ពាក្យមួយឃ្លាដែលថា “ចេះតែអស់កម្លាំងគ្រប់ពេល” បានក្លាយទៅជារឿងដ៏ពេញនិយមសម្រាប់មនុស្សជាច្រើននាក់។ មូលហេតុរបស់វាច្រើនតែងមានជាប់ទាក់ទងនឹងជាតិពុលក្នុងខ្លួន ស្ត្រេស និងធាត់។ ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុដែលអាចកើតមានដ៏ទៃទៀតនោះវាអាចជារឿងធំបាន ហើយអ្នកត្រូវតែពិនិត្យលើមុខងារក្រពេញទីរ៉ូអ៊ីតប្រសិនបើមានការអស់កម្លាំងជារ៉ាំរ៉ៃនោះ។

ពេលខ្លះមូលហេតុដ៏ចំបងបំផុតនៃការអស់កម្លាំងអាចជាការដេកមិនបានគ្រប់គ្រាន់ដែរ។ នៅពេលអ្នកស្ថិតក្នុងសម្ពាធរបស់គេ វាប្រហែលជាធ្វើអោយអ្នកពិបាកនឹងដេកលក់ស្រួល និងច្រើនតែភ្ញាក់ពីដេកឡើងអស់កម្លាំងមិនដូចយប់មុនៗទេ។
ជាក់ស្តែងកម្រិតនៃការអស់កម្លាំងគឺមិនទៀងទាត់ទេ ប៉ុន្តែប្រសិនបើអ្នកមានបញ្ហាជាមួយនឹងការញ័រដើមទ្រូងជាទៀងទាត់ក្នុងពេលថ្ងៃ ឬឈឺក្បាលរ៉ាំរ៉ៃ រាគរហូត ឬធ្លាប់មានអាការៈក្រហមនៅទ្រូងខាងលើនិងបំពង់ក សុទ្ធតែអាចទាក់ទងនឹងក្រពេញលើតម្រងនោមប្រាប់ថា រាងកាយរបស់អ្នកធ្វើការលែងកើតទៀតហើយ។ ប្រសិនបើអ្នកចាប់ផ្តើមយំដោយគ្មានមូលហេតុ និងចាប់ផ្តើមខ្សោយគ្រប់វិញ្ញាណទាំងអស់តែម្តង អ្នកត្រូវតែតាមដាន និងសម្គាល់រកមើលសញ្ញាដែលបញ្ជាក់ថាកាន់តែធ្ងន់ធ្ងរទៀត។ បើសិនជាប្រព័ន្ធភាពស៊ាំចុះខ្សោយ ជំងឺទំនងជាអាចយាយីលើរូបអ្នកកាន់តែច្រើន។ ការសម្រាក គឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់រឿងនេះ។
អាហារដែលត្រូវចៀសវាង
•តែ កាហ្វេ ស្រា និងស្ករពិតជាជួយផ្តល់ថាមពលបានរយៈពេលខ្លីមែន ប៉ុន្តែក្រោយពេលអស់ប្រសិទ្ធភាពវាហើយ វានឹងធ្វើអោយឃ្លានចង់ញ៉ាំស្ករ ឬអាហារកែច្នៃបែបនោះកាន់តែច្រើនទៀត។ ហេតុដូច្នេះហើយអ្នកគួរតែ កាត់បន្ថយភេសជ្ជៈកូកាកូឡា ភេសជ្ជៈមានជាតិហ្គាស សូកូឡា តែខ្មៅ នំបីស្គុត និងនំខេក។ វាមិនត្រឹមតែធ្វើអោយយើងអស់កម្លាំងទេ តែវាក៏ទៅបន្ថយសារជាតិសំខាន់ៗដូចជាម៉ាញ៉េស្យូម ក្រូមីញ៉ូម និងវីតាមីន B ទើបបណ្តាលអោយអស់កម្លាំងកាន់តែខ្លាំង។
•មិនត្រូវញ៉ាំអាហារមានជាតិប្រូតេអ៊ីននៅពេលយប់ច្រើនទេ ព្រោះវាធ្វើអោយការរំលាយអាហារប្រព្រឹត្តិទៅយូរ។
អាហារដែលគួរទទួលទាន
•ចូរញ៉ាំអាហារថាមពលអោយបានច្រើនជាពិសេសគឺផ្លែឈើ និងបន្លែស្រស់ៗ
•អង្ករសម្រូតសម្បូរវីតាមីន B ជួយទ្រទ្រងសរសៃប្រសាទបាន។
•ជាតិម៉ាញ៉េស្យូម និងកាល់ស្យូម ត្រូវបានគេស្គាល់ថាជាថ្នាំរំញាប់ចិត្តពីធម្មជាតិ ដូច្នេះចូរញ៉ាំបន្លែពណ៌បៃតងអោយបានច្រើនដូចជា ស្ពៃក្តោបៃតង ផ្កាខាតណាពណ៌បៃតង ផ្លែអាលម៉ុង ម្នាស់ និងល្ហុង និងត្រី។ សូកូឡាក៏សម្បូរជាតិកាលស្យូមដែរ។
•ចូរយកបន្លែមកធ្វើជាស៊ុបញ៉ាំដើម្បីងាយស្រួលរំលាយអាហារ។
•ចូរគ្រប់គ្រងកម្រិតជាតិស្ករអោយបានល្អ ដោយញ៉ាំស្ករតែចំនួនតិចតួចបានហើយដើម្បីអាចកាត់បន្ថយការអស់កម្លាំងបាន។
ការព្យាបាលដោយខ្លួនឯងដ៏មានប្រយោជន៍
•ចូរប្រើវីតាមីន Bកំផ្លេចដែលមានគុណភាពល្អដើម្បីជួយបន្ធូរបន្ថយសរសៃប្រសាទ និងបន្ថែមដល់ការរំលាយអាហារ ព្រមទាំងបន្ថែមវីតាមីន Pantothenic Acid (B5) ដើម្បីទ្រទ្រងដល់មុខងារក្រពេញលើតម្រងនោម។ ប្រសិនបើអ្នកភ្ញាក់ពីដេកនៅចន្លោះម៉ោង ៣ និង ៥ព្រឹក វាអាចជាប់ទាក់ទងនឹងការអស់កម្លាំងរបស់ក្រពេញលើតម្រងនោម។
•ដោយសារតែប្រព័ន្ធរំលាយអាហារធ្វើការមិនបានល្អនៅពេលអស់កម្លាំង ចូរប្រើថ្នាំគ្រាប់ជាអង់ស៊ីមរំលាយអាហារ (Betaine Hydrochloride) ដែលជាអាស៊ីតក្រពះ ដើម្បីជួយបឺតស្រូបជីវជាតិពីអាហារបាន។ មិនត្រូវប្រើ Betaine ទេប្រសិនបើអ្នកមានជំងឺដំបៅក្រពះសកម្ម។
•ថ្នាំបំប៉ន Co-enzyme Q10 មានផលល្អសម្រាប់បង្កើនថាមពល។ ធម្មតារាងកាយរបស់យើងក៏ផលិតអង់ស៊ីម CoQ10 ដែរ ប៉ុន្តែកាលណាយើងមានវ័យកាន់តែច្រើន ឬកើតស្ត្រេសទៀត ចំនួនរបស់វានឹងត្រូវកាត់បន្ថយ។ ដូច្នេះចូរបន្ថែមថ្នាំនេះ ១០០មីលីក្រាមជារៀងរាល់ថ្ងៃ។
•ជាតិកាលស្យូម និងម៉ាញ៉េស្យូមច្រើនតែថយចុះក្នុងខ្លួន ដូច្នេះគួរតែប្រើកាល់ស្យូម ៥០០មីលីក្រាម ជាមួយម៉ាញ៉េស្យូម ៣០០ ទៅ៤០០មីលីក្រាមមួយម៉ោងមុនដេក។ ស្ត្រេស និងការអស់កម្លាំងធ្វើអោយរាងកាយទៅជាមានអាស៊ីតច្រើន ហើយថ្នាំជាតិរ៉ែទាំងនេះអាចជួយអោយក្លាយជាអាល់កាឡាំងវិញបាន។
•ផលិតផល L-carnitine ជាប្រភេទអាស៊ីតអាមីណេម្យ៉ាងជួយពង្រឹងដល់ថាមពលរបស់អ្នក ចូរប្រើ ១ក្រាមក្នុងមួយថ្ងៃមុនពេលបាយរយៈពេលមួយខែ។
•ថ្នាំបំប៉ន Oxygen Elements Plus ជាប្រភែទទឹកអុកស៊ីសែនដែលមានផ្ទុកទោដោយជាតិរ៉ែ អង់ស៊ីម និងអាស៊ីតអាមីនេ សម្រាប់បង្កើនថាមពល និងបញ្ចេញជាតិពុលពីក្នុងខ្លួន។
មតិដ៏មានប្រយោជន៍
•ប្រសិនបើអ្នកប្រើថ្នាំគ្រាប់វីតាមីន រយៈពេលពីរបីយប់ហើយនៅតែមិនទទួលបានលទ្ធផលរយៈពេលយូរទេ អ្នកត្រូវតែព្យាយាមស្វែងរកមូលហេតុ ក៏ដូចជាឬសគុលនៃការអស់កម្លាំងនោះទៅ។
•ជាទូទៅ ចូរព្យាយាមហាត់ប្រាណអោយបានយ៉ាងហោចណាស់មួយថ្ងៃក្នុងមួយសប្តាហ៍។
•ចូរដកដង្ហើមចូលក្នុងពោះអោយបានជ្រៅៗជារៀងរាល់ម៉ោង។ ក្រោកពីដេកឡើង ដើរចុះឡើង ព្រមទាំងពត់ខ្លួនចុះឡើងផង។
•ប្រសិនបើការអស់កម្លាំងមានជាប់ទាក់ទងនឹងបញ្ហាផ្ទាល់ខ្លួន អ្នកគួរតែទៅជួបគ្រូពេទ្យជំនាញដើម្បីទទួលបានការណែនាំយ៉ាងល្អ។
•ការហាត់ប្រាណដោយថ្នមៗដូចជា យូហ្គា តៃជិ ឬការដើរធម្មតាក៏អាចជួយសម្រួលដល់បញ្ហាអ្នកបានដែរ៕