ដោយសារ​តែ​ផ្លែ​ពោត​សម្បូរ​ជាតិ​សរសៃ​ខ្ពស់ ដូច្នេះ​វា​អាច​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​បាន​។ ហើយ​ដោយសារ​តែ​វា​សម្បូរ​ជាតិ​កាបូ​អ៊ី​ដ្រាត​ខ្លាំង​ដែរ ទើប​ធ្វើអោយ​អ្នក​ទទួល​ទាន​ទទួលបាន​ថាមពល​បាន​លឿន​ឡើង​វិញ ផងដែរ​។

វេជ្ជបណ្ឌិត ម៉ាគ ម៉ាក​ឡេ​ឡេន (Dr. Mark McLellan, PhD) ព្រឹទ្ធបុរស​ខាង​ស្រាវជ្រាវ​សម្រាប់​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ចំណីអាហារ និង​កសិកម្ម​របស់​សាកលវិទ្យាល័យ​ផ្លរ​រី​ដា និង​ជា​នាយក​របស់​មន្ទីរពិសោធន៍​កសិកម្ម​ផ្លរ​រី​ដា​ក្នុង​ទីក្រុង Gainesville និយាយថា “​ផ្លែ​ពោត​ពិតជា​ប្រភព​អាហារ​មូលដ្ឋាន​ដ៏​អស្ចារ្យ​មួយ​មែន​។ នៅពេល​ញ៉ាំ​ជាមួយ​បន្លែ​ផ្សេងៗ​ទៀត វា​គឺជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ប្រូតេអ៊ីន​, កាបូ​អ៊ី​ដ្រាត និង​វីតាមីន​”​។
 
​បង្ការ​ជំងឺមហារីក​

​ការសិក្សា​មួយ​ដែល​បាន​ប្រមូល​ទិន្នន័យ​នៅឯ​សាកលវិទ្យាល័យ Southern California Keck School of Medicine ក្នុង​រដ្ឋ​ឡូអេ​ន​ជែ​ឡេស បាន​រកឃើញថា សារធាតុ Orange-red Carotenoid ឬ Beta-cryptoxanthin ដែល​មាន​ក្នុង​ផ្លែ​ពោត មាន​នាទី​ជួយ​ការពារ​ជំងឺមហារីក​សួត​។ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា បុរស​ដែល​ញ៉ាំ​អាហារ​មាន​សារធាតុ Beta-cryptoxanthin ច្រើន​បំផុត អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​សួត​ពី ១៥ ទៅ​៤០​ភាគរយ​។
 
​ការសិក្សា​មួយ​ផ្សេង​ទៀត​ដែល​ធ្វើឡើង​នៅ​ឯ​សាកលវិទ្យាល័យ Maryland School of Medicine ក្នុង​ទីក្រុង Baltimore បាន​រកឃើញថា ធាតុ​ផ្សំ​មួយ​របស់​ជាតិ​សរសៃ​ដែលមាន​យ៉ាង​សម្បើម​ក្នុង​ផ្លែ​ពោត ឬ​ហៅ​ថា Inositol Hexaphosphate ជួយ​បង្ការ​ការលូតលាស់​របស់​កោសិការ​មហារី​ក​ពោះវៀន​ធំ​។ អ្នកស្រាវជ្រាវ​និយាយថា វា​អាច​ទៅ​បញ្ឈប់​កោសិកា​មហារីក​កុំអោយ​បំបែក​ខ្លួន​បាន​។
 
​ឥទ្ធិពល​នៃ​ការបញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​

​ផ្លែ​ពោត​ផ្ទុក​ទៅដោយ​ជាតិ​សរសៃ​មួយ​ប្រភេទ​ហៅថា សរសៃ​រលាយ​។ នៅ​ពេល​អ្នក​ញ៉ាំ​ផ្លែ​ពោត ជាតិ​សរសៃ​មួយ​នេះ​ទៅ​តោង​ជាមួយ​ទឹកប្រមាត់ ដែល​ជា​ជាតិ​ខ្លាញ់​ផលិត​ពី​ថ្លើម​។ ចាប់តាំងពី​ជាតិ​សរសៃ​រលាយ​មិន​ត្រូវបាន​បឺត​ស្រូប​ទៅក្នុង​ចរន្តឈាម វា​នឹង​ត្រូវ​បញ្ចេញ​ចោល​តាម​លាមក ព្រមទាំង​នាំ​កូ​ឡេ​ស្តេ​រ៉ុល​ទៅតាម​វា​ដែរ​។

 ​ការសិក្សា​មួយ​នៅឯ​សាកលវិទ្យាល័យ Illinois State ក្នុង​ទីក្រុង Norma ដោយ​ធ្វើ​ទៅលើ​បុរស​ដែល​មានកូ​ឡេ​ស្ទើ​រ៉ុល​ខ្ពស់​ចំនួន ២៩​នាក់ ហើយ​អោយ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​។ រយៈពេល ២​សប្តាហ៍​ក្រោយ បុរស​មួយចំនួន​តម្រូវ​អោយ​ញ៉ាំ​ពោត ២០​ក្រាម​ក្នុង​មួយថ្ងៃ ហើយ​អ្នកខ្លះ​ទៀត​អោយ​ញ៉ាំ​ស្រូវ​សាលី​ក្នុង​ចំនួន​ដូច​គ្នា​។ ក្នុង​រយៈពេល​សិក្សា​ចំនួន ៦​សប្តាហ៍ អ្នក​ដែល​ញ៉ាំ​ផ្លែ​ពោត​ឃើញ​ថា​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ថយចុះ​ច្រើនជាង ៥​ភាគរយ ឬ​ប្រហែល​ជា ១៣​ភាគរយ​នៃ​ខ្លាញ់ Triglycerides ដែល​វា​ជា​ខ្លាញ់​នាំអោយ​កើត​ជំងឺ​បេះដូង​។ ចំពោះ​អ្នក​ដែល​ញ៉ាំ​ស្រូវ​សាលី​ដូចជា​គ្មាន​អ្វី​ប្រែប្រួល​ទាល់តែសោះ​។

 ​ភាព​ល្អ​របស់​ផ្លែ​ពោត​គឺថា វា​ផ្តល់​នូវ​ថាមពល​យ៉ាង​ច្រើន​ខណៈពេលដែល​ខ្លួន​វា​មាន​កាឡូរី​តិច ព្រោះ​វា​ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​វីតាមីន B ប្រភេទ Thiamin សម្រាប់បំ​លែង​ទៅ​ជា​ថាមពល​។ វេជ្ជបណ្ឌិត ឌូ​ណាដ វី ស្លីម​មី (Dr. Donald V.Schlimme, PhD) សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​អាហារ​រូបត្ថ​ម្ភ និង​ចំណីអាហារ​នៅឯ​​សាកលវិទ្យាល័យ Maryland ក្នុង​តំបន់ College Park និយាយថា “​វា​ផ្តល់​អោយ​នូវ​ថាមពល​ដែល​យើង​ត្រូវការ​ដោយ​ពុំ​ចាំបាច់​មាន​វត្តមាន​របស់​ជាតិ​ខ្លាញ់​នោះទេ​”​។

ហើយ​ចាប់តាំងពី​ផ្លែ​ពោត​ផ្អែម​ស្រស់​ផ្សំ​ឡើង​ដោយ​កាបូ​អ៊ី​ដ្រាត​ធម្មតា និង​កំផ្លេ​ចមក វា​គឺជា​ប្រភព​នៃ​ថាមពល​ដ៏​អស្ចារ្យ​មួយ​ទៅ​ហើយ​។ អ្វី​ដែល​ជា​ជាតិ​ខ្លាញ់​បន្តិចបន្តួច​ក្នុង​ផ្លែ​ពោត​គឺជា​ប្រភេទ​ខ្លាញ់ Polyunsaturated និង Monounsaturated ដែល​ផ្តល់​អោយ​មនុស្ស​យើង​មាន​សុខភាព​ល្អ​ជាង​ខ្លាញ់​ប្រភេទ Saturated Fat នៅក្នុង​សាច់ និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង