។ 

​ដូចគ្នានេះដែរ ការហូរ​ទឹករំអិល​មិនធម្មតា​ពី​ទ្វារមាស​ប្រហែល​ជា​សញ្ញា​មួយ​នៃ​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ ប៉ុន្តែ​មាន​ពេលខ្លះ​ក៏​បណ្តាលមកពី​ការឆ្លង​ជំងឺ​ដែល​អាច​ងាយស្រួល​ក្នុង​ការព្យាបាល​ដែរ ។
​ទោះបីជា​យ៉ាងណា​ក៏ដោយ រោគ​សញ្ញា​មួយ​ចំនួន​អាច​ចង្អុលបង្ហាញ​ពី​បញ្ហា​សុខភាព​ដ៏​ធ្ងន់ធ្ងរ​ដែរ ។ ចូរ​កុំ​មាន​ការភ័យខ្លាច​អោយសោះ ប៉ុន្តែ​វា​អាច​នឹង​ដឹង​បាន​យ៉ាងច្បាស់​នៅពេល​ដែល​ទទួលបាន​ជំនួយ ។

១.​ឈឺ​អាង​ត្រគាក​

​អ្នកស្រី​ពូ​រីគ​និយាយថា ការឈឺចាប់​នៅ​ពាក់កណ្តាល​វដ្ត​រដូវ​អាច​នឹង​បាត់​ទៅ​វិញ​ក្រោយពី​មាន​ការផ្ទុះ​បែក​នៃ​អូវុល​ហើយ ប៉ុន្តែ​បើ​ការឈឺ​អាង​ត្រគៀក​របស់​អ្នក​ចេះ​តែ​វិវត្តន៍​រហូត ឬ​មិន​ធូរស្បើយ​ក្រោយពី​ព្យាបាល​នៅ​តាម​ផ្ទះ ចូរ​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​ភ្លាម ។​​ករណីខ្លះ ការឈឺ​ក្នុង​អាង​ត្រគៀក ឬ​ពោះ​ខ្លាំង ហើយ​កើត​យ៉ាង​លឿន​នោះ វា​គឺជា​សញ្ញា​មួយ​ដែល​ត្រូវ​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​ដែរ ។ ការ​ដាច់​រហែក ឬ​ហូរឈាម​ដោយសារ​គីស​ក្នុង​អូវែ (Ovarian Cyst) ក៏​អាច​ជា​បញ្ហា​ធ្វើ​អោយ​ឈឺចាប់​ប្រភេទ​នេះ​ដែរ ។

​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី អ្នក​ស្ត្រី ជេ​ស៊ីកា ហ្សេ​ហ្វឺត (Jessica Shepherd) នៃ​សាកលវិទ្យាល័យ​ឡូ​អ៊ី​ស​វី​ល (Louisville) ដែល​ជា​នាយកដ្ឋាន​នៃ​ជម្ងឺ​រោគ​ស្ត្រី និង​សុខភាព​ស្ត្រី​និយាយថា “​ជាធម្មតា យើង​នឹង​ព្យាបាល​អ្នកជំងឺ​ទាំងនោះ​ជាមួយ​ថ្នាំ​បំបាត់​ការឈឺចាប់​មួយចំនួន ហើយ​ជា​ធម្មតា​វា​ក៏​ធូរស្រាល​ទៅវិញ​ដោយ​ឯងៗ​ដែរ​”​។
​ប្រសិនបើ​ការឈឺ​ក្នុង​អាង​ត្រគៀក​ដ៏​ខ្លាំងក្លា​មួយ​ចាប់ផ្តើម​កើតមាន​ភ្លាមៗ អាច​បណ្តាលមកពី​ការ​រមួល​នៃ​អូ​វែ ដែល​ជាហេតុ​ធ្វើអោយ​រាំងស្ទះ​ដល់​ការ​ផ្គត់​ផ្គង​ឈាម​របស់​វា ។ ស្ត្រី​មួយ​ចំនួន​ក៏​មាន​អារម្មណ៍​ថា​ចង់​ចង្អោ ឬ​ក្អួត ។

​លើសពីនេះទៅទៀត ការ​ឈឺពោះ និង​ការ​ហូរឈាម​តាម​ទ្វារមាស​ប្រហែល​ជា​សញ្ញា​មួយ​នៃ​ជំងឺ​កូនក្រៅស្បូន (​ការ​កាច់​សម្បុករ​បស់​ពង​កូន​នៅ​ខាងក្រៅ​ស្បូន​) ។ ​ស្ថិតក្នុង​ស្ថានភាព​បែប​នេះ ចូរ​ស្វែងរក​សេវា​សង្គ្រោះបន្ទាន់​ភ្លាម​ប្រសិនបើ​អ្នក​មិន​អាច​ទំនាក់ទំនង​គ្រូពេទ្យ​របស់​អ្នក​បាន ។​​អ្នកស្រី​ពូ​រីគ​និយាយថា សំណាង​ល្អ​ដែរ ភាគច្រើន​នៃ​ការ​មិន​ស្រួល​ក្នុង​អាង​ត្រគៀក​គឺ​មិន​មាន​ទាក់ទង​នឹង​ជំងឺ​មហារីក​អូវែ​ទេ ប៉ុន្តែ​ស្ត្រី​គួរតែ​ដឹង​អំពី​ដំណើរ​ឥតឈប់ឈរ​របស់​ជំងឺ​នេះ (​រោគសញ្ញា​ជា​ចង្កោម​) ។ ប្រសិនបើ​អ្នក​ហើម​ពោះ តឹង​ក្នុង​អាង​ត្រគៀក និង​ឧស្សាហ៍​នោម​រយៈពេល​ពី​សប្តាហ៍​រាល់ថ្ងៃ នោះ​មានន័យ​ថា​វា​ជា​សញ្ញា​សញ្ញា​ដ៏​សំខាន់​មួយ​ដែល​អ្នក​គួរតែ​ទៅពិនិត្យ​រោគសញ្ញា​នៃ​ជំងឺមហារីក​អូវែ​”​។​

២. ការធ្លាក់​ឈាមរដូវ​មិន​ទៀងទាត់​

​ថ្វី​បើ​ថ្នាំ​ពន្យា​កំណើត​អាច​ធ្វើអោយ​មាន​កន្ទួល​អុចៗ​ដែល​មិន​បង្ក​អោយមាន​គ្រោះថ្នាក់​ក៏ពិតមែន តែ​អ្នក​ប្រហែល​ជា​នៅ​តែ​ចង់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​សុំ​វេជ្ជបញ្ជា​។​​អ្នកស្រី​ពូ​រីគ​និយាយថា “​ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​បាន​ប្រើ​ថ្នាំ​ពន្យា​កំណើត​ណាមួយ​ទេ ហើយ​ធ្លាក់​ឈាមរដូវ​មិន​ទៀងទាត់​ទៀត​លើសពីរ​មួយខែ ឬ​ពីរ​ខែ ខ្ញុំ​គិតថា​វា​គួរតែ​ធ្វើការ​ពិនិត្យ ទោះបីជា​មាន​រឿង​អ្វី​ចំឡែក​ក៏ដោយ ក៏​យើង​មិន​អាច​រក​ឃើញ​អ្វី​អាក្រក់​បាន​ដែរ​”​។​

​អ្នកស្រី​និយាយថា ចំពោះ​រដូវ​ដែល​កើតឡើង​យូរ​ជាង​ធម្មតា ការ​ហូរ​ឈាម​ពាក់កណ្តាល​ខែ ការ​មក​រដូវ​ពីរ​ដង​ក្នុង​មួយខែ ការ​ហូរ​ឈាម​ក្រោយ​រួមភេទ និង​រូប​ភាពមិនធម្មតា​ផ្សេងៗ​ទៀត គឺ​សុទ្ធតែ​ជា​សញ្ញា​នៃ​ការធ្លាក់​ឈាមរដូវ​មិន​ទៀងទាត់ ។ ​ការ​ហូរ​ឈាម​មិន​ធម្មតា​ប្រហែល​ជា​បណ្តាលមកពី​មូលហេតុ​ចំរុះ​ជាច្រើន​ប្រភេទ​ដែល​មិន​ចាត់ទុកថា​មិន​គ្រោះថ្នាក់​ទេ ក្នុង​ចំនោម​មូលហេតុ​អស់​ទាំងនោះ​ក៏​រាប់បញ្ចូល​ទាំង​ការ​ជិត​ឈប់​មក​រដូវ ដុំ​ក្នុង​ស្បូន ឬ​ប៉ូ​លី​ព (Polyps)​។​

​អ្នកស្រី​ពូ​រីគ​និយាយថា បញ្ហា​ទៅ​លើ​ក្រពេញ​ទី​រ៉ូ​អ៊ីត អាច​ធ្វើអោយ​ប៉ះពាល់​ទៅដល់​វដ្ត​រដូវ​របស់​មនុស្ស​ស្រី​បាន​ដែរ ។ ​ចំពោះ​ស្ត្រី​បំបៅ​ដោះ​កូន និង​ស្ត្រី​ក្រោយពេល​រ៉ាំ​ង​រដូវ ការ​ស្ងួត​ទ្វារមាស​ផ្សំគ្នា​នឹង​ការ​កកិត អាច​ធ្វើអោយ​កើត​កន្ទួល​អុចៗ​ក្រោយ​ពី​រួម​ភេទ​បាន​។​ប៉ុន្តែ​ប្រសិនបើ​អ្នក​ហូរ​ឈាម​គ្រប់​ពេល​រួមភេទ​ហើយ​រហូត អ្នកស្រី​ពូ​រីគ​និយាយថា “​នោះ​គឺជា​សញ្ញា​គួរ​អោយ​មាន​ការព្រួយបារម្ភ​មួយ ដោយសារ​តែ​មាត់ស្បូន​មាត់​កំពុងតែ​ងាយ​នឹង​រលាក ហើយ​ភាគច្រើន​តែងតែ​កើត​មាន​ប្រសិនបើ​មាន​ជំងឺ​ឆ្លង​ទៅ​លើ​មាត់ស្បូន​នោះ​។ ជា​ធម្មតា​វា​មិន​កើត​ទៅ​លើ​មាត់ស្បូន​ដែល​មាន​សុខភាព​ល្អ​នោះទេ​”​។ ជំងឺឆ្លង​តាមរយៈ​ការ​រួមភេទ​ដូចជា ជំងឺ​ប្រមេះទឹកបាយ ឬ​ជម្ងឺ​ក្លា​មី​ដៀ (Chlamydia) អាច​ធ្វើអោយ​មាន​ដំបៅ​លើ​មាត់ស្បូន​និង​ដែល​អាច​បង្ក​អោយមាន​ហូរ​ឈាម​ក្នុងពេល​រួមភេទ​ដែរ ។

​ប្រសិនបើ​អ្នក​ជា​ស្ត្រី​រ៉ាំ​ង​រដូវ​ហើយ ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​ជាពិសេស​ទៅលើ​ការ​ហូរ​ឈាម​តាម​ទ្វារមាស ព្រោះ​វា​គឺជា​សញ្ញា​ដ៏​សំខាន់​មួយ​របស់​ជំងឺមហារីក​ស្បូន​។ អ្នកស្រី​ពូ​រីគ​និយាយថា “​អ្នក​គួរតែរ​កវា​អោយ​ឃើញ​ភ្លាមៗ​។ ជំងឺមហារីក​ស្បូន បើ​យើង​ប្រៀបធៀប​ទៅនឹង​ជំងឺមហារីក​អូវែ គឺជា អាច​ព្យាបាល​បាន​យ៉ាង​អស្ចារ្យ​។ វា​គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​អាចព្យ​បាលជា ព្រោះ​ជា​ទូទៅ​វា​ត្រូវ​បាន​រកឃើញ​ទាន់ពេលវេលា និង​មាន​រោគសញ្ញា​ធ្វើអោយ​យើង​ដឹង​ភ្លាមៗ នោះ​គឺ​ការ​ធ្លាក់ឈាម​ក្រោយពេល​រ៉ាំ​ង​រដូវ ។
​អ្នកស្រី​ហ្សេ​ហ្វឺត​និយាយថា ក្រៅ​ពី​ការ​ធ្លាក់ឈាម​ក្រោយពេល​រ៉ាំ​ង​រដូវ ការធ្លាក់​ឈាម​ពីទ្វា​រមាសដែល​បណ្តាលមកពី​បញ្ហា​ផ្សេងៗ​ទៀត​មុន​ពេល​ពេញវ័យ ឬ​ក្នុង​ពេល​មាន​ផ្ទៃពោះ គួរតែ​ធ្វើការ​ពិនិត្យ​ផងដែរ ។
៣.​ហូរ​ទឹករំអិល​មិនធម្មតា​ពី​ទ្វារមាស​

​ចំពោះ​ការហូរ​ទឹករំអិល​ពី​ទ្វារមាស អ្នកស្រី​ពូ​រីគ​និយាយថា “​ភាព​មិន​ធម្មតា​គឺ​ជា​អ្វី​ដែល​ស្ត្រី​សម្រេច​ថា​វា​គឺជា​រឿង​មិន​ធម្មតា​។ ស្ត្រី​ដឹងថា​រាងកាយ​របស់​ពួកគេ​ល្អ​សមសួន​ល្អ​ណាស់​”​។
​រោគសញ្ញា​មិនធម្មតា​រួមមាន ក្លិនស្អុយ​ខ្លាំង​(​កើតឡើង​ដោយសារ​ភាព​មិន​ធម្មតា​នៃ​ការហូរ​ទឹករំអិល​ច្រើនពេក​) ជាប់​ទាក់ទង​គ្នា​នឹង​ការ​រមាស ក្រហាយ ឬ​រលាក​(​ពណ៌​មិនធម្មតា ឬ​អាចជា​ឈាម​ហូរ​ចេញមក​)​។

​ភាគច្រើន​នៃ​មូលហេតុ​ធ្វើ​អោយ​ហូរ​ទឹករំអិល​មិន​ធម្មតា​មក​គឺ​បញ្ហា​តិចតួច​ទេ អ្នកស្រី​ពូ​រីគ​និយាយថា “​គ្រប់​ប្រភេទ​នៃ​ការឆ្លង​រោគ​សុទ្ធតែ​អាច​បង្ក​អោយ​មាន​ការហូ​រ​ទឹករំអិល​បាន​ទាំងអស់​”​។ អ្នកស្រី​បាន​បន្ថែមទៀតថា មូលហេតុ​ចំបង់ៗ​រួមមាន ជំងឺ​បង្កឡើង​ដោយ​រោគ​ផ្សិត បាក់តេរី​វ៉ា​ជី​ណូ​ហ្សី​ស (Vaginosis) ឬ​ទ្រីកូម៉ូណាស់ (Trichomonas)​។ មូលហេតុ​អស់ទាំង​នេះ​គឺ​យើង​អាច​ព្យាបាល​បាន​យ៉ាង​ងាយស្រួល ។

​ដោយសារតែ​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​ក៏​អាច​ធ្វើអោយ​ហូរ​ទឹករំអិល​ខុសពី​ធម្មតា​ដែរ​នោះ ចូរ​ទៅពិនិត្យ​ជំងឺ​ជា​មួយ​គ្រូពេទ្យ​ដើម្បី​ទាត់ចោល​នូវ​បញ្ហា​ដែល​ស្រដៀង​គ្នា​។ ​ជាមួយគ្នានេះដែរ ចូរ​ប្រាកដថា ត្រូវតែ​ប្រាប់​គ្រូពេទ្យ​អំពី​ការ​មាន​បញ្ហា​អ្វីមួយ​ដែល​កើតឡើង​ជាប់​រហូត ការ​ធ្លាក់ស រោគសញ្ញា​គំរូ​ណាមួយ​របស់​ជំងឺមហារីក​ដៃ​ស្បូន (​កម្រ​)​។​

៤.​ការ​រមាស់​

​មនុស្ស​ស្រី​ប្រហែលជា​មាន​ការ​រមាស់​តែ​គ្មាន​ហូរ​ទឹក​រំអិល បញ្ហា​មួយ​នេះ​អ្នកស្រី​ពូ​រីគ​ច្រើន​ជួប​ជា​ញឹកញាប់​នៅពេល​អ្នកជំងឺ​ប្រើ​ទឹកអប់ ឬ​ទឹក​អនាម័យ​សម្រាប់​លាង​ស​ម្អាត់ ជាពិសេស​ទឹកអប់​ដែល​មាន​ជាតិ​ចាហួយ​រំអិល​។ អ្នកស្រី​និយាយថា “​រាល់​ទឹកអប់ និង​ទឹក​ថ្នាំ​ផ្សេង​ទាំងអស់​សុទ្ធសឹងតែ​ជា​ហានិភ័យ​ទាំងអស់​។ ជា​ពិសេស​ប្រសិនបើ​អ្នក​មាន​បញ្ហា​អាឡែកហ្ស៊ី​លើ​ស្បែក នោះ​វា​ក៏​នឹង​បង្ក​អោយ​មាន​ការ​រមាស់ និង​រលាក​កាន់តែច្រើន​ដែរ​”​។

​ថ្វី​បើ​ការ​រមាស់​លើ​ប្រដាប់ភេទ​មិន​ទំនង​ជា​បញ្ហា​ធ្ងន់ធ្ងរ​ក៏​ពិតមែន តែ​វា​នៅ​តែ​ប្រការ​មួយ​សម្រាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​មាន​អ្វី​ធ្វើ​អោយ​រំខាន ។ ចំពោះ​ការដោះស្រាយ​បញ្ហា​នេះ​គឺ​ធម្មតាៗ​ទេ ។
​ទោះជា​យ៉ាងណា​ក៏ដោយ អ្នកស្រី​ពូ​រីគ​និយាយថា “​ប្រសិនបើ​វា​ធ្វើអោយ​រមាស់ និង​មាន​អ្វី​ប្រែប្រួល​លើ​ស្បែក នោះ​គឺជា​សញ្ញា​គួរ​អោយ​ភ័យព្រួយ​ហើយ​”​។

​ឧទាហរណ៍ បញ្ហា​ស្បែក​មួយ​ប្រភេទ​ដែល​មានឈ្មោះ​ថា ឡាយ​កែន ស្លឺ​រ៉ូ​សឺ​ស (Lichen Sclersus) អាច​ធ្វើអោយ​រមាស់ និង​កើត​ជា​កន្ទួល​អុចៗ តូចៗ សៗ​លើ​បបេរ ។ អ្នកស្រី​ពូ​រីក​និយាយថា ជំងឺ​ស្បែក ឡាយ​កែន ស្លឺ​រ៉ូ​សឺ​ស គជា​បញ្ហា​មិន​សូវ​ជួបប្រទះ​ទេ ដែល​វា​អាច​កើត​ទៅ​លើ​ស្រី​ចំណាស់ៗ ។

​អ្នកស្រី​បាន​បន្ថែមទៀតថា “​វា​គឺជា​ជំងឺ​ដែល​ត្រូវការ​ការព្យាបាល​ដោយ​ថ្នាំពេទ្យ​”​។ បើ​មិន​បាន​ព្យាបាល​ទេ កន្ទួល​អុចៗ​នោះ​អាច​ទៅ​ជា​សន្លាក់ និង​បង្ក​អោយមាន​បញ្ហា​ច្រើន​ក្នុង​ពេល​នោម ឬ​រួម​ភេទ​។ វា​ក៏​មាន​ឱកាស​តិចតួច​មួយ​ដែលថា ជំងឺមហារីក​ស្បែក​ប្រហែល​ជា​កើតឡើង​ដោយសារ​កន្ទួល​អុចៗ​ទាំងនេះ ។​​មួយវិញទៀត​ពី​ជំងឺ​ឡាយ​កែ​ន ស្លឺ​រ៉ូ​សូស​គឺ​មានដំបៅរ​មាស់​ជា​ច្រើន​នៅលើ​បបេរ ឬ​ទ្វារមាស ហើយ​ប្រហែលជា​ត្រូវធ្វើ​អាណា​ប៉ាត់ (Biopsy) ដើម្បី​ទាត់ចោល​ជំងឺមហារីក​។

៥. ទ្វារមាស​ស្ងួត​

​ការ​ស្ងួត​ទ្វារមាស​នៅលើ​ស្ត្រី​បំបៅ​ដោះកូន ឬ​ស្ត្រី​រ៉ាំ​ង​រដូវ​រួច​អាច​ធ្វើអោយ​មាន​កន្ទួល​អុចៗ​បន្ទាប់​ពី​រួមភេទ​រួច ។ នៅ​ពេល​មួយ​ដែល​ស្ត្រី​បំបៅ​ដោះ​កូន​ផ្ទុះ​បែក​អូវុល​ម្តងទៀត ភាព​ស្ងួត​នោះ​នឹង​ត្រូវ​បាត់​ទៅ​វិញ ។ ​ប៉ុន្តែ​អ្នកស្រី​ហ្សេ​ហ្វឺត​និយាយថា “​ទ្វារមាស​រួម​ស្វិត​គឺ​ពិតជា​រឿង​ដ៏​សំខាន់ ជាពិសេស​ចំពោះ​ស្ត្រី​រ៉ាំ​ង​រដូវ​ហើយ​”​។  ដោយសារ​តែ​ស្ត្រី​ចំនាស់​មិនសូវមាន​អ័រម៉ូន​អេ​ស្ត្រូ​ជេ​ន (Estrogen) ម្លេះ​ហើយ​ជាលិកា​រ​ទ្វារមាស​របស់​ពួកគេ​អាច​ស្តើង ឬ​ស្វិត និង​ទៅ​ជា​ស្ងួត និង​ងាយ​នឹងរ​លា​កបាន ។​​មិនមែន​មាន​តែ​ស្ត្រី​ដែល​មាន​ទ្វារមាស​ស្ងួត​ទេ​ដែល​រួម​ភេទ​ទៅ​ឈឺ​នោះ ប៉ុន្តែ​ភាព​ស្តើង​នៃ​ទ្វារមាស​ក៏​ធ្វើអោយ​ស្ត្រី​នោះ​ងាយ​នឹង​ឆ្លង​ជំងឺ​ដែរ ។

​អ្នកស្រី​ហ្សេ​ហ្វឺត​និយាយថា  ស្ត្រី​មិនគួរណា​មាន​ការអៀនខ្មាស​ក្នុងការ​បញ្ជាក់​អំពី​ការ​ស្ងួត​របស់​ទ្វារមាស​ខ្លួន​ទៅ​គ្រូពេទ្យ​នោះទេ​។ ពួកគេ​ប្រហែលជា​អាច​បំបាត់​រោគសញ្ញា​នៃ​ការ​ស្ងួត​ទ្វារមាស​នេះ​បាន​តាមរយៈ​ប្រើ​ក្រែម​មាន​ជាតិ​អេ​ស្ត្រូ​ជេន​សម្រាប់​លាប់ កង​ដាក់​ក្នុង​ស្បូន ឬ​ថ្នាំ​គ្រាប់​សម្រាប់​លេប​។

៦. មាន​ដុំ​អ្វីមួយ​ដុះ​

​ស្ត្រី​មួយ​ចំនួន​ដែល​កើតមាន​គីស​សេ​បូម (Sebaceous Cyst) និង​ទង​ស្បែក​ក្នុង​តំបន់​គ្រលាន ឬ​ស្ត្រី​ផ្ទៃពោះ​ប្រហែលជា​មាន​ការរីក​សរសៃ​ឈាម​វ៉ែន អាច​មាន​អារម្មណ៍​ថា​មាន​ដុំ​អ្វីមួយ​នៅលើ​បបេរ​ទ្វារមាស​នៅពេល​ឈរ ។ អ្នកស្រី​ពូ​រីគ​និយាយថា “​រាល់​ដុំ​ទាំងអស់​ខាងលើ​នេះ​សុទ្ធតែ​ជា​ដុំ​ស្លួត មិនមែន​មហារីក​ទេ​”​។ ​ប៉ុន្តែ​ដុំ​ខ្លះ​អាច​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដែរ ដូច្នេះ​ដើម្បី​មានការ​ប្រុងប្រយ័ត្ន​អ្នក​ត្រូវតែ​ទៅ​អោយ​គ្រូពេទ្យ​ពិនិត្យ​។​

​អ្នកស្រី​ពូ​រីគ​និយាយថា ដុំ​នៅ​ខាង​ក្នុង​តំបន់​ប្រដាប់​ភេទ​ប្រហែលជា​ចង្អុលបង្ហាញ​ពី​ជំងឺ​រើម ឬ​មហារីក ។ រោគសញ្ញា​នៃ​ជំងឺមហារីក​ទៅលើ​បបរ​ទ្វា​មាស​រួមមាន ដុះ​ដុំ​មិន​ធម្មតា រាងរ​បស់​ដុំ​នោះ​ដូ​ចឬស ក្រហម សម្ប៉ែត​ដែល​មិនអាច​ជា​វិញ​នោះទេ ។ ពេលខ្លះ ដុំ​ដែល​សម្ប៉ែត​មាន​ដុះ​ជា​ស្រការ​ឬ​ប្តូរ​ពណ៌ ។

​ជាមួយគ្នានេះដែរ  អ្នកស្រី​ពូ​រីគ​និយាយថា ជំងឺមហារីក​ស្បែក​មេ​ឡា​ណូ​ម៉ា (Melanoma) អាច​កើត​នៅលើ​បបេរ​ទ្វារមា​សដែរ​។ រោគសញ្ញា​របស់​មហារីក​ប្រភេទ​នេះ​មាន ដុះ​ប្រជ្រុយ​ពណ៌​ខៀវចាស់ ឬ​ត្នោត​នៅក្នុង​ប្រដាប់ភេទ​ដូច​ជា​ទ្វារ​ចេញ​របស់​ទ្វារមាស ។ អ្នកស្រី​បន្ថែមថា “​អ្នកជំងឺ​ទាំងអស់​ច្រើន​តែ​មាន​ការ​ភ្ញាក់ផ្អើក​ដោយសារ​ជំងឺ​នេះ ។ ពួក​គេ​គិត​ថា​ប្រសិនបើ​គ្មាន​ការ​ប៉ះ​ពន្លឺព្រះអាទិត្យ​ទេ អ្នក​ក៏​មិនអាច​កើត​មាន​ជំងឺមហារីក​ស្បែក​ម៉េ​ឡា​ណូ​ម៉ា​បានដែរ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង