បន្ទាប់​ពី​បាន​រៀប​ការ​ហើយ​ អ្នក​ប្រហែលជា​ចង់​មានកូន​។​ប៉ុន្តែ​មិនមែន​ប្តី​ប្រ​ព​ន្ឋ​ទាំងអស់​សុ​ទ្ឋ​តែ​អាច​មានកូន​តាម​សេចក្តី​ប្រាថ្នា​បាន​ឡើយ​។​អ្នក​អាច​នឹង​ចោទសួរ​ថា​តើ​មាន​មធ្យោបាយ​ណាខ្លះ​អាច​ជួយ​បាន​ទេ​?​នៅ​ទី​នេះ​ យើង​នឹង​មិន​បកស្រាយ​អំពី​ការ​ព្យាបាល​តាម​វេជ្ជសាស្ត្រ​ទេ​ ប៉ុន្តែ​យើង​នឹង​និយាយ​អំពី​របៀប​រស់នៅ​ខ្លះ​ដែល​ជួយ​បង្កើន​ឪ​កាស​នៃ​ការ​ឆាប់​មានកូន​នេះ​។​

១,​ ត្រូវ​ពិនិត្យ​មើល​ការ​ត្រៀម​មាន​ផ្ទៃពោះ
មុន​ពេល​អ្នក​ចាប់ផ្តើម​ព្យាយាម​ចង់​មាន​ផ្ទៃពោះ​ អ្នក​គួរតែ​ពិនិត្យ​សុខភាព​ជា​មុន​សិន​។​ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ការ​ប្រើ​ថ្នាំ​វីតាមីន​ត្រៀម​មាន​ផ្ទៃពោះ​ដូច​ជា​ អាស៊ីត​ហ្វូ​លិច​ ដែល​វា​នឹង​ទៅ​ធ្វើ​អោយ​ទារក​កើត​មានការ​ប្រឈម​ទាប​ទៅ​នឹង​ការ​ខូច​ប្រព័ន្ធ​សរសៃប្រសាទ​ដូច​ជា​បញ្ហា​ខួរឆ្អឹងខ្នង​។​ អ្នកស្រី​ហី​ឡា​ដ​ (Hillard)​បាន​ប្រាប់​អោយ​ដឹង​ថា​ “​ចូរ​អនុវត្តន៍​តាម​ផែនការ​នេះ​មុន​ពេល​អ្នក​ចាប់ផ្តើម​ព្យាយាម​ចង់​មាន​ផ្ទៃពោះ​ ។​ ប្រសិនបើ​អ្នកមាន​បញ្ហា​សុខភាព​អ្វី​នោះ​ អ្នក​ត្រូវ​តែ​ដោះស្រាយ​វា​អោយ​រួចរាល់​ជា​មុន​សិន​ទើប​អ្នក​អាច​មាន​ផ្ទៃពោះ​ប្រកបដោយ​សុវត្ថិភាព​”​។​

២​ ត្រូវ​ដឹង​អំពី​វដ្ត​រដូវ​របស់​អ្នក
អ្នកស្រី​ហី​ឡា​ដ​និយាយ​ថា​ ការ​អប់រំ​ខាង​ផ្លូវភេទ​គឺជា​គន្លឹះ​នៃ​រឿង​នេះ​ “​ស្ត្រី​ទាំងអស់​ត្រូវ​តែ​ដឹង​អោយ​បាន​ច្បាស់​អំពី​វដ្ត​រដូវ​របស់​ពួក​គេ​ ។​និង​នៅ​ពេល​ដែល​ពួក​គេ​អាច​នឹង​មានកូន​បាន​”​។​ ពេលវេលា​នៃ​ការ​បញ្ចេញ​អូវុល​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​ការ​មាន​ផ្ទៃពោះ​។​

អ្នកស្រី​និយាយ​ថា​ “​ការ​ដែល​ដឹង​ពី​រោគ​សញ្ញា​នៃ​ការ​បញ្ចេញ​អូវុល​នៅ​ក្នុង​មាត់ស្បូន​ដូច​ជា​ ហូរ​ទឹក​សើមៗ​ ឬ​ដូច​សំបោរ​ក៏​ជា​រឿង​មាន​ប្រយោជន៍​”​។​ រោគ​សញ្ញា​ផ្សេងៗ​ទៀត​នៃ​ការ​បញ្ចេញ​អូវុល​អាច​ជា​ ការ​ឈឺចាប់​ខ្ទោ​កៗ​នៅ​មួយ​ចំហៀង​ពោះ​។​ “​នេះ​គឺជា​ពេលវេលា​ដែល​ត្រូវ​ផ្តោត​ទៅ​លើ​ការ​រួម​ភេទ​ហើយ​ ពីព្រោះ​វា​បង្កើន​ឪ​កាស​មានកូន​”​។​
វេជ្ជបណ្ឌិត​ជេ​ម​ ហ្គោ​ល​ហ្វា​ប​ (James​ Goldfarb)​ នាយក​នៃ​សេវា​ព្យាបាល​ការ​មិន​មាន​ផ្ទៃពោះ​និយាយ​ថា​ ឧបករណ៍​សម្រាប់​ព្យាករណ៍​ពី​ការ​បញ្ចេញ​អូវុល​ក៏​អាច​ជួយ​ណែនាំ​អោយ​អ្នក​ទទួល​បាន​នូវ​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​ការ​មាន​ផ្ទៃពោះ​ដែរ​។​

“​ឧបករណ៍​នេះ​ធានា​អោយ​ស្ត្រី​ដឹង​ថា​ពួក​គេ​កំពុង​តែ​បញ្ចេញ​អូវុល​ ហើយ​ប្រសិនបើ​អ្នក​មិន​ដែល​រួម​ភេទ​សោះ​ ឧបករណ៍​នេះ​អាច​ប្រាប់​អ្នក​ថា​ពេល​ណា​ដែល​អ្នក​ត្រូវ​រួម​ភេទ​ដើម្បី​ធ្វើ​អោយ​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​កាន់តែ​ខ្ពស់​”​។​
ថ្ងៃ​ដំបូង​នៃ​ការ​មក​រដូវ​របស់​អ្នក​គឺជា​ថ្ងៃ​ទី​មួយ​។​ វេជ្ជបណ្ឌិត​ជូ​អាន​ ភី​ស​ស៊ី​ត​តេ​លី​ (Joanne​ Piscitelli)​ សាស្ត្រាចារ្យ​រង​ខាង​ផ្នែក​រោគ​ស្ត្រី​អោយ​ដំបូន្មាន​ថា​  “​ចូរ​ចាប់ផ្តើម​សាកល្បង​រួម​ភេទ​នៅ​ថ្ងៃ​ទី​ប្រាំបួន​ និង​បន្ត​រហូត​ដល់​អ្នកមាន​ផ្ទៃពោះ​”​។​ មនុស្ស​ស្រី​ដែល​មាន​វដ្ត​រដូវ​រយៈពេល​ ២៨​ថ្ងៃ​ មាន​ន័យ​ថា​អូវុល​ត្រូវ​ចេញ​នៅ​ថ្ងៃ​ទី​ ១៤​។

៣,​ មិន​ត្រូវ​បារម្ភ​ថា​ត្រូវ​ប្រើ​ក្បាច់​រួម​ភេទ​ប្រភេទ​ណា​ទើប​មាន​ផ្ទៃពោះ​បាន​នោះ​ទេ
ការ​ដែល​មាន​ផ្ទៃពោះ​បាន​ វា​ត្រូវ​តែ​មានការ​ចូលរួម​នូវ​ក្បាច់​រួម​ភេទ​ដ៏​ល្អ​បំផុត​ជា​ច្រើន​ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ជំនឿ​មិន​ត្រឹមត្រូវ​ប៉ុណ្ណោះ​។​ វា​មិន​មាន​អំណះអំណាង​ណា​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​នៅឡើយ​ទេ​ដែល​និយាយ​ថា​ ការ​រួម​ភេទ​ដោយ​មនុស្ស​ស្រី​នៅ​ពីក្រោម​គឺ​ល្អ​ជាង​មនុស្ស​ស្រី​នៅ​ពីលើ​ក្នុង​ការ​ធ្វើ​អោយ​អ្នក​អាច​មានកូន​បាន​។​

ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ក្បាច់​រួម​ភេទ​ដែល​ផ្ទុយ​នឹង​ទំនាញផែនដី​ដូច​ជា​ រួម​ភេទ​ដោយ​អង្គុយ​ ឬ​ឈរ​ ប្រហែលជា​ធ្វើ​អោយ​មេជី​វិត​ឈ្មោល​មិន​អាច​ហូរ​ទៅ​ជួប​អូវុល​បាន​។​ អ្នកស្រី​ហី​ឡា​ដ​និយាយ​ថា​ “​វា​គឺជា​បញ្ហា​របស់​ទំនាញផែនដី​ ហើយ​អ្នក​មិន​ចង់អោយ​ទឹកកាម​ទាំងអស់​ហូរ​ចេញ​មក​ក្រៅ​ច្រើន​ដែរ​មើលទៅ​។​ ការ​រួម​ភេទ​ដោយ​អោយ​ខាង​ប្រុស​នៅ​ពីលើ​ ប្រហែលជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​អោយ​មេជី​វិត​ឈ្មោល​ចូល​ទៅ​ក្នុង​ទ្វារមាស​ខាង​ស្រី​បាន​។

៤,​ ដេក​នៅ​ស្ងៀម​ភ្លាម​ក្រោយ​រួម​ភេទ​រួច
អ្នក​ប្រហែលជា​ធ្លាប់​លឺ​ហើយ​ថា​ ក្រោយ​រួម​ភេទ​ហើយ​ត្រូវ​តែ​លើកជើង​អោយ​ខ្ពស់​ឡើង​លើ​ដើម្បី​ជា​ឱកាស​មាន​ផ្ទៃពោះ​កាន់តែ​ច្រើន​។​ ការ​សម្រេចចិត្ត​ធ្វើ​យ៉ាងនេះ​គឺ​មិនមែន​ជា​ការ​ពិត​ទាំង​អស់នោះ​ទេ​។​ លោក​ហ្គោ​ហ្វា​ដ​និយាយ​ថា​ “​វា​គឺជា​រឿង​ល្អ​មួយ​ប្រសិនបើ​អ្នក​នៅ​ដេក​លើ​គ្រែ​អោយ​ស្ងៀម​រយៈពេល​ ១០​ ទៅ​១៥​នាទី​ក្រោយ​ពេល​រួម​ភេទ​រួច​ ប៉ុន្តែ​អ្នក​មិន​ចាំបាច់​លើកជើង​ឡើង​ទៅ​លើ​ខ្ពស់​នោះ​ទេ​។​ អាង​ត្រគៀក​របស់​អ្នក​មិន​អាច​ធ្វើ​ចលនា​បាន​ទេ​ នៅ​ពេល​ដែល​អ្នក​លើកជើង​ដូច្នេះ​នោះ​។​ គាត់​បន្ថែម​ទៀត​ថា​ អ្នក​ក៏​ពុំ​ចាំបាច់​ត្រូវ​ទៅ​លាងខ្លួន​ក្នុង​បន្ទប់ទឹក​ភ្លាម​ដែរ​ “​ប្រសិនបើ​អ្នក​ចាំ​បាន​ពី​ ១០​ ទៅ​១៥​នាទី​ មេជី​វិត​ឈ្មោល​ដែល​ត្រូវ​ចូល​ទៅ​ក្នុង​មាត់ស្បូន​ គឺ​វា​នឹង​អាច​ចូល​ទៅ​ដោយ​ស្រួល​”​។​

៥,​ មិន​ត្រូវ​ឧស្សាហ៍​រួម​ភេទ​ច្រើន​ដងនោះ​ទេ
លោក​ហ្គោ​ហ្វា​ដ​និយាយ​ថា​ ការ​រួម​ភេទ​ញឹក​មិនមែន​ជា​រឿង​សំខាន់​ដែល​បង្កើន​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​នោះ​អោយ​មាន​កម្រិត​ខ្ពស់​ទេ​។​ មេជី​វិត​របស់​មនុស្ស​ប្រុស​មួយ​ចំនួន​នឹង​ត្រូវ​ថយ​ចំនួន​ប្រសិនបើ​ពួក​គេ​ឧស្សាហ៍​បាញ់​ទឹកកាម​ច្រើន​ដង​ពេក​។​ គាត់​បាន​បន្ថែម​ទៀត​ថា​ “​ជា​ទូទៅ​ ការ​រួម​ភេទ​មួយ​ថ្ងៃ​រំលង​មួយ​ថ្ងៃ​នៅ​ជុំវិញ​ពេល​បញ្ចេញ​អូវុល​អាច​ជួយ​អោយ​អ្នកមាន​ឱកាស​ច្រើន​ក្នុង​ការ​មាន​ផ្ទៃពោះ​បាន​”​។​ មេជី​វិត​ឈ្មោល​អាច​រស់​រហូត​ដល់​ ៧២​ម៉ោង​ក្រោយ​ពី​រួម​ភេទ​ហើយ​។​ និយាយ​អំពី​មេជី​វិត​ឈ្មោល​វិញ​ លោក​ភី​ស​ស៊ី​ត​តេ​លី​ និយាយ​ថា​ “​ការ​ស្លៀក​សម្លៀក​បំពាក់​តឹងៗ​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ចំនួន​របស់​មេជី​វិត​ឈ្មោល​”​។​

ទម្លាប់​ទូរស័ព្ទ​ដៃ​ខាង​ប្រុស​ក៏​ប្រហែលជា​មាន​ឥទ្ធិពល​ទៅ​លើ​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​ដែរ​។​ ការ​សិក្សា​ថ្មី​មួយ​នៅ​ក្នុង​សារព័ត៌មាន​ Fertility​ and​ Sterility​ បានអោយ​ដឹង​ថា​ មនុស្ស​ប្រុស​ដែល​ប្រើ​ទូរស័ព្ទ​ដៃ​ និង​ដាក់​ក្បែរ​នឹង​ពងស្វាស​ពេក​អាច​ធ្វើ​អោយ​ខូចខាត​ដល់​គុណភាព​របស់​មេជី​វិត​ឈ្មោល​។​ ខណៈ​ដែល​អ្នក​កំពុង​ប្រាប់​ដៃគូរ​របស់​អ្នក​អំពី​ការ​ទុកដាក់​ទូរស័ព្ទ​ដៃ​ អ្នក​ប្រហែលជា​ត្រូវ​ប្រាប់​គាត់​បន្ថែម​ទៀត​ កុំអោយ​ទទួលទាន​អាហារ​ដែល​ធ្វើ​អំពី​សណ្តែកសៀង​។​ យោង​ទៅ​តាម​ការ​សិក្សា​មួយ​ដែល​បាន​ចុះ​ផ្សាយ​តាម​រយៈ​អ៊ី​ន​ធើ​ណែ​ត​ Human​ Reproduction​ បានអោយ​ដឹង​ថា​ មនុស្ស​ប្រុស​ដែល​បរិភោគ​អាហារ​ធ្វើ​អំពី​សណ្តែកសៀង​ច្រើន​ ប្រហែលជា​ធ្វើ​អោយ​កំហាប់​នៃ​មេជី​វិត​ឈ្មោល​ថយ​ចុះ​ជាង​អ្នក​ដែល​មិន​បរិភោគ​។​

៦,​ រក​វិធី​បំបាត់​ភាព​ស្ត្រេ​ស​អោយ​បាន​ច្រើន​តាមតែ​អ្នក​អាច​ធ្វើ​បាន
អ្នកស្រី​ហី​ឡា​ដ​ និយាយ​ថា​ ការ​ព្យាយាម​អោយ​មាន​ផ្ទៃពោះ​អាច​ធ្វើ​អោយ​អ្នក​ស្ត្រេ​ស​ជា​ខ្លាំង​ ហើយ​បញ្ហា​ស្ត្រេ​ស​នេះ​អាច​ធ្វើ​អោយ​រាំងស្ទះ​ដល់​ការ​បញ្ចេញ​អូវុល​។​ វា​ក៏​អាច​ធ្វើ​អោយ​ខូច​មុខងារ​ដល់​ការ​រួម​ភេទ​ ក៏​ដូច​ជា​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​ខាង​ប្រុស​ដែរ​។​ លោក​ហ្គោ​ហ្វា​ដ​និយាយ​ថា​ “​មាន​អំណះអំណាង​មួយ​ចំនួន​ដែល​ការ​ប្រើ​ម្ជុល​វិទ្យាសាស្ត្រ​អាច​ជួយ​កាត់​បន្ថយ​ភាព​ស្ត្រេ​ស​និង​មានឱកាស​ច្រើន​ក្នុង​ការ​មាន​ផ្ទៃពោះ​”​។​

គាត់​បន្ថែម​ទៀត​ថា​ ខណៈ​ពេល​ដែល​មិន​ប្រើ​គ្រឿង​ស្រវឹង​ច្រើន​ក្នុង​ពេល​ព្យាយាម​ចង់​មាន​ផ្ទៃពោះ​ “​ត្រឹមតែ​ស្រា​កន្លះ​កែវ​អាច​នឹង​មាន​ប្រយោជន៍​ក្នុង​ពេល​រួម​ភេទ​”​។​ អ្វីៗ​ទាំងឡាយ​ដែល​អាច​ជួយ​អ្នក​អោយ​បំបាត់​ភាព​ស្ត្រេ​ស​និង​បន្ថយ​សម្ពាធ​ក្នុង​ចិត្ត​របស់​អ្នក​ នោះ​គឺជា​រឿង​ល្អ​មួយ​ដែល​ធ្វើ​អោយ​អ្នក​មានឱកាស​កាន់តែ​ច្រើន​ក្នុង​ការ​មាន​ផ្ទៃពោះ​។​

៧,​ រស់នៅ​ប្រកបដោយ​សុខភាព
លោក​ហ្គោ​ល​ហ្វា​ប​ និយាយ​ថា​ ការ​ហាត់ប្រាណ​គឺជា​រឿង​ដ៏​ល្អ​ ។​នៅ​ពេល​ដែល​អ្នក​កំពុង​ព្យាយាម​ដើម្បី​មាន​ផ្ទៃពោះ​ អ្នក​ក៏​អាច​ទទួល​បាន​លទ្ធផល​ច្រើន​ពី​ការ​ហាត់ប្រាណ​នេះ​ដែរ​។​ ប៉ុន្តែ​កុំ​ហាត់​ជ្រុល​ពេក​។​គាត់​បន្ថែម​ទៀត​ថា​ “​ ការ​ហាត់ប្រាណ​ច្រើន​ពេក​អាច​ធ្វើ​អោយ​អូវុល​មិន​អាច​ផ្ទុះ​ចេញ​បាន​”​ ។​ នេះ​គឺជា​ការ​ពន្យល់​មួយ​ដែល​ថា​ ការ​ហាត់ប្រាណ​ខ្លាំង​ពេក​ វា​អាច​ទៅ​ផ្អាក​សកម្មភាព​របស់​ក្រពេញ​ Pituitary​ Gland​ ដែល​ភ្ញោ​ច​អោយ​អូវែ​ផលិត​អូវុល​។​

ខណៈ​ពេល​ដែល​រឿង​នេះ​ជា​បញ្ហា​ដ៏​ធំ​មួយ​សម្រាប់​បុគ្គល​ម្នាក់ៗ​ លោក​បាន​បន្ថែម​ទៀត​ថា​ “​ការ​ហាត់ប្រាណ​ពី​ ៤៥​ ទៅ​៥០​នាទី​ក្នុង​មួយ​ថ្ងៃ​ រយៈពេល​ ៧​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​ នឹង​បង្ក​អោយ​មាន​បញ្ហា​មួយ​ដ៏​សំខាន់​សម្រាប់​ស្ត្រី​”​។​

នោះ​មិនមែន​មាន​ន័យ​ថា​ អ្នក​គួរតែ​ឈប់​ហាត់ប្រាណ​ភ្លាម​ទេ​នៅ​ពេល​ដែល​អ្នក​កំពុង​ព្យាយាម​ចង់​មាន​ផ្ទៃពោះ​។​ គាត់​បន្ថែម​ទៀត​ថា​ ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​ហាត់ប្រាណ​ខ្លាំង​ និង​នៅ​តែ​មក​រដូវ​ជា​ទៀងទាត់​ទៀត​ ការ​ហាត់ប្រាណ​របស់​អ្នក​របៀប​នេះ​ទំនងជា​មិន​មាន​បញ្ហា​អ្វី​ចោទ​នោះ​ទេ​។​ ប៉ុន្តែ​លោក​ហ្គោ​ដ​ហ្វា​ប​បន្ថែម​ថា​ វដ្ត​រដូវ​របស់​អ្នក​មិនមែន​ជា​រឿង​ដំបូង​ត្រូវ​ខ្វល់​នោះ​ទេ​ ប្រសិនបើ​អ្នក​កំពុង​ហាត់ប្រាណ​ខ្លាំង​នោះ​។​ “​

លោក​ហ្គោ​ហ្វា​ប​និយាយ​ថា​ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​អោយ​មានឱកាស​ច្រើន​ក្នុង​ការ​មាន​ផ្ទៃពោះ​ តាម​រយៈ​ការ​ទាញ​អត្ថប្រយោជន៍​ដល់​សុខភាព​ពី​ការ​ហាត់ប្រាណ​ស្ត្រី​គ្រប់​រូប​គួរតែ​ហាត់ប្រាណ​តែ​ក្នុង​កំរិត​មធ្យម​បាន​ហើយ​ ដូច​ជា​ការ​ដើរ​រយៈពេល​ ៣០​នាទី​ អោយ​បាន​បី​ដង​ក្នុង​មួ​យស​ប្តា​ហ៍​។​ ចូរ​សង្កេត​មើល​អ្វី​ដែល​អ្នក​បរិភោគ​ផង​ ព្រោះ​របប​អាហារ​គឺ​អាវុធ​សម្រាប់​ជួយ​អោយ​ស្ត្រី​មាន​ផ្ទៃពោះ​បាន​។​ លោក​ហ្កោ​ល​ហ្វា​ប​និយាយ​ថា​ ប្រសិនបើ​អ្នក​ធាត់​ពេក​ ហើយ​អាច​សម្រក​ទម្ងន់​បាន​ រដូវ​របស់​អ្នក​ប្រហែលជា​កើត​មាន​ឡើង​វិញ​ ប៉ុន្តែ​ប្រសិនបើ​អ្នក​ស្គម​ពេក​ ហើយ​មិន​មាន​មាន​រដូវ​ទៀត​ អ្នក​ត្រូវ​តែ​ធ្វើ​យ៉ាងណា​អោយ​ឡើង​ទម្ងន់​មក​វិញ​”​។​

អ្នកស្រី​ហី​ល​ឡា​ដ​បន្ថែម​ថា​ ៨៥​ភាគរយ​នៃ​ស្ត្រី​ទាំងអស់​នឹង​អាច​មាន​ផ្ទៃពោះ​បាន​ នៅ​ពេល​ពួក​គេ​ព្យាយាម​មាន​ផ្ទៃពោះ​បាន​មួយ​ឆ្នាំ​។​ ប្រសិនបើ​អ្នក​ត្រូវ​ចំណាយពេល​យូរ​ជាង​មួយ​ឆ្នាំ​ ហើយ​មិន​ទាន់​មាន​ផ្ទៃពោះ​ទៀត​ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​មើល​បញ្ហា​អសមត្ថភាព​មាន​ផ្ទៃពោះ​។​ សម្រាប់​ស្ត្រី​មាន​អាយុ​ចាប់ពី​ ៣៥​ឆ្នាំ​ឡើង​ទៅ​ គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អោយ​អ្នក​ទៅ​ពិគ្រោះ​ជាមួយ​អ្នកឯកទេស​ក្រោយ​ពេល​ព្យាយាម​មាន​ផ្ទៃពោះ​រយៈពេល​ ៦​ខែ​មិន​បាន​សម្រេច​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង