ការទល់លាមក គឺជាអាការៈមួយប្រភេទដែលមានន័យថា ការបន្ទោបង់មានការពិបាក ហើយលាមកច្រើនតែរឹង និងស្ងួតខ្លាំង។ ជាធម្មតាបើសិនជាអ្នកខានបន្ទោបង់ ៣ថ្ងៃជាប់គ្នាហើយ អ្នកប្រហែលជាមានអាការៈទល់លាមកហើយ។ ទោះបីជាយ៉ាងណាក៏ដោយ តាមការស្រាវជ្រាវ គេបានរកឃើញថា មានវីតាមីន ៥ប្រភេទ ដែលអាចជួយបំបាត់បញ្ហាទល់លាមកបាន ហើយវីតាមីនភាគច្រើនមានប្រសិទ្ធភាពជួយបន្ទន់លាមកបែបធម្មជាតិទៀត។ 

វីតាមីន C

វីតាមីន C មានឥទ្ធិពលបែប Osmotic ក្នុងផ្លូវក្រពះពោះវៀន។ មានន័យថា វានឹងជួយទាញទឹកចូលទៅក្នុងពោះវៀន ដើម្បីជួយឲ្យលាមកទន់។ ប៉ុន្តែការញ៉ាំវីតាមីន C ច្រើនពេកក៏មិនល្អដែរ ដូចជា ធ្វើឲ្យរាក ចង្អោ និងឈឺក្រពះបាន។ សម្រាប់មនុស្សធំអាចញ៉ាំវីតាមីន C រហូតដល់ ២០០០មីលីក្រាម។ និងក្មេងអាយុក្រោម ១៨ឆ្នាំ អាចប្រើបាន ៤០០ ទៅ ១៨០០មីលីក្រាម ទៅតាមអាយុគេដែរ។ 

វីតាមីន B5

វីតាមីន B5 ត្រូវបានគេរកឃើញថា ក៏អាចជួយបំបាត់ការទល់លាមកដែរ។ វានឹងទៅភ្ញោចដល់ការកន្ត្រាក់របស់សាច់ដុំក្នុងប្រព័ន្ធរំលាយអាហារ ដើម្បីជួយឲ្យលាមកធ្វើចលនាទៅមុខ។ ប៉ុន្តែវាមិនទាន់មានការស្រាវជ្រាវថ្មីទៀតបញ្ជាក់អំពីរឿងនេះនៅឡើយទេ។ សម្រាប់មនុស្សធំអាចប្រើក្នុងកម្រិត ៥មីលីក្រាមក្នុងមួយថ្ងៃ ស្រ្តីមានផ្ទៃពោះ អាចដល់ ៦មីលីក្រាម និងស្រ្តីមានផ្ទៃពោះ ៧មីលីក្រាម។ ក្មេងអាយុក្រោម១៨ឆ្នាំ អាចប្រើបានពី ១.៧ ទៅ ៥មីលីក្រាមក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ។ 

អាស៊ីតហ្វូលិក

អាស៊ីតហ្វូលិក ត្រូវបានគេដឹងថា ជាវីតាមីន B9 ដែលអាចជួយបំបាត់ការទល់លាមកបាន តាមរយៈការភ្ញោចឲ្យមានអាស៊ីតរំលាយអាហារ។ បើសិនជាអាស៊ីតរំលាយអាហារក្នុងពោះវៀនមានតិច ការបង្កើនចំនួនរបស់វា ប្រហែលជាជួយបង្កើនការរំលាយអាហារ និងឲ្យលាមកធ្វើចលនាក្នុងពោះវៀនទៅមុខកាន់តែលឿនដែរ។ សម្រាប់មនុស្សធំអាចញ៉ាំ ៤០០ម៉ៃក្រូក្រាមក្នុងមួយថ្ងៃ។ ក្មេងអាយុចាប់ពី១ ទៅ ១៨ឆ្នាំអាចញ៉ាំពី ១៥០ ទៅ ៤០០ម៉ៃក្រូក្រាមក្នុងមួយថ្ងៃ។ 

វីតាមីន B12

ការកង្វះវីតាមីន B12 នឹងធ្វើឲ្យទល់លាមកដែរ។ បើសិនជាការទល់លាមកអ្នកបង្កឡើងដោយការចុះទាបរបស់វីតាមីននេះ អ្នកគួរតែញ៉ាំអាហារ ឬថ្នាំបំប៉នដែលមានវីតាមីន B12 ឲ្យបានច្រើនវិញ។ មនុស្សធំអាចញ៉ាំវីតាមីន B12 ២.៤ម៉ៃក្រូក្រាមក្នុងមួយថ្ងៃ។ ក្មេងអាយុក្រោម ១៨ឆ្នាំ អាចញ៉ាំពី០.៤ ទៅ ២.៤ម៉ៃក្រូក្រាមក្នុងមួយថ្ងៃ។ 

វីតាមីន B1

វីតាមីន B1 ត្រូវបានគេដឹងថា មាននាទីជួយដល់ការរំលាយអាហារ។ នៅពេលដែលវីតាមីននេះក្នុងខ្លួនចុះទាប ការរំលាយអាហារអាចនឹងធ្វើការយឺត ហើយក៏នាំឲ្យទល់លាមកដែរ។ ស្រ្តីភាគច្រើនគួរតែញ៉ាំវា ១.១មីលីក្រាមក្នុងមួយថ្ងៃ៕ បុរសគួរតែអាចញ៉ាំបាន ១.២មីលីក្រាមក្នុងមួយថ្ងៃ។ ក្មេងអាយុ ១ ទៅ ១៨ឆ្នាំអាចញ៉ាំចន្លោះ ០.៥ ទៅ១មីលីក្រាម ក្នុងមួយថ្ងៃ៕