Join with Health.com.kh on Telegram

អ្វីទៅជាការចុករោយចង្កេះ?

ការចុករោយចង្កេះ(ការឈឺចាប់ខ្នងភាគខាងក្រោម)អាចធ្វើឲ្យមានឈឺគ្រប់កន្លែង ចាប់ពីឆ្អឹងជំនីររហូតមកដល់ជើង។ ខ្នងភាគខាងក្រោមតភ្ជាប់រាងកាយភាគខាងលើទៅនឹងរាងកាយភាគខាងក្រោម។ គឺជាទីប្រជុំទម្ងន់ភាគច្រើននៃរាងកាយ។ គឺដោយមានតួនាទីយ៉ាងដូច្នេះហើយទើបខ្នងភាគខាងក្រោមនេះងាយនឹងរងគ្រោះខ្លាំងណាស់ នៅពេលណាដែលអ្នកចាប់លើក ឈោងចាប់អ្វីមួយ ឬងាកបែរខ្លួន។

មនុស្សស្ទើរតែទាំងអស់គ្នាសុទ្ធតែធ្លាប់មានការឈឺខ្នងម្តងមួយកាល នៅក្នុងមួយជីវិតរបស់ខ្លួន។ ដំណឹងល្អនោះគឺថា ជម្ងឺឈឺខ្នងភាគខាងក្រោមអាចនឹងបាត់ទៅវិញក្នុងពេលប៉ុន្មានសប្តាហ៍ក្រោយមក បន្ទាប់ពីបានធ្វើការព្យាបាលជាមូលដ្ឋានខ្លះដោយខ្លួនឯង។ ក៏ប៉ុន្តែ បើសិនជាអ្នកមានការឈឺចាប់ខ្លាំងហើយយូរជាច្រើនសប្តាហ៍ សូមទៅពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិត។

តើអ្វីដែលជាមូលហេតុនៃការចុករោយចង្កេះ?

រោយចង្កេះឫការឈឺចាប់ខ្នងភាគខាងក្រោមច្រើនតែបណ្តាលមកពីការប្រើប្រាស់ច្រើនខ្លាំងពេក(overuse) ការប្រឹងប្រែងលើសកម្លាំង(strain) ឬដោយរបួស។ ឧទាហរណ៍ដូចជាគេច្រើនតែធ្វើឲ្យមានឈឺខ្នងនៅក្នុងពេលលេងកីឡា ឬធ្វើការក្នុងស្រែចម្ការ មានការប៉ះទង្គិច(រញ្ជួយ)ខ្លួននៅក្នុងគ្រោះថ្នាក់ចរាចរ ឬខំប្រឹងលើកអ្វីមួយដែលធ្ងន់ពេក។
ការដែលមានអាយុកាន់តែច្រើនក៏ធ្វើឲ្យមានឈឺខ្នងដែរ។

ឆ្អឹងនិងសាច់ដុំរបស់អ្នកបានបាត់បង់ភាពរឹងប៉ឹងអស់ហើយកាលណាអ្នកចាស់ទៅ ដែលជាហេតុធ្វើឲ្យការងាយរងរបួសកើនឡើង។ ថាសស្ពោតៗ(spongy discs)នៅចន្លោះឆ្អឹងខ្នង(vertebrae)អាចត្រូវបានសឹករិចរិល លែងជាទ្រនាប់(cushion)ល្អនៅចន្លោះឆ្អឹងតទៅទៀតហើយ។ ថាសមួយដែលប៉ោងលៀនចេញឬបាក់(herniated disc) អាចសង្កត់មកលើសរសៃប្រសាទ ហើយធ្វើឲ្យមានការឈឺចាប់ឡើងបាន។

ចំពោះអ្នកខ្លះ ការឈឺចាប់ខ្នងភាគខាងក្រោមអាចជាលទ្ធផលនៃជម្ងឺសន្លាក់(arthritis) ការបាក់ឆ្អឹងខ្នង (compression fractures) ដោយសារឆ្អឹងពុក(osteoporosis) ឬដោយមកពីអ្នកមានបញ្ហាឆ្អឹងខ្នងតាំងពីពេលកើតមក។
ជារឿយៗ វេជ្ជបណ្ឌិតមិនបានដឹងអំពីមូលហេតុនៃការឈឺចាប់ខ្នងភាគខាងក្រោមទេ ក៏ប៉ុន្តែជម្ងឺនេះអាចនឹងទៅជាជម្ងឺរ៉ាំរ៉ៃមួយ បើសិនជាអ្នកមានស្ត្រេសឬមានការធ្លាក់ទឹកចិត្ត។
តើវាមានរោគសញ្ញាដូចម្តេចខ្លះ?
អាស្រ័យទៅតាមមូលហេតុ ការឈឺចាប់ខ្នងភាគខាងក្រោមអាចមានរោគសញ្ញាដូចខាងក្រោមនេះ:

  • ដូចជាស្ពឹកៗ(dull) ក្តៅងំ(burning) ឬចាក់ដោត(sharp)
  • នៅចំណុចណាមួយ ឬកន្លែងធំមួយ
  • កើតឡើងបន្តិចម្តងៗ ឬភ្លាមៗតែម្តង
  • កើតមានពេលសាច់ដុំកម្រើក ឬឡើងរឹង
  • ធ្វើឲ្យមានរោគសញ្ញាជើង(leg symptoms) ដូចជាឈឺចាប់ ស្ពឹកមិនដឹងអ្វី(numbness) ឬរមាស់ឆៀបៗ(tingling) ជួនកាលរាលទៅដល់ក្រោមជង្គង់។ រោគសញ្ញាទាំងអស់នេះអាចលេចចេញមកដោយខ្លួនឯង ឬជាមួយនឹងការឈឺខ្នងភាគខាងក្រោម។

រោគសញ្ញាជើងច្រើនតែបណ្តាលមកពីមានបញ្ហានៅលើឆ្អឹងខ្នងខាងក្រោម ដែលសង្កត់ទៅលើសរសៃប្រសាទណាមួយដែលតភ្ជាប់ទៅជើង។
មានបញ្ហាដ៏កម្រមានប៉ុន្តែធ្ងន់ធ្ងរមួយដែលគេហៅថាប្រជុំសញ្ញាcauda equina syndrome ដែលអាចនឹងកើតមានឡើងកាលណាចុងបញ្ចប់នៃខួរឆ្អឹងខ្នងត្រូវបានគាបសង្កត់។ សូមឆាប់រកការព្យាបាលបើសិនជាលោកអ្នកអស់កម្លាំង ស្ពឹកជើងទាំងពីរ ឬបាត់បង់ការត្រួតពិនិត្យលើប្លោកនោមឬពោះវៀន។
ពួកវេជ្ជបណ្ឌិតបាននិយាយថាការឈឺខ្នងៈ

  • មានសភាពស្រួចស្រាវ(Acute) បើកាលណាមានការឈឺចុកចាប់រហូតដល់ពេល៣ខែ។ ការឈឺខ្នងភាគច្រើនៗតែស្រួចស្រាវ ក៏ប៉ុន្តែនឹងបាត់ទៅវិញទៅក្នុងពេល៤ទៅ៦សប្តាហ៍ ក្រោយពីបានធ្វើការព្យាបាលនៅផ្ទះ។
  • លាប់ឡើងវិញ(Recurrent)បើកាលណារោគសញ្ញាស្រួចស្រាវត្រលប់មកវិញ។ មនុស្សភាគច្រើនៗតែមានការឈឺខ្នងលាប់មកវិញយ៉ាងហោចណាស់ក៏ម្តងដែរ។
  • រ៉ាំរ៉ៃ(Chronic) បើកាលណាការឈឺខ្នងនេះរំខានលោកអ្នកជារឿយៗ លើសពី៣ខែ។

តើគេធ្វើរោគវិនិច្ឆ័យការរោយចង្កេះយ៉ាងដូចម្តេច?

