ការរមាស់ស្បែក គឺជាអារម្មណ៍នៃការរំខានមួយ ដែលធ្វើអោយអ្នកមិនមានផាសុក និង ធ្វើអោយអ្នក ចង់អេះជាខ្លាំង ដោយមិនអាចអត់ទ្រាំបាន។ វាហាក់ដូចជាធម្មតានោះទេ ដែលថាអ្នកត្រូវតែអេះ នៅពេល ដែលមានអារម្មណ៍ថារម៉ាស់។

ប៉ុន្តែបញ្ហានៃការមាស់ស្បែកនេះ អាចបណ្តាលមកពីមូលហេតុជាច្រើន ដែលអាចកើតមានបាន។ វាអាចជាសញ្ញា នៃជំងឺនៅខាងក្នុងខ្លួន មានដូចជា ជំងឺថ្លើម និង ជំងឺនៃការ ខ្សោយតម្រងនោមជាដើម បើទោះជាសភាពនៃការមាស់នេះ ហាក់មានសភាពធម្មតាចំពោះស្បែកអ្នក ឬ ក៏វាអាចកើតមានជាមួយនឹង សភាពក្រហម, ឡើងកន្ទួល, គគ្រើម ឬ មានពងបែក ។
ការកំណត់ និង ព្យាបាលពីមូលហេតុដែលបង្កជាក់លាក់ នៃការមាស់ស្បែកនេះ គឺពិតជាមាន សារៈសំខាន់ សម្រាប់ការទទួលបាននូវភាពស្រាកស្រាន្តក្នុងរយៈពេលដ៏យូរមួយ។ ការព្យាបាលចំពោះ បញ្ហានៃការរមាស់ស្បែកនេះ រួមមានដូចជា ការប្រើប្រាស់ឱសថ, ការស្អំក្រណាត់ត្រជាក់ និង ការព្យាបាល ដោយប្រើកាំរស្មី ។ ការព្យាបាលថែទាំដោយខ្លួនឯង មានដូចជា ការប្រើប្រាស់នូវផលិតផល ប្រឆាំងនឹង ការម៉ាស់ និង ការងូតទឹកត្រជាក់ ក៏អាចជួយដោះស្រាយនូវបញ្ហានេះបានផងដែរ ។មូលហេតុដែលធ្វើអោយអ្នករម៉ាស់ស្បែកមានដូចជា៖
ស្បែកស្ងួត
ការមាស់ស្បែក ដែលមិនបានកើតរួមជាមួយនឹង បម្រែបម្រួលស្បែកជាក់លាក់ដទៃទៀត មានដូចជា ការឡើងកន្ទួលរមាស់ គឺជារឿយៗភាគច្រើនបណ្តាលមកពី កត្តានៃស្បែកដែលមានសភាពស្ងួត ។ សភាពនៃស្បែកស្ងួត ជាធម្មតាជាលទ្ធផល ដែលបានមកពីកត្តាមជ្ឈដ្ឋានជុំវិញខ្លួន ដែលវាអាចជះ ឥទ្ធិពលបាន មកលើរាងកាយអ្នក។ កត្តានេះរួមមានដូចជា អាកាសធាតុក្តៅ ឬ ត្រជាក់ ដែលមានកម្រិត សំណើមទាប, ការស្ថិតក្នុងម៉ាស៊ីនត្រជាក់ ឬ ម៉ាស៊ីនផ្តល់កម្តៅយូរពេក និង រួមផងដែរនូវការ លាងសម្អាត ឬ ងូតទឹកច្រើនពេក ។
បញ្ហាផ្សេងទៀត ដែលអាចកើតមាន
ស្ថានភាពផ្សេងទៀត មានដូចជា ភាពមិនប្រក្រតីនៃស្បែក,ជំងឺផ្នែកខាងក្នុងខ្លួន, ប្រតិកម្មអាលែហ្សី និង ប្រតិកម្មនៃការប្រើប្រាស់ថ្នាំមួយចំនួន ក៏អាចធ្វើអោយអ្នករមាស់ស្បែកបានផងដែរ ។
• ស្ថានភាពស្បែក និង កន្ទួលរមាស់ៈ ស្ថានភាពស្បែកជាច្រើន អាចធ្វើអោយស្បែករបស់អ្នក រមាស់ បាន រួមមានដូចជា ជំងឺត្រអក, របកស្បែក,ចៃស្បែក,អ៊ុត ,សត្វល្អិតនៅក្នុងស្បែក, បន្ទាលត្រអាក និង ស្ថានភាពនៃជំងឺស្បែកដទៃៗទៀត។ នៅក្នុងករណីទាំងនេះ ការម៉ាស់ជាធម្មតា ត្រូវបានប៉ះ ពាល់ដល់តំបន់ជាក់លាក់ណាមួយ នៃរាងកាយ និង កើតមានជាមួយផងដែរនូវសញ្ញាផ្សេងទៀត មានដូចជា ការឡើងក្រហមរោល,រលាកស្បែក ឬ មានកន្ទូល និង ពងបែក ។
• ស្ថានភាពនៃជំងឺផ្នែកខាងក្នុងខ្លួនៈ បញ្ហានេះ រួមមានដូចជា ជំងឺថ្លើម, ជំងឺខ្សោយតម្រងនោម, ជំងឺ ស្លេកស្លាំង ដោយសារកង្វះជាតិដែក,បញ្ហាក្រពេញទ៉រ៉ូអ៊ីត និង ជំងឺមហារីក ដូចជា មហារីកគ្រាប់ ឈាម និង ដុំសាច់ដែលដុះចេញពីក្រពេញទឹករងៃ ។ នៅក្នុងករណីទាំងនេះ សភាពនៃការម៉ាស់ ជាធម្មតា ប៉ះពាល់ទៅលើ ផ្នែកទាំងមូលនៃរាងកាយ ជាជាងកើតមាននៅត្រង់តែ ចំណុចជាក់ លាក់ណាមួយ។ បើមិនដូច្នេះទេ ស្បែកអ្នកអាចមើលទៅមានសភាពធម្មតា លើកលែងតែ នៅត្រង់កន្លែងដែលបន្តមានការអេះនោះ ។
• ភាពមិនប្រក្រតីនៃសសៃប្រសាទៈ វាជាស្ថានភាព ដែលជះឥទ្ធិលទៅលើប្រព័ន្ធប្រសាទ មានដូចជា ជំងឺទឹកនោមផ្អែម, ជំងឺនៃការគៀបសសៃប្រសាទ,ជំងឺរើម និង ជំងឺ multiple sclerosis ពួកវាគឺសុទ្ធតែអាចធ្វើអោយស្បែក អ្នករមាស់បាន។
• ប្រតិកម្មអាលែហ្សី និង ការរលាកៈ រោមសត្វ, សារធាតុគីមី, សាប៊ូ និង សារធាតុផ្សេងៗដទៃទៀត គឺអាចផ្តល់ផលរំខានដល់ស្បែក និង ធ្វើអោយវារមាស់បាន។ ពេលខ្លះសារធាតុទាំងនេះ អាចបង្ក អោយមានប្រតិកម្មអាលែហ្សី មានដូចជានៅក្នុងករណីនៃការពុលដោយសារវល្លិ ឬ គ្រឿងសម្អាង ។ ការមានប្រតិកម្មអាលែហ្សីជាមួយនឹង ប្រភេទអាហារមួយចំនួន ក៏អាចបណ្តាលអោយអ្នក មានបញ្ហានៃការរមាស់ស្បែក នេះបានផងដែរ ។
• ការប្រើប្រាស់ថ្នាំៈ ប្រតិកម្មថ្នាំ មានដូចជា ពពួកអង់ទីប៊ីយ៉ូទិច, ថ្នាំប្រឆាំងនឹងពពួកមេរោគផ្សិត ឬ ថ្នាំបំបាត់ការឈឺចាប់ គឺបណ្តាលអោយមានការឡើងកន្ទូល និង រម៉ាស់ជាខ្លាំងនៅលើស្បែក ។
• ការមានផ្ទៃពោះ។ មានស្ត្រីមួយចំនួន អាចជួបប្រទះនឹងបញ្ហានៃការមាស់ស្បែក ក្នុងអំឡុងពេល នៃការពរពោះនេះ ជាពិសេស នៅលើស្បែកពោះ,កំភ្លៅ, ដើមទ្រូង និង ដៃ។ ហើយស្ថានភាពនៃ ការរមាស់ស្បែក ដូចជា ការរលាកស្បែកនេះ ក៏អាចនឹងមានសភាពកាន់តែអាក្រក់ជាងមុន ក្នុងរយៈពេលនៃការមានគភ៌នេះ ៕