ការ​ឈឺ​ដោះ​គឺជា​បញ្ហា​ដែល​ច្រើន​តែ​កើត​មាន​ទៅ​លើ​មនុស្ស​ស្រី​ដែល​កំពុង​មក​រដូវ​ ។​ ករណី​នេះ​មិនសូវ​កើត​មាន​ទេ​ទៅ​លើ​មនុស្ស​ស្រី​វ័យ​ចំនាស់​ ។​ ការ​ឈឺចាប់​អាច​មាន​តែ​ម្ខាង​ ឬ​ទាំង​សងខាង​ ។​ វា​ប្រហែលជា​កើត​ហើយ​បាត់​វិញ​ កើត​ហើយ​បាត់​វិញ​ជា​រៀង​រាល់​ខែ​ ឬ​ជា​ច្រើន​ស​ប្តា​ហ៍​ចុង​ក្រោយ​ ឬ​ជា​ខែ​ ។​

តើ​ការ​ឈឺ​ដោះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី​?
មានរឿង​រាវ​ជា​ច្រើន​អាច​ធ្វើ​អោយ​ដោះ​របស់​អ្នក​ឈឺ​ ឬ​ឡើង​តឹង​ ។​

នេះ​គឺជា​មូលហេតុ​មួយ​ចំនួន​ក្នុង​នោះ​៖
•​ ​បំរែបំរួល​អ័រម៉ូន​ក្នុង​ពេល​មាន​រដូវ​
•​ ​ជាតិ​ទឹក​ក្នុង​ខ្លួន​ចាល់​ច្រើន​ពេក​ដែល​វា​ប្រហែលជា​កើតឡើង​ក្នុង​ពេល​មក​រដូវ​
•​ ​មាន​របួស​លើ​ដោះ​
•​ ​មាន​ផ្ទៃពោះ​
•​ ​កំពុង​បំបៅ​ដោះ​
•​ ​មាន​ជំងឺ​លើ​ដោះ​មហារីក​ដោះ​ (​មិនសូវ​ធ្វើ​អោយ​ឈឺ​ដោះ​ទេ​)

ប្រសិនបើ​អ្នកមាន​បញ្ហា​ឈឺ​ដោះ​អស់​រយៈពេល​យូរ​មក​ហើយ​ នោះ​ អ្នក​មិន​គួរ​ចាំ​អោយ​វា​បាត់​ទៅ​វិញ​ ។​វា​ប្រហែលជា​គំនិត​មួយ​ដ៏​ល្អ​ទៅ​វិញ​ ប្រ​សិន​អ្នក​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ។​

តើ​គ្រូពេទ្យ​អាច​រក​ឃើញ​មូលហេតុ​នៃ​ការ​ឈឺ​ដោះ​តាម​របៀប​ណា​?
គ្រូពេទ្យ​នឹង​សួរ​សំនួរ​អ្នកជា​ច្រើន​ដើម្បី​រក​មើល​មូលហេតុ​ការ​ឈឺ​ដោះ​របស់​អ្នក​ ហើយនឹង​សំរេចចិត្ត​ព្យាបាល​ ។​ គាត់​ប្រហែលជា​អោយ​អ្នក​ពិពណ៌នា​អំពី​ការ​ឈឺចាប់​ និង​កន្លែង​ដែល​អ្នក​គិត​ថា​ដោះ​របស់​អ្នក​ឈឺ​ ។​ គ្រូពេទ្យ​ក៏​នឹង​ត្រូវ​ពិនិត្យ​បន្ថែម​ប្រសិនជា​មាន​ដុំ​អ្វីមួយ​នៅ​ក្នុង​ដោះ​របស់​អ្នក​ ។​

