ប្រសិនបើ​អ្នក​ឃើញ​នរណា​ម្នាក់ កំពុង​ប្រកាច់ សូម​កុំ​មាន​ការភ្ញាក់ផ្អើល​។ ទោះបីជា​ការ​ប្រកាច់​ហាក់ដូចជា​មាន​​រយៈពេល​យូរ ពួក​វា​ជា​ធម្មតា​គឺ​មាន​រយៈពេល​មិន​លើសពី ៦០ ទៅ ៩០​វិនាទី​នោះទេ​។ ធ្វើការ​រាប់​រយៈពេល​នៃ​ការ​​ប្រកាច់ ប្រសិនបើ​អ្នក​អាច​។

ប្រសិនបើ​ការ​ប្រកាច់​នេះ មាន​រយៈពេល​ច្រើនជាង ៣​នាទី ឬ ក៏​ជនរងគ្រោះ​ដែលមាន​ការ​ប្រកាច់​នេះ កំពុង​មាន​ផ្ទៃពោះ ( មិន​ថា​ការ​ប្រកាច់​នោះ​មាន​រយៈពេល​ប៉ុនណា​នោះ​ទេ​) អ្នក​ត្រូវ​ប្រញាប់​ទូរស័ព្ទ​ទៅកាន់​ផ្នែក​សង្គ្រោះបន្ទាន់​ភ្លាមៗ ។​

    ការ​ប្រកាច់​អាច​មាន​សភាព​គួរ​អោយ​តក់ស្លុត ក្នុង​ការមើលឃើញ ជា​ពិសេស​ប្រសិនបើ​អ្នក​មិន​ធ្លាប់​ឃើញ​ពួកវា​​ពីមុនមក​។ ការ​ប្រកាច់​ជា​បណ្តោះអាសន្ន អាច​បង្អាក់​ដល់ ការគ្រប់គ្រង​សាច់ដុំ​, ការ​ធ្វើ​ចលនា​,​ការនិយាយ​, ការមើលឃើញ ឬ ស្មារតី​របស់​អ្នកជំងឺ​។ វា​អាច បណ្តាល​អោយ​ខ្លួនប្រាណ​របស់​អ្នកជំងឺ​ទាំងមូល ញ័រ​រំ​ជួយ​យ៉ាង​​ខ្លាំង ក្នុង​រយៈពេល​ពីរ​បី​វិនាទី ទៅ ពីរ​បី​នាទី ហើយ​ពួកគេ​អាច បាត់បង់​ស្មារតី ។​
   

ការ​ប្រកាច់​អាច​មាន​សភាព ពី​ស្រាល​ទៅ ធ្ងន់ធ្ងរ ហើយ​វា​អាច​មាន​ឥទ្ធិពល​ទៅលើ​មនុស្ស​ម្នាក់ៗ  ផ្សេងៗ​គ្នា ។​​ទោះបីជា​អ្នក​អាច​មាន​អារម្មណ៍​ថា មិន​មាន​ជំនួយ​អ្វី​នៅ​ជុំវិញ​ជនរងគ្រោះ នៅពេលដែល​គេ​កំពុង​ប្រកាច់ ហើយ​យល់ថា​វា​ពិតជា​ពិបាក​នឹង​មើលឃើញ​សភាព​បែប​នេះ វា​មាន​វិធី​ជា​ច្រើន​ដែល​អ្នក​អាច​ជួយ​ពួកគេ​បាន ។​

 ​រោគសញ្ញា​នៃ​ការ​ប្រកាច់​

    ការ​ប្រកាច់​ជា​រោគសញ្ញា​តែមួយគត់​ដែល យើង​អាច​មើលឃើញ​ចំពោះ​ជំងឺ​ឆ្កួតជ្រូក​។ វា​មាន​ប្រភេទ​ផ្សេងៗ​ជា​​ច្រើន​នៃ​ការ​ប្រកាច់ ហើយ​រោគសញ្ញា​នៃ​ប្រភេទ​របស់​វា​នីមួយៗ អាច​ជះឥទ្ធិពល​ទៅលើ​មនុស្ស​ម្នាក់ៗ​ផ្សេងៗ​គ្នា​។​ការ​ប្រកាច់​ជាធម្មតា មាន​រយៈពេល​ពី ពី​បី​វិនាទី ទៅ ពីរ​បី​នាទី​។ អ្នក​អាច​នឹង​នៅ​ដឹងខ្លួន​អំឡុងពេល​នៃ​ការ​ប្រកាច់​ឬ អ្នក​អាច​បាត់បង់​ស្មារតី​។ អ្នក ក៏​អាច​នឹង​មិន​ចង​ចាំ​ថា មានរឿង​អ្វី​កើតឡើង​ចំពោះ​អ្នក ក្នុង​ពេល​អ្នក​កំពុង​ប្រកាច់​ ឬ អ្នក​អាច​មិន​ទាំង​ដឹង​ខ្លួន​ផង​ថា អ្នក​មាន​ការ​ប្រកាច់​នោះ ។​

ការ​ប្រកាច់​ដែល​ធ្វើអោយ​អ្នក ដួល​ទៅ​លើ​ដី ឬ ធ្វើអោយ​សាច់ដុំ​អ្នក​ឡើង​រឹង ឬ កន្ត្រាក់​ដែល​មិន​អាច​ធ្វើការ​គ្រប់​គ្រង​បាន គឺ​មាន​ភាពងាយស្រួល​នឹង​កត់សំគាល់​បាន​។ ប៉ុន្តែ​ការ​ប្រកាច់​ភាគច្រើន មិន​មាន​រួមបញ្ចូល​ប្រតិកម្ម​អស់​​ទាំងនេះ​ទេ ហើយ​វា​អាច​មាន​ភាព​ពិបាក​នឹង​កត់សំគាល់​។ ការ​ប្រកាច់​ខ្លះ ធ្វើអោយ​អ្នក​សំលឹង​ចុះក្រោម​ក្នុងពេល​ពីរ​ទៅ​បី​វិនាទី ។ ករណី​ផ្សេង​ទៀត អាច​រួម​មាន​តែ ការ​កន្ត្រាក់​សាច់ដុំ​ពីរ​បី , បង្វិល​ក្បាល ឬ មាន​ក្លិន​ចំលែក​​ឬ ការរំខាន​ដល់​ការមើលឃើញ ដែល​មាន​តែ​អ្នក ដែល​អាច​មាន​ញាណ​នេះ ។​​

ការ​ប្រកាច់​ដោយសារ​ជំងឺ​ឆ្កួតជ្រូក ជារឿយៗ​កើតមាន​ដោយ​មិនមាន ការព្រមាន​ទុកជាមុន ទោះបីជា មាន​មនុស្ស​ខ្លះ អាច​មាន​ហេតុ​ដឹង​មុន នៅ​ពេល​ដំបូង​នៃ​ការ​ប្រកាច់​។ ការ​ប្រកាច់​នេះ បញ្ចប់​នៅពេលដែល សកម្មភាព​មិន​ប្រក្រ​​តី​នៃ​អគ្គិសនី​នៅ​ក្នុង​ខួរក្បាល ឈប់ និង សកម្មភាព​នៃ​ខួរក្បាល​ត្រលប់​ទៅរក​សភាព​ធម្មតា​វិញ​។ ការ​ប្រកាច់​អាច​​កើតមាន ជា​ផ្នែក ឬ ជាទូទៅ ។​​ការ​ប្រកាច់​ជា​ផ្នែក ចាប់ផ្តើម​នៅ​តំបន់ ឬ ទីតាំង​ច្បាស់លាស់​ណាមួយ​នៃ​ខួរក្បាល​។

ប្រភេទ​នៃ​ការ​ប្រកាច់​ជា​ផ្នែក​ដែល​តែងតែ​កើតមាន​ជា​ទូទៅ​មាន ៖

    ការ​ប្រកាច់​ជា​ផ្នែក​ក្នុង​សភាព​ធម្មតា គឺ​មិន​មាន​ផលប៉ះពាល់​ដល់​ស្មារតី ឬ ការ​ដឹង​ខ្លួន​របស់​អ្នកជំងឺ​ទេ​។​ ការ​ប្រកាច់​ជា​ផ្នែក​ដែល​មាន​ភាពស្មុគស្មាញ គឺមាន​ផលប៉ះពាល់​ដល់​កំរិត​នៃ​ស្មារតី​។ អ្នកជំងឺ​អាច​ទៅជា​​គ្មាន​ការឆ្លើយតប ឬ ក៏​បាត់បង់​ស្មារតី​ទាំងស្រុង ។​ការ​ប្រកាច់​ជា​ផ្នែក​ជាមួយនឹង​ការ​ប្រកាច់​ទូទៅ​ក្នុង​កំរិត​មធ្យម ចាប់ផ្តើម​ជា​ទំរង់​សាមញ្ញ ឬ ស្មុគស្មាញ​នៃ​ការ​ប្រកាច់​ជា​ផ្នែក ប៉ុន្តែ​បន្ទាប់​មក​វា​រាលដាល ទៅកាន់​ផ្នែក​ផ្សេង​ទៀត​នៃ​ខួរក្បាល និង មើល​ទៅ​ដូច នឹង​ការ​​ប្រកាច់ generalized tonic- clonic  ។

ប្រភេទ​ទាំង​ពីរ​នេះ អាច​មាន​លក្ខណៈ​ងាយស្រួល​នឹង​ច្រលំ​​គ្នា ប៉ុន្តែ​ពួកវា​ត្រូវបាន​ព្យាបាល​ដោយ​វិធី​ផ្សេងគ្នា​។ ការ​ប្រកាច់ generalize tonic- clonic ភាគច្រើន​កើតមាន​​ចំពោះ​មនុស្ស​ពេញវ័យ ចាប់ផ្តើម​ក្នុង​សភាព​ជាការ​ប្រកាច់ ជា​ផ្នែក និង ត្រូវបាន​បណ្តាលមកពី ជំងឺ​ឆ្កួតជ្រូក​ដែល​មាន​ជា​ផ្នែក​។ ការ​ប្រកាច់ generalized tonic- clonic ច្រើន​កើតមាន​ចំពោះ​កុមារ ។​

 ​ការ​ប្រកាច់​ជាទូទៅ​

   ការ​ប្រកាច់​ដែល​ចាប់ផ្តើម ទៅលើ​ស្រទាប់​នៃ​ខួរក្បាល​ទាំងអស់ ត្រូវបាន​គេ​ហៅថា ការ​ប្រកាច់​ជាទូទៅ ( generalized seizures) ។ ប្រភេទ​សំខាន់ៗ​នៃ​ការ​ប្រកាច់​ជាទូទៅ​មានដូចជា ៖

    Generalized tonic- clonic seizures ( grand mal seizures) វា​កើត​មាន​ក្នុងកំឡុងពេល ដែល​អ្នកជំងឺ​ដួល​​ទៅលើ​ដី ខ្លួនប្រាណ​ទាំងអស់​ឡើង​រឹង និង សាច់ដុំ​របស់​អ្នកជំងឺ​ចាប់ផ្តើម​កន្ត្រាក់ ឬ រឹង​រួញ ។​

    Absence seizures ( petit mal seizures) វា​ធ្វើអោយ​អ្នកជំងឺ​សំលឹង​ចុះ​ក្រោម​ក្នុង​រយៈពេល​ពីរ​ទៅ​បី​វិនាទី​​និង បន្ទាប់​មក​ភ្ញាក់​ដឹង​ខ្លួន​មក​វិញ ដោយ​មិន​បានដឹងថា​មានរឿង​អ្វី​កើតឡើង​ចំពោះ​គេ​នោះទេ​។​

    Myoclonic seizures វា​ធ្វើអោយ​ខ្លួនប្រាណ​របស់​អ្នកជំងឺ កន្ត្រាក់​ដូច​វា​ត្រូវបាន​ខ្សែភ្លើង​ឆក់ ។​


    Atonic seizures គឺជា​ការបាត់បង់​នូវ​កំលាំង​របស់​សាច់ដុំ​ភ្លាមៗ និង​ធ្វើអោយ​អ្នកជំងឺ​ដួល​ដោយ​មិន​មាន​​ការព្រមាន​អ្វី ទុកជា​មុន​នោះ​ទេ ។​

    Tonic seizures វា​កើត​មាន​នៅ​ពេល​ដែល សាច់ដុំ​ចាប់​កន្ត្រាក់ និង ឡើង​រឹង​ភ្លាមៗ និង ជារឿយៗ​ធ្វើអោយ​​អ្នកជំងឺ​ដួល​ទៅលើ​ដី ។​

      ការ​ប្រកាច់​ក្នុង​ជំងឺឆ្កួតជ្រូក ពេលខ្លះ​ត្រូវ​បាន​គេច្រ​លំនឹង ការ​ប្រកាច់​ដោយសារ​ចិត្តសាស្ត្រ ដែល​វា​មិនមែន​បណ្តាលមកពី ភាពមិនប្រក្រតី​នៃ​មុខងារ​របស់​អគ្គិសនី​ក្នុង​ខួរក្បាល​នោះទេ​។ ការ​ប្រកាច់​ដែល​ទាក់ទង​នឹង​ផ្លូវចិត្ត​នេះ អាច​ជា​ការឆ្លើយតប​នឹង​ផ្នែក​នៃ​កត្តា​ចិត្តសាស្ត្រ​មួយចំនួន​ដូចជា ស្ត្រេ​ស​, ការរង​របួស​, ការប៉ះទង្គិច​ផ្លូវចិត្ត ឬ​​កត្តា​ផ្សេងៗ​ដទៃទៀត ។​

 

តើ​អ្នក​អាច​ជួយ​ជនរងគ្រោះ ក្នុងពេល​ប្រកាច់​បាន​យ៉ាងដូចម្តេចខ្លះ ?

    ការពារ​ជន​រងគ្រោះ​ពី ការរង​របួស ។​

    រក្សា ឬ ទប់​ពួកគេ​កុំអោយ​ដួល​ប្រសិនបើ​អ្នក​អាចធ្វើ​បាន ឬ ព្យាយាម​ដាក់​ពួកគេ​អោយ​អង្គុយ​ថ្នមៗ​ទៅលើ​​ឥដ្ឋ ។​

    ព្យាយាម​យក​គ្រឿង​សង្ហារឹម ឬ សំភា​រះ​ផ្សេងៗ​ដែល​អាច ធ្វើអោយ​ជនរងគ្រោះ​មាន គ្រោះ​ថ្នាក់​ក្នុង​ពេល​​ពួកគេ​កំពុង​ប្រកាច់ ។​

    ប្រសិន​បើ​ជន​រងគ្រោះ កំពុង​មាន​ការ​ប្រកាច់​នៅ​លើ​ឥដ្ឋ ពេល​អ្នក​មក​ដល់ ចូរ​ព្យាយាម​ដាក់​ជនរងគ្រោះ​អោយ​គេង​ផ្អៀង ដូច្នេះ​សារធាតុ​រាវ​អាច​ចេញមកក្រៅ​តាម​មាត់​របស់​ពួកគេ​បាន ។ ប៉ុន្តែ​សូម​ប្រុងប្រយ័ត្ន​​អ្នក​មិន​ត្រូវ​ដាក់​សម្ពាធ​ខ្លាំង​ទៅលើ​ខ្លួនប្រាណ​របស់​ជនរងគ្រោះ​ទេ ។​

    អ្នក​មិន​ត្រូវ​លូកដៃ ឬ ប្រើ​អ្វី​លូក​ចូលទៅក្នុង​មាត់ របស់​ជនរងគ្រោះ​នោះទេ​។ ការដាក់​អ្វីមួយ​ទៅ​ក្នុង​មាត់​របស់​ជនរងគ្រោះ​អាច​ធ្វើអោយ​ពួកគេ មាន​ការរង​របួស ដូចជា​បែក​ធ្មេញ ឬ បាក់​ឆ្អឹងថ្គាម​។ អ្នក​ក៏​អាច​នឹង​​ត្រូវ ជនរងគ្រោះ​ខាំ​ផងដែរ ។​

    សូម​កុំ​ព្យាយាម​ទប់​អ្នក​ជនរងគ្រោះ មិនអោយ​មាន​ចលនា ឬ ធ្វើ​បំលាស់​ទី ។​វា​អាច​នាំអោយ​ពួកគេ​មាន​​គ្រោះថ្នាក់ ដូច​ជា​ការ​ភ្លាត់​ស្មា​ជាដើម ។​

 

តើ​អ្នក​អាចជួយ ជនរងគ្រោះ​បាន​ដោយ​របៀប​ណា បន្ទាប់​ពី​ការ​ប្រកាច់​រួច​?

        ពិនិត្យមើល​ថា ជនរងគ្រោះ​មាន​រងរបួស​ដែរឬទេ ?


    ប្រសិនបើ​អ្នក​មិន អាចដាក់​ជនរងគ្រោះ​អោយ​គេង​ផ្អៀង​នៅពេល ពួកគេ​កំពុង​ប្រកាច់ សូម​ធ្វើ​វា​នៅ​ពេល​ដែល​ការ​ប្រកាច់​ត្រូវបាន​បញ្ឈប់ និង នៅពេលដែល​គេ​បាន​ធូរស្រាល​វិញ​ហើយ​។​

    ប្រសិន​បើ​ជន​រងគ្រោះ​មាន​បញ្ហា​នឹង​ការដកដង្ហើម ប្រើ​ដៃ​របស់​អ្នក​ថ្នមៗ លូក​សំអាត​មាត់​ជនរងគ្រោះ​ដើម្បី យក​កំអួត ឬ ស្លេស​ចេញមកក្រៅ​។ ប្រសិនបើ​វា​មិន​មាន​ភាព​ធូរស្រាល​ទេ សូម​ប្រញាប់​ទូរស័ព្ទ​ទៅ​រក​ជំនួយ​ពី​ភ្នាក់ងារ​សង្គ្រោះ ។​

    បន្ថយ​ក្រណាត់​អាវ​នៅ​ត្រង់​ក និង ចង្កេះ​របស់​ជនរងគ្រោះ ។​ផ្តល់​កន្លែង​សុវត្ថិភាព ដែល​ជនរងគ្រោះ​អាច​សំរាក​បាន ។​


    ចូរ​កុំ​ផ្តល់​វត្ថុ​អ្វី​អោយ​ជនរងគ្រោះ​ទទួលទាន ឬ ផឹក​រហូត​ដល់​ពេល ពួកគេ​ដឹង​ខ្លួន និង ស្វាង​មែនទែន​ហើយ​សូម​នៅ​ជាមួយ​ជនរងគ្រោះ រហូត​ដល់​ពួកគេ ភ្ញាក់​ដឹងខ្លួន និង សុំា​នឹង​ម​ជ្ឈ​ដា្ឋន​ជុំវិញ ។​ជនរងគ្រោះ​ភាគ​ច្រើន​នឹង មាន​ភាព​ងងុយគេង និង វង្វេង​បន្ទាប់ពី​ការ​ប្រកាច់​កើតមាន ។​

 

អ្វី​ដែល​អ្នក ត្រូវ​ឃ្លាំមើល​អំឡុង​ពេល​ជនរងគ្រោះ​មានការ​ប្រកាច់​

    អ្នក​អាច​នឹង ផ្តល់​នូវ​សញ្ញាណ​ដ៏​មាន​តំលៃ​ចំពោះ​គ្រូពេទ្យ​ដែល​ព្យាបាល​ជនរងគ្រោះ​ដែល​បាន​មានការ​ប្រកាច់​។​

​សូម​ព្យាយាម​ចងចាំ​នូវ​ហេតុការណ៍​ទាំងនោះ ៖

    តើ​ខ្លួនប្រាណ​របស់​ជនរងគ្រោះ មាន​ចលនា​យ៉ាងដូចម្តេចខ្លះ ?
    តើ​ការ​ប្រកាច់​នោះ​មាន​រយៈពេល​យូរ​ប៉ុនណា ?
    តើ​ជនរងគ្រោះ​មាន សកម្មភាព​បែប​ណា មុន​ពេល​ការ​ប្រកាច់​កើតមាន​?
    តើ​ជនរងគ្រោះ​មាន សកម្មភាព​បែប​ណា​ភ្លាមៗ បន្ទាប់ពី​មាន​ការ​ប្រកាច់​រួច ?
    តើ​ជនរងគ្រោះ មាន​រងរបួស​អ្វី​ទេ បន្ទាប់ពី​មាន​ការ​ប្រកាច់​រួច ?

 

នៅពេលណា​ដែល អ្នក​ត្រូវ​ស្វែងរក​ជំនួយ​សង្គ្រោះ​ជាបន្ទាន់ ?

     ការ​ប្រកាច់ គឺ​មិន​តែងតែ​ទាមទារ​នូវ ការសង្គ្រោះ​ជា​បន្ទាន់​នោះទេ ។ ប៉ុន្តែ​សូម​ទូរស័ព្ទ​ទៅកាន់ ភ្នាក់ងារ​សង្គ្រោះ​​បន្ទាន់​ភ្លាមៗ ប្រសិនបើ

·         ជនរងគ្រោះ​មាន​ការ​ប្រកាច់ និង ឈប់​ដកដង្ហើម​យូរ​ជាង ៣០​វិនាទី​។ បន្ទាប់​ពី​ការហៅ​ទូរស័ព្ទ​ទៅកាន់​ភ្នាក់ងារ​សង្គ្រោះបន្ទាន់ សូម​ចាប់ផ្តើម​ធ្វើ​ការសង្គ្រោះ​ដង្ហើម​របស់​ជនរងគ្រោះ ។​

·         ការ​ប្រកាច់​មាន​រយៈពេល លើសពី ៣​នាទី (​ជនរងគ្រោះ​អាច​មាន​ការគំរាមកំហែង​ដល់​អាយុជីវិត ដោយ​សារ         ​ការ​ប្រកាច់​ក្នុង​រយៈពេល​យូរ​) ។​

·         នេះ​ជា​ការ​ប្រកាច់​លើក​ទី​មួយ​របស់​ជនរ​ង​គ្រោះ ឬ ប្រសិន​ជា​អ្នក​មិនដឹងថា​គេ​មាន​ជំងឺឆ្កួតជ្រូក​ឬ​អត់​?

·         ជនរងគ្រោះ​ដែល​មាន​ការ​ប្រកាច់ ជា​ស្ត្រី​ដែល​មាន​ផ្ទៃពោះ ( មិន​ថា​ការ​ប្រកាច់​នោះ​មាន​រយៈពេល​ប៉ុនណា​)​នេះ អាច​ជា​សញ្ញា​នៃ​ជំងឺ​ត្រៀម​ព្រាយ​ក្រឡាភ្លើង ។​

    មានការ​ប្រកាច់​លើសពី មួយដង​កើតឡើង ក្នុង​រយៈពេល ២៤​ម៉ោង ។​


    ជនរងគ្រោះ​ដែល​មាន​ការ​ប្រកាច់ មិន​មាន​ការឆ្លើយតប​បាន​ដូច​ធម្មតា នៅក្នុង​រយៈពេល​១​ម៉ោង​ក្រោយ​ពី​​កើត​មាន​ការ​ប្រកាច់ ឬ មាន​សញ្ញា​ណាមួយ ក្នុងចំណោម​សញ្ញា​ខាងក្រោម​នេះ ៖

·         មិនសូវ​មាន​ភាព​ដឹង​ខ្លួន ឬ មិនអាច ភ្ញាក់​ដឹងខ្លួន​បាន​ពេញលេញ ។​

·         មាន​ភាព​វង្វេងវង្វាន់ ។​

·         ចង្អោ​រ ឬ ក្អួត ។​

·         មានការ​វិលមុខ​។​

·         មិន​អាច​ដើរ ឬ ឈរ​បាន​។​

·         មាន​គ្រុនក្តៅ ។​

       ការ​ប្រកាច់​ដែល​កើតមាន​បន្ទាប់​ពី ជនរងគ្រោះ បាន​ត្អូញត្អែរ​ភ្លាមៗ ឬ ការឈឺ​ក្បាល​ធ្ងន់ធ្ងរ​។​

    ការ​ប្រកាច់ កើត​មាន​ជាមួយនឹង​សញ្ញា​នៃ​ការ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល ដូចជា មាន​ការលំបាក​ក្នុងការ​​និយាយ ឬ យល់​នឹង​ការនិយាយ​របស់​នរណា​ម្នាក់ , បាត់បង់​ការមើលឃើញ និង មិន​អាច​មាន​ចលនា​នៅ​​ផ្នែក​ណាមួយ ឬ ទាំងស្រុង​នៃ​រាងកាយ ។​

    ការ​ប្រកាច់​ដែល​រួម មាន នឹង​ការរង​របួស​នៅ​ក្បាល ។​


    អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​មាន​ការ​ប្រកាច់ ។ ការខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ឬ ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ពេក​អាច​បណ្តាល​អោយ​អ្នកជំងឺ​ទឹកនោម​ផ្អែម​មានការ​ប្រកាច់ ។​

·         ការ​ប្រកាច់​ដែល​កើតមាន បន្ទាប់​ពី​ការពុល​អាហារ ឬ ដកដង្ហើម​យក​នូវ​ផ្សែង​ពុល ។​

·         ជនរងគ្រោះ​ត្អូញត្អែរ​ពី ការឈឺចាប់​ដ៏​ធ្ងន់ធ្ងរ បន្ទាប់​ពី​ការ​ភ្ញាក់​ដឹងខ្លួន ឬ មាន​ការវិវត្ត​នូវ​គ្រុ​នក្តៅ ក្នុង​រយៈពេល ២៤​ម៉ោង បន្ទាប់ពី​មាន​ការ​ប្រកាច់ ។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង