អោយតែមាននរណាម្នាក់ជក់បារី អ្នកដែលនៅជុំវិញខ្លួនពួកគេនឹងស្រូបបានផ្សែងបារីពីគេ ហើយក៏ស្រូបបានជាសារធាតុដ៏គ្រោះថ្នាក់ដូចគ្នានឹងអ្នកជក់បារីដែរ។ នៅពេលផ្សែងបារីតែបន្តិចច្របល់គ្នាក្នុងខ្យល់ វានឹងអាចចូលទៅក្នុងសួតបាន ហើយវាក៏មានគ្រោះថ្នាក់ដល់សុខភាពដែរជាពិសេសកូនក្មេង។

សារធាតុគ្រោះថ្នាក់ក្នុងផ្សែងបារី
ការសិក្សាបែបវិទ្យាសាស្ត្របានបង្ហាញអោយឃើញថា ផ្សែងបារីមានផ្ទុកទៅដោយសារធាតុគីមីគ្រោះថ្នាក់ជាច្រើន។ ផ្សែងបារីមានសារធាតុគីមីជាច្រើនខុសៗគ្នាដែលអ្នកអោយមនុស្សនៅជុំវិញខ្លួនស្រូបចូលទៅក្នុងសួតបាន។ ផ្សែងទាំងនោះក៏ស្អិតជាប់នឹងសម្លៀកបំពាក់ គ្រឿងសង្ហារឹម ជញ្ជាំង និងក្នុងឡានដែរ។ សារធាតុគីមីគ្រោះថ្នាក់ទាំងនេះមាន៖
• ជាតិជ័រ៖ សារធាតុនេះត្រូវបានបង្កើតឡើងដោយធាតុគីមីជាច្រើន រួមទាំងសារធាតុបង្កជាមហារីកទៀតផង។
• សារធាតុកាបូនម៉ូណូអុកស៊ីត៖ សារធាតុនេះធ្វើអោយគ្រាប់ឈាមមិនអាចចាប់អុកស៊ីសែនបាន។
• ជាតិពុល៖ ក្នុងនោះមានជាតិអាស៊ីនិច អាម៉ូញ៉ាក់ និងអ៊ីដ្រូសែន ស៊ីយ៉ាណីត
ប្រសិនបើអ្នកជក់បារីមិនបានប្រុងប្រយ័ត្នលើការជក់បារីទេ អ្នកផ្សេងទៀតដែលនៅក្បែរប្រហែលជាស្រូបយកសារធាតុគីមីទាំងនេះដែរ និងបង្កអោយប្រឈមនឹងជំងឺកាន់តែច្រើន។
មានអ្វីកើតឡើងចំពោះអ្នកស្រូបផ្សែងបារី
ផ្សែងបារីមិនត្រឹមតែធ្វើអោយរលាកភ្នែក និងផ្លូវដង្ហើមទេ ប៉ុន្តែវាប្រឈមនឹងជំងឺកាន់តែច្រើនដូចជា៖
• ជំងឺរលាកសួត
• ជំងឺរលាកទងសួត
• ក្អក និងដកដង្ហើមលឺសូរដូចហួច
• មានការបង្ករោគក្នុងត្រចៀកផ្នែកកណ្តាល
• ជំងឺហឺតធ្ងន់ធ្ងរ (ធ្វើអោយកុមាប្រឈមកាន់តែខ្លាំងនឹងជំងឺហឺត)
អ្នកស្រូបផ្សែងបារីពីគេក៏ប្រឈមកាន់តែខ្លះនឹងជំងឺបេះដូង និងមហារីកដែរ។
• ក្មេងមួយចំនួនប្រហែលជាពិបាករៀន និងសម្តែងអាកប្បកិរិយា
• ក្មេងៗដែលប្រឈមនឹងការស្រូបផ្សែងបារីអាចបណ្តាលអោយពុកធ្មេញជាងក្មេងដទៃទៀត។
• ការសិក្សាថ្មីៗក៏បានបង្ហាញអោយឃើញថា អ្នកស្រូបផ្សែងបារីពីគេទំនងជាមានជំងឺទឹកនោមផ្អែមច្រើនជាងអ្នកមិនស្រូបផ្សែងបារី។
ស្ត្រីមានផ្ទៃពោះជិតនឹងកើត ហើយជក់បារី
• ទារកកើតមកតូចជាងធម្មតា
• អាចនឹងរលូត
• ស្លាប់ក្នុងផ្ទៃ
• កូនក្នុងផ្ទៃមិនលូតលាស់
• ការជក់បារីក្នុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលរួច ធ្វើអោយប្រឈមកាន់តែខ្លាំងនឹងចង្កោមរោគសញ្ញាកូនក្មេងស្លាប់ភ្លាមៗ (Sudden Infant Death Syndrome, SIDS) ។
របួសដោយការជក់បារី
គ្រោះថ្នាក់មួយនៃការស្រូបផ្សែងបារីពីគេគឺប៉ះពាល់ដល់មនុស្សនៅជុំវិញខ្លួន។
• ជាតិពុល៖ បារី និងកំទេចកំទីបារីសុទ្ធតែជាជាតិពុលដែលអាចអោយក្មេងតូចៗឈឺបាន ដូច្នេះចូរទុករបស់អស់ទាំងនេះអោយឆ្ងាយពីដៃក្មេង។
• រលាក៖ បារីអាចបង្កជាការលាកយ៉ាងធ្ងន់ធ្ងរលើកុមារបាន។
• ដែកកេះ៖ របស់នេះអាចបង្កជាការរលាកនិងភ្លើងឆេះផ្ទះបាន ដូច្នេះចូរទុកដាក់អោយឆ្ងាយពីដៃក្មេង។
• គ្រោះថ្នាក់ចរាចរណ៍៖ ការជក់បារីក្នុងពេលបើកបរធ្វើអោយប្រឈមកាន់តែខ្ពស់នឹងគ្រោះថ្នាក់ចរាចរណ៍។
ការពារខ្លួនអ្នកពីផ្សែងបារី
ថ្មីៗនេះប្រជាជនមានការយល់ដឹងច្រើនពីការស្រូបផ្សែងបារីពីគេ។ ដោយហេតុនេះហើយ ទើបកន្លែងធ្វើការ និងទីសាធារណៈជាច្រើនតែងតែមានការដាក់បម្រាមមិនអោយជក់បារី។ ដូច្នេះកាលណាមនុស្សធ្វើដំណើរ រស់នៅ ធ្វើការ ឬលេងកំសាន្តច្រើនតែជ្រើសរើសយកកន្លែងដែលគ្មានផ្សែងបារី។
ការសង្កេតថ្មីមួយបានបង្ហាញអោយឃើញថាមានមនុស្សជាច្រើនកំពុងតែការពារកូនរបស់គេពីការស្រូបផ្សែងបារីតាមរយៈការដាក់បម្រាមមិនអោយជក់បារីក្នុងផ្ទះ និងក្នុងរថយន្ត។
តើអ្នកអាចធ្វើអ្វីបានទៅ?
វាមានភាពងាយស្រួលណាស់ក្នុងការការពារខ្លួនឯងពីការស្រូបផ្សែងបារីពីអ្នកដទៃនោះគឺ៖
• កុំអោយក្នុងផ្ទះ និងក្នុងរថយន្តមានផ្សែងបារី
• ផ្ទះត្រូវតែកុំអោយមានអ្នកជក់បារី
ប្រសិនបើអ្នកជាមនុស្សជក់បារី អ្នកក៏អាចសម្រេចចិត្ត៖
• ជក់បារីតែនៅខាងក្រៅ
• មិនជក់បារីនៅជិតក្មេងៗ និងអ្នកដទៃ
ប្រសិនបើមិនអាចធ្វើបានទេចូរ៖
• មិនត្រូវជក់បារីក្នុងឡាននៅពេលនៅជាមួយអ្នកផ្សេង។
• កាត់បន្ថយការជក់បារីក្នុងផ្ទះ ជាពិសេសនៅជិតក្មេងៗ
• ប្រសិនបើអ្នកជក់បារីនៅខាងក្រៅហើយមានមនុស្សនៅជុំវិញខ្លួន ចូរចៀសវាងកុំអោយផ្សែងបារីទៅប៉ះពាល់ដល់ពួកគេ
គ្រប់ជំហានទាំងអស់ដែលអ្នកប្រើដើម្បីការពារអ្នកដទៃពីការស្រូបផ្សែងបារីនឹងជួយអោយពួកគេមានសុខភាពល្អ។
ពេលណាទើបទៅអាចទទួលភ្ញៀវបាន?
នៅពេលសម្រេចចិត្តថា អ្នក និងគ្រួសារនឹងរស់នៅដោយគ្មានផ្សែងបារី អ្នកត្រូវតែអោយភ្ញៀវដែលមកលេងដឹងផង។ ពេលខ្លះវាអាចមានការពិបាកប្រាប់ភ្ញៀវថាកុំអោយជក់បារី។ មធ្យោបាយដ៏ស្រួលបំផុតដើម្បីអោយភ្ញៀវដឹងអំពីបម្រាមក្នុងផ្ទះ អ្នកត្រូវតែកំណត់អោយគេដឹងដូចជាការដាក់បម្រាមជាដើម ។
អ្នកប្រហែលជាអាចបិតបម្រាមមួយចំនួន៖
• នៅជាប់នឹងច្រកចូលផ្ទះ
• ក្នុងឡាន
• គ្រប់ទីកន្លែងក្នុងផ្ទះដែលភ្ញៀវអាចជក់បារីបាន
តើអាចធ្វើអ្វីបានទៅប្រសិនបើភ្ញៀវនៅតែចង់ជក់បារីទៀត?
ពេលខ្លះវាប្រហែលជាពិបាកដល់មនុស្សដែលស្និទ្ធស្នាលនឹងអ្នកផ្លាស់ប្តូរទម្លាប់ជក់បារីរបស់ពួកគេណាស់ នោះគឺសមាជិកគ្រួសារ មិត្តស្និទ្ធស្នាល ឬអ្នកជិតខាង ហើយពួកគេប្រហែលជាយល់ថាការជក់បារីម្តងម្កាលប្រហែលជាមានគ្រោះថ្នាក់តិចតួចទេហើយក៏វាមិនមានអ្វីខុសដែរ។ ប៉ុន្តែបារីមួយដើមៗសុទ្ធតែធ្វើអោយមានការខូចខាត។ គ្មាននរណាម្នាក់គួរតែជក់បារីដែលមានមនុស្សនៅជុំវិញខ្លួនទេជាពិសេសកូនក្មេង។ ចូរប្រាប់ពីមូលហេតុដែលអ្នកត្រូវមិនជក់បារី ព្រមទាំបង្ហាញព័ត៌មាននេះដល់ពួកគេផង។ វាប្រហែលជាជួយអោយពួកគេយល់ពីការសម្រេចចិត្តរបស់អ្នក។