អស់​រយៈពេល​ច្រើន​ឆ្នាំ​ហើយ ដែល​ជនជាតិ​អាមេរិក​ខំប្រឹង​ព្យាយាម​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​របប​អាហារ​របស់​ពួកគេ​។ ប៉ុន្តែ​មាន​ខ្លាញ់​មួយ​ប្រភេទ​ដែល​អ្នក​ប្រហែល​ជា​ចង់​ទទួល​បាន​កាន់តែ​ច្រើន​ជំនួស​វិញ នោះ​គឺ​ខ្លាញ់​នៅក្នុង​សាច់​ត្រី​។

ត្រី​រស់នៅ​ក្នុង​ទឹក​ត្រជាក់​ផ្ទុក​ទៅ​ដោយ​ខ្លាញ់ Polyunsaturated Fat ដែល​គេ​ស្គាល់​ថា​ជា​បណ្តុំ​នៃ​ខ្លាញ់​អូ​មេហ្គា​បី​។ អត្ថប្រយោជន៍​របស់​ខ្លាញ់​អូ​មេហ្គា​បី​ជួយផ្តល់​ភាពកក់ក្តៅ​ដល់ស​ត្វត្រី​។ ចំពោះ​មនុស្ស​វិញ ខ្លាញ់​នេះ ប្រហែលជា​មាន​និន្នាការ​ដូចគ្នា​ដែរ​គឺ​ធ្វើអោយ​សុខភាព​ល្អ​។
 
​បើ​គេ​សង្គេតមើល​ចំនួន​អ្នក​ញ៉ាំ​ត្រី​ទូទាំង​ពិភពលោក​បាន​អោយដឹង​ថា ការ​ញ៉ាំ​សាច់​ត្រី ជួយ​ផ្តល់​កម្តៅ​ដល់​រាងកាយ និង​អត្រា​កើត​ជំងឺ​បេះដូង​កាន់តែ​ទាប​បំផុត​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​ការស្រាវជ្រាវ​ប្រក​ប​ដោយ​ការយកចិត្តទុកដាក់​មួ​យ​ទៅលើ​ខ្លាញ់​របស់​ត្រី​បានអោយដឹងថា វា​ប្រហែលជា​មាន​មុខងារ​ការពា​រ​ជំងឺ​បេះ​ដូង​បាន​ច្រើន​ជាង​គេ​ផង​។ អ្វី​ដែល​សំខាន់​បំផុត​គឺថា ក្រុម​អ្នកវិទ្យាសាស្ត្រ​មក​ពី​សាលា​សុខភាព​សាធារណៈ Harvard បានអោយដឹងថា ចំពោះ​អ្នក​ដែល​បាន​ញ៉ាំ​ត្រី​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​អាច​បន្ថយ​ការស្លាប់​សរុប​រហូតដល់ ១៧​ភាគរយ នេះ​បើ​យើង​ប្រៀបធៀប​នឹង​អ្នក​ដែល​ញ៉ាំ​គ្រឿង​សមុទ្រ​តិចតួច ឬ​អត់​សោះ​តែ​ម្តង​។
 
​ហេតុផល​ដ៏​ធំ​មួយ​នៃ​ឥទ្ធិពល​ការពារ​ទាំង​នេះ​គឺជា​សមត្ថភាព​របស់​ខ្លាញ់​អូ​មេហ្គាបី​ក្នុង​ការបន្ថយ​ការ​រលាក​។ វេជ្ជបណ្ឌិត ក្រិត​ឈឺ​ន វ៉ាន​និច (Dr. Gretchen Vannice, MS, RD) អ្នកសម្របសម្រួល​ស្រាវជ្រាវ​នៅឯ Nordic Natural ដែល​បាន​សិក្សា​អំពី​ភាព​ធំធេង​របស់​ខ្លាញ់​អូ​មេហ្គា​បី និយាយថា “​នៅពេល​យើង​ញ៉ាំ​អាហារ​កែច្នៃ​ច្រើន​ដូចជា នំ​ស្រួយ​, នំ​កញ្ចប់ ឬ​ស៊ាំ​ង​វិច យើង​នឹង​ទទួលបាន​ខ្លាញ់​អូ​មេហ្គាប្រាំ​មួយ​ច្រើន​។ ខ្លាញ់​អូ​មេហ្គា​ប្រាំមួយជួយ​បង្កើនការ​រលាក​។ ហើយ​អូ​មេហ្គាបី​បន្ថយ​ការ​រលាក ដូច្នេះ​បើ​សិន​ជា​យើង​មិន​អាច​ទទួលបាន​អូ​មេហ្គាបី​គ្រប់គ្រាន់​ដើម្បីត​ទល់​អូ​មេហ្គា​ប្រាំមួយទេ ពេល​នោះ​ការ​រលាក​នឹង​កើតមាន​ច្រើន​។ ហើយ​ការ​រលាក​នេះ​ហើយ​ធ្វើអោយ​យើង​កើតជា​ជំងឺ​ដូចជា ជំងឺ​បេះដូង​, ធាត់​លើស​ទម្ងន់ និង​មាន​ជំងឺ​បាក់​ទឹកចិត្ត​។ ធម្មតា​មនុស្ស​យើង​គួរតែ​ទទួល​បាន​អូ​មេហ្គាប្រាំ​មួយ​ធៀប​នឹង​អូ​មេហ្គា​បី ៤:១ ប៉ុន្តែ​តាម​ការ​ប៉ាន​ប្រមាណ​លើ​មនុស្ស​ភាគច្រើន​បែរ ១៥ ទៅ​២០:១ ទៅវិញ ដូច្នេះ​វា​មាន​ល្អ​នោះទេ​”​។
 
​កាត់បន្ថយ​ជំងឺ​បេះដូង​
​កាលពី​ឆ្នាំ ១៩៨០ ការសិក្សា​មួយ​បាន​រកឃើញថា របប​អាហារ​ដែល​មាន​ត្រី​ច្រើន​អាច​ជួយ​ការពារ​ជំងឺ​បេះដូង​បាន​។ ការស្រាវជ្រាវ​បានអោយដឹង​ទៀត​ថា អ្នក​ដែល​ញ៉ាំ​ត្រី​ទំនងជា​មិន​ងាយ​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​ដូច​អ្នក​មិន​ចូល​ចិត្ត​ញ៉ាំ​ត្រី​នោះទេ​។ ការសិក្សា​ថ្មីៗ​មួយ​ធ្វើឡើ​ង​ដោយ​សាលា​សុខភាព​សាធារណៈ Harvard បាន​ប្រាប់អោយដឹង​ដែរ​ថា អត្រា​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​មាន​ការថយចុះ​រហូត​ដល់ ៣៦​ភាគរយ​ចំពោះ​អ្នក​ដែល​ញ៉ាំ​ត្រី​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍ នេះ​បើ​យើង​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​ញ៉ាំ​អាហារ​សមុទ្រ​តិចតួច ឬ​មិន​ញ៉ាំ​សោះ​។​
 
​ការសិក្សា​មួយ​ធ្វើឡើង​នៅ​ឯ King’s College ក្នុង​ទីក្រុង​ឡុង ដែល​មាន​អ្នកចូលរួម ៤៥ ទៅ​៧០​នាក់​។ ពួកគេ​ម្នាក់​តម្រូវអោយ​បង្កើន​ចំនួន​អូ​មេហ្គាបី​ដោយ​ការញ៉ាំ​ត្រី រហូត​ដល់​តម្លៃ​ធៀប​រវាង អូ​មេហ្គា​ប្រាំមួយ និង​អូ​មេហ្គាបី​ស្មើ ៣:១​។ ជា​លទ្ធផល​ឃើញថា ចំនួន​ខ្លាញ់​ប្រភេទ Triglycerides ថយចុះ ហើយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​ក៏​ថយចុះ​ដែរ​។
 
​ខ្លាញ់​អូ​មេហ្គា​បី​ដែល​មាន​ក្នុង​សាច់​ត្រី​ជួយ​បន្ថយល្បឿន​នៃ​ការបង្កើត​សារធាតុ​បង្ក​រលាក​ក្នុង​រាងកាយ​ដូច​ជា Prostaglandin, Leukotriene និង Thromboxane​។ សារធាតុ​ទាំងបី​នេះ​ប្រហែលជា​ធ្វើអោយ​សរសៃឈាម​រួម​តូច ហើយ​នាំ​អោយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ លើសពីនេះទៅទៀត វា​ក៏​ប្រហែល​ជា​ធ្វើអោយ​ឈាមកក​ខុស​តម្រូវការ ដែល​នាំអោយ​កើត​ជា​ជំងឺ​បេះដូង​បាន​។
 
​វេជ្ជបណ្ឌិត ជេម ខេន​ណេ (Dr. James Kenney, PhD, RD) នាយក​ផ្នែក​អប់រំ និង​ស្រាវជ្រាវ​អាហារ​រូបត្ថ​ម្ភ​នៅ​ឯ​មជ្ឈមណ្ឌល Pritikin Longevity Center and Spa ក្នុង​ទីក្រុង Aventura រដ្ឋ​ហ្ល័​រ​រី​ដា និយាយថា សមត្ថភាព​របស់​ខ្លាញ់​អូ​មេហ្គាបី​ក្នុង​ការបង្ការ​ឈាមក​ក គឺជា​រឿង​មួយ​សំខាន់​។ កំណក​ឈាម​ដែល​កើតឡើង​ក្នុង​ចរន្តឈាម​អាច​បណ្តាល​អោយ​ស្ទះ​លំហូរ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង ឬ​ខួរក្បាល ដែល​វា​ជា​ហេតុផល​ធ្វើអោយ​កើត​ជា​ជំងឺ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​។ លើសពីនេះទៅទៀត ជាតិ​ខ្លាញ់​ដែល​មាន​ក្នុង​សាច់​ត្រី​ជួយ​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល High-density Lipoprotein (HDL) ដែល​ជាកូ​ឡេ​ស្តេ​រ៉ុល​ល្អ​ចំពោះ​សុខភាព ជួយ​ថែរក្សា​ខ្លាញ់​កុំអោយ​ក​កជាប់​នៅ​ជញ្ជាំង​សរសៃឈាម​អាក់ទែ​បាន​។
 
​ការស្រាវជ្រាវ​រកឃើញ​ថា ត្រី​ក៏​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​បេះដូង​ស្រាប​ដែរ​។ ការ​ញ៉ាំ​ត្រី​ពីរ​ពេល (​ចាប់ពី ៣៤០​ក្រាម​ឡើងទៅ​) ក្នុង​មួយ​សប្តាហ៍ ប្រហែល​ជា​ជួយ​បន្ថយ​ជំងឺ​នេះ​កុំអោយ​កើត​ជា​លើក​ទី​ពីរ​បាន​។
 
​ក្រៅ​ពី​ឥទ្ធិពល​លើ​ការ​កកឈាម និង​កូ​ឡេ​ស្តេ​រ៉ុល ខ្លាញ់​ក្នុង​សាច់​ត្រី​ក៏​ជួយ​ថែរក្សា​ចង្វាក់បេះដូង​អោយនៅ​សុខភាព​ល្អ​បាន​ទៀត​ដែរ​។ នេះ​គឺជា​រឿង​សំខាន់ ព្រោះ​ជំងឺ​បេះដូង​ដើរ​មិនធម្មតា​ដ៏​ធ្ងន់ធ្ងរ​ឈ្មោះថា Arrhythmia ប្រហែល​ជា​បង្ក​អោយ​បេះដូង​លែង​ដំណើរកា​រណ៍ ឬ​លោត​ផង​ក៏​មិនដឹង​។ មាន​អំណះអំណាង​កាន់តែ​ច្រើន​និយាយ​ថា ខ្លាញ់​អូ​មេហ្គាបី​ក្នុង​សាច់ត្រី​ជួយ​ពង្រឹង​ដល់​សាច់ដុំ​បេះដូង និង​រក្សា​ចង្វាក់​នេះ​ការ​លោត​របស់​បេះដូង​អោយ​នៅ​ទៀងទាត់​ធម្មតា​។ ការសិក្សា​មួយ​ដោយ​ធ្វើ​ទៅលើ​ប្រជាជន​ញ៉ាំ​ខ្លាញ់​អូ​មេហ្គា​បី ៦​ក្រាម​ក្នុង​មួយខែ ដែល​ស្មើនឹង​ការ​រញ៉ាំ​ត្រី​សាល​ម៉ុង ៨៥​ក្រាម​ជា​រៀង​រាល់​សប្តាហ៍​។ ចំពោះ​លទ្ធផល​បានអោយដឹងថា ពួកគេ​ទាំងនេះ​ត្រូវបាន​កាត់បន្ថយ​ការ​ប្រឈម​នឹង​អាការៈ​បេះដូ​ងឈប់​ដើ​ររហូតដល់ ៥០​ភាគរយ​ឯណោះ​។
 
​ហើយ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​បេះដូង​ហាក់បីដូចជា​មាន​ទ្រ​ង​ទ្រាយ​ធំ​ចំពោះ​មនុស្សពេញវ័យ និង​កូនក្មេង​។ សេចក្តីរាយការណ៍​មួយ​មក​ពី​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី បានអោយដឹងថា អត្ថប្រយោជន៍​របស់​អា​ហារ​សមុទ្រ​ចំពោះ​ជំងឺ​បេះដូង​គឺ​មាន​សារៈសំខាន់​ចំពោះ​ទារក​ទើប​នឹង​កើត និង​មនុស្ស​វ័យ​ជំទង់​ដែរ​។ សេចក្តីរាយការណ៍​បង្ហា​ញ​ទៀតថា ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ញ៉ាំ​អាហារ​សមុទ្រ ព្រមទាំង​បំបៅ​ដោះកូន​ទៀត​នោះ ខ្លាញ់​អូ​មេហ្គា​បី​ដែល​មាន​ក្នុង​សាច់​ត្រី ជួយ​អោយ​កូនរ​របស់​ពួកគេ​បង្កើន​ការ​អភិ​វឌ្ឈន៍​ភ្នែក និង​ខួរក្បាល​ប្រកប​ដោយ​សុខភាព​ល្អ​។ ខ្លាញ់​ប្រកបដោយ​សុខភាព​ទាំង​នេះ​ក៏​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​កូន​កើត​មិន​គ្រប់​ខែ ឬ​មិន​គ្រប់​ទម្ងន់​ដែរ​។
 
​ជា​លទ្ធផល​នៃ​អត្ថប្រយោជន៍​ការពារ​បេះដូង​របស់​សាច់​ត្រី ធ្វើអោយ​សមាគមន៍​ជំងឺ​បេះដូង​អាមេរិក (American Heart Association, AHA) បាន​ណែនាំ​ថា មនុស្ស​វ័យ​កណ្តាល​ទាំងអស់​គួរតែ​ញ៉ាំ​ត្រី​អោយបាន​យ៉ាងហោច​ណាស់​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​។ ទោះបីជា​យ៉ាងណា​ក៏ដោយ AHA ក៏​បាន​ស្គាល់​ឃើញ​ទៀតថា ប្រភេទ​ត្រី​មួយចំនួន​ប្រហែលជា​មាន​កម្រិត Mercury, PCBs (Polychlorinated Biphenyls), Dioxins, និង សារធាតុ​មាន​មេរោគ​ពី​បរិដ្ឋាន​ផ្សេងៗ ខ្ពស់​ដែរ​។ សារធាតុរ​អស់ទាំង​នេះ​ជាទូទៅ​តែងតែមាន​ខ្ពស់​បំផុត​លើ​ត្រី​ចាស់​, ត្រី​ធំៗ​ពេក និង​ត្រី​ដែល​ស៊ីសាច់​ត្រី​គ្នា​វា​ជា​អាហារ​។ អត្ថប្រយោជន៍ និង​ការ​ប្រឈម​នឹង​ការ​ញ៉ាំ​ត្រី​អាស្រ័យ​ទៅតាម​ដំណាក់កាល​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​។ កូនក្មេង​, ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​បំបៅ​ដោះ​កូន​គួរតែ​ធ្វើ​ទៅ​តាម​ការណែនាំ​របស់​រដ្ឋបាល​ចំណីអាហារ និង​ថ្នាំពេទ្យ​របស់​អាមេរិក (FDA) ដើម្បី​ចៀសវាង​ត្រី​ណា​ដែល​មាន​សារធាតុ បារត​។ ត្រី​ដែល​មាន​សារធាតុ បារតខ្ពស់​បំផុត​មាន ត្រី​ឆ្លាម​, ត្រី​ដាវ និង​ត្រី Tilefish​។ ការ​ញ៉ាំ​ត្រី​គ្រប់​ប្រភេទ​គឺជា​រឿង​ល្អ​ដើម្បី​បន្ថយ​ផល​រំខាន់​របស់​វា​។
 
​ប្រឆាំង​ជំងឺ​មហារីក​
​អ្នកឯកទេស​ខាង​អាហារ​រូបត្ថ​ម្ភបា​ន​ផ្តល់​ដំបូន្មាន​ជា​យូរ​ណា​មក​ហើយ​ក្នុង​ការបន្ថយ​ជាតិ​ខ្លាញ់ ជាពិសេស​ខ្លាញ់​ក្នុង​សាច់សត្វ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ដើម្បី​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​បាន​ច្រើន​ប្រភេទ​។ ប៉ុន្តែ​ខ្លាញ់​ក្នុង​សាច់​ត្រី​គឺជា​រឿង​មួយ​ត្រូវ​លើកលែង​។ វេជ្ជបណ្ឌិត បាន​ដា​រូ អែ​ស រ៉េ​ឌី (Dr. Bandaru S. Reddy, PhD) សាស្ត្រាចារ្យ​ខាង​ស្រាវជ្រាវ​នៅ​ឯ​នាយកដ្ឋាន​គីមី​ជីវសាស្ត្រ​របស់​សក​ល​វិទ្យាល័យ Rutgers ក្នុង​តំបន់ New Brunswick ទីក្រុង New Jersey និយាយថា “​មាន​អំណះអំណាង​ត្រឹមត្រូវ​មួយ​ថា ការ​ញ៉ាំ​ត្រី​ផ្តល់​នូវ​ការបង្ការ​ជំងឺមហារីក​សុដន់ និង​មហារីក​ពោះវៀន​ធំ និង​ចុង​ពោះវៀន​ធំ​”​។
 
​វេជ្ជបណ្ឌិត រ៉េ​ឌី និយាយថា ត្រី​ជួយ​ការពារ​ជំងឺមហារីក​តាមរបៀប​ដូចគ្នា​នឹង​ការពារ​ជំងឺ​បេះដូង​ដែរ តាមរយៈ​កាត់បន្ថយ​ការផលិត​សារធាតុ Prostaglandin ក្នុង​រាងកាយ​។ ចំនួន​យ៉ាងច្រើន​របស់ Prostaglandins ដើរតួ​ជា​អ្នកបង្កើត​ដុំ​សាច់ និង​ជម្រុញ​អោយ​ដុំ​សាច់​នោះ​ក្លាយ​ជា​មហារីក​។
 
​ការសិក្សា​មួយ​ទៅលើ​ប្រទេស​នៅ​អឺរ៉ុប​ចំនួន ២៤​ប្រទេស និង​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​របស់​ប្រទេស​អង់គ្លេស​បាន​អោយដឹងថា អ្នក​ដែល​ឧស្សាហ៍​ញ៉ាំ​ត្រី​ជា​របប​អាហារ ទំនងជា​មិន​សូវ​កើត​ជំងឺ​មហារីក​ទេ​។ ពិត​ណាស់​ពួកគេ​ប៉ាន់​ដឹងថា ការ​ញ៉ាំ​ត្រី​តិចតួច បី​ដង​ក្នុង​មួយ​សប្តាហ៍ និង​បន្ថយ​ការ​ញ៉ាំ​សាច់សត្វ ឃើញ​ថា​ជួយ​បន្ថយ​អត្រា​នៃ​ការស្លាប់​ដោយសារ​ជំងឺ​មហារីក​ពោះវៀនធំ​លើ​បុរស​ស្ទើរតែ​មួយ​ភាគ​បី​ទៅ​ហើយ​។
 
​ក្លិន​មាត់​ល្អ​
​អ្នក​ប្រហែលជា​មិន​គិត​ថា ការ​ញ៉ាំ​ត្រី​ជួយ​សម្រួល​ដល់​ក្លិន​មាត់​មិន​ល្អ​ដែល​បង្កឡើង​ដោយ​ការជក់បារី​ទេ មើលទៅ ប៉ុន្តែ​នោះ​គឺជា​អ្វី​ដែល​អ្នក​ស្រាវជ្រាវ​រក​ឃើញ​យ៉ាង​ពិតប្រាកដ​។ ការ​ញ៉ាំ​ត្រី​ជួយ​ធ្វើអោយ​មុខងារ​សួត​របស់​មនុស្ស​ពេញវ័យ​មានដំណើរ​ការណ៍​កាន់តែ​ល្អ​។
 
​មាន​រឿង​មួយ​ដែល​ត្រីធូ​ណា​ពិតជា​អាច​ជួយ​ការពា​រ​អ្នក​ពី​ជំងឺ​សួត​បាន​ប្រសិនបើ​អ្នក​ជា​មនុស្ស​ជក់បារី​។ ប៉ុន្តែ​បើសិនជា​អ្នក​កំពុងតែ​ព្យាយាម​ផ្តាច់​បារី ឬ​រស់​នៅ​ជាមួយ​អ្នក​ជក់បារី ការ​ញ៉ាំ​ត្រី​គឺជា​មធ្យោបាយ​តែ​មួយគត់​ដើម្បី​បន្ថយ​ការខូចខាត​។ វេជ្ជបណ្ឌិត វ៉ាន​និច និយាយថា “​បើសិន​ជា​អ្នក​ជក់បារី មានន័យ​ថា​អ្នក​កំពុង​តែ​ស្ថិតក្នុង​សម្ពាធ​អុក​ស៊ី​កម្ម​រយៈពេល​ដ៏​ធំ​មួយ ដែល​នឹង​បង្កើន​ការ​រលាក​កាន់តែខ្លាំង​។ ខ្លាញ់​អូ​មេហ្គាបី​របស់​ត្រី​ជួយ​ការពារ​ជញ្ជាំង​របស់​កោសិការ និង​បន្ថយ​សម្ពាធ​អុកស៊ីត​កម្មបាន​។ លើសពីនេះទៅទៀត អូ​មេហ្គា​បី​ជួយ​ថែរក្សា​សរសៃប្រសាទ និង​បន្ថយ​កម្រិត​ថប់​អារម្មណ៍​ដែល​វា​ជា​រឿង​ដ៏​ធំ​មួយ​សម្រាប់​អ្នក​ព្យាយាម​ផ្តាច់​បារី​”​។
 
​ផ្តល់​ការការពារ​ចម្រុះ​
​នេះ​គឺជា​ហេតុផល​ពីរ​បន្ថែម​ទៀត​ដើម្បី​អាច​ញ៉ាំ​ត្រី​កាន់តែច្រើន​។ ការសិក្សា​មួយ​ដែល​ធ្វើ​ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ចូលចិត្ត​ញ៉ាំ​ត្រី​ចំនួន ៨៧០០​នាក់​។ ពួក​គេ​រកឃើញ​ថា កាលណា​ស្ត្រី​ញ៉ាំ​ត្រី​កាន់តែច្រើន បញ្ហា​កូន​កើត​មិន​គ្រប់​ខែ ឬ​មិន​គ្រប់​ទម្ងន់​កាន់តែ​តិច​។ នេះ​គឺជា​រឿង​សំខាន់ ព្រោះ​កូន​កើត​មក​លើស​ទម្ងន់​វា​តែងតែមាន​សុខភាព​ល្អ​ជាង​កូន​កើត​មិន​គ្រប់​ទម្ងន់​។
 
​អ្នកស្រាវជ្រាវ​សន្និដ្ឋានថា ខ្លាញ់​អូ​មេហ្គាបី​ក្នុង​សាច់ត្រី​ជួយ​ការពារជំងឺ​កូន​កើតមិន​គ្រប់​ខែ​តាមរយៈ​ពង្រឹង​រប​ត់​ឈាមរ​ត់​ទៅ​ចិញ្ចឹម​ទងសុក ដែល​ជា​ហេតុ​អាច​នាំ​ជីវជាតិ​កាន់តែច្រើន​ទៅ​ចិញ្ចឹម​កូន​នៅ​ក្នុង​ផ្ទៃ​។ លើសពីនេះទៅទៀត ការទប់ស្កាត់​ឥទ្ធិពល​របស់​សារធាតុ Prostaglandin ដែល​វា​មាន​តួនាទី​អោយ​ស្បូក​កន្ត្រាក់នោះ វា​ក៏​ប្រហែល​ជា​ជួយ​ការពារ​កុំអោយ​កូន​កើតមុន​កំណត់​បាន​ដែរ​។
 
​វេជ្ជបណ្ឌិត វ៉ាន​និច និយាយថា ខ្លាញ់​អូ​មេហ្គា​បី របស់​ត្រី​ក៏​ជួយ​ការពារ​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ខុស​ប្រក្រតី​ដែរ​ដូចជា ជំងឺ​រលាក​ស្លាក់​ប្រភេទ Rheumatoid Arthritis, ជំងឺ​ភ្លេចភ្លាំង និង​ជំងឺ​វង្វេងវង្វាន់​ជាដើម​។ លើសពីនេះទៅទៀត ការ​សិក្សា​ចំនួន​ពីរ​បាន​បង្ហាញ​អោយដឹងថា ការ​ខ្លាញ់ត្រី​បន្ថែម​ជា​មួយ​ការ​ហាត់ប្រាណ ៤៥​នាទី បី​ដង​ក្នុង​មួយ​សប្តាហ៍ ជួយ​បន្ថយ​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន ព្រមទាំង​សម្រក​ទម្ងន់​ផងដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង