​វេជ្ជបណ្ឌិត ច​ន កៃ​មី (John J. Caimi) និយាយថា បញ្ហា​មាន​បបូរមាត់​ស្ងួត​ដូចជា​វាល​ខ្សាច់​សាហា​រ៉ា​នេះ​បង្ករ​ជា​ការរំខាន​តិចតួច​ប៉ុណ្ណោះ​ចំពោះ​មនុស្ស​មួយចំនួន ប៉ុន្តែ​ចំពោះ​សម្រាប់​មនុស្ស​មួយចំនួន​ទៀត វា​គឺជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​។​

​ ​ប្រសិនបើ​អ្នក​ទុក​វា​ចោល​ដោយ​មិន​ព្យាបាល វា​អាច​បង្ករ​ឱ្យ​ដំបៅ​មាត់​ដែល​អាច​មាន​ការឈឺចាប់ ពុក​ធ្មេញ និង​បញ្ហា​សុខភាព​មាត់​ផ្សេងៗ​ទៀត​។ មាត់​របស់​អ្នកត្រូវការ​លំហូរ​ទឹកមាត់​គ្រប់គ្រាន់​ដើម្បី​គ្រប​និង​ផ្តល់​ជាតិ​រំអិល​ដល់​ជាលិកា​ក្នុង​មាត់​ដែល​ជួយ​ការពារ​ការពុក​ធ្មេញ​និង​ជំងឺ​អញ្ចាញ​។​

​ ​វេជ្ជបណ្ឌិត កៃ​មី បានឱ្យដឹងថា បញ្ហា​មាត់​ស្ងួត​អាច​កើតឡើង​លើ​មនុស្ស​គ្រប់​ប្រភេទ ដូចជា មនុស្ស​ចាស់​ដែល​ជា​ធម្មតា​មាត់​ងាយ​នឹង​ស្ងួត ក៏​ដូចជា​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម និង​ការធ្លាក់​ទឹកចិត្ត​។ ចំពោះ​អ្នក​ជំងឺមហារីក មាត់​ស្ងួត​ច្រើនតែ​ជា​លទ្ធផល​នៃ​ការប្រើ​ការព្យាបាល​ដោយ​ចាក់​គីមី ឬ​ការព្យាបាល​ដោយ​ប្រើ​វិទ្យុ​សកម្ម ហើយ​ពួកគេ​ច្រើន​តែ​បាន​ទទួល​ការណែនាំ​ឱ្យ​ទៅ​ពិភាក្សា​ជាមួយនឹង​អ្នកជំនាញ​ផ្នែក​ជំងឺមហារីក​និង​ពេទ្យធ្មេញ​។​

​ ​វេជ្ជបណ្ឌិត កៃ​មី និយាយថា ប៉ុន្តែ​ភាគច្រើន អាការៈ​ស្ងួត​មាត់ច្រើន​កើតឡើង​ដោយ​សារ​ផលវិបាក​នៃ​ការប្រើ​ថ្នាំ​។​

​ ​ខាងក្រោម​នេះ​គឺ​ជា​ការណែនាំ​មួយ​ចំនួន​ដើម្បី​ជួយ​អ្នក​ក្នុង​ការបំបាត់​អា​ការៈស្ងួ​តមាត់ ការពារ​ជាលិកា និង​ជួយ​បង្ការ​មិន​ឱ្យ​ធ្មេញ​ពុក ដែល​ជា​លទ្ធផល​នៃ​អា​ការៈស្ងួ​តមាត់​។​

​ទំពារ​ស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករ​៖ ការ​ទំពា​រស្ករ​កៅស៊ូ​អាចជួយ​ឱ្យ​ក្រពេញទឹកមាត់​ផលិត​ទឹកមាត់​បាន​ច្រើន​។ វេជ្ជបណ្ឌិត ឌេ​ន ភី​ថើ​សុន (Dan Peterson) និយាយថា អ្នក​គួរ​សាកល្បង​ទំពារ​ស្ករ​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ​ដែលមាន​ជាតិ xylitol ដែល​ជា​ភ្នាក់ងារ​មាន​ជាតិ​ផ្អែម​ដែល​អាច​កាត់បន្ថយ​បាក់តេរី​ដែល​បង្ករ​ឱ្យមាន​ប្រហោង​នៅ​ធ្មេញ​។​

​ឧស្សាហ៍​ញ៉ាំ​ទឹក​តិចៗ​៖ វេជ្ជបណ្ឌិត កៃ​មី ណែនាំ​ឱ្យ​ឧស្សាហ៍​ញ៉ាំ​ទឹក​បន្តិចៗ ហើយ​ខ្ពុរ​ពេញ​ក្នុង​មាត់និត​តាម​ធ្មេញ​ដើម្បី​ទប់ទល់​នឹង​អារម្មណ៍​ស្ងួត​មាត់​។​

​ ​វេជ្ជបណ្ឌិត អា​នី បូ​ស៊ី (Anne Bosy) ណែនាំ​ឱ្យ​ញ៉ាំ​ទឹក​ប្រហែលជា​ពីរ​លីត្រ​ក្នុង​មួយថ្ងៃ​។ អ្នក​កាន់តែ​ធ្វើ​សកម្មភាព​ច្រើន នោះ​អ្នកត្រូវការ​ជាតិ​ទឹក​ក៏​កាន់តែ​ច្រើន​។ ប្រសិនបើ​អ្នក​ហាត់ប្រាណ អ្នក​គួរ​យក​ដប​ទឹក​មួយ​តាម​ខ្លួន​។​

​បៀម​ទឹកកក​៖ ទឹកកក​ក៏​ជា​ប្រភព​នៃ​ទឹក​ដែរ ប៉ុន្តែ​អ្នក​ត្រូវ​បៀម​វា មិន​ត្រូវ​ខាំ​វា​នោះ​ទេ ព្រោះ​វា​អាច​បំផ្លាញ​ធ្មេញ​របស់​អ្នក​។​

​លាង​សម្អាត​ការឈឺចាប់​៖ វេជ្ជបណ្ឌិត កៃ​មី បានឱ្យដឹងថា ភាព​ស្ងួត​ខ្លាំង​អាចធ្វើឱ្យ​មាត់​របស់​អ្នក​ងាយស្រួល​រលាក​និង​មាន​ដំបៅ ព្រោះ​ទឹកមាត់​មាន​មុខងារ​ក្នុងការ​បន្សាប​ជាតិ​អាស៊ីត​នៅក្នុង​មាត់​។ គាត់​ណែនាំ​ឱ្យ​អ្នក​លាង​សម្អាត​មាត់​ដោយ​ប្រើ ម្សៅ​ឡើង ១/៤​ស្លាបព្រា​កាហ្វេ លាយ​ជាមួយ​នឹង អំបិល ១/៨​ស្លាបព្រា​កាហ្វេ និង​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​ពែង​។ ទឹក​ល្បាយ​នេះ​អាច​ជួយ​បន្សាប​ជាតិ​អាស៊ី​ត និង​លាង​សម្អាត​ការឆ្លង​ពី​ជាលិកា​អញ្ចាញ​។​

​សាកល្បង​ស្ករ​គ្រាប់​រឹង​៖ វេជ្ជបណ្ឌិត ភី​ថើ​សុន និយាយថា ការ​បៀម​ស្ករ​គ្រាប់​រឹង​ដែល​គ្មាន​ជាតិ​ស្ករ​ក៏​អាច​ជួយ​បង្កើន​ការបញ្ចេញ​ទឹកមាត់​ដែរ​។​

​បន្លែ​៖ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ក៏​ហាក់ដូចជា​ជួយ​បង្កើន​ការបញ្ចេញ​ទឹកមាត់​ដែរ​។ វេជ្ជបណ្ឌិត បូ​ស៊ី ណែនាំ​ឱ្យ​បរិភោគ​អាហារ​សម្បូរ​ជាតិ​សរសៃ​ដូចជា ការ៉ុត​ឆៅ បន្លែ​សី​លើ​រី (celery) ឬ​ផ្លែ​ប៉​ម នៅពេល​បាយ​និង​ធ្វើ​ជា​អាហារសម្រន់​។ ពពួក​អាហារ​ទាំងនេះ​ក៏​ជួយ​សម្អាត​អណ្តាត​របស់​ផងដែរ​នៅពេល​ដែល​អ្នក​ទំពារ​និង​លេប ដែល​មាន​ផល​ល្អ​ចំពោះ​អនាម័យ​មាត់​របស់​អ្នក​ទាំងមូល​។​

​បដិសេធ​ជាតិ​ស្ករ​៖  អ្នក​ត្រូវ​ដាក់​កម្រិត​ចំពោះ​ការបរិភោគ​អាហារ​ជាតិ​ស្ករ ផ្អែម និង​ស្អិត ប្រសិនបើ​អ្នក​មាន​អា​ការៈស្ងួ​តមាត់​។ ភាព​កង្វះ​ទឹកមាត់​របស់​អ្នកនឹង​រក្សាទុក​សារជាតិ​ទាំងអស់​នេះ​នៅលើ​ធ្មេញ​របស់​អ្នក ដែល​រឹតតែ​បង្កើន​គ្រោះថ្នាក់​ដល់​ធ្មេញ​របស់​អ្នក​។​

​ជៀសវាង​អាហារ​ដែល​ធ្វើឱ្យ​រលាក​៖ អាហារ​ដែល​មាន​រសជាតិ​ហឹរ​ឬ​ប្រៃ អាច​បង្ករ​ឱ្យ​មាន​ការឈឺចាប់​ក្នុង​មាត់​ដែល​ស្ងួត​។ ទឹក​ផ្លែក្រូច​ក៏​ប្រហែលជា​ប្រភព​នៃ​ការឈឺចាប់​ព្រោះ​វា​មាន​ជាតិ​អាស៊ីត​ខ្ពស់​។​

​ជ្រើសរើស​ថ្នាំដុសធ្មេញ​ឱ្យបាន​ត្រឹមត្រូវ​៖ នៅពេល​ដែល​ការផលិត​ទឹក​មាត់តិច គ្រោះថ្នាក់​នៃ​ការពុក​ធ្មេញ​និង​ជំងឺ​អញ្ចាញ​កើនឡើង​ខ្ពស់​។ វេជ្ជបណ្ឌិត ភី​ធើ​សុន ណែនាំ​ឱ្យ​ដុសធ្មេញ​យ៉ាងតិច​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ដោយ​ប្រើ​ថ្នាំដុសធ្មេញ​មាន​ជាតិ​ភ្លុយអរ (fluoride) ខ្លាំង​។​

​ ​ប្រសិនបើ​អ្នក​មាន​អាកា​រៈមាត់​ស្ងួត អ្នក​មិន​ត្រូវ​ប្រើ​ថ្នាំដុសធ្មេញ​ដែល​មាន​ជាតិ​សូ​ដ្យូ​ម​ឡូរី​ល ស៊ុល​ហ្វាត (sodium lauryl sulfate) នោះទេ​។​

​ ​នេះ​គឺ​ជា​កម្មវិធី​ព្យាបាល​ដោយ​ប្រើ​ភ្លុយអរ​ដែល​វេជ្ជបណ្ឌិត ភី​ថើ​សុន បាន​ណែនាំ​ដើម្បី​ការពារ​ធ្មេញ​របស់​អ្នក​។ ក្រោយពេល​ដុសធ្មេញ​របស់​អ្នក​មុនពេល​ចូល​គេង អ្នក​ត្រូវ​លាប​ថ្នាំដុសធ្មេញ​លើ​អញ្ចាញ​និង​ធ្មេញ​របស់​អ្នក​ដោយ​ប្រើ​ច្រាស់​ដុសធ្មេញ​ឬ​ដុំ​សំឡី​។ ទុក​វា​រយៈពេល ១​នាទី បន្ទាប់​មក​ស្តោះ​វា​ចេញ ប៉ុន្តែ​មិន​ត្រូវ​លាង​សម្អាត​ជាតិ​ថ្នាំដុសធ្មេញ​ដែល​នៅសល់​នោះទេ ហើយ​ចូល​គេង​ដោយមាន​ថ្នាំដុសធ្មេញ​នៅលើ​ធ្មេញ​របស់​អ្នក​។ ធ្វើ​បែប​នេះ​ម្តងទៀត​នៅ​ពេល​ព្រឹក ដោយ​មិន​ត្រូវ​ញ៉ាំ​ឬ​ផឹក​អ្វី​នោះ​ទេ​ក្នុង​រយៈពេល ៣០​នាទី ក្រោយពេល​លាប​វា​រួច​។ អ្នក​អាច​អនុវត្ត​វា មួយ​ឬ​ពីរ​ដង​ក្នុង​មួយថ្ងៃ និង​រយៈពេល​ពី ៤ ទៅ ៦​សប្តាហ៍​។​

​ប្រើ​ទឹក​ខ្ពុរមាត់​៖ ប្រើ​ទឹក​ខ្ពុរមាត់​ដែល​ប្រឆាំង​នឹង​បាក់តេរី ដែល​មិន​មាន​ជាតិ​អាល់កុល​ឬ​ស្ករ​។ ជាតិ​អាល់កុល​ធ្វើឱ្យ​មាត់​របស់​អ្នក​កាន់តែ​ស្ងួត និង​អាច​ធ្វើឱ្យ​រលាក​ជាលិកា​អញ្ចាញ​ដែល​កំពុង​តែ​ឆាប់​ប្រតិកម្ម​ស្រាប់​។ ចំណែកឯ​ជាតិ​ស្ករ​អាច​ធ្វើឱ្យ​ធ្មេញ​របស់​អ្នក​ពុក​និង​ប្រហោង ដែល​អាច​កើតឡើង​កាន់តែ​លឿន​នៅពេល​ដែល​អ្នក​មាន​បញ្ហា​មាត់​ស្ងួត​។​

​ឧស្សាហ៍​ប្តូរ​ច្រាស់​ដុសធ្មេញ​របស់​អ្នក​៖ នៅពេល​ដែល​ច្រាស់​ដុសធ្មេញ​របស់​អ្នក​មាន​កំណក​ថ្នាំដុសធ្មេញ​នៅ​ចន្លោះ​សរសៃ​ច្រាស់ នោះ​គឺជា​ពេល​ដែល​អ្នក​គួរ​ប្តូរ​វា​ហើយ​។ ក្រោយពេល​ប្រើ​ច្រាស់​ដុសធ្មេញ​បាន​មួយរយៈ វា​អាច​ជា​កន្លែង​ប្រមូលផ្តុំ​បាក់តេរី​និង​អាច​ចម្លង​ទៅក្នុង​មាត់​របស់​អ្នក​ដែល​បង្ករ​ឱ្យ​អ្នក​មាន​ក្លិន​មាត់​មិន​ល្អ​។​

​ដុសធ្មេញ​ឱ្យបាន​ច្រើនដង​៖ មុខងារ​របស់​ទឹកមាត់​គឺ​រំលាយ​អាហារ​ដែល​នៅ​ជាប់​នឹង​ធ្មេញ​របស់​អ្នក​។ ដូច្នេះ​ហើយ​ប្រសិនបើ​អ្នក​មិន​សូវ​មាន​ទឹកមាត់ កំទេច​អាហារ​ដែល​នៅជាប់​នឹង​ធ្មេញ​របស់​អ្នកនឹង​នៅជាប់​ធ្មេញ​របស់​អ្នក​យូរ​ជាង​ធម្មតា ដែល​បង្ករ​ឱ្យ​អ្នក​មាន​ក្លិន​មាត់​មិន​ល្អ​។ ដូច្នេះ​អ្នក​គួរ​ដុសធ្មេញ​ឱ្យបាន​ច្រើន​ដង ដូចជា​រាល់​ក្រោយពេល​ញ៉ាំ​បាយ ឬ​ញ៉ាំ​អ្វី​ផ្សេងៗ​។​

​ត្រាំ​ធ្មេញ​ពាក់​៖ ធ្មេញ​ពាក់​ធ្វើឱ្យ​អ្នក​មាន​មាត់​ស្ងួត​កាន់តែ​ងាយ​នឹង​ឆ្លង​។ ដូច្នេះ​អ្នក​គួរ​ត្រាំ​ធ្មេញ​ពាក់​របស់​អ្នក​រាល់​យប់​ដោយ​លាយ​ក្លរ ១​ភាគ ក្នុង​ទឹក ១០​ភាគ ដើម្បី​បង្ការ​ការឆ្លង​។ មុន​នឹង​យក​វា​មក​ពាក់​វិញ អ្នក​ត្រូវ​លាង​សម្អាត​វា​ឱ្យបាន​ស្អាត​។​

​វីតាមីន​ចម្រុះ​៖ កង្វះ​វីតាមីន​មួយចំនួន ជាពិសេស​គឺ​វីតាមីន riboflavin និង​វីតាមីន A អាច​ធ្វើ​ឱ្យ​មា​ត់របស់​អ្នក​ស្ងួត​បាន​។ រោគ​កង្វះ​ឈាម​ដែល​បង្ករ​មក​ពី​កង្វះ​វីតាមីន B12 ក៏​អាច​ធ្វើឱ្យ​មាត់​ស្ងួត​ដែរ​។ ប្រសិនបើ​វា​គឺជា​មូលហេតុ​នៃ​បញ្ហា​របស់​អ្នក អ្នក​អាច​ប្រើ​ថ្នាំ​វីតាមីន​បន្ថែម​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​

​ករណី​ត្រូវ​រក​គ្រូពេទ្យ​៖ ការពិនិត្យ​ធ្មេញ​ពី​ឆ្នាំ​ម្តង​ជា​ប្រចាំ​មាន​សារសំខាន់​ចំពោះ​សុខភាព​មាត់​របស់​អ្នក ព្រោះ​ពេទ្យធ្មេញ​អាច​ធ្វើ​រោគវិនិច្ឆ័យ​បញ្ហា​ឃើញ​ទាន់​ពេល​ដែល​ងាយស្រួល​ក្នុង​ការព្យាបាល​។ ម្យ៉ាងវិញទៀត គ្រូពេទ្យ​ក៏​អាច​ណែនាំ​ពី​វិធី​ថែរក្សា​ធ្មេញ​ឬ​ណែនាំ​ឱ្យ​ប្រើ​ទឹក​ខ្ពុរមាត់​ដើម្បី​ការពារ​ធ្មេញ​របស់​អ្នក​។​

​ ​ប្រសិនបើ​អ្នក​ចាប់អារម្មណ៍​ឃើញ​មានការ​រលាក​ក្រហម​និង​ស្ងួត​លើ​មាត់​របស់​អ្នក អ្នក​គួរ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ​ឱ្យបាន​ឆាប់​បំផុត​។​

​ ​ប្រសិនបើ​អ្នក​គិត​ថា​ថ្នាំ​របស់​អ្នក​បង្ករ​ឱ្យមាន​បញ្ហា​ស្ងួត​មាត់ អ្នក​ត្រូវ​ប្រញាប់​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។ ក្នុង​ករណី​ខ្លះ ការផ្លាស់ប្តូរ​ថ្នាំ​អាច​ជួយ​កែប្រែ​បញ្ហា​នេះ​បាន​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង