Join with Health.com.kh on Telegram

ការ​សិក្សា​ថ្មី​មួយ​ណែនាំ​ថា​ អ្នក​បន្ថយ​កាល់​ឡូ​រី​ ២៥​ ភាគរយ​ ឬ​ច្រើន​លើស​ពី​នេះ​ ពី​ការ​បរិភោគ​អាហារ​ប្រចាំ​ថ្ងៃ​ អាច​រស់នៅ​បាន​យូរ​ជាង​អ្នក​ដែល​មិន​បន្ថយ​។​
​ក្រុម​អ្នក​ស្រាវជ្រាវ​ពី​ Washington​ University​ School​ of​ Medicine​ បាន​រក​ឃើញ​ថា​ ការ​កម្រិត​កាល់​ឡូ​រី​បន្ថយ​សីតុណ្ហភាព​រាង​កាយ​ (​សីតុណ្ហភាព​ដែល​តួនាទី​ក្នុង​រាង​កាយ​ទាំងអស់​អាច​ប្រតិបត្តិការ​ជាមួយ​ប្រសិទ្ធភាព​ខ្ពស់​បំផុត​)​ ដែល​បាន​បង្ហាញ​ថា​បន្តជីវិត​ឱ្យ​បាន​យូរ​។​

​ការ​សិក្សា​បាន​ផ្សាយ​ក្នុង​ Aging​ ដែល​បាន​ប្រៀបធៀប​សីតុណ្ហភាព​រាង​កាយ​របស់​មនុស្ស​ ២៤​ នាក់​ ដែល​មាន​វ័យ​ស្ថិត​ក្នុង​ពាក់កណ្តាល​អាយុ​ ៥០​ ដែល​កំហិត​កាល់​ឡូ​រី​យ៉ាងតិច​ ៦​ ឆ្នាំ​ ទៅ​នឹង​មិត្ត​របស់​ពួក​គេ​ ២៤​ នាក់​ ដែល​បរិភោគ​អាហារ​អឺរ៉ុប​ស្តង់ដារ​ដែល​មាន​កាល់​ឡូ​រី​និង​ជាតិ​ខ្លាញ់​ខ្ពស់​។​ សីតុណ្ហភាព​រាង​កាយ​របស់​កីឡាករ​រត់ប្រណាំង​ក្នុង​ក្រុម​ជាមួយ​គ្នា​ក៏​បាន​វាស់​មើល​ដើម្បី​កំណត់​ថា​តើ​ភាពស្គម​អាច​គ្រប់គ្រាន់​ក្នុង​ការ​បន្ថយ​សីតុណ្ហភាព​ដោយ​មិនបាច់​កំហិត​កាល់​ឡូ​រី​ឬ​យ៉ាងណា​។​

​វេជ្ជបណ្ឌិត​ Luigi​ Fontana​ អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​នេះ​ និយាយ​ថា​ “​អ្នក​ដែល​កំហិត​កាល់​ឡូ​រី​មាន​សីតុណ្ហភាព​រាង​កាយ​ជា​មធ្យម​ធ្លាក់​ចុះ​ប្រហែល​ ០.២​ អង្សារ​ ដែល​ហាក់ដូចជា​ការ​ធ្លាក់​ចុះ​សមរម្យ​មួយ​ ប៉ុន្តែ​ប្រហាក់ប្រហែល​នឹង​ការ​បន្ថយ​ដែល​យើង​សិក្សា​លើ​សត្វ​កណ្តុរ​។​ អ្វី​ដែល​គួរ​ឱ្យ​អារម្មណ៍​នោះ​គឺ​កីឡាករ​រត់ប្រណាំង​ដែល​មាន​អាយុ​និង​រាង​ស្គម​ដូច​គ្នា​មិន​មានការ​បន្ថយ​សីតុណ្ហភាព​រាង​កាយ​ប្រហាក់ប្រហែល​គ្នា​នោះ​ទេ​”​។​

​ទោះជា​ការ​កំហិត​កាល់​ឡូ​រី​អាច​បន្ថែម​រយៈពេល​រស់នៅ​ ២​ ឬ​ ៣​ ដង​ នៃ​សរីរាង្គ​ធម្មតា​ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​អះអាង​ថា​ វា​មិន​ទាន់​ច្បាស់​ថា​ការ​កំហិត​កាល់​ឡូ​រី​អាច​ជួយ​មនុស្ស​ឱ្យ​រស់នៅ​បាន​យូរ​ប៉ុណ្ណា​នោះ​ទេ​។​ ក្រុម​អ្នក​សិក្សា​បាន​សម្គាល់ថា​ អ្នក​ដែល​អនុវត្ត​ការ​ទទួលទាន​អាហារ​កំហិត​កាល់​ឡូ​រី​សង្ឃឹមថានឹង​រស់នៅ​បាន​ហួស​អាយុ​ ១០០​ ឆ្នាំ​។​
​ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​បង្ហាញ​ថា​ គ្រាន់តែ​ការ​បន្ថយ​សីតុណ្ហភាព​រាង​កាយ​មិន​គ្រប់គ្រាន់​ក្នុង​ការ​បង្កើន​រយៈពេល​រស់នៅ​ទេ​។​

វេជ្ជបណ្ឌិត​ Fontana​ បាន​សម្គាល់ថា​ របៀប​នៃ​ការ​បន្ថយ​សីតុណ្ហភាព​រាង​កាយ​គឺ​សំខាន់​។​ គាត់​បន្ត​ថា​ “​ខ្ញុំ​មិន​គិត​ថា​ អ្នក​ធាត់​លើស​ទម្ងន់​ ហើយ​ជក់បារី​និង​ទទួលទាន​ជាតិ​អាល់កុល​ អាច​បន្ថយ​សីតុណ្ហភាព​រាង​កាយ​និង​បង្កើន​រយៈពេល​រស់នៅ​ដោយ​គ្រាន់តែ​ប្រើ​ថ្នាំ​នោះ​ទេ​”​។​

​គាត់​បន្ថែម​ថា​ “​ប៉ុន្តែ​ អ្វី​ដែល​អាច​នោះ​គឺ​ការ​កំហិត​កាល់​ឡូ​រី​,​ ការ​ទទួលទាន​អាហារ​ល្អ​,​ ការ​ហាត់ប្រាណ​ និង​ប្រើ​ថ្នាំ​ដែល​អាច​ផ្តល់​ប្រយោជន៍​ប្រហាក់ប្រហែល​នឹង​អ្នក​ដែល​កំហិត​កាល់​ឡូ​រី​ខ្លាំង​”​។