តើថ្នាំញៀនដែលគេប្រើច្រើនបំផុតក្នុងលោកគឺអ្វី? អ្នកប្រហែលជាទាយខុស ៥០ដង មុននឹងអ្នកនឹកឃើញថាជាកាហ្វេអ៊ីន។ ការប្រើកាហ្វេអ៊ីនមានច្រើននៅក្នុងកាហ្វេ តែ សូកូឡា និងសូដា ដែលយើងងាយនឹងមើលរំលងវាថាជាគ្រឿងញៀន។
ការប្រើក្នុងកម្រិតតិចតួច កាហ្វេអ៊ីនអាចមានផលប៉ះពាល់វិជ្ជមាន ដោយសារតែហេតុនេះហើយទើបពេលខ្លះគេប្រើវាធ្វើជាថ្នាំបំបាត់ការឈឺចាប់។ ប៉ុន្តែចំពោះការប្រើក្នុងកម្រិតច្រើនវិញ កាហ្វេអ៊ីនមិនត្រឹមតែរំខានការគេងរបស់អ្នកនោះទេ វាថែមទាំងបង្កើនសម្ពាធឈាមទៀតផង។
មើលទៅវាហាក់ដូចជាមិនគ្រោះថ្នាក់នោះទេ។ ម្សៅរសជាតិក្រូចដែលមានវីតាមីន សារជាតិខនិជ និងជាតិកាហ្វេអ៊ីន។ អ្នកលាយវាជាមួយទឹកឬទឹកផ្លែឈើ ផឹកវា ហើយបន្តធ្វើការរបស់អ្នក។ ប៉ុន្តែដោយសារតែប្រជាប្រិយភាពដែលកីឡាករសិស្សថ្នាក់វិទ្យាល័យចូលចិត្តវា ការទទួលទានភេសជ្ជៈនេះបានក្លាយទៅជាកង្វល់មួយចំពោះឪពុកម្តាយនិងគ្រូបង្វឹក។
អាណាព្យាបាលម្នាក់ដែលព្រួយបារម្ភពីកូនរបស់គាត់និយាយថា “កាហ្វេអ៊ីនគឺជាសារធាតុបង្កើនកម្លាំង។ ការប្រើក្នុងកម្រិតច្រើនត្រូវបានហាមឃាត់ដោយ NCAA និងក្រុមអូឡាំពិចអន្តរជាតិ។ ហើយផលិតផលនេះមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនជាងភេសជ្ជៈប្រភេទពួកកូកាដល់ទៅ ៥ដង”។
អាណាព្យាបាលម្នាក់ទៀតនិយាយថា “គ្រោះថ្នាក់ធំបំផុតគឺផលិតផលទាំងនេះអាចនឹងត្រូវពួកគេចាត់ទុកថាជាថ្នាំទិព្វ។ ពួកគេគិតថាអ្វីដែលពួកគេអាចទិញហើយប្រើនឹងធ្វើឱ្យពួកគេប្រសើរជាងមុន។ ហើយក្នុងករណីនេះ យើងនិយាយពីជាតិកាហ្វេអ៊ីនដែលមាននៅក្នុងទឹកផ្លែឈើ ដែលពួកក្មេងៗគិតថាជាអាហាររបស់ពួកគេ។ ប៉ុន្តែវាមិនមានភស្តុតាងណាមួយដែលបង្ហាញថាវាអាចជួយពួកគេបាននោះទេ។ ផ្ទុយទៅវិញ វាមានមូលហេតុសមស្របដែលសហគមន៍កីឡាទូទាំងពិភពលោកបានហាមឃាត់មិនឱ្យកីឡាករទទួលទានជាតិកាហ្វេអ៊ីនច្រើនលើសកម្រិត”។