Join with Health.com.kh on Telegram

ថ្វីបើការជក់បារីមានការធ្លាក់ចុះនូវប្រជាប្រិយភាពក៏ដោយ តែយើងក៏ឃើញថាមានអ្នកនៅជក់មួយចំនួនផងដែរ ដែលផ្តាច់មិនបាន ហើយក៏គ្មានគម្រោងនឹងផ្តាច់។ នរណាក៏ដឹងដែរថា វាមិនល្អសម្រាប់សុខភាពនោះទេ តែគេនៅតែប្រព្រឹត្ត។ ថ្ងៃនេះ អ្នកនឹងបានដឹងពីផលប៉ះពាល់របស់បារីមកលើសុខភាព ក្រៅពីប៉ះពាល់ដល់សួតរបស់អ្នក។ អ្នកប្រហែលជាអាចនឹងផ្តាច់បារី ក្រោយពីបានដឹងរឿងទាំងនេះ!

១. ឈឺសន្លាក់

បារីមានផ្ទុកសម្បូរទៅដោយសារធាតុពុលច្រើនប្រភេទ ដែលអាចបង្កគ្រោះថ្នាក់ដល់កោសិកាគ្រាប់ឈាមនិងបំផ្លាញសសៃឈាម។ ជាលទ្ធផលសន្លាក់នឹងមិនអាចទទួលបានការផ្គត់ផ្គង់អុកស៊ីសែននិងសារធាតុចិញ្ចឹមដែលដឹកនាំដោយឈាមគ្រប់គ្រាន់ ដែលធ្វើឱ្យមានការឈឺចាប់ និង ចុករោយនៅតាមសន្លាក់។

២. ប៉ះពាល់សុខភាពបេះដូង​

ទាំងការជក់បារីនិងការហិតផ្សែងបារី សុទ្ធតែជាកត្តាគ្រោះថ្នាក់ដែលអាចបង្កបញ្ហាសុខភាពជាច្រើនចំពោះសួតនិងបេះដូង។ ជាការប្រសើរចូរបញ្ឈប់ការជក់បារី និងការពារខ្លួនពីការហិតផ្សែងបារីអ្នកដទៃ។ គេសង្កេតឃើញថា​ បារីបង្កទៅជាការរលាកសរសៃឈាម និង ងាយមានបញ្ហាដុំឈាមកកស្ទះសរសៃឈាម ដែលនេះគឺមានការប៉ះពាល់ខ្លាំងដល់សុខភាពបេះដូង និង ឈានដល់ការបាត់បង់ជីវិត។

៣. ខ្សោយថ្លើម

ការជក់បារីជាប្រចាំអាចបណ្ដាលឱ្យមានផលប៉ះពាល់ចំពោះសុខភាពថ្លើម ក៏ដូចជាសមត្ថភាពក្នុងការបំពេញមុខងាររបស់វា។ ការជក់បារីផលិតនូវសារធាតុគីមីគ្រោះថ្នាក់ ដែលបំផ្លាញកោសិកាថ្លើម និងពន្យឺតដំណើរការនៃមុខងាររបស់ថ្លើម ដែលធ្វើឱ្យថ្លើមប្រែជាគ្មានប្រយោជន៍ ហើយបណ្ដាលឱ្យខ្សោយថ្លើម។ ដូច្នេះចូរព្យាយាមបញ្ឈប់ ឬកែប្រែទម្លាប់នៃការជក់បារីរបស់អ្នក ដើម្បីរក្សាបាននូវសុខភាពល្អ៕