Join with Health.com.kh on Telegram

តើ​កូនៗ​ទាំងឡាយ​បាន​ដឹង​ទេ​ថា​មាតា​គ្រប់រូប​លះបង់ និង ខិតខំ​ថែរក្សា​កូនចៅ​ដោយ​យកចិត្តទុកដាក់​ប៉ុណ្ណា​ដែរ​? តើ​អ្នកដឹង​ទេ​ថា ទំ​រាំ​បង្កើត​បាន​រូបអ្នក តើ​ម្តាយ​របស់​អ្នក​បាន​ធ្វើ​អ្វីខ្លះ​? តើ​អ្នក​ជឿ​ទេ​ថា ខាងក្រោម​នេះ គឺ​គ្រាន់តែ​ជា​ការលំបាក​ដ៏​តូច​មួយ ក្នុងចំនោម​ការលំបាក​រាប់ពាន់ ដែល​ម្តាយ​របស់​អ្នក​ខិតខំ​យកឈ្នះ​ដើម្បី​មាន​រូបអ្នក​ដល់​សព្វថ្ងៃ​នេះ​?
ការ​មាន​ផ្ទៃពោះ ៖ ដោះស្រាយ​ជាមួយ​បញ្ហា​ការ​ចាញ់​កូន​

សំរាប់​មាតា​ជាច្រើន​, អំឡុង​ពេល​មាន​ផ្ទៃពោះ អ្វី​ដែល​ពិបាក និង គួរ​អោយ​ធុញទ្រាន់​បំផុត​នោះ​គឺ ការ​ចាញ់កូន (morning sickness) ។ ប្រសិនបើ​អ្នក​ទទួល​រង​ផលវិបាក​មួយចំនួន ដូចជា ការ​ចង្អោរ (nausea), ក្អួត (vomiting), ឬក៏​មាន​ទាំង​ពីរ​យ៉ាង នោះ​អ្នកនឹង​ទាមទារ​ជំនួយ ឬ ការពិនិត្យ​អោយបាន​ជាក់លាក់ ដើម្បី​ជួយ​សំរួល ក៏​ដូច​បន្ធូរបន្ថយ​អាការៈរោគ​ខាងលើនេះ ។ អ្វី​ដែល​អ្នក​គួរ​ធ្វើ និង ល្អ​បំផុត​ដើម្បី​គ្រប់គ្រង​ការ​ចាញ់កូន​នោះ​គឺ ការព្យាបាល​នៅផ្ទះ​ដោយ​ខ្លួនឯង (home treatment) ។ ជាមួយ​នឹង​អនុវត្ត​នូវ​គោលការណ៍ ឬ សេចក្តីណែនាំ​មួយចំនួន​ខាងក្រោម​នេះ​, រូបអ្នក​អាច​នឹង​កាត់បន្ថយ ឬ បំបាត់​ការ​ចង្អោ​រ និង ក្អួត​បាន ។ ការព្យាបាល​នៅតាម​ផ្ទះ​ដោយ​ខ្លួនឯង​ដើម្បី​វាស់វែង ក៏​ដូចជា​គ្រប់គ្រង​ការ​ចាញ់កូន​មានដូចជា ៖

    ផ្លាស់ប្តូរ​របប​អាហារ​, ពេលវេលា និង បរិមាណ​ដែល​អ្នក​ទទួល​ទាន​
    ញ៉ាំ​ខ្ញី​, វីតាមីន B6 ឬ B12 (​អាច​កាត់បន្ថយ​ការ​ចង្អោ​រ ឬ ក្អួត​អំឡុងពេល​មាន​ផ្ទៃពោះ​)
    ចៀសវាង​បរិភោគ​ចំណីអាហារ ឬ របស់​អ្វី​នៅពេល​អ្នកឃើញ ឬ ញ៉ាំ​ហើយ ធ្វើអោយ​អ្នក​ចង់​ក្អួត ឬ ពិបាក​ក្នុង​ខ្លួន​
    ទទួលទាន​ថ្នាំ ដុក​ស៊ី​ឡា​មីន (doxylamine) ជាមួយនឹង​វីតាមីន B6 ដែល​អ្នក​អាច​រក​ទិញ​បាន​ដោយ​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា​ឡើយ ។ ប៉ុន្តែ យក​ល្អ​គួរ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​មុន​នឹង​ប្រើ​ថ្នាំ​ទាំង​នេះ ។​

