ការពារ DNA របស់អ្នក
តាមដែលយើងមានអាយុកាន់តែច្រើន នោះការបញ្ចប់របស់ក្រម៉ូសូម ដែលត្រូវបានហៅថា telomeres នឹងមានរយៈពេលខ្លីជាងមុន។ កត្តានេះ អាចធ្វើអោយមនុស្ស ងាយនឹងរងគ្រោះទៅនឹងជំងឺផ្សេងៗ ។
អ្នកអាចនឹងគិតថា វាគ្មានអ្វីដែលអ្នកអាចធ្វើបាននោះទេ តែការសិក្សាស្រាវជ្រាវថ្មី បង្ហាញពីដំណោះស្រាយនូវបញ្ហានេះ។ នៅក្នុងការសិក្សាសាកល្បង ការផ្លាស់ប្តូរទំលាប់រស់នៅប្រចាំថ្ងៃ អាចជួយជម្រុញអង់ស៊ីម ដែលអាចនឹងបង្កើនរយៈពេលរបស់telomeres ។ការសិក្សាផ្សេងទៀត ក៏បានរកឃើញថា របបអាហារ និង ការធ្វើលំហាត់ប្រាណ អាចជួយការពារ telomeres ផងដែរ។ ដូច្នេះ ទំលាប់ក្នុងការរស់នៅ ប្រកបដោយសុខភាពល្អ អាចជួយពន្យាអាយុ នៃកំរិតរបស់កោសិកា ។
មានសតិសម្បជញ្ញះ
ការសិក្សាក្នុងរយៈពេល ៨០ឆ្នាំបានរកឃើញថា មួយក្នុងចំណោមអ្វីដែលអាចទស្សន៍ទាយបានល្អបំផុតនៃការមានអាយុវែងនោះគឺ អត្តចរិតដែលមានសតិសម្បជញ្ញះ។ អ្នកស្រាវជ្រាវបានកំណត់នូវកត្តារួមផ្សំមួយចំនួនដូចជាការយកចិត្តទុកដាក់ទៅលើ ភាពល្អិតល្អន់ និង ការតស៊ូជំនះ។ ពួកគេបានរកឃើញថា មនុស្សដែលមានសតិសម្បជញ្ញះ គឺបានធ្វើអ្វីៗជាច្រើនដើម្បី ការពារសុខភាពរបស់គេ និង បង្កើតជំរើសដែលនាំទៅរក ទំនាក់ទំនងដ៏រឹងមាំនិង មុខរបរកាន់តែប្រសើរ។
ការរាប់អានមិត្ត
អ្នកវិទ្យាសាស្ត្រ ក៏បានផ្តល់ហេតុផលដល់អ្នកថែមមួយទៀតដែរ គឺការដឹងគុណចំពោះមិត្តភក្តិរបស់អ្នក ពួកគេអាចនឹងជួយអោយអ្នករស់នៅបានយូរ។ អ្នកសិក្សាស្រាវជ្រាវជនជាតិអូស្ត្រាលី បានរកឃើញថា មនុស្សចាស់ដែលមានមិត្តភក្តិច្រើន នៅក្នងសង្គម គឺហាក់ដូចជាមិនសូវស្លាប់ក្នុងរយៈពេល ១០ឆ្នាំ បើប្រៀបធៀបនឹងក្រុមមនុស្សដែលមានមិត្តភក្តិតិច។ ការវិភាគនៃលទ្ធផលផ្សេងទៀត ពីការសិក្សាចំនួន ១៤៨ បានគាំទ្រទំនាក់ទំនងរវាង ការភ្ជាប់ទំនាក់ទនងច្រើនក្នុងសង្គម និង ការមានអាយុវែង។
មានភាពឈ្លាសវៃក្នុងការជ្រើសរើសមិត្ត
មិត្តភក្តិរបស់អ្នកអាចជះឥទ្ធិពលចំពោះអ្នក ដូច្នេះអ្នកត្រូវស្វែងរកមិត្តដែលមានទំលាប់រស់នៅប្រចាំថ្ងៃប្រកបដោយសុខភាពល្អ។ ការសិក្សាចង្អុលបង្ហាញថា ភាពធាត់ជ្រុលគឺជាជំងឺឆ្លងមួយ នៅក្នុងសង្គម ឱកាស ដែលអ្នកអាចក្លាយជាធាត់បានគឺមាន ៥៧ភាគរយ ប្រសិនបើអ្នកមានមិត្តដែលមានជំងឺធាត់នេះ។ ការជក់បារី គឺជាទំលាប់មួយផ្សេងទៀត ដែលអាចរាតត្បាតនៅក្នុងសង្គម ប៉ុន្តែដំណឹងល្អនោះគឺថា ការបោះចោលនូវទំលាប់នៃការជក់បារីក៏ជាការឆ្លងតាមគ្នាផងដែរ។
ការបោះចោលនូវទំលាប់ជក់បារី
ខណៈពេលដែលវាគ្មានអ្វីជាអាថ៌កំបាំងទៀតដែលថា ការបោះបង់ចោលនូវការជក់បារីអាចធ្វើអោយអ្នករស់នៅបានយូរ គឺចំនួននៃពេលវេលាបន្ថែមនេះអាចធ្វើអោយអ្នកមានភាព ភ្ញាក់ផ្អើល។ យោងតាមការសិក្សារបស់ជនជាតិអង់គ្លេសក្នុងរយៈពេល៥០ឆ្នាំ ការបញ្ឈប់ការជក់បារីនៅក្នុងអាយុ ៣០ឆ្នាំ គឺអាចបង្កើនអាយុកាលរបស់អ្នក ។ការចោលនូវទំលាប់នេះ ក្នុងអាយុ ៤០, ៥០ ឬ ៦០ឆ្នាំ គឺអាចពន្យារអាយុបានដល់ ៩, ៦ ឬ ក៏ ៣ឆ្នាំ ។
ចាប់យកនូវទំលាប់គេងថ្ងៃមួយស្របក់
ការគេងមួយស្របក់ គឺជាទំលាប់ស្តង់ដាមួយនៅក្នុងផ្នែកជាច្រើននៃពិភពលោក ហើយនាពេលឥឡូវនេះ គឺមានភស្តុតាងវិទ្យាសាស្ត្រ បង្ហាញថាការគេងមួយស្របក់ អាចជួយអោយអ្នករស់នៅបានយូរ។ ការសិក្សាក្នុងពេលថ្មីៗនេះ ចំពោះអ្នកចូលរួម ២៤០០០នាក់ បង្ហាញថា ការគេងមួយស្របក់អោយបានទៀតទាត់ គឺមាន ៣៧ភាគរយដែលអ្នក អាចហាក់នឹងមិនស្លាប់ដោយសារតែជំងឺ គាំងបេះដូង ជាជាង អ្នកដែលគេងមួយស្របក់យូរៗម្តង។ អ្នកសិក្សាស្រាវជ្រាវគិតថា ការគេងថ្ងៃអាចជួយអោយ បេះដូងរបស់អ្នករក្សានូវកំរិតអរម៉ូនស្ត្រេសថយចុះ។
ធ្វើតាមរបបអាហាររបស់ពួកមេឌីទែរ៉ាណេ
អាហាររបស់ពូកមេឌីទែរ៉ាណេ គឺមានជាតិផ្លែឈើ, បន្លែ,គ្រាប់ធញ្ញជាតិ, ប្រេងអូលីវ និង ត្រីច្រើន។ ការវិភាគក្នុងករណីសិក្សាចំនួន ៥០ដែលមានការចូលរួម នូវចំនួនមនុស្សច្រើនជាង ពាក់កណ្តាលលាននាក់ បង្ហាញពីគុណប្រយោជន៍ដ៍គួរអោយចាប់អារម្មណ៍ជាខ្លាំងនៃការបរិភោគអាហារនេះ។ ការរកឃើញនេះ បង្ហាញថា វាអាចបន្ថយជាចំបងនូវកំរិតនៃការប្រឈមនឹងគ្រោះថ្នាក់នៃ រោគសញ្ញានៃមេតាបូលិក ដែលជាការរួមផ្សំនៃភាពធាត់ជ្រុល, ការកើនឡើងនូវជាតិស្ករក្នុងឈាម , ការឡើងសំពាធឈាម និង កត្តាផ្សេងទៀតដែលអាចបង្កើនការប្រឈមនឹងគ្រោះថ្នាក់របស់អ្នកចំពោះជំងឺ បេះដូង និង ជំងឺទឹកនោមផ្អែម។
បរិភោគអោយដូចប្រជាជនតំបន់អូគីណាវ៉ា
ប្រជាជននៃតំបន់អូគីណាវ៉ា ប្រទេសជប៉ុនគឺមាន អាយុកាលជាមធ្យមវែងជាងគេ នៅលើពិភពលោក។អ្នកសិក្សាស្រាវជ្រាវ សន្មតថាមូលហេតុនេះ គឺមានទំនាក់ទំនងនឹង របបអាហារជាប្រពៃណីរបស់តំបន់ ដែលវាមានជាតិបន្លែពណ៌បៃតង និង លឿងច្រើន និង មានជាតិកាឡូរីទាប។ មានប្រជាជនតំបន់អូគីណាវ៉ា បង្កើតទំលាប់នៃការបរិភោគអាហារត្រឹមតែ ៨០ភាគរយនៃអាហារដែលមាននៅក្នុងចានរបស់ពួកគេ។ ដោយសារតែក្មេងជំនាន់ក្រោយងាករេចេញពី ប្រពៃណីនេះ អាយុកាលជាមធ្យមរបស់ប្រជាជនតំបន់នេះ គឺមានការធ្លាក់ចុះ។
រៀបមង្គលការ
ការសិក្សាជាច្រើនបង្ហាញថា មនុស្សដែលរៀបការហើយ ហាក់ដូចជា រស់នៅបានយូរជាងក្រុមមនុស្សដែលនៅលីវ។ ការសិក្សាស្រាវជ្រាវជាច្រើន សន្មតពីភាពខុសគ្នានៃការគាំទ្រ ផ្នែកសង្គម និង សេដ្ឋកិច្ច ដែលការរៀបការបានផ្តល់អោយ។ ខណៈពេលដែល ការរៀបការនាពេលបច្ចុប្បន្ន បានផ្តល់អោយយើងនូវគុណសម្បត្តិដ៏អស្ចារ្យជាច្រើន អ្នកដែលបានលែងលះ ឬ មេម៉ាយមានអត្រាមរណៈទាបជាង អ្នកដែលមិនធ្លាប់រៀបការពីមុនមក។
សម្រកទំងន់
ប្រសិនបើអ្នកលើសទំងន់ ការសម្រកទំងន់អាចការពារអ្នកប្រឆាំងនឹងជំងឺទឹកនោមផ្អែម, ជំងឺបេះដូង និង ស្ថានភាពដទៃទៀតដែលអាចធ្វើអោយអ្នកមានអាយុខ្លីបាន។ ជាតិខ្លាញ់នៅក្បាលពោះ ហាក់ដូចជាបង្ហាញនូវមហន្តរាយ ដូច្នេះសូមអ្នកផ្តោតអារម្មណ៍លើ ការបន្ធូរសំពាធនេះ។ ការសិក្សាក្នុងរយៈពេល ៥ឆ្នាំ អំពីជនជាតិ ហីសប៉ានីក( Hispanics) និង ជនជាតិអាមេរិកកាំង អាហ្វ្រិកកាំង បង្ហាញថា ការបរិភោគអាហារជាតិសសៃអោយបានច្រើន និងការធ្វើលំហាត់ប្រាណអោយបានទៀតទាត់ គឺជាវិធីមួយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយខ្លាញ់នៅក្បាលពោះ។
ធ្វើចលនា
ភស្តុតាងដ៏ច្រើនលើសលុបនោះគឺថា មនុស្សដែលធ្វើលំហាត់ប្រាណជាមធ្យមគឺ រស់នៅបានយូរជាងអ្នកដែលមិនបានធ្វើលំហាត់ប្រាណ។ យោងទៅតាមការសិក្សាស្រាវជ្រាវជាច្រើន ការធ្វើចលនារាងកាយទៀតទាត់ គឺអាចកាត់បន្ថយនឹងការប្រឈមគ្រោះថ្នាក់នឹងជំងឺ បេះដូង, ជំងឺដាច់សសៃឈាមខួរក្បាល, ជំងឺទឹកនោមផ្អែម, ទំរង់មួយចំនួននៃជំងឺមហារីក និង ជំងឺធ្លាក់ទឹកចិត្ត។ ការហាត់ប្រាណក៏អាចថែមទាំងជួយអ្នកអោយ រស់នៅដោយមានសុខភាពជាតិរឹងមាំ នៅក្នុងវ័យចំណាស់របស់អ្នក។ ការបញ្ចេញសកម្មភាពក្នុងរយៈពេល ១០នាទីគឺមានសុវត្ថិភាព ដរាបណា ពួកគេអាចបន្ថែមវាទៅដល់ប្រហែលជា ២ម៉ោងកន្លះនៃលំហាត់ប្រាណជាមធ្យមក្នុងមួយសប្តាហ៍។
ចេះប្រមាណក្នុងការផឹកសុរា
ជំងឺបេះដូងគឺហាក់ដូចជាមិនសូវកើតមានចំពោះ ក្រុមមនុស្សដែលចេះប្រមាណក្នុងការផឹកសុរា ជាងក្រុមមនុស្សដែលមិនចេះផឹកទាល់តែសោះ។ ប៉ុន្តែសូមចងចាំថា ការផឹកសុរាច្រើនជ្រុលគឺធ្វើអោយអ្នកដុះក្បាលពោះ,បង្កើនសំពាធឈាម, និងអាចបណ្តាលអោយមាន បញ្ហាសុខភាពផ្សេងៗជាច្រើនទៀត។ សមាគមន៍ជំងឺបេះដូងនៃជនជាតិអាមេរិកណែនាំថា ប្រសិនបើអ្នកផឹកសុរា ការកំណត់នូវការផឹកនោះ គឺមួយកែវក្នុងមួយថ្ងៃសំរាប់ស្ត្រី និង មួយឬ ពីរកែវសំរាប់បុរស។ ប៉ុន្តែប្រសិនបើអ្នកមិនផឹកវា សូមកុំចាប់ផ្តើមវាអោយសោះ។ វាក៏មានវិធីផ្សេងទៀតជាច្រើនក្នុងការ ការពារសុខភាពបេះដូងរបស់អ្នក ។
ទទួលយកជំនួយផ្នែកផ្លូវចិត្ត
ការសិក្សាស្រាវជ្រាវបង្ហាញថា មនុស្សដែលចូលរួមសេវាកម្មផ្នែកសាសនា ហាក់ដូចជារស់នៅបានយូរជាង មនុស្សដែលមិនដែលចូលវាទាល់តែសោះ។ នៅក្នុងការសិក្សារយៈពេល ១២ឆ្នាំចំពោះក្រុមមនុស្សដែលមានអាយុលើស ៦៥ឆ្នាំ គឺពពួកអ្នកដែលចូលរួមទទួលសេវាកម្មនេះច្រើនជាងមួយដង ក្នុងមួយសប្តាហ៍មានកំរិតប្រូតេអ៊ីន នៃប្រព័ន្ធភាពសុំាខ្ពស់ជាង មិត្តរបស់ពួកគេដែលមិនដែលចូលរួមទទួលសេវាកម្មនេះ។ ពួកគេ ហាក់ដូចជាមិនសូវស្លាប់ក្នុងកំឡុងពេលនៃការធ្វើ ការសិក្សានេះ។ ប្រព័ន្ធបណ្តាញសង្គមខ្លាំងក្លា ដែលមានការវិវត្តន៍ ក្នុងពេលដែលមនុស្សធ្វើការគោរពរួមគ្នា អាចចូលរួមចំណែកយ៉ាងសំខាន់ដល់សុខភាពទាំងមូលរបស់មនុស្ស។
ការអភ័យទោស
ការបោះបង់ចោលនូវ ការចងកំហឹង គឺបានផ្តល់គុណសម្បត្តិដ៏ភ្ញាក់ផ្អើល ចំពោះសុខភាពរាងកាយ។ ការមានកំហឹងជារុំារ៉ៃ គឺមានទំនាក់ទំនងនឹង ការថយចុះនូវមុខងាររបស់សួត, ជំងឺបេះដូង, ជំងឺដាច់សសៃឈាមខួរក្បាល និង កត្តាផ្សេងៗដទៃទៀត។ ការអភ័យទោសចំពោះនរណាម្នាក់ គឺនឹងអាចកាត់បន្ថយនូវភាពថប់បារម្ភ, បន្ថយសំពាធឈាម និង ជួយអោយអ្នកដកដង្ហើមបានស្រួលជាងមុន។ ផលប្រយោជន៍ទាំងនេះ ហាក់ដូចជានឹងកើនឡើង
នៅពេលដែលអ្នកចាស់ទៅ ។
ប្រើនូវកំរិតនៃល្បឿនសុវត្ថិភាព
គ្រោះថ្នាក់ចរាចរណ៍ជាទូទៅ គឺជាមូលហេតុទី៥ ដែលធ្វើអោយមានមនុស្សស្លាប់នៅក្នុងសហរដ្ឋអាមេរិក និងជាមូលហេតុចំបងជាងគេនៃការស្លាប់ ចំពោះមនុស្សដែលមានអាយុពី ១ឆ្នាំ ដល់ ២៤ឆ្នាំ។ ការប្រើនូវកំរិតនៃល្បឿនសុវត្ថិភាព គឺជាវិធីដ៏សាមញ្ញ ក្នុងការជម្រុញអោយជីរិតរបស់អ្នកកើនឡើង។ នៅក្នុងព្រឹត្តិការណ៍នៃគ្រោះថ្នាក់របស់យានយន្ត ការពាក់ខ្សែក្រវ៉ាត់ គឺអាចកាត់បន្ថយនូវការប្រឈមនឹងគ្រោះថ្នាក់នៃការស្លាប់ ឬ ក៏របួសធ្ងន់ធ្ងរបានដល់ ៥០ភាគរយ។ នៅក្នុងគ្រោះថ្នាក់ដោយសារកង់ ការស្លាប់ភាគច្រើនគឺ បណ្តាលមកពីការរងរបួសក្បាល ដូច្នេះសូមអ្នក តែងតែពាក់មួកសុវត្ថិភាពរបស់អ្នក ។
ផ្តល់អាទិភាពដល់ការទទួលទានដំណេក
ការទទួលបានដំណេកគ្រប់គ្រាន់ អាចជួយបន្ថគ្រោះថ្នាក់ប្រឈមនឹង ភាពធាត់,ជំងឺទឹកនោមផ្អែម , ជំងឺបេះដូងនិង ភាពមិនប្រក្រតី នៃអារម្មណ៍។ ការគេងបានគ្រប់គ្រាន់ នឹងអាចជួយអ្នក អោយជាសះស្បើយពីជំងឺបានឆាប់រហ័ស។ ការគេងតិចជាង ៥ម៉ោងក្នុងពេលមួយយប់ គឺអាចជម្រុញអោយមានគ្រោះថ្នាក់ប្រឈមនឹង ការស្លាប់មុនពេលកំណត់ ដូច្នេះសូមផ្តល់អាទិភាពដល់ការទទួលទានដំណេករបស់អ្នក។
គ្រប់គ្រងស្ត្រេស
ឌីនអរនីស (Dean Ornish) បានបោះពុម្ពផ្សាយនូវការសិក្សាស្រាវជ្រាវ ដែលបង្ហាញថា ការផ្លាស់ប្តូរនូវទំលាប់រស់នៅប្រចាំថ្ងៃ រួមមានដូចជា ការគ្រប់គ្រងស្ត្រេស គឺមិនត្រឹមតែអាចជួយការពារអ្នកពីជំងឺបេះដូងប៉ុណ្ណោះទេ ប៉ុន្តែវាពិតជាអាចកែប្រែវាបានទៀតផង។ ទោះបីជាការជៀសវាងស្ត្រេស គឺមិនមែនជំរើស ដែលស្ថិតបានយូរអង្វែងចំពោះមនុស្សភាគច្រើន មានវិធីដ៏មានប្រសិទ្ធភាពជាច្រើនទៀត ដែលអ្នកអាចធ្វើគ្រប់គ្រងវាបាន។ ចូរសាកល្បង ហាត់យូហ្គា , តាំងសាធិ ឬ ដកដង្ហើមវែងៗ។ ទោះបីជាអ្នកធ្វើវាបានត្រឹមពីរបី នាទីក្នុងមួយថ្ងៃ ក៏វាអាចបង្កើតភាពខុសប្លែកបានដែរ ។
រក្សានូវអារម្មណ៍ដែលមានគោលដៅ
ការស្វែងរកចំណង់ចំណូលចិត្ត និង សកម្មភាពដែលមានអត្ថន័យចំពោះអ្នក គឺអាចនឹងចូលរួមធ្វើចំណែកអោយអ្នកមានអាយុវែង។ ការសិក្សាស្រាវជ្រាវរបស់ជនជាតិជប៉ុន បានរកឃើញថា មនុស្សប្រុសដែលបានកំណត់គោលដៅបានរឹងមាំ គឺទំនងដូចជាមិនងាយនឹងស្លាប់ដោយសារ ជំងឺដាច់សសៃឈាមខួរក្បាល, ជំងឺបេះដូង និងមូលហេតុផ្សេងទៀត នៅក្នុងរយៈពេល ១៣ឆ្នាំ ដោយធ្វើការប្រៀបធៀបនឹងក្រុមមនុស្សដែលមិនមាននូវអារម្មណ៍នៃការកំណត់គោលដៅ។ ការសិក្សាស្រាវជ្រាវផ្សេងទៀត នៅឯសកលវិទ្យាល័យ រ៉ាស ( Rush University) មជ្ឈមណ្ឌលវេជ្ជសាស្ត្រចង្អុលបង្ហាញថា ការមានអារម្មណ៍នៃការកំណត់គោលដៅខ្ពស់ គឺមានទំនាក់ទំនងនឹង ការកាត់បន្ថយនូវជំងឺអាល់ហ្សែមៀ ( Alzheimer’s disease) ៕