​អ្នក​ដែល​ចំណាយពេល​យ៉ាង​តិច ២​ម៉ោង មើល​អេក្រង់​កុំព្យូទ័រ អាច​ប៉ះពាល់​ដល់​ភ្នែក ដែល​ធ្វើឱ្យ​ស្រវាំងភ្នែក​, មើលឃើញ​ព្រាលៗ​, ឈឺក្បាល​, និង​ភ្នែក​ស្ងួត​។ ភ្នែក​របស់​អ្នក​មិនមែន​បង្កើតឡើង​សម្រាប់​ការមើល​រយៈពេល​យូរ​រាប់​ម៉ោង​យ៉ាង​នេះ​នោះ​ទេ​។ ប្រសិនបើ​អ្នក​ចាប់អារម្មណ៍​ថា ភ្នែក​របស់​អ្នក​ស្រវាំង ឬ ព្រាល​មើល​មិន​ច្បាស់​ពេល​អ្នក​ខំព្យាយាម​មើល​អេក្រង់​កុំព្យូទ័រ អ្នក​អាច​សាក​អនុវត្ត​នូវ​វិធីសាស្ត្រ​ដូចខាងក្រោម​ដើម្បី​ជួយ​សម្រួល​ភ្នែក​របស់​អ្នក​៖

​សម្រាក​ភ្នែក​៖ ក្រុម​អ្នកជំនាញ​និយាយថា នេះ​គឺជា​វិធី​ល្អ​បំផុត​ក្នុង​ការព្យាបាល​ភ្នែក​ស្រវាំង និង​ជា​វិធី​មួយ​ដែល​ងាយស្រួល​ជាង​ការគិត​របស់​អ្នក​។ គ្រូពេទ្យ Samuel L. Guillory និយាយថា “​អ្នក​អាច​ឱ្យ​ភ្នែក​របស់​អ្នក​សម្រាក​នៅ​ពេល​ដែល​អ្នក​និយាយ​ទូរស័ព្ទ ឬ​ពេល​ដែល​អ្នក​មិន​ត្រូវ​អាន​ឬ​សរសេរ​។ អ្នក​ដែល​ធ្លាប់បាន​អនុវត្ត​យុទ្ធសាស្ត្រ​នេះ​និយាយថា វា​ពិតជា​មាន​ប្រសិទ្ធភាព​មែន ព្រោះ​វា​ជួយ​បំបាត់​ភាព​ស្រវាំងភ្នែក​របស់​ពួកគេ​បាន ហើយ​ភ្នែក​របស់​ពួកគេ​មាន​ភាពប្រសើរ​ជាង​។​

​យកចិត្តទុកដាក់​លើ​ពន្លឺ​៖ គ្រូពេទ្យ Guillory បន្តថា “​វា​មិន​ធ្វើឱ្យ​ភ្នែក​របស់​អ្នក​ឈឺ​នោះទេ នៅពេល​ដែល​អ្នកអាន​នៅក្រោម​ពន្លឺភ្លើង​ព្រឹមៗ ប៉ុន្តែ​អ្នក​អាច​ធ្វើឱ្យ​វា​ស្រវាំង​បាន ប្រសិនបើ​វា​មិន​ផ្តល់​ពន្លឺ​គ្រប់គ្រាន់​។ អ្នក​គួរប្រើ​ពន្លឺ​ល្មម​ដែល​មិន​ចាំង​ពេក និង​ចៀសវាង​ប្រើ​អំពូល​ភ្លើង​ដែល​ជះ​ពន្លឺ​ចំ​ភ្នែក​របស់​អ្នក​”​។​

​បង្អាក់ការងារ​របស់​អ្នក​៖ គ្រូពេទ្យ Guillory និយាយថា “​បើសិន​ជា​អ្នក​ត្រូវ​ធ្វើការ​មុខ​កុំព្យូទ័រ​រយៈពេល​ពី ៦ ទៅ ៨​ម៉ោង អ្នក​ត្រូវ​សម្រាក​ក្នុង​ចន្លោះ​ពី ២ ទៅ ៣​ម៉ោង​ម្តង​។ ក្នុង​ចន្លោះ​ពេល​សម្រាក​នោះ អ្នក​អាច​ធ្វើ​ការងារ​អ្វី​ផ្សេង ដូចជា ឆុង​កាហ្វេ ឬ ទៅ​បន្ទប់ទឹក ធ្វើយ៉ាងណា​ឱ្យ​ភ្នែក​របស់​អ្នក​គេចចេញ​ពី​អេក្រង់​កុំព្យូទ័រ​បាន ១០ ទៅ ១៥​នាទី​”​។​

​បន្ថយ​ពន្លឺ​អេក្រង់​៖ វា​មិន​ត្រឹមតែ​ជា​អក្សរ​និង​តួលេខ​ប៉ុណ្ណោះ​ទេ​ដែល​នៅលើ​អេក្រង់​របស់​អ្នក វា​គឺជា​អំពូល​ដែល​ជះ​ពន្លឺ​ចំ​កែវភ្នែក​របស់​អ្នក​។ ដូច្នេះ​អ្នក​ត្រូវ​បន្ថយ​ពន្លឺ​អេក្រង់​ឱ្យ​ល្មម​នឹង​ភ្នែក​របស់​អ្នក​ដែល​អាច​មើល​បាន​។​

​ឆុង​ទឹកតែ​៖ ក្រោយ​ពី​ឆុងតែ​ហើយ​អ្នក​ទុក​វា​ត្រជាក់​បន្តិច​ហើយ​យក​កន្សែង​ជ្រលក់​ក្នុង​ទឹ​កតែក្តៅ​ឧណ្ហៗ​នោះ​។ គេង​និង​បិត​ភ្នែក​របស់​អ្នក ហើយ​យក​កន្សែង​ទទឹក​នោះមក​គ្រប​ពីលើ​ភ្នែក​រយៈពេល ១០ ទៅ ១៥​នាទី​។ វា​ជួយ​ធ្វើឱ្យ​ភ្នែក​របស់​អ្នក​បាត់​ស្រវាំង​។ ប៉ុន្តែ​អ្នក​ត្រូវ​ប្រយ័ត្ន មិន​ត្រូវ​ឱ្យ​ទឹកតែ​ហូរ​ចូល​ភ្នែក​របស់​អ្នក​នោះ​ទេ​។​

​ការសហការ​របស់​ដៃ​និង​ភ្នែក​៖ ត្រដុស​ដៃ​របស់​អ្នក​ទាំង​សងខាង​ឱ្យ​ក្តៅ​ឧ​ណ្ហៗ បន្ទាប់​មក​បិត​ភ្នែក​ហើយ​យក​ដៃ​របស់​អ្នក​ទាំង​ពីរ​មក​គ្រប​ពីលើ​ភ្នែក ដោយ​មិន​ត្រូវ​សង្កត់​ភ្នែក​នោះទេ​។ ដក​ដង្ហើមវែងៗ​និង​យឺតៗ រយៈពេល ២០​នាទី​។​

​ការ​ព្រិច​ភ្នែក​៖ ព្រិច​ភ្នែក​របស់​អ្នក​យ៉ាងតិច​ឱ្យបាន ៣០០​ដង​ក្នុង​មួយថ្ងៃ​។ ការ​ព្រិច​ភ្នែក​ម្តងៗ អាច​ជួយ​លាង​សម្អាត​ភ្នែក​របស់​អ្នក​និង​ជួយ​ម៉ាស្សា​ភ្នែក​របស់​អ្នក​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង