ជំងឺឬសដូងបាត គឺជាការរីកសរសៃឈាមនៅរន្ធគូថ ដែលធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រណុកក្នុងខ្លួននៅពេលបត់ជើង ហើយអាចឈានដល់ការជុះឈាមថែមទៀតផង។ វាអាចកើតឡើងដោយសារតែកត្តាជាច្រើន ដែលកត្តាមួយចំនួន គឺធ្វើឱ្យអ្នកនឹកស្មានមិនដល់។ តើវាមានអ្វីខ្លះ?
១. ធាត់ជ្រុល
ការធាត់លើសទម្ងន់ ផ្សារភ្ជាប់នឹងហានិភ័យនៃបញ្ហាសុខភាពជាច្រើន ចាប់ពីការឈឺខ្នង ជំងឺទឹកនោមផ្អែមដល់ជំងឺបេះដូង ហើយអាចធ្វើឱ្យបាត់បង់ជីវិតបានថែមទៀតផង។ ជាមួយគ្នានេះដែរ ភាពធាត់ជ្រុល ឬលើសទម្ងន់នេះក៏បង្កើនហានិភ័យនៃជំងឺឬសដូងបាតផងដែរ។ នេះក៏ព្រោះតែ វាបង្កើនសម្ពាធបន្ថែមលើសសៃឈាមនៃចុងពោះវៀនធំ។ តាមរយៈការធ្វើលំហាត់ប្រាណទៀងទាត់ និងជ្រើសរើសរបបអាហារសុខភាពល្អ អ្នកអាចសម្រកទម្ងន់ដែលលើស ហើយចៀសផុតពីហានិភ័យនៃជំងឺឬសដូងបាត ព្រមទាំងបញ្ហាសុខភាពផ្សេងៗទៀត។
២. ការទល់លាមក
ការទល់លាមកញឹកញាប់ បង្កើនហានិភ័យនៃជំងឺឬសដូងបាតគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណា អ្នកអាចកាត់បន្ថយហានិភ័យនៃជំងឺឬសដូងបាតដោយទប់ស្កាត់អាការៈទល់លាមកបាន។ អ្នកអាចទទួលទានអាហារសម្បូរជាតិសសៃ និងទទួលទានទឹកឱ្យច្រើនគ្រប់គ្រាន់ក្នុងមួយថ្ងៃៗ ហើយព្រមទាំងកុំភ្លេចធ្វើលំហាត់ប្រាណផង។
៣. ទម្លាប់អង្គុយច្រើន
អ្នកជំនាញនិយាយថា ការអង្គុយយូរៗពេកជាប្រចាំ ពិសេសលើផ្ទៃរឹង ដែលមិនមែនជាពូកទន់ៗ អាចបង្កើនហានិភ័យនៃជំងឺឬសដូងបាតគួរឱ្យបារម្ភ។ ទោះបីជាការងាររបស់អ្នកតម្រូវឱ្យអ្នកអង្គុយយូរៗក៏ដោយ ក៏អ្នកចាំបាច់ក្រោកឈរខ្លះ ដើម្បីអាចចៀសផុតពីហានិភ័យនៃជំងឺឬសដូងបាត។ អ្នកអាចដើរទៅយកឯកសារ ឬ ទៅបន្ទប់ទឹកយ៉ាងហោចណាស់រាល់មួយម៉ោងម្តង៕