តើចង្កេះរបស់អ្នក តែងតែឈឺគ្រប់ពេលមែនដែរទេ ? តើអ្នកយល់ថា វាពិតជាពិបាកសម្រាប់អ្នក ក្នុងការអង្គុយក្នុងមួយកន្លែង ក្នុងរយៈពេលយូរដែរឬទេ? តើអ្នកមានអារម្មណ៍ថា ឈឺចាប់ខ្លាំង នៅត្រង់ចង្កេះទេ?

ដូចនេះ អ្នកនឹងឆ្លងកាត់នូវ ភាពឈឺចាប់ត្រង់ចង្កេះ ដែលពេលខ្លះ វាធ្វើអោយអ្នក ស្ទើរតែមិនអាចទ្រាំបាន ។ ចំណុចខាងក្រោមនេះ គឺជាមូលហេតុទូទៅ ដែលតែងតែអាច ធ្វើអោយស្ត្រីឈឺចង្កេះ បាន ៖
១. បញ្ហាចុករោយ
មូលហេតុជាទូទៅបំផុត ដែលធ្វើអោយស្ត្រីឈឺចង្កេះនោះគឺ បញ្ហានៃការចុករោយ។ មិនថា ប្រភេទ សកម្មភាពដែលត្រូវទាញសន្ធឹង ឬ សម្ពាធណាមួយ ដែលមាននៅលើ សាច់ដុំ, សសៃពួរ និង សសៃចំណង ដែលស្ថិតនៅខាងក្រោយ ខួរឆ្នឹងខ្នង អាចទទួលរងនូវឥទ្ធិពលមិនល្អ ចំពោះសុខុមាលភាព របស់ចង្កេះអ្នក។
២. ការរងរបួស
ការរងរបួស ចំពោះឆ្អឹង ដោយសារតែគ្រោះថ្នាក់, ការវះកាត់ ឬ ការប៉ះទង្គិច គឺក៏អាចប៉ះពាល់ដល់ស្ថានភាពចង្កេះរបស់អ្នក បានផងដែរ។ កត្តាធម្មតាមួយចំនួនដូចជា ការលើករបស់អ្វីមួយធ្ងន់ ក្នុងស្ថានភាពមិនត្រឹមត្រូវ គឺអាច បណ្តាលអោយមានការរងរបួស ឬ ក៏ការបុកទង្គិចនឹងរបស់រឹងអ្វីមួយ នោះវាក៏អាចនឹង ធ្វើអោយចង្កេះអ្នក ឈឺចាប់បានផងដែរ។
៣. ស្ថានភាពផ្នែកវេជ្ជសាស្ត្រ
ស្ថានភាពផ្នែកវេជ្ជសាស្ត្រមួយចំនួន មានដូចជាៈជំងឺរលាកសន្លាក់ និង ជំងឺឈឺគន្លាក់ឆ្អឹង គឺអាចធ្វើអោយអ្នក ឈឺចង្កេះបាន។
៤. ដុំសាច់
ដុំសាច់ដែលមានដុះឡើង នៅជិត តំបន់ឆ្អឹងអាងត្រគាក ឬ នៅក្នុងឆ្អឹង នៃខួរឆ្អឹងខ្នងគឺ អាចធ្វើអោយ អ្នកឈឺចាប់ចង្កេះបាន។ ដុំសាច់ប្រភេទមហារីក ក៏អាចរួមចំណែកនៅក្នុងការឈឺចាប់ចង្កេះនេះបានផង ដែរ ។
៥. បញ្ហារបស់អូវែ
ដុំសាច់ដែលដុះនៅលើអូវែ គឺជាបញ្ហា ចំពោះសុខភាព និង សុខុមាលភាពជាទូទៅរបស់អ្នក ក៏អាច ធ្វើអោយអ្នក ឈឺចាប់ចង្កេះជាខ្លាំងបានផងដែរ។ នាពេលខ្លះ ដុំសាច់ដែលដុះនៅលើអូវែនេះ គឺមិនត្រូវ បានគេដឹងនោះទេ ដោយសារតែមានមនុស្សស្រីមួយចំនួន មិនបានយល់ពីទំនាក់ទំនង រវាង ការឈឺចាប់ ចង្កេះ និង ការទៅអោយគ្រូពេទ្យជំនាញខាងផ្នែករោគស្ត្រីធ្វើការពិនិត្យ។
៦. ការបង្ករោគ
