ការខ្វះការស្វែងយល់អំពីអ្នក គឺជាមូលហេតុដែលបណ្តាលឲ្យមានភាពតានតឹងកើតឡើងជាច្រើនលើកច្រើនសារនៅក្នុងសង្គម។ លោកមេធាវីមួយរូប បានមានប្រសាសន៍ថា “ពាក់កណ្តាលនៃការខ្វែងគំនិតគ្នានិងទំនាស់នានា ដែលកើតមានជារើយៗនោះ មិនមែនបណ្តាលមកពីការមានគំនិតខុសគ្នាឬការអសមត្ថភាពក្នុងការយល់ស្របនោះទេ ប៉ុន្តែវាបណ្តាលមកពីកង្វះការស្វែងយល់អំពីអ្នកដទៃ។

ប្រសិនបើ យើងអាចកាត់បន្ថយការយល់ច្រឡំលើគ្នាទៅវិញទៅមកបាននោះ តុលាការនឹងឈប់កកកុញ អំពើហិង្សានឹងកាត់បន្ថយ អត្រាលែងលះគ្នាក៏ថយចុះ ហើយភាពស្មុគស្មាញដែលមនុស្សភាគច្រើនបានជួបប្រទះការធ្លាក់ចុះច្រើនសន្ធឹកសន្ធាប់ដែរ។
ការស្វែងយល់អំពីអ្នកដទៃមានសារៈប្រយោជន៍យ៉ាងខ្លាំងចំពោះការធ្វើ ទំនាក់ទំនង។ ចុះហេតុអ្វីបានជាមនុស្សគ្រប់គ្នាមិនខិតខំស្វែងយល់ពីអ្នក ដទៃអីចឹង? រឿងនេះ បណ្តាលមកពីមូលហេតុជាច្រើនដូចខាងក្រោម៖
ភាពភ័យខ្លាច
នៅពេលដែលអ្នកមិនយល់ចិត្តអ្នកដទៃទេនោះអ្នកនឹងមានអារម្មណ៍ភ័យ ខ្លាចក្នុងការធ្វើទំនាក់ទំនងជាមួយគ្នាហើយនៅពេលដែលវាកើតឡើងហើយ នោះ វាបានក្លាយជារនាំងក្នុងការរៀនស្វែងយល់អំពីអ្នកដទៃ ហើយការកើតឡើងដដែលៗ នឹងក្លាយជាទម្លាប់អាក្រក់ជាពុំខាន។
សំណាងអាក្រក់អី នៅកន្លែងធ្វើការ ជាទូទៅ បុគ្គលិកក្រុមហ៊ុន មានប្រតិកម្មភ័យខ្លាចចំពោះថ្នាក់ដឹកនាំរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងបរិស្ថានការងារល្អ ប្រសិនបើ អ្នកអាចធ្វើឲ្យអ្នកដទៃឈប់ភ័យខ្លាច ហើយជំនួសមកវិញដោយការយល់ចិត្តគ្នា នោះអ្នកគ្រប់គ្នានឹងធ្វើការជាមួយគ្នាក្នុងផ្លូវវិជ្ជមានជាពុំ ខាន។ លោកប្រធានាធិបតី ហារី ធ្រូមែន បាននិយាយថា “នៅពេលដែលយើងយល់ចិត្តអ្នកដទៃនិងអ្វីដែលគេកំពុងតែធ្វើហើយ នោះ យើងដឹងថា មាន៩ដងក្នុងចំណោម១០ដងហើយ ដែលគេព្យាយាមធ្វើត្រូវ”។
គំនិតអាត្មានិយម
នៅពេលដែលការភ័យខ្លាចមិនមែនជាឧបសគ្គទេនោះ គំនិតអាត្មានិយម
ជាញឹកញាប់បណ្តាលឲ្យមានការខ្វែងគំនិតគ្នា។ មនុស្សគ្រប់គ្នា មិនមានបំណងធ្វើខ្លួនឲ្យអាត្មានិយមដោយខ្លួនឯងនោះទេ តែធម្មជាតិមនុស្សទេ ដែលបណ្តាលឲ្យមនុស្សគិតតែអំពីខ្លូនឯងមុនដំបូងគេ។ ប្រសិនបើ មិនជឿ ចូរសាកល្បងលេងជាមួយក្មេងអាយុពីរឆ្នាំមើល៍ នោះអ្នកនឹងដឹងថា ក្នុងការជ្រើសយកសំភារៈលេង វានឹងជ្រើសយកតែរបស់ណាដែលល្អបំផុតសម្រាប់ខ្លួន ហើយទាមទារតាមតែខ្លូនវាចង់បាន។
វិធីមួយក្នុងការយកជ័យជំនះលើគំនិតអាត្មានិយម គឺការព្យាយាមក្រឡេកមើលរឿងរ៉ាវដែលជួបប្រទះតាមផ្នត់គំនិតរបស់ អ្នកដទៃ។ បុគ្គលិកផ្នែកលក់មួយក្រុម បានចែករំលែកបទពិសោធន៍របស់ពួកគេដោយលើកឡើងថា “នៅពេលដែលខ្ញុំលេងអុកចាញ់គេ ខ្ញុំតែងតែក្រោកឈរ រួចឈរនៅពីក្រោយគូប្រកួតរបស់ខ្ញុំ ហើយពេលនោះ ខ្ញុំឃើញថា ដំណើរអុករបស់ខ្ញុំ ពិតជាធ្វើដោយភាពល្ងីល្ងើណាស់ នៅពេលដែលខ្ញុំចាប់ផ្តើមក្រឡេកមើលវាតាមផ្នត់គំនិតរបស់គូប្រកួត ខ្ញុំ។ បុគ្គលិកលក់ ក៏ជួបបញ្ហាស្រដៀងគ្នាដែរ។ រឿងដែលពិបាកបំផុតរបស់បុគ្គលិកលក់ នោះគឺការយល់ពីគំនិតរបស់អ្នកទិញ”។
ខាងក្រោមគឺជាឃ្លាខ្លីៗ ដែលទាក់ទងនឹងទំនាក់ទំនងរបស់មនុស្ស៖
ពាក្យដែលមាន សារៈសំខាន់តិចជាងគេ៖ ខ្ញុំ
ពាក្យដែលសំខាន់បំផុត៖ យើង
ពាក្យពីរព្យាង្គ ដែលសំខាន់បំផុត៖ អរគុណ
ពាក្យបីព្យាង្គដែលសំខាន់បំផុត៖ អាធ្យាស្រ័យ
ពាក្យបួនព្យាង្គដែលសំខាន់បំផុត៖ អ្នកគិតដូចម្តេច?
ពាក្យ៥ព្យាង្គដែលសំខាន់បំផុត៖ ធ្វើការបានល្អណាស់
ពាក្យ៦ព្យាង្គដែលសំខាន់បំផុត៖ ខ្ញុំចង់ស្វែងយល់ពីអ្នក៕