ប្រសិនបើ​អ្នក​អាយុ​តិច​ជាង​ ៣៥​ឆ្នាំ​ ហើយ​មិន​មាន​ដុំ​អ្វី​ក្នុង​ដោះ​ទេ​ គ្រូពេទ្យ​ប្រហែលជា​សំរេចចិត្ត​ថា​មិនបាច់​អោយ​អ្នក​ធ្វើ​តេស​អ្វី​ច្រើន​ទេ​ ។​ តែ​ប្រសិនបើ​អ្នក​អាយុ​លើស​ពី​ ៣៥​ឆ្នាំ​ ហើយ​មិន​មាន​ដុំ​អ្វី​នៅ​ក្នុង​ដោះ​ទេ​ គ្រូពេទ្យ​ប្រហែល​អោយ​អ្នក​ថត​ Mammogram​ ។​ ការ​ថត​ Mammogram​ គឺជា​ការ​ប្រើ​កាំរស្មីអ៊ិច​ពិសេស​មួយ​ទៅ​លើ​ដោះ​របស់​អ្នក​ ។​

ប្រសិនបើ​អ្នកមាន​ដុំ​មួយ​ ឬ​ច្រើន​នៅ​ក្នុង​ដោះ​ គ្រូ​ពេ​ត្យ​ប្រហែលជា​សំរេច​អោយធ្វើ​តេស​ជាមួយ​ ឬ​ច្រើន​ដូច​ខាងក្រោម​៖
•​ ​ថត​ Mammogram​
•​ ​ថត​អេកូ​ដោះ​ ។​ ការ​ធ្វើ​ដូច្នេះ​មិន​មានការ​ឈឺចាប់​អ្វី​ទេ​ ព្រោះ​ជា​ការ​ប្រើ​រលក​សំលេង​ដើម្បី​ចាប់​យក​រូបភាព​របស់​ដុំ​សាច់​
•​ ​ធ្វើ​ Biopsy​ ដោះ​ ។​ ចំពោះ​តេស​ប្រភេទ​នេះ​ គឺ​ត្រូវ​យក​ជាលិការ​មួយ​ចំនួន​ចេញពី​ដោះ​ ហើយ​ត្រូវ​យក​ទៅ​ពិនិត្យ​ក្នុង​មីក្រូ​ទស្សន៍​ ។​

តើ​ការ​ឈឺ​ដោះ​ត្រូវ​ព្យាបាល​យ៉ាងដូចម្តេច​?
មានការ​ព្យាបាល​ជា​ច្រើន​ប្រភេទ​ខុសៗ​គ្នា​ទៅ​លើ​ការ​ឈឺ​ដោះ​ ដោយ​យោង​ទៅ​តាម​មូលហេតុ​របស់​វា​ ។​ អ្នក​ និង​គ្រូពេទ្យ​អាច​និយាយ​គ្នា​អំពី​ការ​ព្យាបាល​ទាំងនេះ​ និង​ជ្រើសរើស​យក​មួយ​ ឬ​ច្រើន​ដែល​អ្នក​គិត​ថា​អាច​ធ្វើ​ទៅ​បាន​ចំពោះ​អ្នក​ ។​

នេះ​គឺជា​ការ​ព្យាបាល​មួយ​ចំនួន​សំរាប់​ការ​ឈឺ​ដោះ​៖
•​ ​ប្រើ​អាវទ្រនាប់​ដែល​អាច​ទ្រ​ទម្ងន់​សុដន់​
•​ ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​
•​ ​ប្រើ​ថ្នាំ​ Danazol​ ក្នុង​ករណី​ឈឺចាប់​ខ្លាំង​

ការ​ព្យាបាល​ដទៃ​ទៀត​សំរាប់​ការ​ឈឺ​ដោះ​ក៏​អាច​ប្រើ​បាន​ខ្លះ​ដែរ​ ។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ ពុំ​មាន​ភស្តុ​តាង​អ្វី​អះអាង​ថា​ការ​ព្យាបាល​ដូច​ខាងក្រោម​នេះ​មាន​ប្រសិទ្ធភាព​នោះ​ទេ​ ។​
•​ ​ចៀសវាង​ការ​ប្រើ​ជាតិ​កាហ្វេ​អ៊ី​ន​
•​ ​ប្រើ​អំបិល​តិច​
•​ ​ប្រើ​វីតាមីន​ E​ ឬ​ B6
•​ ​ប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោម​
ភាគច្រើន​ការ​ឈឺ​ដោះ​តែងតែ​បាត់​វិញ​ដោយ​ខ្លួនឯង​បន្ទាប់​ពី​រយៈពេល​ពីរ​បី​ខែ​ ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង