អាហារពេលព្រឹក ត្រូវបានមនុស្សភាគច្រើនមើលរំលង ដោយសារតែកត្តាពេលវេលាមមាញឹក និង ចង់សម្រកទម្ងន់។ អ្នកខ្លះទៅធ្វើការដោយពោះទទេ ហើយចាំទទួលទានអាហារថ្ងៃត្រង់សរុបតែម្តង។ តែការធ្វើបែបនេះ គឺមិនល្អសម្រាប់សុខភាពឡើយ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់នូវមូលហេតុ៣យ៉ាង ដែលអ្នកមិនគួរបង្អត់អាហារពេលព្រឹក។

១. ងាយកើតជំងឺទឹកនោមផ្អែម

អ្នកដែលមិនទទួលទានអាហារពេលព្រឹកប្រឈមមុខខ្ពស់នឹងជំងឺទឹកនោមផ្អែមប្រភេទទី២ ជាងអ្នកដែលញ៉ាំអាហារពេលព្រឹករាល់ថ្ងៃ។ ការទទួលទានអាហារពេលព្រឹកអាចជួយធ្វើឱ្យ ដំណើរការនៃការដុតរំលាយអាហារក្នុងរាងកាយកាន់តែមានលក្ខណៈប្រសើរឡើង ព្រមទាំងជួយបំលែងជាតិស្ករទៅជាថាមពល។ ប្រសិនបើអ្នករំលងអាហារពេលព្រឹកនោះការដុតរំលាយអាហារក្នុងរាងកាយនឹងយឺតជាងធម្មតា ហើយការបំលែងជាតិស្ករទៅជាថាមពលក៏ជួបប្រទះបញ្ហាដូចគ្នា។

២. ងាយឈឺក្បាលប្រកាំង

ការមិនទទួលទានអាហារពេលព្រឹក អាចបណ្ដាលឱ្យជាតិស្ករក្នុងរាងកាយធ្លាក់ចុះទាប។ ជាលទ្ធផលនៃការលេចឡើងនូវ អាការៈមួយចំនួនដូចជាឈឺក្បាលប្រកាំង ខ្សោយកម្លាំង ខ្សោយចង់សន្លប់ សម្ពាធឈាមឡើងខ្ពស់ និងឈឺក្បាល។ អ្នកងាយនឹងជួបប្រទះបញ្ហាជាតិស្ករក្នុងឈាមធ្លាក់ចុះទាបណាស់ នៅពេលមិនញ៉ាំអាហារពេលព្រឹក។

៣. ងាយឱ្យកើនទម្ងន់

ហេតុអ្វីបានជាត្រូវឡើងទម្ងន់ទៅវិញ? នេះមកពី អ្នកអាចនឹងទទួលទានអាហារពេលថ្ងៃ ឬល្ងាចច្រើនជាងធម្មតា ប្រសិនបើមិនបានទទួលទានអ្វីសោះតាំងពីព្រឹក។ ម្យ៉ាងវិញទៀតការមិនញ៉ាំអាហារពេលព្រឹក អាចពន្យឺតដំណើរការនៃការដុតរំលាយអាហារក្នុងរាងកាយ។ ប្រសិនបើអ្នកមិនទទួលទានអាហារពេលព្រឹកទេ នោះអ្នកប្រហែលជានឹងមិនរក្សាបាននូវជាតិប្រូតេអ៊ីនគ្រប់គ្រាន់ក្នុងរាងកាយឡើយ។ ប្រូតេអ៊ីន គឺដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទទួលនិងរក្សាបាននូវទម្ងន់ស្តង់ដាមួយដែលមិនលើសនិងមិនខ្វះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង