ការស្ទះពោះវៀនអាចកើតដោយសារការស្ទះបែបមេកានិច ដូចជាមានខ្លន ឬដុំសាច់ដុះក្នុងពោះវៀនដែលវាទៅស្ទះដល់ពោះ។ ឬអាចបណ្តាលកពីពោះវៀនមិនអាចបំពេញមុខងារបានយ៉ាងល្អ ដែលគេអោយឈ្មោះវាថា Paralytic Ileus (ការស្ទះពោះវៀនក្លែងក្លាយ)។

ការស្ទះពោះវៀនតូចបែបមេកានិច
មូលហេតុដែលកើតមានជាញឹកញាប់បំផុតនៃការស្ទះបែបនេះមាន៖
- ស្អិតពោះវៀន
- មានខ្លនលយចូលពោះវៀន
- ដុំសាច់ក្នុងពោះវៀន
- ជំងឺរលាកពោះវៀនដូចជាជំងឺ Crohn
- ពោះវៀនរមួល
- ពោះវៀនស្រុញចូលគ្នា
ការស្ទះពោះវៀនធំបែបមេកានិច
ការស្ទះពោះវៀនក្នុងតំបន់នេះមិនសូវមានច្រើនដូចពោះវៀនតូចទេ ហើយមូលហេតុរបស់វាមាន៖
- មហារីកពោះវៀនធំ
- ជំងឺ Diverticulitis
- ពោះវៀនធំរមួល
- ស្ទះដុំលាមក
- ពោះវៀនរួមតូចដោយសារតែការរលាក និងសន្លាក់
ការស្ទះពោះវៀនបែប Paralytic Ileus
ការស្ទះពោះវៀនប្រភេទនេះធ្វើអោយមានរោគសញ្ញាដូចគ្នានឹងការស្ទះពោះវៀនផ្សេងៗទៀតដែរ ប៉ុន្តែវាមិនមានសម្តែងនូវការស្ទះអ្វីមួយជាក់ស្តែងឡើយ មានន័យថា ពោះវៀនមិនអាចបំពេញមុខងារបានល្អទេដោយសារតែមានបញ្ហាទៅលើសាច់ដុំ ឬសរសៃប្រសាទ។ ការធ្វើចលនាពោះវៀនត្រូវបានកាត់បន្ថយ ឬលែងមានតែម្តង ដែលជាហេតុផលមួយពិបាកដល់អាហារ និងទឹកហូរចូលទៅក្នុងប្រព័ន្ធរំលាយអាហារ។
ការស្ទះបែប Paralytic Ileus អាចប៉ះពាល់ដល់គ្រប់កន្លែងទាំងអស់នៃពោះវៀន ដោយមូលហេតុរបស់វាមានដូចជា៖
- ការវះកាត់ពោះ
- វះកាត់ក្នុងអាងត្រគៀក
- មានឆ្លងរោគ
- កំពុងប្រើថ្នាំ
- សាច់ដុំ និងសរសៃប្រសាទមិនធម្មតាដូចជាជំងឺ Parkinson ជាដើម
កត្តាប្រឈមមុខ
ជំងឺដែលអាចធ្វើអោយប្រឈមនឹងការស្ទះពោះវៀនកាន់តែខ្លាំងនោះមាន៖
- វះកាត់ពោះ ឬអាងត្រគៀក ព្រោះអាចនឹងបណ្តាលអោយស្អិតពោះវៀន
- ជំងឺរលាកពោះវៀន Crohn
- ជំងឺមហារីកក្នុងពោះដែលត្រូវវះកាត់ចោល ៕