វាមានការប្រែប្រួលច្រើនណាស់ក្នុងពេលវេលាដែលរាងកាយអ្នកត្រូវឆ្លងកាត់ការមានផ្ទៃពោះ ហើយភាគច្រើនអាចកើតឡើងជាអាការៈដែលអ្នកមិនពេញចិត្តផង។ ក្នុងនោះក៏មានការផោមច្រើនដែរ។ ដូច្នេះបើសិនជាអ្នកកំពុងតែរស់នៅក្នុងគ្រួសារមួយមានសមាជិកច្រើន ហើយកំពុងតែរងការរំខានពីការផោមច្រើនៗបែបនេះ អត្ថបទនេះអាចជួយអ្នកបានហើយ។
ញ៉ាំទឹកឲ្យបានច្រើន
មិនខ្វល់ថាអ្នកមានផ្ទៃពោះឬអត់ឡើយ ការដែលញ៉ាំទឹកច្រើនតែងតែជារឿងដែលល្អ។ ជារៀងរាល់ថ្ងៃ ស្រ្តីម្នាក់គួរតែញ៉ាំទឹកឲ្យបានប្រហែល ២លីត្រក្នុងមួយថ្ងៃដើម្បីជួយដល់ដំណើរការណ៍នៃការរំលាយអាហារ។ ក្រៅពីនេះ ការញ៉ាំទឹកច្រើនរាល់ថ្ងៃក៏ជួយដោះស្រាយបញ្ហានៃការរំលាយអាហារមួយចំនួនធំលើស្រ្តីមានផ្ទៃពោះដែរ ហើយវាជួយលុបបំបាត់ការទល់លាមកទៀតផង។
ញ៉ាំអាហារសម្បូរជាតិសរសៃ
ការញ៉ាំទឹកច្រើនគឺជារឿងដ៏ល្អបំផុតនៅពេលញ៉ាំជាមួយអាហារសម្បូរជាតិសរសៃ។ ជាតិសរសៃនឹងជួយដល់ដំណើរការណ៍នៃការរំលាយអាហារ ដូច្នេះ វានឹងកាត់បន្ថយការផោមច្រើនបានយ៉ាងល្អ។ ក្រៅពីនេះជាតិសរសៃនឹងជួយលុបបំបាត់ការទល់លាមកថែមទៀត។
លុបបំបាត់អាហារជាដើមហេតុ
យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា មានអាហារច្រើនណាស់ដែលធ្វើឲ្យផោមច្រើន។ ក្នុងពេលមានផ្ទៃពោះ វាគឺជារឿងដ៏សំខាន់បំផុតសម្រាប់ស្រ្តីក្នុងការលុបបំបាត់ ឬកាត់បន្ថយអាហារដែលធ្វើឲ្យផោមច្រើន។ អាហារទាំងនោះភាគច្រើនជា ដំឡូងបារាំង សណ្តែក ប្រូខូលី ស្ពៃក្តោប និងសណ្តែកបណ្តុះ។
រស់នៅឲ្យមានភាពសកម្មរាងកាយ
របៀបរស់នៅបែបស៊ីដេកៗ ឬអង្គុយច្រើនជាងដើរ អាចបន្ថយដំណើរការណ៍នៃការរំលាយអាហារបា ដែលវាងាយនឹងនាំឲ្យកើតជាផោមច្រើន។ ហេតុដូច្នេះហើយ ស្រ្តីមានផ្ទៃពោះគួរតែរស់នៅមានភាពសកម្មរាងកាយបន្តិចហើយ។ ក្រៅពីនេះ ការដែលរស់នៅមានភាពសកម្មរាងកាយ គឺជាអ្វីដែលអាចជួយបង្ការផលវិបាកនៃការមានផ្ទៃពោះបានយ៉ាងច្រើន ហើយក្នុងនោះក៏មាន ការលើសសម្ពាធឈាម លើសជាតិស្ករក្នុងឈាម និងឡើងទម្ងន់ខ្លាំងដែរ៕