ប្រសិនបើអ្នកមានបញ្ហាក្នុងការមករដូវ អ្នកប្រហែលជាអាចបន្ថយភាពធ្ងន់ធ្ងរទាំងនោះតាមរយៈចំនីអាហារ ។ អ្នកវិទ្យាសាស្ត្រជាច្រើនបានដឹងយូរមកហើយថា អាហារអាចមានឥទ្ធិពលដល់អ័រម៉ូនភេទរបស់ស្ត្រី Oestrogen សំរាប់បង្កទៅជាការមករដូវ និងជាតិ Carbohydrate ដែលមានការពាក់ព័ន្ធគ្នាយ៉ាងខ្លាំងក្នុងពេលដែលស្ត្រីស្ថិតក្នុងស្ថានភាពរោគសញ្ញានៃការត្រៀមងរដូវ (Premenstrual Syndrome,PMS) ។
ការសិក្សាក្នុងពេលថ្មីៗនេះបានរកឃើញអំណះអំណាងដែលគួរអោយភ្ញាក់ផ្អើលថ្មីមួយគឺទាក់ទងនឹងចំនីអាហារ និងសារធាតុចិញ្ចឹមក្នុងនោះមាន កាលស្យូម ម៉ាញេស្យូម ជាពិសេសអាហារដែលសំបូរជាតិខ្លាញ់ និង Cholesterol ។
កាលស្យូមបង្ក្រាបអារម្មណ៍មិនល្អក្នុងពេលមករដូវ
ការបន្ថែមនូវទឹកដោះគោដែលមានជាតិខ្លាញ់តិចបំផុតមួយកែវ ឬបរិភោគបន្លែពណ៌បៃតងច្រើនក្នុងមួយថ្ងៃប្រហែលជាអាចជួយព្យាបាល និងការពារការកើតអាម្មណ៍មិនល្អ ព្រមទាំងបំបាត់ការឈឺចាប់មុនពេល ឬក្នុងពេលមករដូវ ។ ហេតុផលគឺថាអ្នកត្រូវតែទទួលទានកាលស្យូមអោយបានច្រើនដូច ប្រជាជនស្រីនៅអាមេរិកពី ១៣០០មីលីក្រាមក្នុងមួយថ្ងៃ ជាមធ្យមក៏ត្រូវអោយបាន ៦០០មីលីក្រាមជារៀងរាល់ថ្ងៃ ។យោងទៅតាមគ្រូពេទ្យឯកទេសខាងចិត្តសាស្ត្រវេជ្ជបណ្ឌិត James G. Penland នៅឯនាយកដ្ឋានកសិកម្មរបស់សហរដ្ឋអាមេរិកបានអោយដឹងថា ការធ្វើដូច្នេះហាក់បីដូចជាបន្ថយអាការៈគ្មានផាសុខភាពក្នុងពេលមករដូវ ។
វេជ្ជបណ្ឌិត Penland បានសិក្សាទៅលើស្ត្រីមួយក្រុមតូចដែលធ្លាប់តែមករដូវធម្មតាៗ ហើយអោយប្រើកាលស្យូម ៦០០មីលីក្រាម ឬ ១៣០០មីលីក្រាមក្នុងមួយថ្ងៃរយៈពេល ៦ខែ ។ ស្ត្រីដែលបានប្រើកាលស្យូមក្នុងកំរិតទាបគឺឃើញមានចេញរោគសញ្ញានៃបញ្ហា PMS ច្រើនក្នុងរយៈពេលមួយសប្តាហ៍មុនមករដូវ ។ ពួកគេឃើញកើតមានបញ្ហាផ្លូវអារម្មណ៍ជាច្រើនដូចជា ឡេះឡះ ថប់អារម្មណ៍ យំ និងបាក់ទឹកចិត្ត ។ ការងារដែលធ្លាប់ធ្វើ ក៏មានការធ្លាក់ចុះផងដែរក្នុងពេលដែលមករដូវម្តងៗ ។
លើសពីនេះទៅទៀត ពួកគេឈឺក្បាល ឈឺខ្នង រមួលសាច់ដុំ និងគាំងសាច់ដុំកាន់តែខ្លាំងក្នុងពេលមករដូវ ។ លោកវេជ្ជបណ្ឌិត Penland និយាយថា ហេតុដែលការបរិភោគកាលស្យូមតិចធ្វើអោយមានផលវិបាកច្រើន ហើយមូលហេតុដែលជាតិកាលស្យូមទៅធ្វើដូចម្តេចទៅលើសបញ្ហា PMS នោះគឺមិនទាន់ដឹងច្បាស់នៅឡើយទេ ។
តែជួយព្យាបាលការមករដូវម្តងច្រើនៗ
តើអ្នកកំពុងព្រួយបាម្ភអំពីការមករដូវម្តងច្រើនៗមែនទេ? បញ្ហានេះអាចបណ្តាលមកពីការមិនសូវទទួលទានដែលសំបូរជាតិម៉ាញេស្យូម ។ នេះបើតាមសំដីរបស់អ្នកស្រីវេជ្ជបណ្ឌិត Phyllis Johnson ក្នុងនាយកដ្ឋានមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មអាហារូបត្ថម្ភមនុស្សរបស់សហរដ្ឋអាមេរិក (U.S. Department of Agriculture’s Human Nutrition Research Center) ។
លោកស្រីបានរកឃើញរឿងហេតុបែបនេះក្នុងពេលសិក្សាទៅលើស្ត្រីចំនួន ១៥នាក់ដែលមិនសូវទទួនអាហារសំបូរជាតិម៉ាញេស្យូមរយៈពេល ៥ខែកន្លះ ។ ស្ត្រីទាំងនោះបានបរិភោគត្រពាំងមួយដុំដែលមានជាតិម៉ាញេស្យូម ១មីលីក្រាមក្នុងមួយថ្ងៃ ។ អ្នកស្រីវេជ្ជបណ្ឌិត Johnson មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញលំហូរនៃឈាមរដូវរបស់មនុស្សស្រីមានការកើនចំនួនប្រហែលជា ៥០% ។ ការកើនឡើងនូវការបាត់បង់ឈាមក៏នាំទៅជាមួយគ្នានូវជាតិដែក ទង់ដែង ស័ង្កសី និងម៉ាញេស្យូមពី ៥០ ទៅ ១០០%ដែរ ។
ហេតុអ្វីបានជាការហូរឈាមក្នុងចំនួនដ៏ច្រើននេះគឺជាអាថិ៍កំបាំង? ប៉ុន្តែលោកស្រីវេជ្ជបណ្ឌិត Johnson និយាយថា “វាគឺជាការស្រាវជ្រាវលើកដំបូងមួយដែលបានរកឃើញថាឥទ្ធិពលនៃរបបអាហារអាចប៉ះពាល់ទៅដល់លំហូររបស់ឈាមរដូវ” ។ ដើម្បីជួយបង្ការការមករដូវម្តងច្រើនៗមិនធម្មតាបែបនេះ ចូរទទួលទានអាហារណាដែលសំបូរទៅដោយជាតិម៉ាញេស្យូមអោយបានច្រើនដូចជា ផ្លែឈើ(ជាពិសេសផ្លែម្នាស់) បន្លែ និងគ្រាប់ធុញ្ញជាតិគ្រប់ប្រភេទ ។ លោកស្រីបានបន្ថែមទៀតថា “តែក៏សំបូរទៅដោយជាតិម៉ាញេស្យូមគួរអោយអស្ចារ្យផងដែរ” ។
ខ្លាញ់ក្នុងឈាមតិចពេកប៉ះពាល់ដល់ការមករដូវ
បញ្ហាមួយក្នុងចំនោមបញ្ហាជាច្រើនដែលគំរាមគំហែងបំផុតទៅលើការមករដូវ និងមុខងារប្រដាប់បន្តពូជគឺជាការខ្វះខាត់ជាតិខ្លាញ់ទាំងក្នុងចំនីអាហារ និងក្នុងខ្លួន ។ សាស្ត្រាចារ្យខាងផ្នែកជំងឺ និងឱសថវេជ្ជបណ្ឌិត Laurence M. Dermers នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Pennsylvania’s Milton S. Hershey និយាយថា ពិតណាស់ ប្រសិនបើស្ត្រីមិនមានកំរិតជាតិខ្លាញ់ LDL Cholesterol (ខ្លាញ់អាក្រក់) គ្រប់គ្រាន់ ពួកគេប្រហែលជាមិនអាចមករដូវបានដូចធម្មតានោះទេ ។
គាត់និយាយទៀតថា មនុស្សស្រីមួយចំនួនគិតថា ការហាត់ប្រាណ និងការតមអាហារកុំអោយកើតជំងឺច្រើន គឺដើម្បីអោយកំរិតជាតិខ្លាញ់ LDL Cholesterol នៅក្នុងឈាមអោយចុះទាបតាមតែអាចធ្វើបាន ហេតុនេះហើយទើបធ្វើអោយមានការរាំងស្ទះដល់វដ្តរដូវ និងអាចបង្កអោយមិនអាចមានកូនបណ្តោះអាសន្ន ឆ្អឹងខ្សោយ និងអាចកើតជំងឺពុកឆ្អឹងក្នុងពេលអនាគតផែមទៀតផង ។
វេជ្ជបណ្ឌិត Demers ពន្យល់ថាអ័រម៉ូនភេទរបស់ស្ត្រី Oestrogen ដែលមាននាទីរក្សាការមករដូវ គឺកើតឡើងដោយសារការបំបែកជាតិខ្លាញ់ និង Cholesterol ។ មនុស្សដែលគិតថា ក្រពេញ Ovary ជាអ្នកផលិតអ័រម៉ូន Oestrogen ប៉ុន្តែជាលិការខ្លាញ់ក៏មាននាទីផលិតអ័រម៉ូននេះដែរ ហើយវាគឺជាធនធានដ៏សំខាន់មួយសំរាប់បង្កើតអ័រម៉ូន Oestrogen ទាំងអស់ ។ នៅពេលដែលរាងកាយរបស់អ្នកលែងមានជាតិខ្លាញ់តទៅទៀត មានន័យថាមុខងារប្រដាប់បន្តពូជរបស់អ្នកក៏ឈប់ដំនើរការដែរ ។
ដូច្នេះអ្នកត្រូវតែធ្វើយ៉ាងណាអោយកំរិតជាតិខ្លាញ់នៅសល់ក្នុងខ្លួនរបស់អ្នកជាប់ជានិច្ចដើម្បីរក្សាបានអ័រម៉ូនដែលត្រូវផលិតដើម្បីរក្សាបានឡើងវិញនូវការមករដូវធម្មតា ។ គាត់បានបន្ថែមទៀតថា អ្នកក៏ត្រូវមានកំរិតខ្លាញ់ LDL Cholesterol ក្នុងបរិមាណត្រឹមត្រូវផងដែរ ព្រោះអ័រម៉ូន Oestrogen ត្រូវការខ្លាញ់ប្រភេទនេះដើម្បីបង្កើតខ្លួនវាឡើង ។
លោកវេជ្ជបណ្ឌិត Demers និយាយថាចំពោះស្ត្រីវ័យក្មេងដែលមានកំរិតខ្លាញ់ LDL Cholesterol នេះចុះទាបខ្លាំង មានន័យថាពួកគេស្ថិតក្នុងស្ថានភាពមួយដែលគ្រោះថ្នាក់ហើយ ។ អ្វីដែលមិនទាន់អាចពន្យល់បាននោះគឺ ស្ត្រីដែលបរិភោគអាហារបួសគឺតែងតែមករដូវជាទៀងទាត់ នេះដោយមិនគិតពីការបរិភោគខ្លាញ់នោះទេ ។
មធ្យោបាយ៖ ចូរបរិភោគខ្លាញ់អោយបានគ្រប់គ្រាន់ដើម្បីអោយជាតិខ្លាញ់ស្តុកក្នុងខ្លួនរបស់អ្នកមានកំរិតនិងទ្រទ្រង់ការមករដូវធម្មតាឡើងវិញ ។ ខ្លាញ់ Monounsaturated ក៏ដូចជាប្រេងអូលីវ គឺជាធនធានដ៏ល្អបំផុត ។