ប្រសិនបើអ្នកជាអតិថិជន ទៀងទាត់ដែលតែងតែទៅកន្លែងនេះ នោះអ្នកអាចនឹងសម្គាល់ឃើញនូវ គុណសម្បត្តិ ដែលជារឿយៗខ្ញុំ តែងផ្តល់យោបល់ដល់អ្នកទាំងឡាយ អោយប្រើនូវបន្ទប់សូណា និង ស្ទីម ដែលវានឹង អាចជួយធ្វើអោយរូបរាងកាយអ្នក មានភាពសមសួនជាងមុនបាន។

ឆ្លងកាត់ តាមប្រវតិ្តរបស់ វា ពួកវាត្រូវបានគេអះអាងថា វាអាចជួយធ្វើអោយ សុខភាព ល្អប្រសើរជាងមុនបាន។ តែទោះជាយ៉ាងណាក៏ដោយ តើអ្វីទៅដែលជាអត្ថប្រយោជន៍ដ៏ពិតប្រាកដ នៃការ ចូលទៅក្នុងបន្ទប់សូណា និង ស្ទីមនេះ? តើពួកវា មានប្រសិទ្ធិភាពបានយ៉ាងដូចម្តេចខ្លះ? ហើយ ថាតើវាអាចជួយអ្នក បានដោយរបៀបណា?
· ពួកវាជួយសម្អាតស្បែករបស់ យើងម្នាក់ៗ។ កម្តៅដែលមាននៅក្នុងបន្ទប់នោះ គឺអាចជួយបើក ចំហនូវ រន្ធញើស និង អនុញ្ញាតអោយជាតិប្រេង និង ធូលីចេញមកក្រៅបាន។ ការបែកញើស ក៏ បានជួយផងដែរ ក្នុងការបណ្តេញនូវជាតិពុល ចេញពីក្នុងខ្លួន ហើយការបង្កើននូវ ចរន្តឈាមរត់ នេះ គឺអាចជម្រុញអោយ ស្នាមដាច់រលាត់ និង ការរលាកដោយសារកម្តៅថ្ងៃនៅលើស្បែក ឆាប់ ជាសះស្បើយបាន។ ប្រការនេះ គឺបានធ្វើអោយបន្ទប់សូណា ក្លាយជាផ្នែកមួយដ៏អស្ចារ្យនៃ កម្មវិធី បណ្តេញជាតិពុលចេញពីក្នុងខ្លួន ។
· វាកាត់បន្ថយនូវឱកាសរបស់អ្នក ក្នុងការកើតមាននូវជំងឺផ្តាសាយ និង គ្រុនផ្តាសាយធំ ដោយសារ តែកម្តៅរាងកាយរបស់អ្នកបានកើនឡើង ដោយធ្វើអោយវា គិតថាអ្នកកំពុងមាន គ្រុនក្តៅ ហើយជាលទ្ធផលមកវិញ វាអាចភ្ញោចដល់ សិរីរៈខាងក្នុង ជាពិសេសនោះគឺ ប្រព័ន្ធភាពស៊ាំ ។
· ចង្វាក់បេះដូង នឹងមានការកើនឡើង ទៅតាមសីតុណ្ហភាព ដែលមាននៅក្នុងបន្ទប់សូណា និង ស្ទីម ដែលវាអាចនឹងស្មើគ្នា ទៅនឹង សកម្មភាពនៃការហាត់ប្រាណផ្នែករាងកាយ ដែលស្រដៀង គ្នាទៅនឹងការ ដើរញាប់ៗ បានផងដែរ។ ទន្ទឹមនឹងនេះ ពួកវាក៏បានជួយផងដែរ ក្នុងការសម្រក ទម្ងន់ ដោយសារតែអ្នកអាច ដុតបំផ្លាញបាននូវ កាឡូរីជាច្រើនរាប់រយ នៅក្នុងពេលមួយវគ្គៗ ។ តែទោះជាយ៉ាងណាក៏ដោយ ពួកវានឹងមិនអាច ជំនួសបាននូវ ការធ្វើសកម្មភាពផ្នែករាងកាយ ដ៏ពិត ប្រាកដបាននោះទេ។ អ្នកអាចបូកបញ្ចូលវា ចូលទៅក្នុងរបបសកម្មភាព ដែលផ្តល់ផលល្អ ចំពោះ សុខភាព ដើម្បីទទួលបាននូវអត្ថប្រយោជន៍ បានពេញលេញល្អ ។
· បន្ទប់ស្ទីម គឺមានលក្ខណៈជាពិសេស សម្រាប់ព្យាបាលដល់បញ្ហា ប្រព័ន្ធផ្លូវដង្ហើម។ ការចំហុយ និង ខ្យល់ក្តៅឧណ្ណៗ គឺអាចសម្រាលបានដល់ ភាពខាប់ណែនរបស់ ស្លេសដែលមាននៅក្នុង សួត និង បំពង់ក ក៏រួមផងដែរ ក្នុងការកាត់បន្ថយនូវ ការលាក និង ភាពហើមប៉ោង។
· ពួកវា អាចប្រើបានជាវិធីដ៏ល្អមួយ ក្នុងការបន្ធូរអារម្មណ៍ បន្ទាប់ពី មានភាពហត់នឿយនៅកន្លែង ធ្វើការ និង សម្រាលផងដែរនូវសាច់ដុំ បន្ទាប់ពីអ្នកបានធ្វើ លំហាត់ប្រាណផ្នែករាងកាយ។ ចំណុច នេះគឺ ធ្វើអោយវាមាន ភាពល្អប្រសើរបំផុតក្នុងការ កាត់បន្ថយស្ត្រេស និង បំពេញថាមពល ដល់រាងកាយមកវិញ ។
វាក៏មានផងដែរនូវ បញ្ហាសុវត្ថិភាពសំខាន់ៗ ដែលអ្នកត្រូវដឹងអោយបានច្បាស់ មុនពេលសម្រេចចិត្ត ទៅទទូលសេវាកម្ម សុខភាពស្ប៉ានេះ ។ សីតុណ្ហភាព អាចនឹងមានសភាពកើនឡើងយ៉ាងខ្ពស់ នៅក្នុង បន្ទប់សូណា ។ អ្នកអាចទៅបាន លុះត្រាតែអ្នកអាច មានផាសុកចំពោះវា ហើយពេលវេលា ដែលសាក សមនឹងទទួលយកវា ក្នុងពេលមួយវគ្គៗ ជាធម្មតាគឺចន្លោះពេលពី ១០ ទៅ ២០នាទី តែអ្នកត្រូវតែចាក ចេញប្រសិនបើអ្នកយល់ថា វាចាប់ផ្តើមក្តៅខ្លាំង ដែលអាចនឹងធ្វើអោយអ្នកឈឺចាប់ ឬ ទ្រាំលែងបាន ។ ចូរប្រាកដផងដែរ ថាអ្នកមានជាតិទឹកគ្រប់គ្រាន់នៅក្នុងខ្លួន មុនពេល, អំឡុងពេល និង ក្រោយពេល នៃការចូលស្ទីម និង សូណានេះ ។ ជាទីបញ្ចប់ ដោយសារតែ បន្ទប់សូណា និង ស្ទីម អាចបង្កើននូវចង្វាក់បេះ ហើយប្រសិនបើអ្នក មានជំងឺលើសសម្ពាធឈាម ,បញ្ហាសុខភាពបេះដូង ឬ កំពុងតែមានផ្ទៃពោះ នោះអ្នក គប្បីត្រូវតែធ្វើការពិភាក្សា ជាមួយអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ជាមុនសិន មុនពេលអ្នកសម្រេច ចិត្តមក ទទួលយកសេវាកម្មប្រភេទនេះ ៕