តាមធម្មតាមានរលាកកាលណាមានការប៉ះជាមួយទឹក ប្រេង ឬខ្លាញ់ក្តៅឬជាមួយនឹងវត្ថុផ្សេងៗទៀតដែលអាចបង្ករបួសដល់ស្បែកបាន។ ការស្ថិតនៅក្រោមកំដៅថ្ងៃយូរក៏អាចធ្វើឲ្យមានរលាកផងដែរ។ ការរលាកអាចត្រូវបានធ្វើចំណាត់ថ្នាក់ជា៣កម្រិត។ ការរលាកកម្រិតទី៣គឺជារបួសធ្ងន់ធ្ងរ ដែលអាចទាមទារជារឿយៗឲ្យមានការផ្សាំបណ្តុះស្បែក។
ការព្យាបាលដំបូងៗនៃការរលាកគឺត្រូវដាក់កន្លែងដែលរបួសក្នុងទឹកត្រជាក់ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ក៏ប៉ុន្តែមិនមែនដាក់ក្នុងទឹកកកនោះទេ។ សូមកុំលាបក្រមួន ខ្លាញ់ បឺរ ក្រែម ឬផលិតផលប្រេងកាតអ្វីនីមួយៗឲ្យសោះ ព្រោះគ្រូពេទ្យនឹងត្រូវដកហូតយកវាចេញ ដែលអាចនឹងធ្វើឲ្យកូនលោកអ្នកឈឺចាប់បន្ថែមពីលើរបួសថែមទៀត។
បើសិនជាមានឡើងពង សូមទុកវាចោលកុំប៉ះ និងកុំបំបែកវាឲ្យសោះ ព្រោះទឹកដែលនៅខាងក្នុងនោះមិនមានមេរោគទេ។ កាលណាអ្នកបំបែកវា នោះគឺអ្នកបើកចំហរឲ្យមេរោគចូលទៅក្នុងរបួសហើយ។ ក៏ប៉ុន្តែបើពងទឹកណាមួយបានបែករួចទៅហើយ យកល្អអ្នកត្រូវយកតំបៀតដែលបានដាក់ស្ងោរក្នុងទឹកពុះចំនួន៥នាទី មកចាប់យកស្បែកដែលដាច់ដោចនោះចេញ រួចហើយយកស្បៃស្អាតគ្មានរោគមករុំគ្របពីលើ។ គ្រូពេទ្យឬគិលានុប្បដ្ឋាយិកានឹងពិនិត្យមើលពងទឹកដែលបានបែក រួចអាចចេញវេជ្ជបញ្ជាឲ្យទិញក្រមួនអង់ទីប៊ីយ៉ូទិចពិសេសណាមួយយកមកលាបដើម្បីបង្កាការចម្លងរោគ។
បើពងទឹកមិនបែកទេ ប៉ុន្តែមានសញ្ញាបង្ហាញថាមានកខ្ទុះ ដូចជាមានក្រហមនៅជុំវិញ នោះអ្នកត្រូវទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យឬគិលានុប្បដ្ឋាយិកាភ្លាម។ សូមកុំយកអ៊ីយ៉ូឌីនឬអង់ទីសិបទិចណាមួយមកលាបពីលើស្នាមរលាកឲ្យសោះ បើគ្មានការណែនាំពីគ្រូពេទ្យឬគិលានុប្បដ្ឋាយិកាទេ។
ក្រៅតែពីការរលាកតិចតួចដោយកំដៅព្រះអាទិត្យមួយចេញ រាល់ការរលាកទាំងអស់ត្រូវតែឲ្យគ្រូពេទ្យឬគិលានុប្បដ្ឋាយិកាពិនិត្យមើល។ ហើយវាកាន់តែចាំបាច់ណាស់ទៅទៀតចំពោះការរលាកនៅលើមុខ ដៃ ប្រដាប់ភេទ ដែល ការយឺតយូរក្នុងការព្យាបាលនឹងធ្វើឲ្យមានស្លាកស្នាមឬពិការភាព។