​ក្នុងករណី​ស្ថានភាព​ចាញ់​កូន​របស់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ឬ មាន​រយៈពេល​យូរថ្ងៃ យូរ​ខែ (​នៅតែ​ចង្អោរ ឬ ក្អួត​មិន​បាត់​), សូម​ប្រញាប់​ទៅ​ជួប​វេជ្ជបណ្ឌិត ឬ ឆ្មប​ដែល​នៅ​ជិត​អ្នក​បំផុត​ជា​បន្ទាន់ ។ ផលវិបាក​ដែល​មិនធម្មតា​នេះ​អាច​ធ្វើអោយ​ស្ត្រី​ជា​ម្តាយ​បាត់បង់​ជាតិ​ទឹក (dehydration) និង កង្វះ​សារជាតិ​ចិញ្ចឹម​រាងកាយ (malnutrition), ដែល​ពេល​ខ្លះ​ទាមទារ​ការប្រើប្រាស់​ថ្នាំ ឬ អាច​នឹង​តំរូវ​អោយ​សំរាក​នៅក្នុង​មន្ទីរពេទ្យ ដើម្បី​តាមដាន​ស្ថានភាព​មាតា​ទៀតផង ។​

 
តើ​ការ​ចាញ់​កូន គឺជា​អ្វី​?

​ការ​ចាញ់កូន (morning sickness) អាច​ចាប់ផ្តើម​ពី​ការ​ចង្អោរ​បន្តិចបន្តួច​, ម្តង​ម្កាល រហូត​ដល់​ខ្លាំងក្លា​, បន្តបន្ទាប់​គ្នា​ជាប់​មិន​ដាច់ បន្ទាប់ពី​នោះ​គឺ​អាច​នឹង​ក្អួត​តែម្តង ។ រោគសញ្ញា​ទាំងនេះ​អាច​នឹង​កាន់តែ​យ៉ាប់​នៅ​ពេល​ព្រឹក​ព្រលឹម (morning), ដូច្នេះហើយ​បានជា​វា​អាច​កើតមាន ក្នុង​ពេល​ណា​នៅ​ថ្ងៃត្រង់ ឬ យប់ ។​

​ទោះបីជា​គេ​មិនទាន់​ដឹង​ច្បាស់លាស់​ទៅ​លើ​មូលហេតុ​របស់​វា​, ប៉ុន្តែ ការ​ចាញ់កូន​នេះ​ត្រូវបាន​ផ្សារភ្ជាប់​ទៅ​នឹង​ការឡើង​ខ្ពស់​នៃ​កំរិត​អឺ​ស្ត្រូ​សែន (increasing estrogen levels) ព្រម​គ្នា​ជាមួយ​នឹង​ការផ្លាស់ប្តូរ​អ័រម៉ូន (hormone changes) ដ៏ទៃទៀត​អំឡុងពេល​ស្ត្រី​ចាប់​ពរ​ពោះ (pregnancy) ភ្លាម ។​

    ជាទូទៅ​, សញ្ញា​ដំបូង​នៃ​ការ​ចាញ់កូន​វិវត្ត​ទៅ​អំឡុងពេល​មួយ​ខែ​បន្ទាប់​ពី​ខែ​ដែល​ស្ត្រី​បាត់​រដូវ (missed menstrual period), នៅពេលដែល​កំរិត​អ័រម៉ូន​កើនឡើង ។​
    ចំពោះ​ស្ត្រី​ដែល​មាន​កូនភ្លោះ​ពីរ ឬ ច្រើន​ជាង​នេះ​ទំនង​ដូចជា​បង្កើន​កំរិត​នៃ​អ័រម៉ូន​រិត​តែ​ខ្ពស់ និង កាន់តែ​ធ្វើអោយ​ស្ត្រី​ជា​ម្តាយ​មាន​អា​ការៈចាញ់កូន​កាន់តែ​ខ្លាំង ឬ ធ្ងន់ធ្ងរ​ជាង​ធម្មតា ។​

​ជា​ការពិត​ណាស់​, គេ​មិន​អាច​ទស្សន៍ទាយ​បាន​ទេ​ថា ស្ត្រី​ជា​ម្តាយ​អាច​នឹង​ឆ្លងកាត់​ពេលវេលា​ដ៏​ពិបាក​នេះ​យូរ​ប៉ុណ្ណា​ទេ​, ទោះបីជា​ស្ត្រី​ម្នាក់​នោះ​ធ្លាប់​កាត់​ការ​ចាញ់កូន​ពីមុនៗ​ក៏ដោយ ។ សំរាប់​ស្ត្រី​មាន​ផ្ទៃពោះ​ភាគច្រើន​, ការ​ចង្អោរ និង ក្អួត​ច្រើន​បាត់​ទៅ​វិញ​ចាប់ពី​សប្តាហ៍​ទី ១២ ទៅ​សប្តាហ៍​ទី ១៤ ។​


​ហេតុអ្វី​ចាំបាច់​មាន​ការព្យាបាល​នៅតាម​ផ្ទះ​ដោយ​ខ្លួនឯង (home treatment) នៅពេល​ចាញ់កូន​?

​ការ​ចាញ់កូន​ចាប់ផ្តើម​អំឡុង​ពេល​ត្រីមាស​ដំបូង​, នៅពេល​ដែល​កូចតូច (fetus)​ក្នុង​ពោះ​ងាយ​នឹង​ទទួលរង​ការ​ខូច​អវយវ​:​។ ដូច្នេះ​, អំឡុង​ពេល​ត្រីមាស​ដំបូង​, ការព្យាបាល​នៅតាម​ផ្ទះ​ដើម្បី​គ្រប់គ្រង ឬ ព្យាបាល​អា​ការៈចង្អោរ និង ក្អួត​អាច​ប្រព្រឹត្តិទៅបាន លុះត្រា​មាន​ការណែនាំ​អោយ​ប្រើប្រាស់​ថ្នាំពេទ្យ​ពី​វេជ្ជបណ្ឌិត​ប៉ុណ្ណោះ ។​

​ក្នុង​ករណី​ធ្ងន់ធ្ងរ (​ចង្អោ​រ ឬ ក្អួត​មិន​បាត់​) ដែល​អាច​ធ្វើ​អោយ​ម្តាយ​ខ្សោះ​ជាតិ​ទឹក និង ស្រក់​ទម្ងន់​, នោះ​វេជ្ជបណ្ឌិត​នឹង​ចេញ​វេជ្ជបញ្ជា​អោយ​ប្រើប្រាស់​ថ្នាំពេទ្យ​ណា​ដែល​អាច​ជួយ​អ្នក​ម្តាយ​ផង និង មិន​មាន​ផលប៉ះពាល់​អាក្រក់​ទៅដល់​គភ៌​របស់​អ្នកផង ។​

 តើ​យើង​អាច​គ្រប់គ្រង​ការ​ចាញ់កូន​នៅផ្ទះ​តាម​វិធី​ណា​?

​ខាងក្រោម​នេះ​ជា​សេចក្តីណែនាំ​ដែល​មាន​សុវត្ថិភាព និង ច្បាស់លាស់​សំរាប់​ព្យាបាល​ការ​ចាញ់​កូន ។ ទោះបីជា​យ៉ាងណា​ក៏ដោយ​, ក៏​មាន​អ្នក​ធូរស្រាល​មែនទែន និង អ្នក​ធូរស្រាល​បន្តិចបន្តួច​ប៉ុណ្ណោះ​នៅ​ពេល​អនុវត្ត​គោលការណ៍​នេះ ។​

ថ្នាំ​ប្រឆាំង​អ៊ី​ស​ស្តា​មីន (antihistamines) មួយចំនួន ដូចជា Doxylamine ឬ Dimenhydrinate ដែល​ស្ថិតក្រោម​ការណែនាំ​របស់​វេជ្ជបណ្ឌិត អាច​ជួយ​អោយ​អ្នក​បាន​ធូរស្រាល​បាន ។ ប្រសិនបើ​ថ្នាំ​ណាមួយ​ខាងលើនេះ​មិនសូវ​មាន​ប្រសិទ្ធភាព​, អ្នក​អាច​ទទួល​ទាន​វា​ជាមួយនឹង​វីតាមីន B6 ។​
 ខ្ញី (ginger), ដាក់​ជាមួយនឹង​ទឹកតែ ឬ ជា​ប្រភេទ​ថ្នាំ​គ្រាប់​, ម្សៅ ឬ សេរ៉ូ​អាច​បន្ធូរបន្ថយ​អា​ការៈចាញ់​កូនបាន ។​
    ទទួលទាន​វិតាមីន B6 និង B12 (​ស្ថិតក្រោម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​) ។​

​ដើម្បី​កាត់បន្ថយ​ឳ​កាស​នៃ​ការ​ចាញ់​កូន (​ចង្អោ​រ និង ក្អួត​) សូម​ស្ត្រី​ជា​មាតា​ទាំងឡាយ​អនុវត្តន៍​តាម​ការណែនាំ​ដូចខាងក្រោម ៖

    កុំ​ទុក​ពោះ​ទទេ តែ​កុំ​ញ៉ាំ​អោយ​ឆ្អែត​ពេក ។ ក្រពះ​ដែល​គ្មាន​ចំណី​អាហារ​អ្វី​ទាល់តែ​សោះ​អាច​ធ្វើអោយ​អា​ការៈនៃការ​ចង្អោរ​រឹតតែ​យ៉ាប់ ។ ទទួលទាន​ចំណីអាហារ​តិចៗ តែ​ច្រើន​ដង ជំនួស​អោយ​អា​ងារ ៣ ពេល​ទូទៅ​ដែល​ធ្លាប់​ទទួលទាន ។​

    ចំពោះ​ការ​ចង្អោរ​នៅ​ពេល​ព្រឹក (morning nausea), ចូរ​ទទួលទាន​របស់ ឬ ចំណី​ញ៉ាំ​កំសាន្ត (​ដូចជា នំ​) មុន​ពេល​ងើប​ពី​គ្រែ​គេង ។ ទុក​ពីរ​បី​នាទី​ដើម្បី​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ បន្ទាប់​មក​ក្រោក​ចេញពី​គ្រែ​សន្សឹមៗ ។​

    ទទួលទាន​ជាតិ​ទឹក​អោយបាន​គ្រប់គ្រាន់ ឬ ច្រើន​ជាង​ធម្មតា ដើម្បី​រក្សា​លំនឹង​តុល្យភាព​ជាតិ​ទឹក​ក្នុង​ខ្លួន អាច​ជា​ទឹក​សុទ្ធ​, ទឹក​ផ្លែឈើ​ស្រស់ និង ភេសជ្ជៈ​ផ្សេងៗ​ទៀត ។​
    បង្កើន​ការ​ទទួលទាន​ជាតិ​ប្រូតេអ៊ីន (protein) និង កាត់បន្ថយ​ការ​ទទួលទាន​ជាតិ​ខ្លាញ់​នៅ​ក្នុង​អាហារ  ។​
    ចៀស​អោយ​ឆ្ងាយ​ពី​ចំណីអាហារ ឬ ក្លិន​ដែល​ធ្វើអោយ​អ្នក​ចង្អោរ ឬ ក្អួត (​ជារឿយៗ​, ទឹកដោះគោ ឬ កាហ្វេ​) ។​
    ចៀសវាង​ទទួលទាន​អាហារ​បំប៉ន​ជាតិ​ដែក (iron supplements), ដែល​ធ្វើអោយ​ការ​ចង្អោរ​រឹតតែ​យ៉ាប់ ។ ស្ត្រី​មាន​ផ្ទៃពោះ​មិនចាំបាច់​ត្រូវការ​ជាតិ​ដែក អំឡុង​ពេល​ត្រីមាស​ដំបូង​នោះ​ទេ ។​
    សំរាក​អោយបាន​ច្រើន ។ ការស្ត្រេស និង ភាព​អស់កំលាំង​ធ្វើអោយ​អ្នក​កាន់តែ​ទ្រុត​ទ្រោម​ថែម​មួយ​កំរិត​ទៀត ។​

·         រក​ទីកន្លែង​ដើរលេង​កំសាន្ត​

·         ស្វែងរក​យោបល់ ឬ ពិគ្រោះ​ជាមួយ​ឆ្មប ឬ វេជ្ជបណ្ឌិត​ឯកទេស ប្រសិន​អ្នកមាន​ចំងល់ ឬ មាន​អ្វី​ប្លែក​នៅក្នុង​រាងកាយ និង អារម្មណ៍​របស់​អ្នក ៕