វេជ្ជបណ្ឌិតនឹងចោទសួរសំណួរមួយចំនួនទាក់ទងទៅនឹងសុខភាពរបស់លោកអ្នកពីមុន អំពីរោគសញ្ញា និងអំពីការធ្វើសកម្មភាពរបស់លោកអ្នក។ គាត់ក៏នឹងធ្វើការពិនិត្យរាងកាយលោកអ្នកដែរ។ ចម្លើយនិងការពិនិត្យរាងកាយរបស់លោកអ្នកនឹងជួយវេជ្ជបណ្ឌិតឲ្យរកឃើញមូលហេតុនៃជម្ងឺនេះបាន។ ក្នុងករណីភាគច្រើន វេជ្ជបណ្ឌិតអាចនឹងកំណត់ការព្យាបាលបានតាំងពីការពិនិត្យលើកដំបូងម្ល៉េះ។
អ្នកជម្ងឺភាគច្រើនមិនចាំបាច់ត្រូវធ្វើការពិនិត្យអ្វីបន្ថែមទៀតទេ។ តេស្តរូបភាព (Imaging tests) ដូចជាការឆ្លុះកាំរស្មីអ៊ិក(X-rays), CT scans, និង MRIs មិនសូវជាមានប្រយោជន៍ប៉ុន្មានទេ។ ក្នុងករណីជាច្រើន វេជ្ជបណ្ឌិតមិនប្រើវិធីទាំងនោះទេបើកាលណាគាត់សង្ស័យថាមានបញ្ហាធ្ងន់ធ្ងរ ដូចជាមានherniated disc មានបាក់ឆ្អឹង ឬមហារីក ឬបើសិនជាត្រូវធ្វើការវះកាត់។ លោកអ្នកអាចត្រូវធ្វើតេស្តរូបភាពបើសិនជាចាំបាច់ទាមទារការជួសជុលសំណង ឬមានការប្តឹងផ្តល់។

តើធ្វើការព្យាបាលរោយចង្កេះយ៉ាងដូចម្តេច?

ការឈឺចុកចាប់ខ្នងអាចនឹងត្រូវបានធូរស្រាលទៅជាមួយនឹងការព្យាបាលខាងក្រោមនេះ:

  1. ក្នុងពេលមួយឬពីរថ្ងៃដំបូង សូមសម្រាកនៅក្នុងស្ថានភាពដែលមានផាសុកភាព (comfortable position)។ សូមសាកល្បងដេកផ្អៀងខ្លួន ហើយដាក់ខ្នើយកល់ចន្លោះក្បាលជង្គង់ ទាំងពីរ។ សូមកុំដេកក្នុងស្ថានភាពតែមួយយូរពេក។ ក្នុងចន្លោះពីពីរទៅបីម៉ោង សូមងើបដើរបន្តិច (១០ទៅ២០នាទី) រួចដេកសម្រាកក្នុងស្ថានភាពមានផាសុកភាពមកវិញ។
  2. សូមប្រើឱសថបំបាត់ការឈឺចាប់បើសិនជាចាំបាច់ មានអាសេតាមីណូហ្វែន ដូចជា (Tylenol) ឬឱសថ anti-inflammatory ដូចជាអាស្ពីរីន ឬ ibuprofen (មាន Advil ឬ Motrin)។ តាមធម្មតាឱសថទាំងអស់នេះមានប្រសិទ្ធភាពល្អបើសិនជាលោកអ្នកលេបវាឲ្យបានទៀងទាត់ មិនរង់ចាំដល់ឈឺបានលេបនោះទេ។
  3. សូមដាក់អ្វីក្តៅស្អំចង្កេះ ឬងូតទឹកក្តៅអ៊ុនៗរយ:ពេល១៥ទៅ២០នាទី រាល់ពីរឬបីម៉ោងម្តង។ គេមិនដឹងច្បាស់ទេថាតើត្រូវស្អំកំដៅឬស្អំទឹកកក សូមសាកល្បងមើលតើមួយណាដែលល្អ។
  4. សូមឆាប់វិលត្រលប់មកធ្វើសកម្មភាពដូចធម្មតាឡើងវិញ។ ការដេកសម្រាកលើគ្រែចំនួនមួយឬពីរថ្ងៃអាចធ្វើឲ្យសាច់ដុំចុះខ្សោយ និងធ្វើឲ្យជម្ងឺកាន់តែអាក្រក់ទៅៗបាន។
    ការដើរគឺជាការហាត់ប្រាណដ៏សាមញ្ញនិងល្អបំផុតនៅក្នុងពេលដែលមានការឈឺខ្នង។ វាជួយធ្វើឲ្យឈាមរត់ល្អ និងធ្វើឲ្យសាច់ដុំរឹងប៉ឹង។ អ្នកអាចចាប់ផ្តើមដើរមុនដំបូងចំនួន៥ទៅ១០នាទីសិន រួចសឹមបង្កើនពេលវេលាបន្តិចម្តងៗ។ ការដើរក្នុងទឹកត្រឹមចង្កេះឬត្រឹមទ្រូងក៏ជាលំហាត់មួយល្អដែរ។

វេជ្ជបណ្ឌិតឬគ្រូពេទ្យព្យាបាលដោយចលនា(physical therapist) អាចផ្តល់អនុសាសន៍អំពីការហាត់ប្រាណពិសេសខ្លះដែលជួយធ្វើឲ្យសាច់ដុំខ្នងរបស់លោកអ្នករឹងមាំបាន។ នោះគឺជាលំហាត់ងាយៗមួយចំនួនដែលគេហៅថាcore stabilization ។ គឺសាច់ដុំរបស់ដងខ្លួនដែលជាអ្នកទ្រឆ្អឹងខ្នង។ ធ្វើឲ្យសាច់ដុំទាំងអស់នោះរឹងមាំអាចជួយកែលំអជំហររបស់លោកអ្នក រក្សាដងខ្លួនរបស់លោកអ្នកឲ្យស្ថិតនៅក្នុងតុល្យភាព រួចកាត់បន្ថយគ្រោះថ្នាក់បាន។

មានអ្នកខ្លះបានសះជាពីការឈឺខ្នងដោយធ្វើការព្យាបាលខ្លះទៀត ដូចជាធ្វើម៉ាស្សា ការច្របាច់ឆ្អឹងខ្នង (spinal manipulation) ហៅថា chiropractic ឬ osteopathic manipulation ឬដោយចាក់ម្ជុលទទេ (acupuncture)។ អ្នកខ្លះបានសះជា ក៏ប៉ុន្តែអ្នកខ្លះទៀតមិនសះជាទេ។ លោកអ្នកអាចសាកល្បងវិធីណាមួយមើល ក្រែងអាចជួយបាន។
បើសិនជាមានរោគសញ្ញាធ្ងន់ធ្ងរ ឬបើសិនជាមិនបាត់ទេបន្ទាប់ពីបានធ្វើការព្យបាលចំនួនពីរសប្តាហ៍រួចមក សូមទៅជួបជាមួយនឹងវេជ្ជបណ្ឌិតរបស់លោកអ្នក។ លោកអ្នកប្រហែលត្រូវការឱសថដែលខ្លាំងជាង ឬអាចត្រូវធ្វើការព្យាបាលដោយចលនា(physical therapy)។

ការដែលមានការឈឺខ្នងជាប់អាចធ្វើឲ្យលោកអ្នកមានការធ្លាក់ទឹកចិត្ត(depression)បាន ហើយការធ្លាក់ទឹកចិត្តនោះអាចនឹងមានឥទ្ធិពលមកលើការឈឺចាប់នោះវិញ។

អ្នកដែលមានការធ្លាក់ទឹកចិត្តហើយមានការឈឺចាប់រ៉ាំរ៉ៃអាចត្រូវទទួលការពិគ្រោះបញ្ហារួមជាមួយនឹងការប្រើឱសថ។ គ្រូពេទ្យខាងផ្លូវចិត្ត(cognitive-behavioral therapist) អាចជួយបង្រៀនលោកអ្នកបានអំពីការគ្រប់គ្រងស្ត្រេសនិងជំនាញក្នុងការត្រួតត្រាលើការឈឺចាប់។ ឱសថ Antidepressantក៏អាចជួយបានដែរ។

