តើអ្នកធ្លាប់ស្មានដល់ទេថា ការច្រៀងពេលងូតទឹក ជាពិសេសក្នុងពេលព្រឹកអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពបាន? (អាន ៖ ដេកមិនលក់នាំអោយឈឺច្រើន!នេះជាដំណោះស្រាយ) ទោះបីជាការច្រៀងអាចធ្វើឲ្យរំខានដល់មិត្តរួមបន្ទប់ ឬសមាជិកក្នុងផ្ទះក៏ពិតមែន ប៉ុន្តែទោះជាយ៉ាងណាទម្លាប់មួយនេះប្រសើរណាស់សម្រាប់សុខភាព! ថាតើការច្រៀងពេលងូតទឹកល្អយ៉ាងណាខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីផលវិជ្ជមានល្អៗនៃការច្រៀងពេលងូតទឹកចំពោះសុខភាពរាងកាយ ៖

១. កាត់បន្ថយស្ត្រេស

នៅពេលដែលអ្នកច្រៀង វាហាក់ដូចជាអ្នកកំពុងធ្វើលំហាត់ប្រាណសួតអញ្ចឹង! អ្នកស្រូបយកអុកស៊ីសែនកាន់តែច្រើនដង ហើយជាលទ្ធផលកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសក៏ត្រូវបានកាត់​បន្ថយ។ ការច្រៀងក៏ជាបច្ចេកទេសពេញនិយមមួយដែលអ្នកឯកទេសព្យាបាលបញ្ហាស្ត្រេសណែនាំឲ្យអ្នកជំងឺអនុវត្ត ដោយការធ្វើបែបនេះតម្រូវឲ្យផ្ដោតសំខាន់លើការដកដង្ហើមវែងៗជ្រៅៗ។

២. កាត់បន្ថយសម្ពាធឈាម

Cortisol គឺជាអ័រម៉ូនដែលទាក់ទងនឹងភាពតានតឹងក្នុងអារម្មណ៍។ ប្រសិនបើកម្រិតនៃអ័រម៉ូនស្ត្រេស Cortisol កើនឡើងច្រើនពេកក្នុងរាងកាយ នោះវាអាចធ្វើឲ្យកម្រិតនៃជាតិស្ករ និងសម្ពាធឈាមឡើងខ្ពស់ដែរ។ នៅពេលជាតិស្ករ និងកម្រិតសម្ពាធឈាមខ្ពស់ខុសធម្មតាវាបង្កជាជំងឺគួរឲ្យព្រួយបារម្ភជាច្រើន។ ដូច្នេះដើម្បីជៀសវាងបញ្ហាសុខភាពណាមួយកើតឡើង ចូរកាត់បន្ថយអ័រម៉ូន Cortisol តាមរយៈការច្រៀង!

៣. ពង្រឹងសាច់ដុំ

មានបច្ចេកទេសមួយតែងត្រូវបានអនុវត្តដោយអ្នកចម្រៀងអាជីពដែលពួកគេច្រៀងពី diaphragm (ដ្យ៉ាហ្វ្រាម)។ ប្រសិនបើអ្នកអាចធ្វើដូច្នេះបាន នោះអ្នកអាចជួយពង្រឹងសាច់ដុំខ្នង និងពោះបានដែរហើយ។

៤. ជម្រុញការចងចាំ

ដើម្បីច្រៀងចម្រៀងបានមួយបទ អ្នកត្រូវចាំទំនុកចម្រៀង ឬប៉ារ៉ូល។ វាមិនអីទេប្រសិនបើភ្លេចខ្លះៗនោះ ប៉ុន្តែតាមរយៈការច្រៀងជាប្រចាំអ្នកអាចជម្រុញការចងចាំរបស់ខ្លួនឯងបាន! ការច្រៀងជាមធ្យោបាយមួយហ្វឹកហាត់ភាពសកម្មនៃខួរក្បាល។

៥. ពង្រឹងប្រព័ន្ធភាពស៊ាំ

ដោយសារកម្រិតនៃអ័រម៉ូន cortisol ចុះទាបនោះអ្នកនឹងមិនស្ត្រេសឡើយ ហើយភាពមិនតានតឹងក្នុងអារម្មណ៍អាចជួយកាត់បន្ថយសម្ពាធឈាម។ នៅពេលសម្ពាធឈាមចុះទាប វាធ្វើឲ្យមុខងារនៃប្រព័ន្ធភាពស៊ាំរាងកាយងាយស្រួលដំណើរការបានប្រសើរជាងមុន៕