បើទោះបីជាការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនអាចមានផលវិបាកនិងហានិភ័យដ៏គួរឱ្យខ្លាចមួយចំនួន ប៉ុន្តែវាក៏មានអត្ថប្រយោជន៍សំខាន់ជាច្រើនផងដែរក្នុងការធ្វើជាម្ចាស់អាជីវកម្ម។ ការធ្វើជាម្ចាស់អាជីវកម្មផ្ទាល់ផ្តល់ឱ្យអ្នកនូវសេរីភាពដែលអ្នកមិនអាចនឹងមាននៅពេលដែលអ្នកធ្វើការឱ្យអ្នកដទៃ ប៉ុន្តែវាមិនមែនជាអ្វីដែលអ្នកអាចធ្វើទៅបានដោយមិនយកចិត្តទុកដាក់នោះទេ។ អត្ថប្រយោជន៍ដែលអ្នកនឹងទទួលបាននៅពេលដែលអ្នកធ្វើជាម្ចាស់អាជីវកម្មផ្ទាល់ មានដូចជា៖

ប្រាក់ចំណូលមិនកំណត់
នៅពេលដែលអ្នកធ្វើការឱ្យអ្នកដទៃ ប្រាក់ចំណូលរបស់អ្នកត្រូវបានកម្រិតទៅតាមរចនាសម្ព័ន្ធប្រាក់ខែដែលអ្នកធ្វើ។ ប៉ុន្តែការធ្វើជាម្ចាស់អាជីវកម្ម អ្នកនឹងមានប្រាក់ចំណូលមិនកំណត់។ ប្រាក់ចំណូលរបស់អ្នកត្រូវបានភ្ជាប់ទៅនឹងកម្រិតការងារនិងភាពច្នៃប្រឌិតដែលអ្នកអាចប្រើវាទៅជាការផ្សព្វផ្សាយនិងការវិវត្តន៍នៃផលិតផល សេវាកម្ម ឬគំណិតរបស់អ្នក។ មិនមែនរាល់អាជីវកម្មតូចៗសុទ្ធតែអាចរកប្រាក់ចំណូលបាននោះទេ ដែលនេះគឺជាហានិភ័យមួយដែលអាជីវករគ្រប់រូបគួរតែដឹង ប៉ុន្តែប្រសិនបើអ្នកអាចធ្វើឱ្យអាជីវកម្មរបស់អ្នកដំណើរការបាន នោះអ្នកនឹងលែងខ្វល់ពីរឿងប្រាក់ចំណូលដែលត្រូវបានកំណត់ដោយចៅហ្វាយនាយទៀតហើយ។
សុវត្ថិភាពការងារ
នៅពេលសេដ្ឋកិច្ចធ្លាក់ចុះគឺជាពេលដែលអត្រាអ្នកគ្មានការងារធ្វើកើនឡើង។ ការធ្វើជាម្ចាស់អាជីវកម្មផ្ទាល់អាចធានាសុវត្ថិភាពការងាររបស់អ្នក។ បើទោះបីជាម្ចាស់អាជីវកម្មត្រូវខ្វល់ពីបញ្ហាសេដ្ឋកិច្ច និងត្រូវប្រឈមមុខនឹងការឡើងចុះនៃសេដ្ឋកិច្ចដូចអ្នកដទៃក៏ពិតមែន ប៉ុន្តែអ្នកមិនចាំបាច់ខ្វល់ពីការត្រូវគេដេញចេញឬបញ្ឈប់ការងារជាបណ្តោះអាសន្ននោះទេ។
សេរីភាពក្នុងការរៀបចំពេលវេលា
ការធ្វើជាម្ចាស់អាជីវកម្ម អ្នកអាចរីករាយនឹងការមានកម្រិតសេរីភាពខ្ពស់ក្នុងការរៀបចំពេលវេលារបស់អ្នកជាងពេលដែលអ្នកធ្វើការឱ្យអ្នកដទៃ។ អ្នកអាចចំណាយពេលរបស់អ្នកទៅលើការយកចិត្តទុកដាក់លើទំនួលខុសត្រូវនិងកាតព្វកិច្ចផ្ទាល់ខ្លួនប្រសិនបើអ្នកចង់។ អ្នកអាចធ្វើការដល់យប់ជ្រៅដោយផាសុកភាពនៅក្នុងផ្ទះរបស់អ្នក ហើយអ្នកអាចក្រោកពីគេងយឺតជាងធម្មតាបន្តិចនៅពេលព្រឹក។ តារាងពេលវេលារបស់អ្នកស្ថិតក្នុងកណ្តាប់ដៃរបស់អ្នក ហើយអ្នកអាចធ្វើការទៅតាមពេលវេលារបស់អ្នក។
ការគ្រប់គ្រងការងារ
ការធ្វើជាម្ចាស់អាជីវកម្ម អ្នកអាចគេចចេញពីភាពតានតឹង (ស្ត្រេស) នៃគោលការណ៍ក្នុងការិល័យ។ ដោយសារតែអ្នកគឺជាមនុស្សដែលមានតំណែងធំជាងគេក្នុងក្រុមហ៊ុន អ្នកមិនចាំបាច់ព្រួយបារម្ភពីការព្យាយាមសម្តែងនៅមុខមិត្តរួមការងារ ឬការអែបអបថ្នាក់លើរបស់អ្នកនោះទេ។ គ្មានកង្វល់ទាំងអស់នេះ អ្នកអាចចំណាយការយកចិត្តទុកដាក់របស់អ្នកទាំងស្រុងទៅលើការវិវត្តន៍របស់ក្រុមហ៊ុន និងធ្វើឱ្យផលិតផលឬសេវាកម្មរបស់អ្នកកាន់តែប្រសើរឡើង។