មានអ្នកមានជម្ងឺឈឺខ្នងតែមួយចំនួនតូចទេដែលត្រូវធ្វើការវះកាត់។ ការវះកាត់អាចមានប្រសិទ្ធភាពបើសិនជាលោកអ្នកមានលានចេញថាសទ្រាប់ឆ្អឹងខ្នង herniated disc ឬ ឈឺខ្នងដោយមានរោគសញ្ញាខូចសរសៃប្រសាទផងដែរ ដូចជាមានស្ពឹកៗជើងជាដើម។ បើទោះបីជាមានយ៉ាងដូច្នេះក្តី អ្នកជម្ងឺភាគច្រើនអាចបានធូរស្រាលមកវិញដោយមិនចាំបាច់ធ្វើការវះកាត់ទេ។

ការវះកាត់មិនប្រាកដជាធានាថាធ្វើឲ្យបាត់ឈឺបានរហូត នោះទេ។ មុននឹងសម្រេចចិត្តធ្វើការវះកាត់ យកល្អត្រូវសាកសួរគេឯងជាមុនសិន(second opinion)។

តើលោកអ្នកអាចបង្ការមិនឲ្យការឈឺខ្នងលាប់មកវិញបានដោយរបៀបណា?

បន្ទាប់ពីធ្លាប់បានឈឺខ្នងម្តងរួចមក លោកអ្នកអាចនឹងមានឈឺជាថ្មីម្តងទៀត។ ដើម្បីធ្វើឲ្យខ្នងរបស់លោកអ្នកមានសុខភាពល្អ និងដើម្បីជៀសវាងការឈឺចាប់ជាបន្តទៅទៀត សូមលោកអ្នកអនុវត្តដូចតទៅនេះ:

  1. សូមប្រកាន់យកជំហរល្អនៅក្នុងពេលអង្គុយ ឈរ ឬដើរ។
  2. សូមឧស្សាហ៍ធ្វើការហាត់ប្រាណដែលមិនសូវមានការប៉ះពាល់។ សូមដើរ ហែលទឹក ឬធាក់កង់នៅមួយកន្លែង(a stationary bike)។ សូមពត់ដងខ្លួនមុននឹងធ្វើការហាត់ប្រាណ។
  3. សូមពាក់ស្បែកជើងកែងទាបៗ ដែលមានកែងរឹងមាំល្អ។
  4. សូមដេកផ្អៀងខ្លួន លើពូកមិនទន់ពេកមិនរឹងពេក ដែលនឹងមិនសូវធ្វើឲ្យខ្នងរបស់លោកអ្នកឈឺចាប់ពេក។
  5. សូមឧស្សាហ៍ត្រួតពិនិត្យទម្ងន់របស់លោកអ្នក។ ការដែលមានទម្ងន់ធ្ងន់ខ្លាំងពេក ជាពិសេសត្រង់ចង្កេះ អាចនឹងមានសម្ពាធខ្លាំងមកលើខ្នងរបស់លោកអ្នក។
  6. សូមកុំប្រឹងលើករបស់ធ្ងន់ៗខ្លាំងពេក។ បើសិនជាត្រូវលើក សូមបន្ទន់ជង្គង់រួចរក្សាខ្នងឲ្យនៅត្រង់ កាន់របស់ធ្ងន់នោះជាប់នឹងពោះ ហើយសូមកុំប្រឹងលើកផងរួចបង្វិលខ្លួនផងក្នុងពេលជាមួយគ្នា។

សូមមើលរូបភាពស្តីពីបច្ចេកទេសក្នុងការលើកដែលត្រឹមត្រូវ (proper lifting technique)។
បើសិនជាលោកអ្នកត្រូវអង្គុយឬឈរធ្វើការយូរ:

  1. សូមយកចិត្តទុកដាក់ដល់ជំហររបស់លោកអ្នក។ សូមអង្គុយឬឈរឲ្យត្រង់ខ្លួន ទាញស្មាទៅក្រោយបន្តិច។
  2. សូមប្រាកដថាកៅអីរបស់លោកអ្នកមានបង្អែកល្អ។
  3. សូមឧស្សាហ៍សម្រាក រួចងើបដើរចុះឡើង។