នៅ​ពេល​អ្នក​មាន​គ​ភ៌ ត្រីមាស​ទាំង​៣​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​របស់​អ្នក​។ ត្រីមាស​ទាំងនោះ មិនមែន​មាន​រយៈ​​ពេល​កំនត់​៣​ខែ​ដូចៗ​គ្នា​នោះ​ទេ ពួក​វា​មាន​រយៈពេល​កំនត់​ផ្សេងៗ​គ្នា និង កំនត់​ទៅតាម​ការរីក​លូតលាស់ និង​ការរីកធំធាត់​របស់​ទារក​អ្នក​។ ត្រីមាស​ទី​១ គឺ​ចាប់ផ្តើម​នៅ​ថ្ងៃ​កំនត់​ដំបូង​នូវការកកើត​នៃគភ៌ ។​

នៅក្នុង​ត្រីមាស​ទី​១ ខ្លួនប្រាណ​របស់​អ្នក នឹង​ធ្វើការ​សម្របសម្រួល​ទៅ​នឹង​ភាព​មាន​គ​ភ៌នេះ​។ ជាដំបូង អ្នកនឹង​មើលទៅ​ឃើញ​គ្មាន​អ្វី​ប្លែក​នោះទេ ហើយ​អ្នក​ក៏​មិន​មាន​អារម្មណ៍​ប្លែក​អ្វី​ផង​ដែរ ប៉ុន្តែ​សកម្មភាព​របស់​អរ​ម៉ូ​ន​អ្នកនឹង​ឆាប់​ចាប់ផ្តើម​មាន​ឥទ្ធិពល ទៅលើ​អ្នក​ក្នុង​វិធី​ផ្សេងៗ​គ្នា​។ អ្នក​ប្រហែលជា​អាច​មាន​ការផ្លាស់ប្តូ​រអា​រ​ម្មណ៍​ជា​ច្រើន​,អ្នក​ក៏​ប្រហែលជា​អាច​ចង់​រួមដំណេក​ច្រើនជាង ឬ តិច​ជាង​មុន ហើយ​អ្នក​ប្រហែល​ជា​រកឃើញ​ថា​ចំណង់​បរិភោគ​​អាហារ​របស់​អ្នក​មាន​ការផ្លាស់ប្តូរ អ្នក​ចាប់ផ្តើម​មាន​អារម្មណ៍​សាមញ្ញ និង មិនសូវ​ចូលចិត្ត​អាហារ​ដូច​ពេល​ធម្មតា​។ 
     
​ការ​កើន​ទំងន់​របស់​អ្នក​

នៅក្នុង​រយៈពេល​៣​ខែ​ដំបូង​នៃ​ការ​មាន​គភ៌​របស់អ្នក អ្នកនឹង​ប្រហែលជា​ឡើង​ទំងន់ ចន្លោះ​ពី ១​ទៅ ២​គីឡូក្រាម​​ប្រសិនបើ​អ្នក មិន​មាន​បញ្ហា​ខ្លាំង​ជាមួយនឹង​អា​ការៈចង់​ក្អួត​។​ទារក​របស់​អ្នក​នឹង​មាន​ទំងន់​ត្រឹមតែ ៤៨​ក្រាម​ប៉ុណ្ណោះ​។ ឯ​ទំងន់​ដែល​នៅសល់ គឺ​ត្រូវបាន​បង្កើតឡើង​ពី​ប្រព័ន្ធ​​ទ្រទ្រង់​របស់​ទារក​អ្នក មានដូចជា សុក និង ទឹក​ភ្លោះ​, ការ​កើន​ទំហំ​របស់​ស្បូន និង​ដើមទ្រូង និង​ចំនួន​ឈាម​បន្ថែម​ទៀត​ដែល​មាន​នៅក្នុង​រាងកាយ​របស់​អ្នក​។   ការ​ស្តុក​ទុក​ជាតិ​ខ្លាញ់​របស់​អ្នក ក៏​នឹង​មាន​ការកើនឡើង​ប្រ​ហាក់​​ប្រហែល​នឹង​ទំងន់​ដែល​ទារក​របស់​អ្នក​ទទួលបាន​នោះ​ដែរ ។​

​ការផ្លាស់ប្តូរ​ផ្នែក​រាងកាយ​

ខ្លួនប្រាណ​នៃ​ការ​មាន​គភ៌​របស់អ្នក ត្រូវ​ធ្វើការ​យ៉ាង​សកម្ម​ដើម្បី​ទទួលយក​ការរីកលូតលាស់​របស់​អំ​ប្រ៊ី​យូ និង​សុក​។ នៅ​ពេល​អ្នក​មាន​គ​ភ៌ កំរិត​មេតាបូលីស​របស់​ខ្លួន​ប្រាណ​របស់​អ្នក កើនឡើង ហើយ​វា​មាន​ចន្លោះ​ពី ១០​ទៅ​២៥​ភាគរយ​ខ្ពស់ជាង​កំរិត​ធម្មតា​។ នេះ​មានន័យ​ថា គ្រប់​ដំណើរការ​របស់​រាងកាយ​អ្នក​ត្រូវបាន​បង្កើន​ឡើង​។ ការ​​ច្របាច់​បញ្ចេញ​ឈាម​របស់​បេះដូង​កើនឡើង​យ៉ាងខ្ពស់ ស្ទើរតែ​ទៅ​ដល់​កំរិត​អតិបរមា​ដែល​វា​នឹង​បន្ត​ឡើង​រហូត​​ដល់​រយៈពេល​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ ។ ចង្វាក់បេះដូង​របស់​អ្នក ក៏​កើនឡើង​ផងដែរ ហើយ​នឹង​បន្ត​ឡើង​របៀប​ នេះ​រហូតដល់​ពាក់កណ្តាល​នៃ​ត្រីមាស​ទី​២​។ ការដកដង្ហើម​របស់​អ្នកនឹង​កាន់តែ​ញាប់ តាម​ដែល​ឥលូវ​នេះ អ្នក​ត្រូវ​​បញ្ជូន​អុកស៊ីសែន​កាន់តែ​ច្រើន​ឡើង​ទៅ​អោយ​ទារក​របស់​អ្នក និង​ដកដង្ហើម​បញ្ចេញ​មកវិញ​នូវ ឧស្ម័ន​កាបូ​និច​។​

 ដោយសារ​តែ​សកម្មភាព​នៃ​ការកើនឡើង​របស់ កំរិត​អរ​ម៉ូ​ន​ប្រូ​ហ្សែ​សស្តេ​រ៉ូន និង អឺស​ស្ត្រូ​សែន នៅក្នុង​រាងកាយ​​របស់​អ្នក ដើមទ្រូង​របស់​អ្នកនឹង​ឡើង​ធំ និង កាន់តែ​ធ្ងន់​យ៉ាង​ឆាប់រហ័ស​។ ពួក​វា​ជា​ធម្មតា​មាន​ភាព​តឹង​ណែន ក្នុង​​ការ​ប៉ះ តាំងពី​ពេល​ដំបូង ។​វា​ក៏​មាន​ការកើនឡើង នូវ​ការ​ស្តុក​ទុក​ជាតិ​ខ្លាញ់​នៅក្នុង​ដើមទ្រូង​របស់​អ្នក និង បំពង់​​ទឹកដោះ​ថ្មី​ចាប់​លូតលាស់​។ Areola នៅ​ជុំវិញ​ក្បាល​សុដន់​ឡើង​ពណ៌​ឌិ​ត និង លូតលាស់​នូវ​បណ្តុំ​កោសិកា​តូចៗ​​ដែល​គេ​ហៅថា Montgomery’s tubercles​។ នៅក្រោម​ស្បែក​របស់​អ្នក បណ្តុំ​នៃ​ខ្សែ​ពណ៌​ខៀវ​ស្រាល នឹង​លេច​ឡើង​តាម​ដែល​ការផ្គត់ផ្គង់​ឈាម​ទៅកាន់​សុដន់​មាន​ការកើនឡើង​។

ស្បូន​របស់​អ្នកនឹង​រីក​ធំ​ជាង​មុន ទោះជា​នៅ​ក្នុង​ពេល​នៃ​ការ​មាន​គក៌​ដំបូង​ក៏ដោយ ប៉ុន្តែ​អ្នក​នឹង​មិន​មាន​អារម្មណ៍​​ដឹង​ពី​វា តាម​ជញ្ជាំង​ពោះ​ទេ រហូត​ដល់​ចុង​នៃ​ត្រីមាស​ទី​១ នៅពេល​ដែល​វា​ចាប់ផ្តើម​ឡើង​លើស​ពី​បន្ទាត់​អាង​ត្រគាក​​។​នៅពេល​ដែល​ស្បូន​នៅ​តែ​នៅ​ទាប នៅក្នុង​ឆ្អឹង​អាង​ត្រគាក វា​នឹង​ចាប់ផ្តើម​សង្កត់​ទៅលើ​ប្លោកនោម​តាម​ដែល​វា​​កាន់តែ​រីក​ធំ​ឡើង ដូច្នេះ​អ្នកនឹង​សំគាល់​ឃើញថា​ខ្លួន​អ្នក ត្រូវការ​បត់ជើងតូច​ញឹកញាប់​ជាង​មុន ។​សសៃសាច់​ដុំ​ស្បូន​របស់​អ្នក ចាប់ផ្តើម​ឡើង​ក្រាស់ រហូត​ដល់​វា​កាន់តែ​រឹង​។ ទោះជា​យ៉ាងណា អ្នក​ប្រហែលជា​នឹង​មិន​ចាប់​អា​រម្ម​​ណ៍​នឹង​ការផ្លាស់ប្តូរ​ទំហំ​ចង្កេះ​របស់​អ្នក រហូត​ដល់​ចុង​ត្រីមាស​ទី​១​នេះ​ទេ ។​

​ការថែរក្សា​ខ្លួន​អ្នក

នៅ​ពេល​អ្នក​មាន​ផ្ទៃពោះ អ្នកនឹង​ត្រូវការ​សារជាតិ​កាបូ​អ៊ី​ដ្រាត​បន្ថែម និង​ជាតិ​ប្រូតេអ៊ីន​ដើម្បី​ផ្គត់ផ្គង់​ដល់ ការរីក​លូត​លាស់​របស់​ទារក និង សុក ក៏ដូចជា​ស្បូន និង​សុដន់​របស់​អ្នក​ផងដែរ ដូច្នេះ​វា​ពិត​ជា​ចាំបាច់​ណាស់ សំរាប់​អ្នក​ក្នុង​បរិភោគ​អាហារ​ដែល​នាំអោយ​មាន​សុខភាព​ល្អ តាំងពី​ពេល​ដំបូង​មក​ម្ល៉េះ​។ អ្នក​ក៏​នឹង​ត្រូវការ​សារធាតុ​រាវ​បន្ថែម​ផង​ដែរ ដូចនេះ​ចូរ​ព្យាយាម​ផឹក​សារធាតុ​រាវ​យ៉ាងតិច ៨​កែវ ក្នុង​មួយ​ថ្ងៃ​។ ចូរ​ជៀសវាង​ការ​ទទួលទាន​ថ្នាំ​, កាហ្វេ​អ៊ី​ន​,​អាហារ​ដែល​នៅសល់​, សុ​រា និង​ការជក់បារី​ក្នុង​កំឡុងពេល​នៃ​ការ​មាន​គក៌​របស់អ្នក​។ ចូរ​ប្រាកដ​ផងដែរ​ថា អ្នកនឹង​​ទទួលទានដំណេក​អោយបាន​ច្រើន​។​

​សំលៀក​បំពាក់ អ្នក​នឹង​មាន​អារម្មណ៍​រីករាយ នឹង​ការ​ស្លៀក​សំលៀកបំពាក់​ដែល​មាន​ផា​សុកភាព​។ ទោះបីជា​អ្នក​​មិនទាន់​ចាំបាច់​ត្រូវ​ការទិញ​សំលៀក​បំពាក់​សំរាប់​ការ​មាន​គក៌​នៅឡើយ វា​ក៏​គ្មាន​អ្វី​អាក្រក់​ជាង​ការ​ស្លៀក​សំលៀក​​បំពាក់​ដែល​តឹង​ណែន និង​មិន​មាន​ផា​សុក​។ ទោះជា​វា​មាន​រយៈពេល​ត្រឹមតែ​២ ឬ​៣​ថ្ងៃ​ក៏​ដោយ ដូច្នេះ​អ្នក​ត្រូវតែ​​ត្រៀម​ខ្លួន​ទុកជាមុន សំរាប់​ការកើនឡើង​នូវ​ទំហំ​របស់​អ្នក​។ អ្នកនឹង​យល់ឃើញថា អ្នកត្រូវការ​ពាក់អាវ​ទ្រនាប់​រាង​​ធំ​ជាង​មុន​តាំងពី​ពេល​ដំបូង ហើយ​វា​កាន់តែ​មាន​ភាពប្រសើរ ប្រសិនបើ​វា​ជា​អាវទ្រនាប់​សំរាប់​ស្ត្រី​មាន​ផ្ទៃពោះ​។​

​ការថែទាំ​មុន​សម្រាល​

 វេជ្ជបណ្ឌិត​របស់​អ្នក អាច​បញ្ជាក់​ថា​អ្នក​មាន​ផ្ទៃពោះ ឬ ក៏​អ្នក​អាច​ធ្វើការ​ណាត់ជួប​ជាមួយ   នឹង​គ្លីនិក​ថែទាំ​មុន​​សម្រាល​អោយបាន​ឆាប់រហ័ស​តាម ដែល​អ្នក​បាន​ដឹង​ពី​លទ្ធផល​វិជ្ជមាន​របស់​អ្នក​។ នៅ​ពេល​អ្នក​ទៅ​កាន់​គ្លីនិក​ជា​លើកដំបូង ឆ្មប​នឹង​សាកសួរ​អ្នក​អំពី ប្រវត្តិ​វេជ្ជសាស្ត្រ​របស់​អ្នក និង ក្រុមគ្រួសារ​អ្នក​។ អ្នក​ក៏​នឹង​ត្រូវ​បាន​ផ្តល់​អោយ​នូវ​ការពិនិត្យ​រូបរាងកាយ​យ៉ាង​ម៉ត់ចត់ រួមមាន​ទាំង​ការពិនិត្យ​ទឹកនោម និង ឈាម​ផង​ដែរ​។​

​ការរៀបចំ​ផែនការ​

 វេជ្ជបណ្ឌិត​របស់​អ្នក នឹង​ពិភាក្សា​ជាមួយ​អ្នក​អំពី ជំរើស​នៃ​ការ​ផ្តល់​កំណើត​ដែល​អ្នក​ចង់​បាន​នៅក្នុង​តំបន់​របស់​​អ្នក តើ​មន្ទីរពេទ្យ​មួយ​ណា​ដែល​អ្នក​អាច​ទៅ​បាន និង​ការរៀបចំ​ដែល​អ្នក​អាច​ធ្វើបាន សំរាប់​ការ​ផ្តល់​កំណើត​នៅផ្ទះ​​។​ឥលូវ​នេះ គឺជា​ពេលវេលា​ដែល​អ្នក​ត្រូវ​ចាប់ផ្តើម​គិត​ពី ប្រភេទ​នៃ​ការ​សម្រាល​ដែល​អ្នក​ចង់​បាន និង​ទីកន្លែង​ណា​​ដែល​អ្នកនឹង​អាច​ទទួលយក​វា​បាន​។ អត្ថបទ​នេះ អាច​ជួយ​អ្នក​អោយ​សំរេច​ចិត្ត ពី​ប្រភេទ​សម្រាល​ដែល​អ្នក​ចង់​បាន​​ហើយ​វា​ក៏​អាច​ផ្តល់​ពត៌មាន​បាន​យ៉ាង​ជ្រាលជ្រៅ អំពី​រាល់​អ្វីៗ​ដែល​អ្នក​ត្រូវ​ធ្វើ​ជាមួយ​នឹង ការ​មាន​គ​ភ៌​, ការ​ប្រសូត​​និង ការថែទាំ​ទារក​។​

 មាន​ស្ត្រី​ខ្លះ​មាន​អារម្មណ៍​ដូចជា​ចង់​ទិញ​កាដូ​តូច​មួយ សំរាប់​ទារក​មិន​ទាន់​កើត​របស់​ពួកគេ ដូច​ជា​កូន​តុ​ក្កតា​ខ្លា​ឃ្មុំ ឆាប់ៗ​តាម​ដែល​ពួកគេ​ដឹងថា គេ​មាន​ផ្ទៃពោះ ។​អ្នក​ប្រហែលជា​ចង់​ចាប់ផ្តើម​សរសេរ​កំនត់ហេតុ​ប្រចាំថ្ងៃ​នៃ សុខភាព​និង​អារម្មណ៍​របស់​អ្នក កំឡុង​ពេល​ត្រីមាស​ទី​១​ដូច្នេះ​អ្នកនឹង​អាច​មាន​កំនត់ត្រា​ពេញលេញ​មួយ សំរាប់​ការ​ពរពោះ​របស់អ្នក​។​

​ការ​មាន​គក៌​របស់អ្នក​

ការរកឃើញ​ថា អ្នក​មាន​ផ្ទៃពោះ​ហើយ ពិត​ជា​ដំណឹង​ដ៏​គួរអោយ​រំភើប ជា​ពិសេស​ប្រសិនបើ​នេះ​ជា​លើកដំបូង​របស់​អ្នក​។​នេះ​ជា​សញ្ញាណ​ដំបូង​នៃ​រូបរាងកាយ​របស់​អ្នក ដែល​អ្នក​គួរតែ​ដឹង​។​
•​    ​ដើមទ្រូង​របស់​អ្នកនឹង រីក​ធំ និង​ធ្ងន់​ជាង​មុន ហើយ​និង ឆាប់​ទទួល​រំញោច​។​
•​    ​អ្នកនឹង​សង្កេតឃើញ​មាន​ឡើង​ពណ៌​ខ្លាំង​នៅ​ក្បាលដោះ​របស់​អ្នក និង​ប្រជុយ និង​អាចម៍រុយ​នឹង​ឡើងកាន់​
​តែ​ធំ​ជាង​មុន​។​
•​    ​អ្នកនឹង​អាចមាន​អារម្មណ៍​អស់កំលាំង​។​
•​    ​អ្នក​ក៏​អាច​មាន​អារម្មណ៍​ចង់​ក្អួត ជាពិសេស​នៅ​ពេល​ព្រឹក​ព្រលឹម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង