Join with Health.com.kh on Telegram

ផ្លែក្រូច​គឺជា​ផ្លែឈើ​ដ៏​ល្អឥតខ្ចោះ​មួយ​ប្រភេទ ព្រោះ​វា​មិន​ត្រឹមតែ​មាន​វីតាមីន C និង​ជាតិ​សរសៃ​ខ្ពស់​ទេ តែ​វា​ក៏​សម្បូរ​ជាតិ​ស្ករ​ពី​ធម្មជាតិ​ដើម្បី​ជួយ​អោយ​ឆាប់​មាន​កម្លាំង​ដែរ​។ ហើយ​ដោយសារ​តែ​វា​កើតឡើង​មាន​សម្បក​ការពារ​ពី​កំណើត ដូច្នេះ​អ្នក​អាច​ញ៉ាំ​វា​បាន​គ្រប់ពេល និង​គ្រប់​ទីកន្លែង​។

ក្រូច​គឺជា​ផ្លែ​ឈើ​ដែល​ផ្តល់​ជា​ប្រយោជន៍​ដល់​សុខភាព​ច្រើនជាងគេ ជាក់ស្តែង​ដូចជា​សារធាតុ Limonin, Limonenen, Limonin Glucoside និង Hesperidin សម្រាប់​ទប់ស្កាត់​ជំងឺមហារីក​។  ជាមួយគ្នានេះដែរ វា​ផ្ទុក​ទៅ​ដោយ​សារធាតុ​ជាច្រើន​ផ្សេង​ទៀត​ដែល​អាច​បញ្ឈប់​ជំងឺ​បេះដូង​បាន​។
 
​ជំនួយ​ដល់​សុខភាព​បេះដូង​
​ការសិក្សា​បាន​បង្ហាញ​អោយដឹងថា វីតាមីន និង សារធាតុ​ផ្សេងៗ​ទៀត​ក្នុង​ផ្លែក្រូច​គឺជា​អង់​ទី​អុក​ស៊ីដង់ដ៏​មាន​ប្រសិទ្ធភាព និង​ភ្ញាក់ផ្អើល​យ៉ាងច្រើន​។ ពួក​វា​ទាំងនោះ​អាច​ទប់ស្កាត់​រ៉ាឌីកាល់​សេរី មុន​ពេល​វា​ផ្តល់​គ្រោះថ្នាក់​ដល់​កោសិកា​បាន​។ រឿង​នេះ​មាន​សារៈសំខាន់​ដោយសារតែ​រ៉ាឌីកាល់​សេរី​អាចធ្វើអោយ ឈាមកក​ក្នុង​សរសៃឈាម​អាកទែ ដែល​ជា​ហេតុ​នាំអោយ​កើត​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។
 
​វីតាមីន C ត្រូវបាន​គេ​ទទួលស្គាល់​ជា​យូរ​មក​ហើយ​ថា ជា​អង់​ទី​អុក​ស៊ីដង់ដ៏​ពូកែ​មួយ​ប្រភេទ​។ ដោយសារ​ធា​ត​ផ្លែក្រូច​មាន​អ្វី​ផ្សេង​ច្រើន​ទៀត ដូច្នេះហើយ​ទើប​ធ្វើអោយ​វា​មាន​ថាមពល​កាន់តែខ្លាំង​ចំពោះ​សុខភាព​មនុស្ស​។
 
​វេជ្ជបណ្ឌិត រ៉ូ​ណាន អេ​ល ព្រី​អ័រ (Dr. Ronanld L. Prior) អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​សម្រាប់​មជ្ឈមណ្ឌល​អាហារ​រូបត្ថ​ម្ភ​កូនក្មេង Arkasnase ក្នុង​ទីក្រុង Little Rock និង​ជា​អ្នកវិទ្យាសាស្ត្រ ព្រមទាំង​អ្នក​ប្រឹក្សា​ម្នាក់​របស់ USDA ដែរនោះ បា​និយាយថា “​យើង​បាន​វាស់​កម្រិត​អង់​ទី​អុក​ស៊ីដង់​ទាំងអស់​របស់​ផ្លែក្រូច ព្រមទាំង​រកឃើញថា វីតាមីន C មាន​ប្រហែលជា ១៥​ទៅ ២០​ភាគរយ​ទេ​នៃ​ចំនួន​អង់​ទី​អុកស៊ី​ដង់​ទាំងអស់​។ ចំណែកឯ​សារធាតុ​ផ្សេងៗ​ទៀត​ក្នុង​ផ្លែក្រូច​ប្រែ​ក្លាយទៅជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំង​បំផុត​ទៅ​វិញ រហូត​ដល់​ខ្លាំង​ជា​វីតាមីន C បី​ទៅ​ប្រាំមួយ​ដង​ឯណោះ​”​។
 
​ការសិក្សា​មួយ អ្នកស្រាវជ្រាវ​បាន​សត្វ​កណ្តុរ​ស៊ី​សម្បក និង​ផ្នែក​ស្ពោតៗ​របស់​ផ្លែក្រូច​។ សំបក និង​ផ្នែក​ស្ពោតៗ​ទាំងនោះ​ពោរពេញ​ទៅ​ដោយ​សារធាតុ Hesperidin សម្រាប់​ជួយ​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល High-density Lipoprotein (HDL)  និង​បញ្ចុះ​កម្រិត​កូ​ឡេ​ស្ទើ​រ៉ុល Low-density Lipoprotein (LDL) របស់​សត្វ​នេះ​បាន​។ បើសិនជា​សារធាតុ Hesperidin បំពេញ​មុខងារ​តាមរបៀប​ដូចគ្នា​ក្នុង​ខ្លួន​មនុស្ស​ដែរនោះ ផ្លែក្រូច​ពិតជា​អាច​ប្រើ​ដើម្បី​បញ្ចុះ​ចំនួន​កូ​ឡេ​ស្ទើ​រ៉ុល​ដែល​វា​ជា​កត្តា​ដ៏​សំខាន់​ធ្វើអោយ​កើត​ជំងឺ​បេះដូង​បាន​ហើយ​។
 
Hesperidin ប្រហែលជា​មាន​ប្រយោជន៍​របស់​វា​ផ្សេង​ពី​នេះ​ទៀត​។ ឧទាហរណ៍ តាម​ការសិក្សា​លើ​មន្ទីរពិសោធន៍ អ្នកស្រាវជ្រាវ​មកពី​ប្រទេសប្រេ​ហ្ស៊ី​បាន​រកឃើញថា Hesperidin ជួយ​បញ្ឈប់​ការ​រលាក​បាន​។ ហើយ​ចាប់តាំងពី​វា​មិន​ទៅ​បំផ្លាញ​ភ្នាស​កម្រាល​របស់​ក្រពះ​ដូច​ថ្នាំ​អាស្ពីរីន​មក ពេល​ខ្លះ​វា​ក៏​អាច​ប្រើ​ដើម្បី​បន្ថយ​អាការៈ​ហើម​ចំពោះ​អាឡែ​ហ្ស៊ី​នឹង​ថ្នាំប្រឆាំង​ការរ​លាកដូ​ច​ជា​ថ្នាំ Ibuprofen បានដែរ​។
 
​ការសិក្សា​ស្វែងយល់​ដ៏​ធំ​មួយ​ទៅ​លើ​មនុស្ស​ជាង ១០០០០០​នាក់ ធ្វើអោយ​អ្នក​ស្រាវជ្រាវ​រកឃើញ​ថា ការបន្ថែម​ផ្លែឈើ និង​បន្លែ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថា ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ប្រភេទ Ischemic រហូតដល់ ៦​ភាគរយ​។ តាម​ការសិក្សា ផ្លែ​ក្រូច និង​ផ្លែឈើ​រស់ជាតិ​ជូរៗ​ផ្សេងៗ​ទៀត​គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​ផ្តល់នូវ​ការការពារ​យ៉ាង​ល្អ​បំផុត​។
 
​គ្រប់គ្រង​ជំងឺមហារីក​
​វេជ្ជបណ្ឌិត បៀ​ល វ៉ា​យ​មឺ (Dr. Bill Wildmer, PhD) អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​ម្នាក់​នៅ​ឯ​នាយកដ្ឋាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ ផ្លែឈើ​ជូរៗ ក្នុង​ទីក្រុង Lake Alfred និយាយថា ការសិក្សា​ក្នុង​មន្ទីរពិសោធន៍​បាន​បង្ហាញអោយឃើញថា សារធាតុ Limonene ក្នុង​ផ្លែក្រូច​អាច​ជួយ​ទប់ស្កាត់​ជំងឺមហារីក​សួត និង​សុដន់​បាន​។
 
​ការសិក្សា​មួយ​នៅ​ឯ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សាកលវិទ្យាល័យ Duke ក្នុង​ទីក្រុង Durham ប្រទេស North Carolina បាន​ធ្វើ​ទៅ​លើ​សត្វ​ក្នុង​មន្ទីរពិសោធន៍​។ សត្វ​ទាំងនោះ​តម្រូវ​អោយ​ស៊ី​អាហារ​ជា Limonene ១០​ភាគរយ ជា​លទ្ធផល​ឃើញថា ពួក​វា​អាច​កាត់បន្ថយ​ជំងឺ​ដុំ​សាច់​មហារីក​រហូត​ដល៉ ៧០​ភាគរយ​។ ក្នុងចំណោម​ដុំ​សាច់​មហារីក​ដែល​នៅសល់ ២០​ភាគរយ​គឺ​រួម​តូច​ជាង​ទំហំ​ដើម​របស់​វា​។
 
​ការសិក្សា​មួយ​ផ្សេងទៀត ដែល​មាន​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Cornell ក្នុង​តំបន់ Ithaca ទីក្រុង​ញ៉ូយ​ក បានធ្វើការ​លើ​សត្វ​ពិសោធន៍​ដែលមាន​ជំងឺមហារីក​ថ្លើម​ដំណាក់កាល​ដំបូង​។ សត្វ​ទាំងនោះ​តម្រូវ​អោយ​ផឹក​ទឹកក្រូច​ដោយ​ដក​វីតាមីន C ចេញ​។ ជា​លទ្ធផល​បង្ហាញ​អោយឃើញ​ថា បរិមាណ​នៃ​ការកើត​ដុំ​មហារីក និង​ទំហំ​ដុំ​មហារីក​ដែល​មាន​ត្រៀម​កើត​នោះ​ត្រូវបាន​ធ្លាក់ចុះ​រហូតដល់ ៤០​ភាគរយ​។
 
​វេជ្ជបណ្ឌិត រ៉ូបឺត អេស ផាក​ឃឺ (Dr. Robert S. Parker, PhD) សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​អាហារ​រូបត្ថ​ម្ភ និង​ចំណីអាហារ នៅឯ Cornell បាន​បន្ថែមថា “​កណ្តុរ​កំពុងតែ​ផឹក​ទឹកក្រូច​ចំនួន​បួន​លីត្រ​ក្នុង​មួយ​ថ្ងៃ​រយៈពេល ៤​ខែ​ស្មើរ​នឹង​មនុស្ស​យើង​ដែរ​។ ចំនួន​នេះ​ដូចជា​មិន​ត្រឹមត្រូវ​ចំពោះ​មនុស្ស​សោះ ប៉ុន្តែ​ចាប់តាំងពី​យើង​អោយ​សត្វ​ផឹក​ទឹកក្រូច​ដែលមាន​សារធាតុ​ជាក់លាក់ ឥទ្ធិពល​ការពារ​ពិតប្រាកដ​របស់​ទឹកក្រូច​នោះ​ប្រហែលជា​មាន​លក្ខណៈ​ធំធេង​ជាង​អ្វីដែល​គេ​និយាយ​ទៅទៀត​។ មនុស្ស​ប្រហែល​ជា​អាច​ទទួលបាន​ឥទ្ធិពល​ការពារ​ក្នុង​កម្រិត​ទាប​ជាង ជាពិសេស​បើសិនជា​ពួកគេ​ញ៉ាំ​ទឹកក្រូច​នោះ​ជា​ទៀងទាត់​រយៈពេល​យូរ​”​។
 
​ការស្រាវជ្រាវ​ចំពោះ Limonene បាន​ជាប់ជំពាក់​ថា អ្នក​ស្រាវជ្រាវ​ក្នុង​ប្រទេស​អង់គ្លេស​កំពុងតែ​ធ្វើ​តេស្ត​លើ​ឥទ្ធិពល​របស់​វា​លើ​មហារីក​សុដន់​។ វេជ្ជបណ្ឌិត ម៉ៃ​ខ​ល ហ្គោដ (Dr. Michael Gould, PhD) សាស្ត្រ​ចារ្យ​ជំងឺមហារីក និង​រូបវិទ្យា​វេជ្ជសាស្ត្រ​នៅឯ​សាកលវិទ្យាល័យ​នៃ​សាលា​វេជ្ជសាស្ត្រ Wisconsin ក្នុង​ទីក្រុង Madison និយាយថា “​របៀប​ដែល សារធាតុ Limonene ដើរតួ​ចំពោះ​កោសិការ ឬ​ដំបៅ​មហារីក គឺ​ពិតជា​មា​ការចាប់អារម្មណ៍ និង​ប្លែក​ខ្លាំងណាស់​”​។ អ្វី​ដែល​សំខាន់​គឺថា សារធាតុ​នេះ​ធ្វើអោយ​កោសិកា​មហារីក​ងាប់​ដោយ​ខ្លួនឯង​។ មានន័យ​ថា​វា​បង្ខំ​អោយ​កោសិការ​មហារីក​នោះ​ទៅ​សម្លាប់ខ្លួន​តែ​ម្តង​។
 
​វីតាមីន C
​ផ្លែក្រូច​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា​សម្បូរ​វីតាមីន C ព្រោះក្រូច​មួយ​ផ្លែ​មាន​វីតាមីន​រហូតដល់ ៧០​មី​លី​ក្រាម ឬ​ស្មើនឹង ១១៧​ភាគរយ​នៃ​តម្លៃ​ទទួលទាន​រាល់ថ្ងៃ​។ វីតាមីន C មិនមែន​មាន​សារៈសំខាន់​សម្រាប់​គ្រប់គ្រង​រ៉ាឌីកាល​សេរី​តែមួយ​មុខ​នោះទេ ប៉ុន្តែ​វា​ក៏​ជួយ​បង្កើន​ការ​ជា​របួស និង​ប្រព័ន្ធ​ភាពស៊ាំ​ផងដែរ​។ ថាមពល​នៃ​ការបង្កើន​ប្រព័ន្ធ​ភាពស៊ាំ​របស់​វីតាមីន C កំពុងតែ​ផ្តល់​កេរ្តិ៍ឈ្មោះ​ដល់​វា​ក្នុង​ការប្រឆាំង​នឹង​រោគ​សញ្ញា​ជំងឺ​ផ្តាសាយ​។
 
​វីតាមីន​ស៊ី​ក៏​ជួយ​រាងកាយ​បឺត​ស្រូប​ជាតិ​ដែក​ពី​ចំណីអាហា​រដែរ ជាពិសេស​វា​មាន​សារៈសំខាន់​ចំពោះ​ស្ត្រី​ដែល​បាត់បង់​ជាតិ​ដែក​បន្តិចបន្តួច​ជា​រៀងរាល់ខែ​ក្នុង​ពេល​មក​រដូវ​។
 
​ការសិក្សា​ដ៏​ធំ​មួយ វេជ្ជបណ្ឌិត ហ្លេ​ឌី​ស ប្លក់ (Dr. Gladys Block, PhD) សាស្ត្រាចារ្យ​ខាង​ជំងឺ​រាតត្បាត និង​អាហារ​រូបត្ថ​ម្ភ​សុខភាព​សាធារណៈ នៅឯ​សាកលវិទ្យាល័យ​កាលីហ្វ័​រញ៉ា ទីក្រុង Berkeley  បាន​លើក​ឡើង​វិញ​នូវ​ការសិក្សា​តូចៗ​ចំនួន ៤៦​ករណី​ទៅឡើ​ឥទ្ធិពល​របស់​វីតាមីន C​។ ភាគច្រើន​ការសិក្សា​ទាំងនោះ​បាន​រកឃើញថា អ្នក​ដែល​ទទួលបាន​វីតាមីន C ច្រើន​បំផុត មានការ​ប្រឈម​នឹង​ជំងឺ​មហារីក​តិច​បំផុត​។
 
​ការសិក្សា Finnish ក៏​បាន​រក​ឃើញ​ដែរ​ថា វីតាមីន C ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​របស់​មនុស្ស​ជាង ២៥០០០​នាក់ រយៈពេល ១០​ឆ្នាំ ហើយ​ពួក​គេ​រកឃើញ​ថា អ្នក​ដែល​មាន​វីតាមីន C ក្នុង​ឈាម​តិច ទំនង​ជា​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ច្រើន​រហូត​ដល់ ២,៤​ដង​។ ចំពោះ​អ្នក​ធាត់​លើស​ទម្ងន់​ធម្មតា ឬ​អ្នក​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ការ​ញ៉ាំ​វីតាមីន C តិចជាង ៤០​មី​លី​ក្រាម ឬ​ស្មើនឹង​ទឹកក្រូច​ច្របាច់​កន្លះ​កែវ ធ្វើអោយ​ពួកគេ​ទំនង​ជា​កើត​ជំងឺ​ដាច់​សរសៃឈាម​រហូតដល់ ៣​ដង​ឯណោះ​។ ដើម្បី​បង្កើន​ចំនួន​វីតាមីន C ចូរ​ញ៉ាំ​ទឹកក្រូច​ច្របាច់​អោយ​បាន ៨​កែវ​ក្នុង​មួយថ្ងៃ​។
 
​ជាតិ​សរសៃ​
​ផ្លែក្រូច​មួយ​ផ្លែ​មាន​ជាតិ​សរសៃ ៣​ក្រាម ឬ​ស្មើនឹង ១២​ភាគរយ​នៃ​តម្លៃ​ទទួលទាន​រាល់ថ្ងៃ​។ ដោយសារ​តែ​ជាតិ​សរសៃ​មិន​រលាយ​ជួយ​ធ្វើអោយ​លាមក​ទន់ វា​ក៏​អាច​ជួយ​បន្ថយ​បញ្ហា​ក្នុង​ពោះវៀន​បាន​ដែរ ដូច​ជា​ជំងឺ​ទល់​លាមក​, ឬ​ស​ដូង​បាត និង​ជំងឺ Diverticulosis​។ តាមរយៈ​ការ​បង្កើនល្បឿន​នៃ​ការរំលាយ​អាហារ វា​ក៏​អាច​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ពោះវៀនធំ​បានដែរ​តាមរយៈ​ការបញ្ចេញចោល​លាមក និង​សារធាតុ​គ្រោះថ្នាក់​ជា​ច្រើន​ពី​ពោះវៀនធំ​កាន់តែ​លឿន​។ ជាតិ​សរសៃ​មិន​រលាយ​ក៏​ជួយ​ធ្វើអោយ​យើង​បទ​ជើង​ធំ​បាន​ទៀងទាត់​, បង្ការ​បាន​ទាំង​រាគ និង​ទល់លាមក​។
 
​ផ្លែក្រូច​ក៏​ផ្ទុក​ទៅដោយ​ជាតិ​សរសៃ​រលាយ​ផងដែរ ហើយ​ជាតិ​សរសៃ​ប្រភេទ​នេះ​មាន​សារធាតុ Pectin សម្រាប់​បំបែក​ខ្លួន​ទៅ​ជា​របាំង​ការពារ​មាន​សភាព​ដូចជា​ជែល​នៅក្នុង​ពោះវៀនតូច​។ ការសិក្សា​បាន​បង្ហាញថា វា​អាច​ជួយ​បញ្ចុះ​កូ​ឡេ​ស្ទើ​រ៉ុល ព្រមទាំង​គ្រប់គ្រង​ការប្រែប្រួល​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​វា​មាន​សារៈសំខាន់​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​។
 
​បើសិន​ជា​អ្នក​ត្រូវ​ញ៉ាំ​ផ្លែក្រូច​ច្រើនជាង ៧​ផ្លែ នោះ​អ្នក​អាច​បន្ថយ​កូ​ឡេ​ស្ទើ​រ៉ុល​សរុប​ប្រហែល ២០​ភាគរយ​។ ពិតណាស់ វា​មិន​ទំនង​ទេ​ថា មនុស្ស​គ្រប់គ្នា​ចូលចិត្ត​ញ៉ាំ​ផ្លែក្រូច​ខ្លាំង​នោះទេ​។ ប៉ុន្តែ​តាមរយៈ​ការ​ញ៉ាំ​ផ្លែឈើ និង​បន្លែ​គ្រប់​ប្រភេទ​ដូចជា​ផ្លែក្រូច​នេះ អ្នក​អាច​ធ្វើ​វា​បាន​ច្រើន​ដើម្បី​អោយ​កូ​ឡេ​ស្តេ​រ៉ុល​ចុះ​ទាប​៕