តើកម្រិតជាតិស្ករក្នុងឈាមអ្នកកំពុងតែឡើងខ្ពស់ខុសគោលដៅដែរទេ? នេះហើយគឺជាសញ្ញានៃការមានជំងឺទឹកនោមផ្អែមដែលគ្រប់គ្រងមិនបានល្អ។ នៅពេលមិនបានព្យាបាលទៀត ជំងឺនេះអាចបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរបាន។ ដូច្នេះតើវាអាចមានផលវិបាកអ្វីខ្លះទៅដែលត្រូវបានគេចាត់ទុកថាធ្ងន់ធ្ងរនោះ?
ជំងឺស្បែក
ការដែលគ្រប់គ្រងជំងឺទឹកនោមផ្អែមមិនបានល្អ នឹងធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងការបង្ករោគនៅស្បែកដោយពពួកបាក់តេរី និងផ្សិត។ អ្នកក៏អាចកើតជំងឺស្បែកដែលទាក់ទងនឹងជំងឺទឹកនោមផ្អែមដែរដូចជា Eruptive Xanthomatosis។ អាការៈរបស់វាអាចមានដូចជា៖ ឈឺចាប់ រមាស់ ស្បែកឡើងក្រហម របកស្បែក កន្ទួលរមាស់ ពងបែកស្បែក រលាកគល់រោម ស្បែកទៅជាក្រាសជាដើម។
ខ្វាក់ភ្នែក
ការដែលមិនបានព្យាបាលជំងឺទឹកនោមផ្អែម នឹងធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺភ្នែកជាច្រើនដូចជា ជំងឺខ្វាក់គោម ភ្នែកឡើងបាយ និងជំងឺបាតភ្នែក។
ខូចសរសៃប្រសាទ
យោងទៅតាមសមាគមន៍ជំងឺទឹកនោមផ្អែមអាមេរិកបានឲ្យដឹងថា ប្រហែលអ្នកជំងឺទឹកនោមផ្អែមពាក់កណ្តាលគឺមានការខូចខាតសរសៃប្រសាទ ដែលគេហៅថា Diabetic Neuropathy។ ការខូចសរសៃប្រសាទ អាចកើតឡើងនៅប្រអប់ជើង និងជើង ព្រមទាំងដៃដែរ។ អាការៈរបស់វាមានដូចជា៖ ឈឺឈៀបៗ ឈឺបែបក្រហាយ ឬឈឺដូចគេចាក់ ខ្សោយជើង ឬដៃ ឬប៉ះអត់ដឹង។
ជំងឺតម្រងនោម
កាលណាជាតិស្ករក្នុងឈាមកើនឡើង វានឹងដាក់សម្ពាធទៅលើតម្រងនោមកាន់តែខ្លាំង។ យូរៗទៅ អាចទៅជាជំងឺតម្រងនោមបាន។ ជំងឺតម្រងនោមនៅដំណាក់កាលដំបូងច្រើនតែមិនបង្កជារោគសញ្ញាអ្វីឡើយ តែដល់ដំណាក់កាលធ្ងន់ធ្ងរ វាអាចនឹងធ្វើឲ្យហើម គេងមិនលក់ មិនឃ្លានអាហារ ឈឺក្រពះ ខ្សោយ ឬមិនអាចផ្ចង់អារម្មណ៍បាន។
ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល
ជាទូទៅ ជំងឺទឹកនោមផ្អែមប្រភេទទី២ នឹងធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ប៉ុន្តែការប្រឈមនេះនឹងកាន់តែខ្ពស់ទៀតបើសិនជាអ្នកគ្រប់គ្រងជំងឺទឹកនោមផ្អែមមិនបានល្អ។ នេះដោយសារតែ ជាតិស្ករក្នុងឈាមខ្ពស់ នឹងទៅបំផ្លាញដល់ប្រព័ន្ធបេះដូងសរសៃឈាមបាន។ អ្នកជំងឺទឹកនោមផ្អែមទំនងជាងាយនឹងស្លាប់ដោយសារតែជំងឺបេះដូង ជាងអ្នកដែលមិនមានជំងឺទឹកនោមផ្អែមពី ២ ទៅ ៤ដងឯណោះ។ ពួកគេក៏មានឱកាសអាចកើតជំងឺដាច់សរសៃឈាមខួរក្បាលជាងអ្នកដែលមិនមានជំងឺទឹកនោមផ្អែម មួយដងកន្លះដែរ៕