ជាធម្មតាបញ្ហាអង្គែស្បែកក្បាល គឺបង្កឡើងពីរោគផ្សិតម្យ៉ាងហៅថា Malassezia ដែលលូតលាស់លើស្បែកក្បាល។ (អាន ៖ ដេកមិនលក់នាំអោយឈឺច្រើន! នេះជាដំណោះស្រាយ) អង្គែស្បែកក្បាលមាន ២ ប្រភេទ គឺមួយកើតឡើងដោយសារការផលិតជាតិប្រេងច្រើនលើស ហើយមួយទៀតនោះបណ្ដាលមកពីភាពស្ងួតពេកនៃស្បែកក្បាល។ ទោះជាយ៉ាងណាបញ្ហាអង្គែក៏បណ្ដាលមកពីការមិនកក់សក់ទៀងទាត់, ការប្រើប្រាស់សាប៊ូខុស ស្ត្រេស និងការទទួលទានចំណីអាហារផងដែរ។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីវិធីដ៏ងាយបំផុតកម្ចាត់អង្គែចេញពីស្បែកក្បាល ដោយចំណាយអស់តិចតែមានប្រសិទ្ធិភាពខ្ពស់ ៖

១. ទឹកខ្មេះផ្លែប៉ោម

ទឹកខ្មេះផ្លែប៉ោម ជាមួយនឹងទឹកមិនត្រឹមតែអាចជួយកម្ចាត់អង្គែប៉ុណ្ណោះទេ ប៉ុន្តែក៏បំបាត់រមាស់ និងសាកសមសម្រាប់ស្បែកក្បាលស្ងួតផងដែរ។

– របៀបអនុវត្ត ៖ អ្វីដែលអ្នកត្រូវធ្វើនោះ គឺលាយទឹកធម្មតាចំនួន ២ ពែង ជាមួយទឹកខ្មេះផ្លែប៉ោម ២ ពែង។ កូរឲ្យសព្វ សឹមចាក់ល្បាយចូលដបស្ព្រៃយ៍ ឬដបដែលមានក្បាលបាញ់។ បន្ទាប់មកចាប់ផ្ដើមបាញ់ឲ្យពេញគល់នៃសក់របស់អ្នក។ ចងសក់ឡើង ហើយយករុំសក់ជាមួយថង់ផ្លាស្ទិក។ ទុកចោលបែបនេះសម្រាប់រយៈពេលពី ១៥ នាទី ទៅ ១ ម៉ោង អាស្រ័យលើប្រភេទនៃសក់របស់អ្នកវែង ឬខ្លី​, ក្រាស់ ឬស្ដើង។ ចុងក្រោយគ្រាន់តែកក់សម្អាតសក់ជាមួយសាប៊ូកក់
សក់ និងក្រែមបន្ទន់ដូចធម្មតាជាការស្រេច។

២. ប្រេងដូង និងទឹកក្រូចឆ្មារ

អ្វីដែលអ្នកត្រូវធ្វើនោះ គឺលាយប្រេងដូងចំនួន ២ ស្លាបព្រាបាយ ជាមួយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាកាហ្វេ។ កូរឲ្យសព្វ សឹមលាបល្បាយលើសក់ និងស្បែកក្បាល។ ម៉ាស្សាឲ្យពេញក្បាលសម្រាប់រយៈពេល ២ ទៅ ៣ នាទី រួចទុកចោលសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី សឹមកក់សក់ចេញជាមួយសាប៊ូជាការស្រេច។

៣​. ទឹកខ្ពុរមាត់

អ្វីដែលអ្នកត្រូវធ្វើនោះ គឺលាយទឹកខ្ពុរមាត់ចំនួន ១ ស្លាបព្រាបាយ ជាមួយទឹកធម្មតា ៩ ស្លាបព្រាបាយ។ ជាដំបូងកក់សម្អាតសក់ជាមួយសាប៊ូធម្មតាសិន បន្ទាប់មកសឹមលាបល្បាយទឹកខ្ពុរមាត់លើសក់ ហើយទុកចោលសម្រាប់រយៈពេល ១ ម៉ោង រួចលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង