Join with Health.com.kh on Telegram

អ្នក​នឹង​មិន​មាន​ស្នាម​ជាំ​លុះត្រាតែ​អ្នក​រុំ​រាងកាយ​របស់​អ្នកនឹង​ក្រណាត់​ដ៏​ក្រាស់​។ ទោះ​ជា​អ្នក​មិន​អាច​គេចផុត​ពី​ការ​មាន​ស្នាម​ជាំ​ក៏ដោយ ប៉ុន្តែ​អ្នក​អាច​កាត់បន្ថយ​ស្នាម​ជាំ និង​ធ្វើឱ្យ​ស្នាម​ជាំ​បាត់​ទៅ​លឿន​បាន ដោយ​អនុវត្ត​តាម​វិធី​ដូចខាងក្រោម​៖

ដុំ​ទឹកកក​៖ ពេល​ត្រូវ​របួស​ភ្លាមៗ ត្រូវ​ខ្ចប់​ដុំ​ទឹកកក​ក្នុង​ក្រណាត់​ស្តើង​ហើយ​យក​ទៅ​ស្អំ​កន្លែង​ដែល​ត្រូវរបួស​នោះ រយៈពេល ១៥​នាទី​។ ប្រសិនបើ​អ្នក​សង្ស័យ​ថា​កន្លែង​ដែល​ត្រូវ​របួស​នឹង​ឡើង​ជាំ​ខ្លាំង អ្នក​ត្រូវ​បន្ត​ស្អំ​ទឹកកក​ទៀត​រៀងរាល់ ១ ទៅ ២​ម៉ោង​ម្តង ក្នុង​រយៈពេល ២៤​ម៉ោង ក្រោយពេល​ត្រូវ​របួស​។ ពេល​ដក​ដុំ​ទឹកកក​ចេញ អ្នក​ត្រូវ​ទុក​ឱ្យ​វា​បាត់​ភាព​ត្រជាក់​ដោយ​ខ្លួនឯង មិន​ត្រូវ​យក​របស់​ក្តៅ​មក​ប្រើ​ដើម្បី​បន្ថយ​ជាតិ​ត្រជាក់​នោះទេ​។ ភាព​ត្រជាក់​នឹង​បង្រួម​សរសៃឈាម ដែល​មានន័យ​ថា​ឈាម​នឹង​ហូរ​ទៅក្នុង​ជាលិកា​ដែល​បង្ករ​ឱ្យមាន​ស្នាម​ជាំ​តិច​។ វា​ក៏​អាច​ជួយ​បន្ថយ​ភាព​ហើម​និង​ធ្វើឱ្យ​កន្លែង​ស្អំ​ស្ពឹក​ផងដែរ ដូច្នេះ​វា​នឹង​មិន​សូវ​ឈឺ​ខ្លាំង​ដូច​កន្លែង​ជាំ​ដែល​មិន​បាន​ស្អំ​ទឹកកក​នោះទេ​។​

បន្ទាប់​មក​ប្រើ​កម្តៅ​៖ ២៤​ម៉ោង ក្រោយមក អ្នក​ត្រូវ​ប្រើ​កម្តៅ​ដើម្បី​ពង្រីក​សរសៃឈាម និង​ធ្វើឱ្យ​ចរន្តឈាមរ​ត់​បាន​ស្រួល​វិញ​។​

​រក្សា​កន្លែង​ជាំ​ឱ្យ​នៅ​ខ្ពស់​៖ ស្នាម​ជាំ​គឺ​អាស្រ័យ​ទៅលើ​ឈាម​។ វា​ដូចជា​ទឹក​ដែរ គឺ​ហូរ​ចុះក្រោម​។ ដូច្នេះ​បើ​សិន​ជា​កន្លែង​ដែល​ជាំ​នោះ​នៅ​ទាប វា​នឹង​ជាំ​ខ្លាំង​ព្រោះ​ឈាម​បាន​រត់​ទៅ​ប្រមូលផ្តុំ​នៅ​ទីនោះ​។​

​បន្ថែម​វីតាមីន C ក្នុង​របប​អាហារ​៖ តាម​ការសិក្សា​មួយ​បានឱ្យដឹងថា អ្នក​ដែល​បរិភោគ​អាហារ​ខ្វះ​វីតាមីន C ងាយ​នឹង​មាន​ស្នាម​ជាំ ព្រោះ​វីតាមីន C ជួយ​បង្កើត​ជាលិកា​ការពារ​ជុំវិញ​សរសៃឈាម​។ មុខ​, ដៃ​, និង​ជើង​របស់​អ្នក មាន​ជាលិការ​ការពារ​នោះ​តិចជាង​ភ្លៅ​របស់​អ្នក ដូច្នេះ​ស្នាម​ជាំ​នៅ​កន្លែង​ទាំងនោះ​នឹង​ខ្មៅ​ជាង​ស្នាម​ជាំ​នៅលើ​ភ្លៅ​។ ប្រសិនបើ​អ្នក​ងាយ​នឹង​មាន​ស្នាម​ជាំ អ្នក​គួរ​ទទួល​ទាន​វីតាមីន C ៣ ដង ក្នុង ១​ថ្ងៃ ដោយ​ទទួលទាន​ម្តង ៥០០ មី​លី​ក្រាម​។​

​ប្រយ័ត្ន​ចំពោះ​ថ្នាំ​មួយចំនួន​៖ អ្នក​ដែល​ទទួលទាន​ថ្នាំ​អាស្ពីរីន​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​បេះដូង និង អ្នក​ដែល​ទទួលទាន​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ងាយ​នឹង​មាន​ស្នាម​ជាំ​ដោយសារ​ការ​ប៉ះ​បន្តិចបន្តួច​។ ថ្នាំ​មួយចំនួនទៀត​ដូចជា ថ្នាំលាប​ពេល​រលាក​, ថ្នាំ​បំបាត់​ទុក្ខព្រួយ​, ឬ​ថ្នាំ​ព្យាបាល​ជំងឺហឺត អាច​បង្ករ​ឱ្យ​ស្នាម​ជាំ​កាន់តែ​ធំ​។ អ្នក​ទទួល​ទាន​គ្រឿង​ស្រវឹង​និង​ប្រើប្រាស់​គ្រឿងញៀន ក៏​ងាយ​នឹង​មាន​ស្នាម​ជាំ​ដែរ​។​

ករណី​ត្រូវ​រក​គ្រូពេទ្យ​៖ ពេលខ្លះ​ស្នាម​ជាំ​គឺជា​សញ្ញា​នៃ​ជំងឺ ដូច្នេះ​ប្រសិនបើ​អ្នក​ងាយ​នឹង​មាន​ស្នាម​ជាំ​ដោយ​មិន​ដឹង​មូលហេតុ អ្នក​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។ វិបត្តិ​ចរន្តឈាម​ក៏​អាច​បង្ករ​ឱ្យ​មាន​ស្នាម​ជាំ​ដែរ​។ ជំងឺ​អេដស៍​អាច​បង្ករ​ឱ្យមាន​ស្នាម​ដូច​ជាំ​ដែរ ប៉ុន្តែ​វា​មិន​បាត់​ទៅ​វិញ​នោះទេ​។​