មនុស្សភាគច្រើនធ្វើការកែសម្ផស្សដើម្បីឱ្យខ្លួនឯងមានអារម្មណ៍ប្រសើរជាងមុន។ តើវាមានប្រសិទ្ធភាពឬទេ? ការសិក្សាបានបង្ហាញថា ជាទូទៅ ពួកគេពេញចិត្តនឹងលទ្ធផលនៃការវះកាត់របស់ពួកគេនិងនិយាយថា ខ្លួនមានជំនឿនិងភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំងនិងជីវិតកាន់តែប្រសើរ។ប៉ុន្តែ ការវះកាត់កែសម្ផស្សមិនមែនល្អចំពោះមនុស្សគ្រប់គ្នាឬគ្រប់បញ្ហានោះទេ។ ប្រសិនបើអ្នកកំពុងគិតចង់ធ្វើការវះកាត់ អ្នកគួរចំណាយពេលដើម្បីពិចារណានូវចំណុចខាងក្រោម៖

១. ហេតុអ្វីបានជាខ្ញុំចង់ធ្វើការវះកាត់កែសម្ផស្ស?
មូលហេតុដែលល្អបំផុតសំរាប់ការវះកាត់កែសម្ផស្សគឺដើម្បីកែប្រែរូបរាងខ្លួនឯងឱ្យប្រសើរជាងមុន ដែលវាជាអារម្មណ៍ដែលអ្នកមានចំពោះខ្លួនឯង។ អ្នកដែលមានរូបរាងស្អាត ច្រើនតែមានភាពជឿជាក់ខ្ពស់, មានឥទ្ធិពលលើការងារនិងស្ថានភាពសង្គម, និងមានទំនាក់ទំនងស្នេហាល្អ។ គេច្រើនតែចាត់ទុកការវះកាត់កែសម្ផស្សនេះ ជាការវះកាត់ផ្នែកចិត្តសាស្ត្រ (psychological surgery)។ គោលបំណងរបស់វាគឺដើម្បីធ្វើឱ្យអារម្មណ៍របស់អ្នកកាន់តែប្រសើរឡើង និងបង្កើនសុខភាពផ្នែកអារម្មណ៍។
២. តើខ្ញុំធ្វើការវះកាត់កែសម្ផស្សដើម្បីតម្រូវចិត្តអ្នកដទៃឬខ្លួនឯង?
អ្នកត្រូវប្រាកដថា អ្នកធ្វើការវះកាត់នេះគឺសំរាប់ខ្លួនឯង មិនមែនសំរាប់អ្នកដទៃនោះទេ។ ការវះកាត់នេះមិនអាចបញ្ឈប់ការចាកចេញរបស់មិត្តប្រុសអ្នកទេ, វាមិនអាចនាំឱ្យអ្នកស្គាល់មិត្តថ្មី, វាមិនអាចផ្តល់ការងារដែលល្អឱ្យអ្នក។ ជាលទ្ធផល អ្នកនឹងអស់សង្ឃឹមប្រសិនបើអ្នកធ្វើការកែសម្ផស្សដើម្បីតម្រូវចិត្តអ្នកដទៃ។
៣. តើការចង់បានរបស់ខ្ញុំច្បាស់លាស់ឬទេ?
ការមានការសង្ឃឹមចង់បានដែលជាក់លាក់ អាចជាកត្តាដែលសំខាន់បំផុតក្នុងការទទួលបានលទ្ធផលដែលជោគជ័យ។ ការវះកាត់កែសម្ផស្សអាចធ្វើឱ្យរូបរាងរបស់អ្នកស្អាតបានយ៉ាងលឿន ប៉ុន្តែវាមានដែនកំណត់របស់វា។ វាជាការសង្ឃឹមដ៏ឆ្កួតមួយចំពោះអ្នកដែលចង់មានរបៀបរស់នៅដូចតារាល្បីៗ ដែលគិតថាការវះកាត់អាចធ្វើធ្វើឱ្យពួកគេមានមុខមាត់ដូចតារា ឬធ្វើឱ្យពួកគេមានសម្រស់ក្មេងជាងវ័យដូចកាលពីប៉ុន្មានសិបឆ្នាំមុន។
៤. តើខ្ញុំរៀបចំអារម្មណ៍បានឬនៅសំរាប់ការវះកាត់កែសម្ផស្ស?
មានកាលៈទេសៈមួយចំនួន ដែលមិនល្អសំរាប់ការវះកាត់ ដូចជាមានបញ្ហាផ្លូវចិត្តខ្លាំង រួមមាន ការលែងលះ ប្តីឬប្រពន្ធទទួលមរណភាព, ឬការបាត់បង់ការងារ។ គ្រូពេទ្យក៏មានការស្ទាក់ស្ទើរក្នុងការវះកាត់អ្នកដែលមានភាពក្រៀមក្រំចិត្ត, មានជំងឺផ្លូវចិត្ត, អ្នកដែលមិនអាចតម្រូវចិត្តបាន, ឬអ្នកដែលងប់នឹងភាពល្អឥតខ្ចោះ។
៥. តើនេះជាពេលល្អបំផុតសំរាប់ការវះកាត់កែសម្ផស្សឬទេ?
ទោះជាអ្នករៀបចំផ្លូវចិត្តសំរាប់ការវះកាត់ហើយក៏ដោយ អ្នកអាចនឹងពន្យារការវះកាត់ប្រសិនបើអ្នកស្ថិតក្រោមសំពាធឬភាពខ្វល់ខ្វាយពីបញ្ហាមួយចំនួន។ គ្រោងធ្វើការវះកាត់នៅពេលដែលអ្នកមានអារម្មណ៍ល្អនិងមានពេលវេលាសំរាប់សំរាកព្យាបាល។ បើមិនដូច្នោះទេ អ្នកនឹងប្រឈមមុខនឹងការជាសះស្បើយក្នុងរយៈពេលយូរ។
៦. តើខ្ញុំអាចសម្របទៅនឹងការប្រែប្រួលនៃរូបរាងខ្ញុំដោយរបៀបណា?
អ្នកត្រូវការពេលវេលាខ្លះដើម្បីសម្របទៅនឹងរូបរាងថ្មីរបស់អ្នក ជាពិសេសសំរាប់ការវះកាត់ដែលធ្វើឱ្យមានការប្រែប្រួលមុខមាត់ខ្លាំង ដូចជាការវះកាត់ច្រមុះ (rhinoplasty)។ ការវះកាត់ដូចជាការបំបាត់ស្នាមជ្រីវជ្រួញដោយប្រើថ្នាំ Botox ដែលធ្វើឱ្យអ្នកក្មេងជាងវ័យ មានភាពងាយស្រួលក្នុងការទទួលយកភាពប្រែប្រួលនេះ។
៧. តើខ្ញុំរៀបចំខ្លួនសំរាប់ទទួលយកលទ្ធផលដែលមិនសមបំណងបានឱ្យឬនៅ?
ការវះកាត់កែសម្ផស្ស ក៏ដូចជាការវះកាត់ផ្សេងទៀតដែរ មិនអាចធានានូវលទ្ធផលបាននោះទេ។ លទ្ធផលដែលមិនសមបំណង វាជាករណីកម្រ ប៉ុន្តែពេលដែលវាកើតឡើង វានឹងបង្កើតភាពមិនសប្បាយចិត្តដល់អ្នកវះកាត់និងគ្រូពេទ្យវះកាត់។ អ្នកត្រូវតែរៀបចំទទួលយកនូវករណីអាក្រក់និងត្រូវដឹងថា វាត្រូវការពេលវេលា, ភាពអត់ធ្មត់, និងភាពទុកចិត្តគ្នាទៅវិញទៅមករវាងអ្នកនិងគ្រូពេទ្យ ដើម្បីធ្វើឱ្យវាមានភាពប្រសើរឡើងវិញ។
៨. តើខ្ញុំមានអ្នកគាំទ្រលើកទឹកចិត្តឬទេ?
ក្នុងកំឡុងពេលដែលកំពុងជាសះស្បើយ វាជារឿងសំខាន់ដែលអ្នកត្រូវមាននរណាម្នាក់គាំទ្រទាំងផ្លូវកាយនិងចិត្ត។ អ្នកត្រូវដឹងថា អ្នកអាចនឹងមានអារម្មណ៍ក្រៀមក្រំជាច្រើនថ្ងៃ ពេលដែលអ្នកកំពុងជាសះស្បើយ។ អ្នកត្រូវត្រៀមខ្លួនសំរាប់ការនិយាយមិនល្អអំពីការសម្រេចចិត្តផ្លាស់ប្តូររូបរាងរបស់អ្នកពីមិត្តឬសមាជិកគ្រួសារ។ អ្នកគួរបដិសេធនូវសំណើរក្នុងការជួយពីអ្នកដែលអាចនឹងមិនពេញចិត្តនូវការសំរេចចិត្តរបស់អ្នក។
៩. តើខ្ញុំបានពិចារណានិងទទួលយកការប្រឈមមុខគ្រោះថ្នាក់ហើយឬនៅ?
ការវះកាត់គ្រប់ប្រភេទតែងតែមានគ្រោះថ្នាក់។ រួមផ្សំទាំងគ្រោះថ្នាក់ទូទៅដែលមានដូចជា ការប្រើថ្នាំសន្លប់បាត់បង់ឈាម, និងការឆ្លងមេរោគ នៅមានគ្រោះថ្នាក់មួយចំនួនទៀតដូចជា ខូចស្បែក (skin loss), ភាពមិនស៊ីមេទ្រី (asymmetry), ស្ពឹក និងស្នាមខូងឬប៉ោង។ អ្នកត្រូវពិចារណា និងទទួលនូវការប្រឈមមុខនឹងគ្រោះថ្នាក់ទាំងនេះមុននឹងសំរេចចិត្តធ្វើការវះកាត់។
១០. តើខ្ញុំមានលទ្ធភាពក្នុងការបង់ថ្លៃវះកាត់ឬទេ?
ប្រសិនបើអ្នកមិនមានលទ្ធភាពក្នុងការបង់ថ្លៃវះកាត់ទេ ភាពតានតឹងនឹងរឿងលុយកាក់នឹងធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែមិនល្អចំពោះខ្លួនឯង។