វិធីកែសម្ភស្សដោយការវះកាត់ គឺជាវិធីដ៏ងាយស្រួលមួយ ក្នុងការកែតម្រូវនូវចំណុចណាមួយ ដែលអ្នកមិនពេញចិត្ត ក្នុងគោលបំណងដើម្បីទទួលបាន មកវិញនូវ រូបរាងកាយដ៏សាកសម និង ល្អឥតខ្ចោះមួយ។
តែទោះជាយ៉ាងណាក៏ដោយ ការវះកាត់កែសម្ភស្ស នេះមិនមែនត្រូវបានធ្វើឡើង ត្រឹមតែការចាក់ថ្នាំស្ពឹក តែមួយមុខនោះទេ។ អ្នកអាចនឹងទទួលយក នូវទម្រង់ការ នៃការវះកាត់ទ្រង់ទ្រាយតូច ឬ ធំណាមួយទៅ តាមស្ថានភាពជាក់ស្តែង ដែលអ្នកចង់បាន។
ម្យ៉ាងវិញទៀត ការវះកាត់កែសម្ភស្សនេះ មិនមែនត្រូវបាន គេអនុវត្តឡើងចំពោះតែផ្នែកនៃផ្ទៃមុខរបស់អ្នកប៉ុណ្ណោះទេ។ ទម្រង់ការ ដូចជាការវះកាត់បន្តឹងសុដន់ ឬ ការបូមខ្លាញ់ចេញពីរាងកាយ ក៏ត្រូវបានគេចាត់ចូលក្នុង ចំណោមនៃប្រភេទនៃ ការវះកាត់កែសម្ភស្សនេះ ផងដែរ។
មិនថាលទ្ធផលដែលអ្នកទទួលបាន ល្អ ឬ មិនល្អយ៉ាងណាក៏ដោយ ការវះកាត់កែសម្ភស្សនេះ អាចនឹងផ្តល់អោយអ្នកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពទូទៅរបស់អ្នក ដូច្នេះហើយ អ្នកគប្បីធ្វើការថ្លឹងថ្លែង និង សម្រេចចិត្តអោយបានច្បាស់លាស់ មុនពេលដែលអ្នកត្រៀមខ្លួនជាស្រេច នឹងទទួលសេវាកម្មមួយនេះ ។
គុណសម្បតិ្តនៃការវះកាត់កែសម្ភស្ស
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួន ដែលអ្នកអាចនឹងទទួលបានពីការវះកាត់កែសម្ភស្ស៖
- ការវះកាត់កែសម្ភស្ស គឺត្រូវបានធ្វើឡើង ដើម្បីជួយអោយរូបរាងអ្នកស្រស់ស្អាត ដោយការធ្វើអោយរាងកាយអ្នកមើលទៅល្អប្រសើរជាងមុន។ ដូច្នេះ ទម្រង់ការនៃការវះកាត់កែសម្ភស្ស ដែលទទួលបាននូវភាពជោគជ័យពេញលេញ អាចអោយអ្នកទទួលបាននូវលទ្ធផលគួរជាទីគាប់ចិត្ត ដែលពិតជាអាច មានឥទ្ធិពលជាពិសេសមកលើ ទំនុកចិត្តលើខ្លួនអ្នក និង បង្កើននូវអារម្មណ៍ពេញចិត្តចំពោះខ្លួនឯង គួរជាទីកត់សម្គាល់។
- ការវះកាត់កែសម្ភស្សនេះ អាចជាវិធីតែមួយគត់ ដែលអាចអោយអ្នកទទួលបាននូវ រូបរាងល្អឥតខ្ចោះដូចអ្វី ដែលអ្នកធ្លាប់ស្រមៃចង់បាន។ វាអាចជាវិធីលឿនបំផុត ក្នុងការផ្លាស់ប្តូរខ្លួនអ្នក ដោយមិនត្រូវការចំណាយពេលច្រើន និង ការហ្វឹកហាត់លុតដំខ្លាំង។
- ការវះកាត់ដែលទាក់ទង ទៅនឹងការបង្រួមសុដន់ អោយតូចជាងមុន ត្រូវបានគេអះអាងថា វាមាន អត្ថប្រយោជន៍ជួយដល់ស្ត្រី ដែលមានការរងគ្រោះពីការឈឺចាប់រុំាំរ៉ៃនៅត្រង់ឆ្អឹងខ្នង។
- ការកែទម្រង់ឆ្អឹងក្តោងច្រមុះ អាចនឹងជះឥទ្ធិពលវិជ្ជមាន ចំពោះស្ត្រី ដែលមានបញ្ហាក្នុង ការដកដង្ហើម ដោយសារតែ បញ្ហានៃការវៀចខ្ទង់ច្រមុះ។ ទម្រង់ការនៃការវះកាត់កែសម្ភស្ស ដើម្បីកែទ្រង់ទ្រាយ របស់ឆ្អឹងច្រមុះ គឺពិតជាអាចជួយអោយពួកគេ ដកដង្ហើមបានប្រសើរជាងមុនបាន។
- ដូច្នេះហើយ ក្រៅពីការជួយកែប្រែនូវរូបរាងរបស់អ្នក ការវះកាត់កែសម្ភស្ស ក៏អាចនឹងផ្តល់អោយអ្នកនូវ អត្ថប្រយោជន៍មួយចំនួន ចំពោះសុខភាពរបស់អ្នកបានផងដែរ។
គុណវិបត្តិនៃការវះកាត់កែសម្ភស្ស
ការស្ថិតនៅក្រោមផ្លែកាំបិត មិនមែនសុទ្ធតែផ្តល់អោយ អ្នកនូវផលជាវិជ្ជមានតែម្យ៉ាងនោះទេ។ វាក៏អាច នឹងផ្តល់អោយអ្នកផងដែរនូវ ផលជាអវិជ្ជមាន ដែលអ្នកអាចនឹង ប្រឈមនឹងវា បើទោះជាអ្នក បានទៅទទួលសេវាកម្មកែសម្ភស្ស ពីគ្រូពេទ្យជំនាញវះកាត់ដ៏ល្អឥតខ្ចោះជាងគេក៏ដោយ ។
- ការវះកាត់បន្តឹងស្បែកមុខ អាចនឹងធ្វើអោយមានផលបំផ្លាញ យ៉ាងធ្ងន់ធ្ងរទៅដល់ សសៃប្រសាទ នៅលើផ្ទៃមុខ។ ពេលខ្លះការខូចខាតនេះ អាចនឹងធ្ងន់ធ្ងរ សមល្មមដែលអាចនឹងធ្វើអោយអ្នក ស្ពឹកទាំងស្រុង ដោយលែងដឹងនូវអារម្មណ៍អ្វីទាំងអស់។ ស្ថានភាពនេះ អាចនឹងបន្តមាន ក្នុងរយៈពេលដ៏យូរ រហូតដល់ពេលណាមួយ ដែលសសៃប្រសាទទាំងនោះជាសះស្បើយវិញ បានទាំងស្រុង។ នៅក្នុងករណីធ្ងន់ធ្ងរជាងនេះ វាអាចនឹងមិនត្រលប់មករកសភាពដើមវិញឡើយ។
- ពេលខ្លះទៀត ប្រសិនបើអ្នក ធ្វើការជ្រើសរើសយក ទម្រង់ការនៃការវះកាត់ ខ្នាតធំ វាអាចនឹងតម្រូវអោយអ្នក យកចេញនូវស្បែក និង ជាលិកាក្នុងចំនួនណាមួយដែល គួរអោយកត់សម្គាល់។ ហើយវាអាចនឹងធ្វើអោយអ្នកបាត់បង់ឈាម និង ប្រឈមនូវគ្រោះថ្នាក់ក្នុងកម្រិតខ្ពស់ ផងដែរ។
- ទន្ទឹមនឹងនេះ ការផ្លាស់ប្តូររូបរាងនេះ ក៏អាចនឹងជះឥទ្ធិពលបានដែរ ទៅដល់កត្តាចិត្តសាស្ត្រ របស់អតិជន។ វាអាចនឹងមិនមែនជាការងាយស្រួល ក្នុងការទទួលយក នូវការផ្លាស់ប្តូរទាំងស្រុង ក្នុងពេលតែមួយ។ មិនថាលទ្ធផលល្អ ឬ មិនល្អ អតិថិជន អាចនឹងត្រូវការពេលវេលាខ្លះ ក្នុងការរៀនសម្របខ្លួន និង ទទួលយកនូវ ស្ថានភាពរូបរាងកាយថ្មីមួយ ដែលខុសពីពេលមុន ៕