ការបង្ករោគនៅក្នុងបំពង់បង្ហូរនោម, ប្លោកនោម, ជំងឺរលាកខ្នែងពោះវៀន និង បញ្ហានៃការរលាកផ្សេងៗ ទៀត ក៏អាចបណ្តាលអោយអ្នក ឈឺចាប់ចង្កេះបានផងដែរ។ ប្រសិនបើអ្នក ធ្លាប់បានប្រឈមនឹង ការបង្ក រោគណាមួយ និង មានការឈឺចាប់ជាខ្លាំង នោះអ្នកត្រូវតែប្រញាប់ទៅធ្វើការ ពិគ្រោះនឹងគ្រូពេទ្យ អោយបានឆាប់ៗ តាមដែលអាចធ្វើបាន។
៧. ការមានផ្ទៃពោះ
ការមានផ្ទៃពោះ គឺជាមូលហេតុចំបងមួយ ដែលអាចធ្វើអោយស្ត្រីឈឺចង្កេះបាន។ ដោយសារតែ គភ៌ ចេះតែមានការរីកធំធាត់ នៅខាងក្នុងស្បូនរបស់ម្តាយ,ស្ត្រីមានការកើនទម្ងន់ ហើយនាងក៏ត្រូវ អត់ធន់ នឹង ការទាញសន្ធឹងនៃស្បូនទៅមុខ ដោយការត្រូវទម្រេតខ្លួនទៅក្រោយ។ ជាលទ្ធផល វានឹងមានការ ចុករោយជាខ្លាំង កើតមាននៅលើចង្កេះ ដែលនឹងបង្កអោយមានការឈឺចាប់។
៨. បញ្ហាតម្រងនោម
ជំងឺគ្រួស ក្នុងតម្រងនោម, ការបង្ករោគ នៅក្នុងតម្រងនោម និង បញ្ហាដែលទាក់ទងផ្សេងៗទៀត គឺក៏ អាចបណ្តាលអោយមានការ ឈឺចាប់ចង្កេះនេះដែរ។ ក្រៅពីនេះការហូរឈាម នៅក្នុងតម្រងនោម ក៏អាច ជាមូលហេតុមួយ នៅខាងក្រោយបញ្ហានៃការឈឺចង្កេះនេះបានផងដែរ។
៩. ស្ថានភាពរាងកាយ
ការដាក់ស្ថានភាព និង ការធ្វើចលនារាងកាយ មិនបានត្រឹមត្រូវល្អ ក៏អាចបណ្តាលអោយមាន ការចុករោយទៅលើសាច់ដុំ នៃខួរឆ្នឹងខ្នង និង សន្លាក់។ បញ្ហានេះ នឹងរួមចំណែកធ្វើអោយ ចង្កេះអ្នកឈឺ ចាប់បានដែរ ។
១០.ស្ត្រេស
ស្ត្រេស, ជំងឺធ្លាក់ទឹកចិត្ត និង ការថប់បារម្ភ ក៏អាចរួមចំណែក ធ្វើអោយចង្កេះអ្នកឈឺចាប់បានដែរ។ បញ្ហាផ្នែកផ្លូវចិត្តទាំងនេះ នឹងអាចដោះស្រាយបានដោយ ការជួបពិគ្រោះនឹង អ្នកប្រឹក្សាយោបល់ ។
បញ្ហាចុករោយចង្កេះ គឺហាក់ដូចជា រោគសញ្ញាសាមញ្ញធម្មតា មួយ ប៉ុន្តែវាអាចនឹងមានសភាព ឈឺ ចាប់ជាខ្លាំង ក្នុងរយៈពេលជាច្រើនថ្ងៃ ហើយវាក៏អាចនឹងបង្កអោយមានបញ្ហាសុខភាពចំបងៗ ផ្សេងទៀត បានផងដែរ ។វាក៏អាច ជះឥទ្ធិពល ទៅលើទម្លាប់នៃការរស់នៅប្រចាំថ្ងៃ និង សុខុមាលភាពជាទូទៅ របស់អ្នកបានដែរ។ ដូច្នេះ វាពិតជាចាំបាច់ ក្នុងការយកចិត្តទុកដាក់ ចំពោះបញ្ហានៃការឈឺចាប់ចង្កេះ អោយបានឆាប់ នៅពេលដែលអ្នកសម្គាល់បានវា ៕