ការឈឺចាប់ឆ្អឹងខ្នងប្រហែលជាអាការៈមួយក្នុងចំណោមជំងឺដ៏គួរឱ្យកត់សម្គាល់មួយនៅក្នុងសហរដ្ឋអាមេរិក។ មនុស្សជំទង់អាមេរិកពីរភាគបីនឹងកើតមានជំងឺនេះនៅក្នុងពេលណាមួយក្នុងជីវិតរបស់ពួកគេ។ ជាលទ្ធផល ជំងឺឈឺឆ្អឹងខ្នងនេះគឺជាមូលហេតុចម្បងដែលបង្ករឱ្យមានពិការភាពក្នុងចំណោមប្រជាជនអាមេរិកដែលមានអាយុក្រោម ៤៥ឆ្នាំ។

អាការៈឈឺឆ្អឹងខ្នងត្រូវបានបែងចែកចេញជាពីរក្រុមគឺ៖ ធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ។
អាការៈឈឺឆ្អឹងខ្នងធ្ងន់ធ្ងរ
ការឈឺឆ្អឹងខ្នងធ្ងន់ធ្ងរកើតឡើងភ្លាមៗនិងឈឺខ្លាំង។ វាគឺជាប្រភេទដែលកើតឡើងដោយសារតែអ្នកធ្វើអ្វីម្យ៉ាងដែលអ្នកមិនគួរធ្វើ ឬធ្វើវាខុសរបៀប។ ការឈឺចាប់អាចកើតមានដោយសារការគ្រេច សង្កត់ ឬការទាញនៃសាច់ដុំនៅខ្នងរបស់អ្នក។ វាប្រហែលជាមានការឈឺចាប់យ៉ាងខ្លាំងរយៈពេលប៉ុន្មានថ្ងៃ ប៉ុន្តែគ្រូពេទ្យនិយាយថា អ្នកអាចបាត់ការឈឺចាប់ដោយមិនមានផលប៉ះពាល់អ្វីដែលនៅសល់តាមរយៈការអនុវត្តតាមការណែនាំជួយខ្លួនឯងដូចខាងក្រោម៖
រក្សាភាពសកម្ម៖ ចូរបំភ្លេចពាក្យចាស់បុរាណដែលឱ្យអ្នកសម្រាកនៅលើគ្រែឱ្យបានច្រើន។ ក្នុងការសិក្សាស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Texas ផ្នែកវិជ្ជសាស្ត្រ នៅ Lubbock ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកជំងឺដែលហាត់ប្រាណអាចវិលត្រលប់ទៅធ្វើការវិញបានលឿនជាងអ្នកដែលមិនហាត់ប្រាណ។
ប្រសិនបើអ្នកត្រូវតែសម្រាកលើគ្រែ ចូរចំណាយពេលខ្លីបានហើយ៖ វេជ្ជបណ្ឌិត David Lehrman ជាអ្នកជំនាញផ្នែកឆ្អឹងខ្នង និយាយថា “មនុស្សជាច្រើនគិតថា ការសម្រាកលើគ្រែមួយសប្តាហ៍អាចបំបាត់ការឈឺចាប់របស់ពួកគេបាន ប៉ុន្តែវាមិនដូចជាអ្វីដែលពួកគេបានគិតនោះទេ។ ចំពោះរៀងរាល់សប្តាហ៍នៃការសម្រាកលើគ្រែ វាត្រូវការពេលពីរសប្តាហ៍ក្នុងធ្វើឱ្យដំណើរការបានដូចដើមវិញ”។
ការស្រាវជ្រាវនៅសាកលវិទ្យាល័យ Texas ផ្នែកវិជ្ជសាស្ត្របានអះអាងថាដូច្នេះ។ ក្រុមអ្នកស្រាវជ្រាវនៅទីនោះបានសិក្សាស្រាវជ្រាវលើអ្នកជំងឺ ២០៣នាក់ ដែលបានទៅគ្លីនីកហើយត្អូញត្អែរពីអាការៈឈឺឆ្អឹងខ្នងធ្ងន់ធ្ងររបស់ពួកគេ។ អ្នកជំងឺខ្លះត្រូវបានប្រាប់ឱ្យសម្រាករយៈពេលពីរថ្ងៃ និងអ្នកខ្លះសម្រាករយៈពេល ៧ថ្ងៃ។ វេជ្ជបណ្ឌិត Richard A. Deyo រាយការណ៍ថា មិនមានភាពខុសគ្នារវាងរយៈពេលដែលត្រូវចំណាយដើម្បីឱ្យភាពឈឺចាប់បាត់ទៅនោះទេក្នុងក្រុមទាំងពីរ។ ប៉ុន្តែអ្នកដែលងើបពីការសម្រាកលើគ្រែក្រោយពេលពីរថ្ងៃអាចវិលត្រលប់ទៅធ្វើការវិញបានលឿនជាង។
ប្រើទឹកកកដើម្បីបំបាត់ការឈឺចាប់៖ អ្នកស្រាវជ្រាវពីការឈឺចាប់ វេជ្ជបណ្ឌិត Ronald Melzack និយាយថា វិធីសាស្ត្រដែលល្អបំផុតក្នុងការបន្ថយការឈឺចាប់គឺការប្រើទឹកក។ វាជួយកាត់បន្ថយការហើម និងសម្ពាធលើសាច់ដុំខ្នងរបស់អ្នក។ គាត់និយាយថា ដើម្បីឱ្យទទួលបានលទ្ធផលល្អបំផុត អ្នកគួរសាកល្បងការម៉ាស្សាដោយប្រើទឹកកក។ “ដាក់កញ្ចប់ទឹកកកលើកន្លែងដែលឈឺ ហើយម៉ាស្សាកន្លែងនោះរយៈពេល ៧ ទៅ ៨នាទី”។ ធ្វើបែបនេះរៀងរាល់ពីរទៅបីម៉ោងម្តងរយៈពេលមួយឬពីរថ្ងៃ។
សាកល្បងបំបាត់ការឈឺចាប់ដោយប្រើកម្តៅ៖ វេជ្ជបណ្ឌិត Milton Fried និយាយថា ក្រោយពីប្រើទឹកកកមួយឬពីរថ្ងៃហើយ គ្រូពេទ្យណែនាំឱ្យអ្នកប្តូរទៅប្រើទឹកក្តៅវិញ។ ចូរយកកន្សែងទន់មួយជ្រលក់ក្នុងទឹកក្តៅឧណ្ហៗ ហើយពូតវាឱ្យនៅសើមល្មម ហើយអូសវាឱ្យស្មើកុំឱ្យមានស្នាមឆ្នូត។ គេងផ្កាប់មុខដោយដាក់ខ្នើយពីក្រោមចង្កេះនិងកជើង ហើយក្រាលកន្សែងលើកន្លែងដែលឈឺចាប់។ ចូរដាក់ថង់ប្លាស្ទិករុំលើវា បន្ទាប់មកប្រើបន្ទះកម្តៅដែលមានកម្តៅមធ្យមដាក់លើថង់ប្លាស្ទិកនោះ។ ប្រសិនបើអាច ចូរដាក់អ្វីមួយពីលើដើម្បីសង្កត់។ គាត់ពន្យល់ថា “វាជួយបង្កើតសំណើមដែលមានកម្តៅនិងជួយកាត់បន្ថយភាពតឹងណែននៃសាច់ដុំ។ អ្នកប្រហែលជាត្រូវការនរណាម្នាក់ឱ្យជួយអ្នកដើម្បីដាក់វាឱ្យបានល្អលើខ្នងរបស់អ្នក។
ប្រើភាពក្តៅនិងភាពត្រជាក់៖ វេជ្ជបណ្ឌិត Edward Abraham និយាយថា សម្រាប់អ្នកដែលមិនអាចសម្រេចចិត្តបានថាមួយណាអាចធ្វើឱ្យអ្នកបានប្រសើរជាងមុន អ្នកអាចប្រើប្រាស់ទាំងពីរមុខបាន។ វាប្រហែលជារឹតតែល្អសម្រាប់អ្នក។ គាត់និយាយថា “ការផ្លាស់ប្តូរនៃភាពក្តៅនិងភាពត្រជាក់ប្រហែលជាអាចជួយអ្នកបានកាន់តែប្រសើរ។ ដំបូងប្រើទឹកកក ៣០នាទី បន្ទាប់មកដកចេញដោយមិនប្រើអ្វីទាំងអស់មួយសន្ទុះធំ ក្រោយមកប្រើទឹកក្តៅ ៣០នាទី ហើយអនុវត្តដដែលរបៀបនេះ។
ពត់ខ្លួនដើម្បីសម្រួលភាពតឹងណែន៖ វេជ្ជ. Lehrman និយាយថា ការពត់ពែនខ្នងដែលកំពុងឈឺនឹងជួយពន្លឿនដំណើរនៃការជះសះស្បើយដោយការជួយសម្រួលសាច់ដុំឱ្យសម្រាកលឿនជាងការរង់ចាំឱ្យវាសម្រាកដោយខ្លួនវា។ គាត់ណែនាំការពត់ខ្លួនសម្រាប់អ្នកឈឺឆ្អឹងខ្នងផ្នែកខាងក្រោមដូចតទៅ៖ លើកជង្គង់ថ្នមៗឡើងឱ្យផុតពីគ្រែឆ្ពោះទៅកាន់ទ្រូង។ ពេលទៅដល់ទ្រូងហើយ ចូរសង្កត់បន្តិចលើជង្គង់របស់អ្នក។ ពត់ខ្លួនហើយសម្រាក បន្ទាប់មកពត់សារជាថ្មី។
រមៀលចុះពីលើគ្រែ៖ រាល់ពេលព្រឹកដែលអ្នកងើបចេញពីគ្រែ គ្រូពេទ្យណែនាំឱ្យអ្នករមៀលយ៉ាងប្រយ័ត្នប្រយែងនិងយឺតៗ។
វេជ្ជ. Lehrman និយាយថា “អ្នកអាចកាត់បន្ថយការឈឺចាប់ដែលបណ្តាលមកពីការងើបពីលើគ្រែបានដោយការប្រមៀលទៅជ្រុងគ្រែ។ នៅពេលទៅដល់ជ្រុងគ្រែ រក្សាខ្នងរបស់អ្នកឱ្យនឹង ហើយទម្លាក់ជើងរបស់អ្នកចុះទៅមុន។